ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

ឈុត​គ្រឿង​អលង្ការ​មាស​សម័យ​អង្គរ​ ត្រូវ​បាន​ដង្ហែ​ពី​អង់គ្លេស​មក​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ

media  
ពិធី​ចុះ​ហត្ថលេខា​ប្រគល់-ទទួល​ឈុត​គ្រឿង​អលង្ការ​មាស រវាង​លោក ហ៊ុន ម៉ានី និង​តំណាង​ក្រសួង​វប្បធម៌ នៅ​មុខ​សារមន្ទីរជាតិ ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ ២០១៧ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ

ឈុត​អលង្ការ​មាស​សម័យ​អង្គរ ដែល​កម្ពុជា​បាន​ទទួល​ពី​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​នៅ​អង់គ្លេស ត្រូវ​បាន​ដង្ហែ​​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២​ធ្នូ​នេះ​។ ក្រុម​យុវជន​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ានី ព្រម​ទាំង​មន្ដ្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​វប្បធម៌ បាន​ដង្ហែ​ឈុត​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​នេះ ទៅ​​កាន់​សារមន្ទីរ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​រក្សា​ទុក​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំឭក​ឡើង​វិញ​នូវ​ការ​រក​ឃើញ ព្រម​ទាំង​ការ​តស៊ូ​​ទាមទារ​ត្រឡប់​មក​វិញ នូវ​ឈុត​គ្រឿង​អលង្ការ​នេះ​ដូច​ត​ទៅ​​៖

ជាង១​ឆ្នាំ​មុន ពោល​គឺ​នៅ​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៦ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​ប្រកាស​ដាក់​លក់​វត្ថុ​បុរាណ​ជា​ច្រើន ដែល​ក្នុង​នោះ​ក៏​មាន​ផង​ដែរ ឈុត​គ្រឿង​អលង្ការ​មាស សម្រាប់​លម្អ​រូប​ចម្លាក់​។ ឈុត​អលង្ការ​នោះ​មាន​ចំនួន​១០​មុខ រួម​មាន​៖ ក្រវិល​មាស រង្វង់​មាស​សម្រាប់​ពាក់​លម្អ​ព្រះ​សិរ ដើម​ដៃ ចន្លោះ​ពោះ ដើម​ទ្រូង និង​ខ្សែ​ក្រវ៉ាត់​មាស​​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខ្មែរ បាន​ទាមទារ​ឲ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ ដក​ឈុត​គ្រឿង​អលង្ការ​នោះ​ចេញ​ពី​បញ្ជី​លក់​។ នៅ​ក្នុង​ដំណើរការ​តស៊ូ​ទាមទារ​ត្រឡប់​មក​វិញ មន្ដ្រីជំនាញ​ទាំង​ជាតិ​និង​អន្ដរជាតិ បាន​ចូល​រួម​ពិនិត្យ ធ្វើ​កោសល្យ​វិច្ច័យ និង​វាយ​តម្លៃ​លើ​វត្ថុ​បុរាណ​ទាំង​នោះ​។ លទ្ធផល​នៃ​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិច្ច័យ​នោះ បង្ហាញ​យ៉ាង​ច្បាស់​ថា ឈុត​គ្រឿង​អលង្ការ​នោះ ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​កម្ពុជា តាម​រយៈ​ក្បូរ​ក្បាច់​រចនា និង​រចនាបថ​​ ប៉ុន្តែ​ត្រូវ​បាន​យក​ចេញ​ពី​កម្ពុជា​ដោយ​ខុស​ច្បាប់​។

ក្រោយ​ការ​ចរចា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​នោះ មក​កម្ពុជា​វិញ​។ ក្រសួង​វប្បធម៌ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចាត់​ទុក​ស្មារតី​ស្ម័គ្រ​ចិត្ត​នេះ​ថា​ជា​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​អង់គ្លេស និង​កម្ពុជា ដើម្បី​រួម​ចំណែក​លើក​តម្កើង​វប្បធម៌​ខ្មែរ​។

គួរ​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក កម្ពុជា​បាន​តស៊ូ​ទាមទារ​យក​រូប​បដិមា​ចំនួន​៦ ត្រឡប់​មក​មាតុ​ប្រទេស​វិញ​។ រូប​បដិមា​ទាំង​នោះ​រួម​មាន រូប​បដិមា​ទុរយោទ្ធន៍ ដែល​បាន​មក​ពី​សារមន្ទីរ​ Sotheby ក្រុង​ញ៉ូវយ៉ក​។ រូប​បដិមា​ភីម មក​ពី​សារមន្ទីរ Norton Simon ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​។ រូប​បដិមា​ទ្វារ​បាល​ចំនួន​២ ធ្វើ​ពី​ថ្ម​ភក់ មក​ពី​សារមន្ទីរ Metropolitan ក្រុង​ញ៉ូយ៉ក​។ រូប​បរិមា​ពលរាម មក​ពី​សារមន្ទីរ Christie ក្រុង​ញ៉ូយ៉ក​។ រូប​បដិមា​ហនុមាន​បាន​មក​ពី​សារមន្ទីរ​វិចិត្រ​សិល្បៈ Cleveland។ និង​ចុង​ក្រោយ​គឺ​ព្រះ​សិរព្រះ​ហរិហរៈ មក​ពី​សារមន្ទីរ​អាស៊ី​ហ្គីម៉េ ប្រទេស​បារាំង​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ