ផ្សែងពុលលុបគុណប្រយោជន៍នៃការដើរ និងបំផ្លាញខួរក្បាលក្មេង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៤
ដើរ គឺជាសកម្មភាពកីឡា ដែលមានលក្ខណៈធម្មជាតិពិតៗ និងងាយអនុវត្តបំផុត ! ដើរបានកាន់តែច្រើន កាន់តែប្រសើរសម្រាប់សុខភាព។ គ្រប់ភ្នាក់ងារសុខភាពយល់ស្របគ្នាទាំងអស់អំពីគុណប្រយោជន៍នៃការដើរ ! ប៉ុន្តែ គុណប្រយោជន៍នេះត្រូវរលុបទៅវិញដោយសារផ្សែងពុល។ ហើយកាលពីថ្ងៃពុធសប្តាហ៍មុន អង្គការសហប្រជាជាតិបានទាញសញ្ញាអាសន្នថ្មីមួយទៀតអំពីគ្រោះថ្នាក់នៃផ្សែងពុលក្នុងបរិយាកាសចំពោះទារក។ តើផ្សែងពុលក្នុងបរិយាកាសបំផ្លាញសុខភាពមនុស្សយ៉ាងណាខ្លះ ?
ផ្សែងពុល ឬខ្យល់កខ្វក់ក្នុងបរិយាកាស អាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព និងត្រូវបានគេទទួលស្គាល់ តាំងពីយូរមកហើយ ថាមានចំណែកបង្កជំងឺ ឬកាន់តែធ្វើឱ្យធ្ងន់ធ្ងរនូវជំងឺមួយចំនួន ដូចជាជំងឺហឺត ជំងឺរលាកទងសួត និងជំងឺផ្លូវដង្ហើមជាច្រើនផ្សេងទៀត។ ផ្សែងពុលក្នុងបរិយាកាស ក៏ជាប់ចោទថាបានធ្វើមនុស្សសត្វលោកស្លាប់មុនអាយុ អស់ជាច្រើននាក់ក្នុងមួយឆ្នាំៗ។ បញ្ជីឈ្មោះជំងឺពាក់ព័ន្ធនឹងខ្យល់ពុល ឬបរិយាកាសកខ្វក់ មានកាន់តែវែងឡើងៗ និងកាន់តែគួរព្រឺខ្លាចឡើងៗ។
កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបានទាញសញ្ញាអាសន្ន អំពីគ្រោះថ្នាក់ថ្មីមួយទៀតនៃផ្សែងពុលក្នុងបរិយាកាសចំពោះទារកនិងកុមារ។ ផ្សែងពុលប៉ះពាល់យ៉ាងខ្លាំងដល់ការចងចាំ ដល់សមត្ថភាពផ្នែកភាសា ដល់តួនាទីបញ្ជារបស់ខួរក្បាល ពោលគឺដល់ការលូតលាស់នៃខួរក្បាលតែម្តង។ ហើយគឺកុមារនៅតំបន់អាស៊ីដែលកំពុងប្រឈមនឹងគ្រោះថ្នាក់នេះខ្លាំងជាងគេ។
ផ្សែងពុលប៉ះពាល់ដល់ការលូតលាស់ខួរក្បាលទារកនិងកុមារ
ការស្រាវជ្រាវ តាមបែបវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ឡើងអំពីសក្តានុពលនៃហានិភ័យសុខភាព បង្កឡើងដោយខ្យល់បរិយាកាសពុលចំពោះជីវិតនិងអនាគតរបស់ទារកនិងកុមារ។ តួនាទីរបស់ខួរក្បាល ប្រែប្រួលយ៉ាងខ្លាំងទៅតាមជាតិពុលនៃខ្យល់បរិយាកាសដែលក្មេងស្រូបចូលទៅក្នុងខ្លួន ជួនទៅប៉ះលើខួរក្បាលផ្នែកចងចាំ ជួនទៅលើផ្នែកបញ្ញា ព្រមទាំងប្រព័ន្ធប្រសាទជាច្រើនផ្សេងទៀត។
ធាតុល្អិតឆ្មារៗក្នុងបរិយាកាស ដែលជាបន្សំជាតិពុលម្យ៉ាងនៅក្នុងខ្យល់ អាចជ្រៀតចូលទៅក្នុងខួរក្បាលរបស់កុមារដែលនៅក្មេងខ្ចី និងកំពុងលូតលាស់នៅឡើយ ដោយទៅបំផ្លាញស្រទាប់កោសិកាដែលជារនាំងការពារខួរក្បាលពីសារធាតុពុលហូរមកតាមឈាម។ ឧស្ម័ន ធាតុល្អិតឆ្មារៗ បាននាំជាតិពុលក្នុងខ្យល់ធំៗឆ្លងស្រទាប់ការពារខួរក្បាល ហើយបង្កការប្តូរផ្លាស់ជាច្រើន ៖ បង្កើនយន្តការស្វ័យបំផ្លាញកោសិកា ការរីកសាយភាយនៃកោសិកាអំប្រីយ៉ុងរបស់កោសិកាប្រសាទ ធ្វើឱ្យមានដំបៅលើADN។ ចំពោះមនុស្សធំ ឬមនុស្សចាស់ បើរនាំងការពារខួរក្បាល ពីជាតិពុលត្រូវបានបំផ្លាញ នោះជាការបន្ថែមគ្រោះហានិភ័យនៃការកើតជំងឺញ័រ និងជំងឺវង្វេងវង្វាន់។
ជាតិពុលនៅក្នុងខ្យល់បរិយាកាសមានច្រើនប្រភេទណាស់ ! ហើយបើតាមអង្គការយូនីសេហ្វ ខ្យល់ពុលនៅក្នុងក្រុង មានបង្កប់ទៅដោយសារធាតុល្អិតឆ្មារៗ ដែលមានឈ្មោះថា nanos-particules de magnétite កាន់តែច្រើនឡើងៗ។ សារធាតុពុលប្រភេទនេះ ជាតំណាងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ខួរក្បាល ព្រោះវាជាបន្ទុកម៉ាញេទិក និងអាចបង្កឱ្យមានជំងឺប្រព័ន្ធប្រសាទចុះខ្សោយ និងខូច ដោយគ្មានថ្ងៃបកក្រោយ។
ខ្យល់ពុលលុបបំបាត់គុណប្រយោជន៍នៃការដើរ
ដើរជាសកម្មភាពកីឡាដែលមានលក្ខណៈធម្មជាតិពិតៗ និងងាយអនុវត្តបំផុត។ ដើរកាន់តែច្រើនកាន់តែប្រសើរសម្រាប់សុខភាព ! គ្រប់អ្នកឯកទេសសុទ្ធតែយល់ស្របគ្នាទាំងអស់ត្រង់ចំណុចនេះ។ ប៉ុន្តែ ការដើរនៅក្នុងបរិស្ថានពុល ក្នុងក្រុងធំៗជាច្រើនម៉ោង អាចនឹងមិនបានទទួលផលប្រយោជន៍អ្វីអំពីកីឡាធម្មជាតិនេះទេ ជាពិសេសសម្រាប់មនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ។
អ្នកស្រាវជ្រាវអង់គ្លេស ទើបចេញផ្សាយរបាយការណ៍សិក្សារបស់ខ្លួនកាលពីពីរបីថ្ងៃមុន ដែលបង្ហាញថា ប្រឈមនឹងខ្យល់ពុលក្នុងបរិយាកាសនៅតាមទីក្រុង មានសារធាតុល្អិតៗឆ្មារៗ ឬសារធាតុពុលបញ្ចេញដោយផ្សែងឡាន តែកន្លះម៉ោង គឺគ្រប់គ្រាន់នឹងបង្កការប៉ះពាល់ដល់សួត និងបេះដូង របស់មនុស្សចាស់ហើយ។
ជាធម្មតា ការដើរជាការហាត់ប្រាណ ឬការដើរបែបលំហែ នៅក្នុងបរិយាកាសបរិសុទ្ធ ផ្តល់ប្រយោជន៍ច្រើនណាស់ដល់សុខភាព។ មុខងារផ្លូវដង្ហើម នឹងបានប្រសើរឡើង សរសៃឈាមដែលឡើងរឹងដោយភាពចាស់ជរា (និងជាកត្តានាំឱ្យមានគ្រោះថ្នាក់កើតជំងឺសរសៃឈាមបេះដូង) ក៏នឹងត្រូវបានកាត់បន្ថយតាមរយៈសកម្មភាពដើរ។ គុណប្រយោជន៍នៃការដើរនេះ ត្រូវបានរក្សាភាពវិជ្ជមានសម្រាប់សរីរាង្គកាយរយៈពេលដល់ទៅ២៦ម៉ោង ឯណោះ។
ប៉ុន្តែបើការដើរលំហែ ឬដើរធ្វើកីឡា ប្រព្រឹត្តទៅក្នុងក្រុង ក្នុងតំបន់ដែលមានបរិស្ថានពុលខ្លាំង ខ្យល់បរិយាកាសពោរពេញទៅដោយផ្សែងអ័ព្ទ លម្អងធូលី នោះអ្នកដំណើរ ដែលមានជំងឺផ្លូវដង្ហើមស្រាប់នឹងមានអារម្មណ៍រំខានផ្នែកផ្លូវដង្ហើមភ្លាម ដោយស្តែងចេញជាអាការៈក្អក ឈ្លក់ ឡើងស្លេស និងថប់ៗ។ ចំណែកអ្នកមានជំងឺសរសៃឈាម និងសម្ពាធឈាមវិញ មិនអាចទាញប្រយោជន៍បានពីការដើរមកសម្រួលសុខភាពរបស់ខ្លួនឡើយ តែបែរជាមានសរសៃឈាមកាន់តែឆាប់រឹងទៅវិញ ! នេះគឺបណ្តាលមកជាតិពុលក្នុងខ្យល់។
តើអ្វីទៅជាដំណោះស្រាយ ?
ខ្យល់បរិយាកាសពុល ជាបន្ទុករបស់មនុស្សជាតិនិងជាបញ្ហាដ៏ធ្ងន់ធ្ងររបស់ភពផែនដី ដែលទាមទារឱ្យមានដំណោះស្រាយនយោបាយ កំរិតពិភពលោក ថ្នាក់ជាតិ និងពីរដ្ឋាភិបាល។ ដើម្បីការពារប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីសុខភាពនិងបរិស្ថាន គេត្រូវកាត់បន្ថយការបញ្ចេញឧស្ម័ន/ផ្សែងពុល ! អាជ្ញាធរមានសមត្ថកិច្ចត្រូវ ត្រួតពិនិត្យនិងតាមដានគុណភាពខ្យល់បរិយាកាស។ ផ្តល់ដំណឹងជូនពលរដ្ឋអំពីគុណភាពនៃខ្យល់ គោរពបទដ្ឋានសុវត្ថិភាពសុខភាពកំណត់ដោយអង្គការសុខភាពពិភពលោក និងរៀបផែនការចេញវិធានការជាក់ស្តែងចំពោះតំបន់ដែលមានជាតិពុលក្នុងបរិយាកាសឡើងខ្ពស់ខ្លាំងញឹកញយ។
មានន័យថា សម្រាប់ពេលនេះ គ្មានដំណោះស្រាយដោយផ្ទាល់និងជាក់ស្តែងណា ក្រៅអំពីសាកល្បងគេច ឱ្យឆ្ងាយពីតំបន់មានខ្យល់បរិយាកាសពុលខ្លាំង ដូចយ៉ាងទីក្រុង ឬរដ្ឋធានី ដែលមានបណ្តុំរោងចក្រឧស្សាហកម្ម និងរថយន្តបើកបរច្រើន។
ប៉ុន្តែក្នុងពេលរង់ចាំ យើងអាចបញ្ចេញសកម្មភាព តាមសមត្ថភាពដែលអាចធ្វើបាន ដូចជា ប្រើប្រព័ន្ធសន្សុទ្ធខ្យល់នៅតាមផ្ទះ ដាំរុក្ខជាតិស្រូបជាតិពុល (តែសូមប្រយ័ត្នព្រោះរុក្ខជាតិទាំងនេះអាចពុលបើក្មេងបេះដាក់មាត់)។ ពាក់ម៉ាសមុខការពារ។ ម៉ាសធម្មតា មិនសូវមានប្រយោជន៍ប៉ុន្មានទេ (តែប្រសើរជាងអត់) លើកលែងតែម៉ាសការពារ មានសន្ទះពិសេសសម្រាប់ចម្រាញ់ខ្យល់។
សូមកុំបង្ឃាំងខ្លួននៅតែក្នុងផ្ទះ ដើម្បីបញ្ចៀសខ្យល់ពុលរបស់ក្រុង ! ខ្យល់នៅក្នុងផ្ទះក៏ជាខ្យល់ពុលដែរ គ្រាន់តែមានសណ្ឋានមួយបែបផ្សេងទៀត។ ដូច្នេះ កាយវិការដ៏ប្រសើរបំផុត គឺត្រូវធ្វើឱ្យផ្ទះមានខ្យល់ចេញចូល នៅពេលព្រឹកព្រលឹម ពេលម៉ោងដែលពុំសូវមានខ្យល់ពុលពីក្រៅខ្លាំង។
បន្តធ្វើលំហាត់ប្រាណ បន្តដើរឱ្យបានច្រើន ប៉ុន្តែសូមចៀសវាងកុំដើរលំហែក្នុងក្រុងតាមបណ្តោយផ្លូវដែលមានចរាចរណ៍កកកុញខ្លាំង។ ជ្រើសរើសទីតាំងដើរលំហែ តាមសួនច្បារ សួនឧទ្យាន ក្នុងព្រៃ ដែលមានរុក្ខជាតិ ដើមឈើច្រើន ដែលមានខ្យល់បរិសុទ្ធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ