ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/07 12h00 GMT

ផ្សែងពុល​លុប​គុណប្រយោជន៍​នៃ​ការដើរ និង​បំផ្លាញ​ខួរក្បាល​ក្មេង

ផ្សែងពុល​លុប​គុណប្រយោជន៍​នៃ​ការដើរ និង​បំផ្លាញ​ខួរក្បាល​ក្មេង
 
ខ្យល់ពុល​ក្នុង​ក្រុង​ប៉ះពាល់​ខ្លាំង​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​ទារក​និង​កុមារ REUTERS/Kim Kyung-Hoon

ដើរ​ គឺ​ជា​សកម្មភាពកីឡា​ ដែល​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ និង​ងាយ​អនុវត្ត​បំផុត ! ដើរបាន​កាន់​តែ​ច្រើន​ កាន់​តែប្រសើរ​សម្រាប់​សុខភាព។ ​គ្រប់​ភ្នាក់ងារ​សុខភាព​យល់​ស្រប​គ្នា​ទាំង​អស់អំពី​គុណប្រយោជន៍​នៃ​ការ​ដើរ ! ប៉ុន្តែ គុណប្រយោជន៍​នេះ​​ត្រូវ​រលុប​ទៅ​វិញ​ដោយ​សារ​ផ្សែងពុល។ ហើយ​កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​អាសន្ន​​ថ្មី​មួយ​ទៀត​អំពី​គ្រោះ​ថ្នាក់​នៃ​ផ្សែង​ពុល​ក្នុង​បរិយាកាស​ចំពោះ​ទារក។ តើ​ផ្សែងពុល​ក្នុង​បរិយាកាស​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណាខ្លះ ?

ផ្សែង​ពុល​ ​ ឬ​ខ្យល់​កខ្វក់​ក្នុង​បរិយាកាស អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់សុខភាព និង​ត្រូវបាន​គេ​ទទួល​ស្គាល់​ តាំង​ពី​យូរ​មក​ហើយ ថា​មាន​ចំណែកបង្ក​​ជំងឺ​ ឬ​កាន់​តែ​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​នូវ​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺហឺត ជំងឺ​រលាក​ទង​សួត និង​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ច្រើន​ផ្សេងទៀត។ ផ្សែងពុល​ក្នុង​បរិយាកាស​ ក៏​​ជាប់​ចោទ​ថា​បាន​ធ្វើ​មនុស្ស​សត្វ​លោក​ស្លាប់​មុន​អាយុ អស់​ជា​ច្រើន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ បញ្ជី​ឈ្មោះ​ជំងឺ​​ពាក់ព័ន្ធ​នឹង​ខ្យល់​ពុល​ ឬ​បរិយាកាសកខ្វក់ មាន​កាន់​តែ​វែងឡើងៗ និង​កាន់​តែ​គួរ​ព្រឺ​ខ្លាចឡើងៗ។

កាលពី​សប្តាហ៍​មុន អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​អាសន្ន​ អំពី​គ្រោះ​ថ្នាក់ថ្មី​មួយ​ទៀត​នៃ​​ផ្សែង​ពុល​ក្នុង​បរិយាកាស​ចំពោះទារក​និង​កុមារ។ ផ្សែង​ពុល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការ​ចង​ចាំ ដល់ស​មត្ថភាព​ផ្នែក​ភាសា ​ដល់​តួនាទី​បញ្ជា​របស់​ខួរក្បាល​ ពោល​គឺ​ដល់​ការ​លូតលាស់​នៃ​ខួរក្បាល​​តែ​ម្តង។ ហើយ​គឺ​កុមារ​នៅ​តំបន់​អាស៊ី​ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នេះ​ខ្លាំង​ជាងគេ។

ផ្សែង​ពុល​ប៉ះពាល់ដល់ការ​លូតលាស់​ខួរក្បាល​ទារក​និ​ងកុមារ

ការ​ស្រាវជ្រាវ តាម​បែប​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ​ បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ឡើង​អំពីសក្តា​នុពល​នៃ​ហានិភ័យ​សុខភាព បង្ក​ឡើង​ដោយ​ខ្យល់​បរិយាកាស​ពុលចំពោះ​ជីវិត​និង​អនាគត​របស់​ទារក​និង​កុមារ។ តួនាទី​របស់​ខួរក្បាល​ ប្រែប្រួល​យ៉ាង​ខ្លាំង​ទៅ​តាម​ជាតិ​ពុល​​នៃ​ខ្យល់​បរិយាកាស​ដែល​ក្មេង​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន ជួន​ទៅ​ប៉ះលើ​ខួរក្បាល​ផ្នែក​​ចង​ចាំ ជួន​ទៅ​លើ​ផ្នែក​បញ្ញា​ ព្រមទាំង​ប្រព័ន្ធ​ប្រសាទ​ជា​ច្រើន​ផ្សេង​ទៀត។

ធាតុ​ល្អិត​ឆ្មារៗក្នុងបរិយាកាស ដែល​ជា​បន្សំ​ជាតិ​​ពុល​ម្យ៉ាងនៅ​ក្នុង​ខ្យល់​ ​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ខួរក្បាល​របស់​កុមារ​ដែល​នៅ​ក្មេង​ខ្ចី និង​កំពុង​លូតលាស់​នៅ​ឡើយ ដោយ​ទៅ​បំផ្លាញស្រទាប់​​​​កោសិកាដែលជា​រនាំង​​ការ​ពារ​ខួរក្បាលពី​សារធាតុ​ពុល​ហូរ​មកតាម​ឈាម។ ឧស្ម័ន ធាតុល្អិត​ឆ្មារៗ បាន​នាំ​​​ជាតិ​ពុល​ក្នុង​ខ្យល់​ធំៗ​ឆ្លង​ស្រទាប់​ការពារ​ខួរក្បាល​ ហើយ​បង្ក​ការ​ប្តូរ​ផ្លាស់​ជា​ច្រើន​ ៖ បង្កើន​យន្តការ​​​ស្វ័យបំផ្លាញ​​កោសិកា ការរីកសាយភាយ​នៃ​កោសិកា​អំប្រីយ៉ុងរបស់កោសិកាប្រសាទ ធ្វើ​ឱ្យ​មាន​ដំបៅ​លើ​ADN។ ចំពោះមនុស្ស​ធំ ឬ​មនុស្ស​ចាស់ បើ​រនាំង​ការពារ​ខួរក្បាល​ ពី​ជាតិ​ពុល​ត្រូវ​បាន​បំផ្លាញ នោះ​ជា​ការ​បន្ថែម​គ្រោះ​ហានិភ័យ​នៃ​ការ​កើត​​ជំងឺ​ញ័រ និង​ជំងឺ​វង្វេងវង្វាន់។

ជាតិពុល​នៅ​ក្នុង​ខ្យល់​បរិយាកាស​មាន​ច្រើន​ប្រភេទ​ណាស់ ! ហើយ​បើ​តាម​អង្គការ​យូនីសេហ្វ ខ្យល់​​ពុល​នៅក្នុង​ក្រុង មាន​បង្កប់​ទៅ​ដោយ​សារធាតុ​ល្អិត​ឆ្មារៗ​ ដែល​មាន​ឈ្មោះ​ថា nanos-particules de magnétite កាន់​តែ​ច្រើន​ឡើងៗ​។ សារធាតុ​ពុល​ប្រភេទ​នេះ ជា​តំណាង​គ្រោះ​ថ្នាក់​ខ្លាំងណាស់​សម្រាប់​ខួរ​ក្បាល ព្រោះ​វាជា​បន្ទុក​ម៉ាញេទិក​ និង​អាច​បង្ក​ឱ្យ​មានជំងឺ​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ ​ និង​ខូច ដោ​យ​គ្មាន​ថ្ងៃ​បក​ក្រោយ។

ខ្យល់​ពុល​​លុប​បំបាត់​គុណប្រយោជន៍​នៃ​ការ​ដើរ

ដើរ​ជា​សកម្មភាព​កីឡា​ដែល​មាន​លក្ខណៈធម្មជាតិ​ពិតៗ និងងាយ​អនុវត្ត​បំផុត។ ដើរ​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ​សម្រាប់​សុខភាព ! គ្រប់​អ្នក​ឯកទេស​សុទ្ធ​តែ​យល់​ស្រប​គ្នា​ទាំ​ងអស់​ត្រង់​ចំណុច​នេះ។ ប៉ុន្តែ ការដើរ​នៅ​ក្នុង​បរិស្ថាន​ពុល​ ក្នុង​ក្រុង​ធំៗ​ជា​ច្រើន​ម៉ោង អាច​នឹង​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​អំពីកីឡា​ធម្មជាតិ​នេះ​ទេ ជាពិសេស​សម្រាប់​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ។

អ្នក​ស្រាវជ្រាវ​អង់គ្លេស​ ទើប​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​របស់​ខ្លួន​កាលពី​ពីរ​បី​ថ្ងៃ​មុន ដែល​បង្ហាញ​ថា ប្រឈម​នឹង​ខ្យល់​ពុល​​​ក្នុង​បរិយាកាស​នៅ​តាម​ទីក្រុង មាន​សារធាតុ​ល្អិតៗ​ឆ្មារៗ ឬ​សារធាតុ​ពុល​បញ្ចេញ​ដោយ​ផ្សែង​ឡាន តែ​កន្លះ​ម៉ោង គឺ​គ្រប់​គ្រាន់​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​សួត និង​បេះដូង របស់​មនុស្ស​ចាស់​ហើយ។

ជា​ធម្មតា ការ​ដើរ​ជា​ការ​ហាត់​ប្រាណ ឬ​ការដើរ​បែប​លំហែ នៅ​ក្នុង​បរិយាកាស​បរិសុទ្ធ​ ផ្តល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព។ មុខងារ​ផ្លូវ​ដង្ហើម​ នឹង​បាន​ប្រសើរ​ឡើង សរសៃ​ឈាម​ដែល​ឡើង​រឹង​ដោយ​ភាព​ចាស់​ជរា (និង​ជា​កត្តា​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង) ក៏​នឹង​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​សកម្មភាព​ដើរ​។ គុណប្រយោជន៍នៃ​ការ​ដើរ​នេះ ​ត្រូវ​បាន​រក្សា​ភាព​វិជ្ជមាន​សម្រាប់​សរីរាង្គ​កាយ​រយៈ​ពេល​ដល់​ទៅ​២៦​ម៉ោង ឯណោះ។

ប៉ុន្តែ​បើ​ការ​ដើរ​​លំហែ ឬ​ដើរ​ធ្វើ​កីឡា ប្រព្រឹត្ត​ទៅក្នុង​ក្រុង ក្នុង​តំបន់​ដែល​មាន​បរិស្ថាន​ពុល​ខ្លាំង ខ្យល់​បរិយាកាស​ពោរពេញ​ទៅ​ដោយ​ផ្សែង​​អ័ព្ទ​ លម្អង​ធូលី នោះ​អ្នក​ដំណើរ​ ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​ស្រាប់នឹង​មាន​​អារម្មណ៍​រំខាន​ផ្នែក​ផ្លូវ​ដង្ហើម​ភ្លាម ដោយ​ស្តែង​ចេញ​ជា​អាការៈ​ក្អក ឈ្លក់ ឡើង​ស្លេស និង​ថប់ៗ។ ចំណែក​អ្នក​មាន​ជំងឺ​សរសៃ​ឈាម​ និង​សម្ពាធ​ឈាម​វិញ មិន​អាច​ទាញ​ប្រយោជន៍​បាន​ពី​ការ​ដើរ​មក​សម្រួល​សុខភាព​របស់​ខ្លួន​ឡើយ តែ​បែរ​ជាមាន​​​សរសៃ​ឈាម​កាន់​តែ​ឆាប់​រឹង​ទៅ​វិញ ! នេះ​គឺ​បណ្តាល​មក​ជាតិ​ពុល​ក្នុង​ខ្យល់​។

តើ​អ្វី​ទៅ​ជា​​​ដំណោះស្រាយ ?

ខ្យល់​បរិយាកាស​ពុល​ ជា​បន្ទុក​របស់​មនុស្សជាតិ​និង​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​របស់​ភពផែនដី ដែល​ទាមទារ​​ឱ្យមាន​ដំណោះស្រាយ​​នយោបាយ កំរិត​ពិភពលោក ថ្នាក់​ជាតិ និង​ពី​រដ្ឋាភិបាល។ ដើម្បីការពារ​ប្រជាពលរដ្ឋ​ ជា​ពិសេស​កុមារ ដើម្បី​សុខភាពនិង​បរិស្ថាន គេ​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​/ផ្សែង​ពុល ! ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ ត្រួត​ពិនិត្យ​និង​តាម​ដាន​គុណភាព​ខ្យល់​បរិយាកាស។ ផ្តល់​ដំណឹង​ជូន​ពលរដ្ឋ​អំពី​គុណភាព​នៃ​ខ្យល់ គោរព​បទដ្ឋាន​សុវត្ថិភាព​សុខភាព​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ និង​រៀប​ផែនការ​​ចេញ​វិធានការ​ជាក់​ស្តែង​ចំពោះ​តំបន់​ដែល​មាន​ជាតិ​ពុលក្នុង​បរិយាកាស​​ឡើង​ខ្ពស់​ខ្លាំងញឹកញយ។ ​

មាន​ន័យ​ថា សម្រាប់​ពេល​នេះ គ្មាន​ដំណោះស្រាយ​ដោយ​ផ្ទាល់​និង​ជាក់​ស្តែង​ណា ក្រៅ​អំពី​សាក​ល្បង​គេច​ ឱ្យ​ឆ្ងាយ​ពី​តំបន់​មាន​ខ្យល់​បរិយាកាស​ពុល​ខ្លាំង ដូច​យ៉ាង​ទីក្រុង​ ឬ​រដ្ឋ​ធានី ដែល​មានបណ្តុំ​រោងចក្រ​ឧស្សាហកម្ម និង​រថយន្ត​បើក​បរ​ច្រើន​។

ប៉ុន្តែ​ក្នុងពេល​រង់ចាំ យើង​អាច​បញ្ចេញ​សកម្មភាព​ តាម​សមត្ថភាព​ដែល​អាច​ធ្វើ​បាន ដូច​ជា​ ​ប្រើ​ប្រព័ន្ធ​សន្សុទ្ធ​​ខ្យល់​នៅ​តាម​ផ្ទះ ដាំ​រុក្ខជាតិ​ស្រូប​ជាតិ​ពុល​ (តែ​សូម​ប្រយ័ត្ន​ព្រោះរុក្ខជាតិ​ទាំង​នេះ​អាច​ពុល​បើ​ក្មេង​បេះដាក់​មាត់)។ ​ពាក់​ម៉ាស​មុខ​ការពារ។ ម៉ាស​ធម្មតា​ មិន​សូវ​មាន​ប្រយោជន៍​​ប៉ុន្មាន​ទេ (តែ​ប្រសើរ​ជាង​អត់) លើក​លែង​តែ​ម៉ាស​ការពារ​ មាន​សន្ទះ​ពិសេស​សម្រាប់​ចម្រាញ់​ខ្យល់។

សូម​កុំ​បង្ឃាំង​ខ្លួន​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​បញ្ចៀស​ខ្យល់​ពុល​របស់​ក្រុង ! ខ្យល់​នៅ​ក្នុង​ផ្ទះ​ក៏ជា​ខ្យល់​ពុល​ដែរ គ្រាន់​តែ​មាន​សណ្ឋាន​​មួយ​បែប​ផ្សេង​ទៀត។ ដូច្នេះ កាយ​វិការ​ដ៏​ប្រសើរ​បំផុត គឺ​ត្រូវធ្វើឱ្យ​ផ្ទះ​មាន​ខ្យល់​ចេញ​ចូល ​នៅ​ពេល​ព្រឹក​ព្រលឹម ពេល​ម៉ោង​ដែល​ពុំ​សូវ​មាន​ខ្យល់​ពុល​ពី​ក្រៅ​ខ្លាំង។

បន្ត​ធ្វើ​លំហាត់​ប្រាណ បន្ត​ដើរ​ឱ្យ​បាន​ច្រើន ប៉ុន្តែ​សូម​ចៀសវាង​កុំ​ដើរ​លំហែ​ក្នុង​ក្រុងតាម​បណ្តោយ​ផ្លូវ​ដែល​មាន​ចរាចរណ៍​កកកុញ​ខ្លាំង។ ជ្រើសរើស​ទី​តាំង​ដើរ​លំហែ តាម​សួនច្បារ សួន​ឧទ្យាន ក្នុងព្រៃ​ ដែលមាន​រុក្ខជាតិ ដើម​ឈើ​ច្រើន ដែល​មាន​ខ្យល់​បរិសុទ្ធ​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ខ្យល់កខ្វក់​សម្លាប់​មនុស្សជាង​​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ​នៅ​លើ់ពិភពលោក

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    ឥទ្ធិពល​នៃ​ខ្យល់​កខ្វក់ ចំពោះ​សុខភាព

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    ឥទ្ធិពល​នៃ​ការ​ដើរ​ចំពោះ​សុខភាព

    ស្វែងយល់បន្ថែម

  • រាគនោម ជាជំងឺ ?

    រាគនោម ជាជំងឺ ?

    កណ្តាស់​ចេញ​នោម សើច​លេច​នោម គ្រាន់​តែ​ឈឺ​ភ្លាម​រកកល​នឹង​លេច​តែ​ម្តង ... រាគ​នោម​ ជា​បញ្ហា​ដែល​មាន​កើត​ច្រើន លើ​មនុស្ស​គ្រប់​រូប និង​ជា​ពិសេស​ចំពោះ​ស្ត្រី។ ក៏​ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ខ្លាំង​ណាស់ …

  • តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    ចេក​ជា​ផ្លែ​ឈើ​ ដែល​មាន​ថាមពល​ខ្ពស់ ងាយ​រក​ទិញ ស្រួល​ទទួល​ទាន និង​ផ្តល់​គុណ​ប្រយោជន៍​ប្រពៃ​ណាស់​សម្រាប់​សុខភាព។ គុណប្រយោជន៍​របស់​ផ្លែ​ចេក​មាន​ច្រើនណាស់ ! កម្មវិធី​សុខភាព​យើងក៏​ធ្លាប់​បាន​រៀប​រាប់​ជូន​រួច​មក​ហើយ​ដែរ …

  • ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ច្រិប​​សាច់ កាត់ ឈូស ខាត់ លាប​ពណ៌ លាប​ជែល តឬ​ពាក់​ក្រចក​សិប្បនិម្មិត្ត មនុស្ស​យើង​ភាគ​ច្រើន​ ជា​ពិសេស​មិត្ត​នារីៗ យក​ចិត្ត​ទុក​ដាក់​ថែក្រចកម្រាមដៃ​ម្រាម​ជើង​ខ្លាំងណាស់ …

  • អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    ម៉ាសមាឌ​ខ្លួនធំឬ​តូចមិន​សំខាន់​ទេ ! សំខាន់​សូម​មើល​ក្បាល​ពោះ​របស់​អ្នក ! បើ​មាន​រាង​ល្មម​ តែ​ដុះ​ក្បាល​ពោះ​ធំ​ ប៉ោង​​ដូចផ្លែប៉ោម នោះ​​មាន​ន័យ​ថា​សុខភាព​បេះដូង​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ហើយ។ …

  • លើសឈាម និង ស្រ្តី

    លើសឈាម និង ស្រ្តី

    នៅ​ថ្ងៃ​ទី ១៧ ឧសភា ​នេះ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ លើស​ឈាម​ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត និង​មិនមែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​បុរស​ដូច​ការ​គិត​ពី​មុន​ទេ …

  • Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol...ទាំង​បីមុខ​នេះ ជា​ថ្នាំ​ដែល​សឹង​ថា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ និង​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា។ ថ្នាំ​ទាំង​បី​មុខ​នេះ …

  • ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ និង​​ធ្វើ​​ឱ្យ​​ប្រព័ន្ធ​​ការពារ​ខ្លួន​​យើង​​ចុះ​​ខ្សោយ​។ គេង​មិនគ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជំងឺ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ