អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ការ​ស្រាវជ្រាវ​រក​ថ្នាំ​ពន្យារ​កំណើតបុរសឈាន​ដល់​កំរិត​ណា​ហើយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

១៩​ធ្នូ ២០១៧ ជាខួប​៥០​ឆ្នាំ​គត់ ដែល​បារាំង​បាន​អនុម័ត​​ច្បាប់អនុញ្ញាត​​ឱ្យ​ស្ត្រី​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត។ កន្លះ​សតវត្សរ៍​បាន​កន្លង​ផុត តើ​កិច្ចការ​ពន្យារ​កំណើត​ នៅ​តែ​ជា​បន្ទុក​របស់​ស្ត្រី​ដដែល​ឬ ? ស្ត្រី​​ទាមទារ​ចង់​បាន​សិទ្ធិឱ្យ​បាន​កាន់​តែ​​ស្មើ​បុរស ! បុរស​ក៏​ត្រូវការចង់​គ្រប់គ្រង​អំពី​ជីវិតនិង​លទ្ធភាព​​បង្ក​កំណើត​កូន​ដែរ ! ចុះ​តើ​ការ​ស្រាវជ្រាវថ្នាំ​​ពន្យារ​កំណើត​លើ​បុរស ដូច​ជា​ថ្នាំ​គ្រាប់ ថ្នាំ​ចាក់ ខោ​ពន្យារ​កំណើត ឈាន​ដល់​ណា​ហើយ ?

តើការ​ស្រាវជ្រាវ​រក​ថ្នាំ​ពន្យារ​កំណើត​លើ​បុរស​វិវឌ្ឍន៍​ដល់​ណា​ហើយ ?
តើការ​ស្រាវជ្រាវ​រក​ថ្នាំ​ពន្យារ​កំណើត​លើ​បុរស​វិវឌ្ឍន៍​ដល់​ណា​ហើយ ? Getty Images / Peter Ardito
ផ្សាយពាណិជ្ជកម្ម

បើនិយាយដល់វិធីពន្យារកំណើត គេតែងគិតដល់ភ្លាម ថាជាកិច្ចការរបស់ស្រីៗ។ ចំពោះបុរស ពាក្យថាការពារកំណត់ត្រឹម ស្រោមអនាម័យប៉ុណ្ណោះ។ ប៉ុន្តែមិនយូរទៀតទេ បុរសក៏នឹងអាចចូលរួមចំណែកយ៉ាងពេញទំហឹងក្នុងការពន្យារកំណើតបានដែរ។ មានការសិក្សានិងស្រាវជ្រាវច្រើន កំពុងចាប់អារម្មណ៍អំពីប្រធានបទនេះ។ កម្មវិធីសុខភាពរបស់វិទ្យុយើងសូមលម្អិតអំពីវិធីពន្យារកំណើតសម្រាប់បុរសបីយ៉ាង ៖

ថ្នាំពន្យារកំណើតដោយអ័រមូន

ដូចថ្នាំពន្យារកំណើតដែលស្ត្រីប្រើប្រាស់សម្រាប់ទប់ស្កាត់ការបង្កកំណើតដែរ ថ្នាំពន្យារកំណើតសម្រាប់បុរសនេះ នឹងទៅបង្អាក់ការផលិតអ័រមូន ពោលគឺនៅពេលបុរសប្រើប្រាស់ថ្នាំការពារ សរីរាង្គកាយនឹងទទួលព័ត៌មានថាមានកំរិត testostérone គ្រប់គ្រាន់ហើយ។ នេះបើតាមការពន្យល់ដោយសង្ខេបរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិតលោក Pierre Colin ស្ថាបនិក និងសហប្រធានសមាគមស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាំពន្យារកំណើតបុរស។

ថ្នាំគ្រាប់ពន្យារកំណើតមានជាតិអ័រមូនសម្រាប់បុរសលេប ដោយប្រើផ្សំជាមួយជែលលាបបន្ថែមនេះ ត្រូវបានរកឃើញ តាំងពីឆ្នាំ១៩៨២មក។ ថ្នាំនេះបានរីកសុះសាយបន្តិចម្តងៗ នៅពេញផ្ទៃប្រទេសបារាំង ពិសេស នៅមន្ទីរពេទ្យតាមខេត្ត រ៉ែន និងលីយ៉ុង។ តាមធម្មតា ក្រោយរបកគំហើញនេះ គេត្រូវចូលដល់ដំណាក់ការសិក្សាបន្ត ទ្រង់ទ្រាយធំ ដែលត្រូវការថវិកាសន្ធឹកសន្ធាប់ខ្លាំង និងជាដែលជារនាំងសម្រាប់ក្រុមអ្នកស្រាវជ្រាវបារាំង។ វិធីពន្យារកំណើតបុរសមួយប្រភេទនេះ មិនត្រូវបានបោះបង់ចោលឡើយ ! អ្នកស្រាវជ្រាវអាមេរិក នៃសាកលវិទ្យាល័យ បានយកគំនិតបារាំងទៅសិក្សាបន្ត ស្វែងរកលទ្ធភាពច្របាច់បញ្ចូលថ្នាំ ទៅជាជែលតែមួយ 2in1 សម្រាប់យកមកលាបនៅលើស្បែក។

នៅប្រទេសបារាំង លោកសាស្ត្រាចារ្យ បានផ្តល់ដំណោះស្រាយមួយ នៅពេលពិគ្រោះជំងឺ។ បច្ចុប្បន្ននេះ បារាំងមានថ្នាំពន្យារកំណើតបុរស testostérone ជាប្រភេទថ្នាំចាក់ ជារៀងរាល់មួយសប្តាហ៍ម្តង និងដែលមានដាក់លក់ នៅតាមឱសថស្ថាន ព្រមទាំងអាចចាក់បានដោយខ្លួនឯង ដោយដៃគូ ឬគិលានុបដ្ឋាក ព្រោះជាការចាក់លើសាច់ដុំ។ ដោយដំណើរការផលិតមេជីវិតបុរស ស្ពែម៉ាតូហ្សូអ៊ីតមានរយៈពេលបីខែ គេត្រូវរង់ចាំពេលបីខែដែរ ទើបប្រាកដថាថ្នាំចាប់ផ្តល់ប្រសិទ្ធភាព ទៅបិទខ្ទប់ការផលិតមេជីវិត។ ការពិគ្រោះជំងឺដើម្បីសាកល្បងថ្នាំពន្យារកំណើតបុរសនេះ មានបំរើសេវា នៅតាមមន្ទីរពេទ្យ និងរៀងរាល់ថ្ងៃសៅរ៍ នៅតាមមជ្ឈមណ្ឌលពន្យារកំណើត។

ប្រសិទ្ធភាព និងផលរំខាន ?

អង្គការសុខភាពពិភពលោក បានដឹកនាំធ្វើការសាកល្បងកំរិតពិភពលោក ចំនួនពីរលើក និងបានអនុម័តទទួលស្គាល់ប្រសិទ្ធភាពនៃថ្នាំចាក់ពន្យារកំណើតលើបុរសនេះ ៖ បីខែក្រោយការព្យាបាល បុរសប្រមាណ២០ភាគរយ បន្តផលិតមេជីវិតស្ពែម៉ាតូហ្សូអ៊ីត បានជាងមួយលាន តែជាកំរិតទាបមែនទែនសម្រាប់ឱ្យបុរសមានលទ្ធភាពបង្កកំណើត។ ចុះចំពោះផលរំខានវិញ ?! ផលរំខានមានខ្លាំង ! នោះគឺការឡើងទម្ងន់ ប្រមាណម្តងពីរគីឡូក្រាម កំណើននាំការដុះរោម ដំបៅនិងឈឺសាច់ដុះត្រង់កន្លែងចាក់ថ្នាំ។ ប៉ុន្តែផលរំខានខ្លាំង ដែលជំរុញឱ្យបុរសមួយចំនួនបញ្ឈប់ការព្យាបាលតែម្តង គឺភាពងុបនឹងចំណង់ផ្លូវភេទ។

ខោពន្យារកំណើត

អ្នកមិនចូលចិត្តអ័រមូន អាចចាប់អារម្មណ៍នឹងវិធីពន្យារកំណើត បែបធម្មជាតិ ដោយស្លៀកខោស្លីបក្តៅ ដែលមានរហ័សនាមថា boulocho។ ខោស្លីបពន្យារកំណើតនេះ ជួយរឹបញុកពងស្វាសទៅបិទរន្ធបង្ហូរស្ពែម៉ាតូហ្សូអ៊ីត ដូចកាលនៅជាកុមារា។ មានន័យថាទម្រង់នៃខោស្លីបបានរុញដំឡើងកម្តៅពងស្វាសឱ្យឡើងដល់ ៣៥ ទៅ ៣៧ អង្សារ សីតុណ្ហភាពដែលអាចបញ្ឈប់ការផលិតស្ពែម៉ាតូហ្សូអ៊ីតបាន។

សូមកុំបារម្ភ កម្តៅនេះមិនធ្វើឱ្យពងស្វាសអ្នករលាក រលួយ ឬខ្លោចទេ ព្រោះគេគ្រាន់តែដំឡើងកម្តៅពងស្វាសឱ្យស្មើនឹងកម្តៅសីតុណ្ហភាពខ្លួនប្រាណតែប៉ុណ្ណោះ ក្នុងពេលធម្មតា ពងស្វាសត្រជាក់ជាងផ្នែកផ្សេងនៃសរីរាង្គ។ ស្លៀកខោស្លីបក្តៅតែ១៥ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលតែបីខែ នោះអ្នកនឹងអារ អត់មានកូន។ វិធីការពារកុំឱ្យមានកូននេះអាចប្តូរក្រលាស់វិញបានយ៉ាងងាយ ដោយគ្រាន់តែឈប់ស្លៀកខោកម្តៅ ហើយត្រលប់ទៅស្លៀកស្លីបធម្មតាវិញ នោះពងស្វាស នឹងមកវិលមកកន្លែងដើម ហើយមានដំណើរការក៏ដូចដើមវិញ។

ប្រសិទ្ធភាព និងផលរំខាន ?

ជាមួយវិធីពន្យារកំណើត ស្លៀកខោកម្តៅនេះ ប្រសិទ្ធភាពមាន១០០ភាគរយ និងគ្មានសោះផលរំខាន។ នេះបើតាមការអួតអាងរបស់លោកសាស្ត្រាចារ្យ Pierre Colin តែម្យ៉ាងទៀតអាចថាមកពីគេមិនទាន់មានការសាកល្បងច្រើននៅឡើយផង ក៏ថាបាន។

ពេលនេះមានតែមួយកន្លែងទេ ដែលស្នើពិគ្រោះព្យាបាលវិធីនេះ។ ជាវិធីសាស្ត្រដែលគេរក្សាជាភាពសម្ងាត់វេជ្ជសាស្ត្រនៅឡើយ។ ប៉ុន្តែសកម្មជនអ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍ការពន្យារកំណើតលើបុរស កំពុងធ្វើការរកវិធីផលិតខោកម្តៅពន្យារកំណើត ដើម្បីអាចធ្វើចរាចរណ៍លក់លើទីផ្សារ នៅក្នុងរវាងពេលមួយឆ្នាំទៀតខាងមុខ។ ហើយទំនងជាងនឹងមានច្រើនម៉ាកច្រើនម៉ូដផង។

ថ្នាំគ្រៀវ ជែលចាក់បោះចោល

ថ្នាំគ្រៀវទំនងជាអាចមានឈ្មោះថា Vasogel ! វិធីសាស្ត្រពន្យារកំណើត ដែលមានទម្រង់ជាការគ្រៀវដោយគីមីនេះ ត្រូវបានរកឃើញដោយឥណ្ឌា និងកំពុងសិក្សាលម្អិតនៅសហរដ្ឋអាមេរិក។ ថ្នាំគ្រៀវត្រូវប្រើជាទំនប់ទប់ស្កាត់មេជីវិតឈ្មោល ដោយចាក់បញ្ចូលទៅក្នុងបំពង់បង្ហូរស្ពែម៉ាតូហ្សូអ៊ីតទៅបង្ហួរនោម។ ប៉ុន្តែវិធីការពារនេះ មានលក្ខណៈផ្ទុយពីការវះកាត់គ្រៀ ព្រោះគេអាចបកក្រោយវិញបាន ដោយគ្រាន់តែចាក់ថ្នាំនេះជាថ្មីម្តងទៀត បុរសនឹងអាចមានកូនវិញបានហើយ។

ប្រសិទ្ធភាព និងផលរំខាន ?

សម្រាប់ពេលនេះ វាដូចជាឆាប់បន្តិចសម្រាប់លើកមកនិយាយអំពីផលប៉ះពាល់នៃការឃើញវិធីសាស្ត្រចាក់ថ្នាំគ្រៀវនេះ។ ការសិក្សាស្រាវជ្រាវ នៅមិនទាន់ចប់សព្វគ្រប់ទេ គឺបានត្រឹមសាកល្បងលើសត្វនៅឡើយ។ សម្រាប់លោកសាស្ត្រាចារ្យ Pierre Colin គេទំនងជាត្រូវរង់ចាំប្រមាណ១០ឆ្នាំទៀតយ៉ាងតិច ទម្រាំដឹងសដឹងខ្មៅ។

មានការសិក្សាស្រាវជ្រាវច្រើន ស្តីអំពីថ្នាំពន្យារកំណើតលើបុរស តែស្ថិតក្នុងដំណាក់កាលសើៗដំបូងនៅឡើយ ក្នុងខណៈដែលមនុស្សបានរកឃើញវិធីសាស្ត្រមានប្រសិទ្ធភាពខ្លាំងរួចទៅហើយ​។ នាពេល​បច្ចុប្បន្ន​នេះ ស្រោម​អនាម័យ និង​ការវះកាត់​​គ្រៀវ នៅ​តែ​​ជា​មធ្យោបាយ​​​ពន្យារ​កំណើត​ពីរ​យ៉ាង ​ដែល​មាន​លក្ខណៈ​ទូទៅ​ខ្លាំង​សម្រាប់​បុរស និង​មាន​ប្រសិទ្ធភាពខ្ពស់ជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ