អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ត្បារត្រចៀកបង្កគ្រោះថ្នាក់យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង បានចេញច្បាប់ហាមឃាត់សំឡីត្បារត្រចៀក ចាប់ពីថ្ងៃទី ១មករា ២០១៨ទៅ និងហាមលែងឱ្យធ្វើចរាចរណ៍លើទីផ្សារសាធារណៈសោះ ចាប់ពីថ្ងៃទី ១ មករា ២០២០ តទៅ។ បម្រាមនេះ ត្រូវបានអនុម័ត ក្នុងក្របខណ្ឌ នៃច្បាប់បរិស្ថានថែរក្សាជីវចម្រុះ។ ដងផ្លាស្ទិក នៃសំឡីត្បារ បង្កគ្រោះថ្នាក់ខ្លាំងដល់សត្វរុក្ខជាតិ ក្នុងសមុទ្ទ និងមហាសាគរ។ ចំពោះមនុស្សលោកវិញ ត្បារសម្អាតត្រចៀកមិនត្រឹមតែជាកាយវិការអត់ប្រយោជន៍ទេ តែជាតំណាងគ្រោះថ្នាក់សម្រាប់ត្រចៀកតែម្តង។ តើសំឡីត្បារត្រចៀកបង្កគ្រោះថ្នាក់យ៉ាងណាខ្លះ ?

សំឡី​តម្បារ​ត្រចៀក​ដង​ផ្លាស្តិក
សំឡី​តម្បារ​ត្រចៀក​ដង​ផ្លាស្តិក @wikipedia
ផ្សាយពាណិជ្ជកម្ម

គឺក្រុមអ្នកបរិស្ថាន មិនមែនក្រុមគ្រូពេទ្យអ្នកធ្លាប់តែចោទប្រកាន់សំឡីត្បារជាដើមហេតុធ្វើឱ្យខូចត្រចៀកទេ ដែលបានរុញច្រានឱ្យមានច្បាប់ហាមឃាត់ការលក់ផលិតផលនេះ ទៅឱ្យអតិថិជន ប្រើប្រាស់ប្រចាំថ្ងៃ។ បម្រាមនឹងចូលជាធរមានចាប់ពីថ្ងៃទី ១មករា ឆ្នាំ ២០២០ ចំពោះសំឡីត្បារត្រចៀកមានដងជាជ័រផ្លាស្ទិក និងអនុញ្ញាតឱ្យប្រើបានតែក្នុងក្របខណ្ឌវេជ្ជសាស្ត្រប៉ុណ្ណោះ។

សំឡីត្បារត្រចៀកជាប្រភពបំពុលបរិស្ថានទឹក ទឹកទន្លេ បឹងបួរ សមុទ្ទ

ដោយចេតនា ឬអចេតនា មានមនុស្សម្នាច្រើនណាស់ បានបោះសំឡីត្បារត្រចៀក ក្នុងបង្គន់ ក្រៅធុងសម្រាម ពាសវាលពាសកាល ... ដែលទីបំផុតដងសំឡីតម្បាររាប់រយរាប់ពាន់ ធ្លាក់ដល់ទន្លេ បឹងបួរ លើឆ្នេរ ក្នុងសមុទ្ទ។ គិតតែក្នុងស្រុកបារាំងមួយ និងនៅឆ្នាំ២០១៥មួយ បើគេប្រមូលសំឡីត្បារត្រចៀកតជាប់គ្នា នោះវានឹងគរឡើងស្នើប៉ិនតួអេហ្វែលបី។

តូចហើយស្រាល សំឡីតម្បារត្រចៀកអណ្តែតលើទឹក និងបានធ្វើឱ្យប្រព័ន្ធសម្អាតទឹកស្អុយ មុននឹងបង្ហូរទម្លាក់ ទៅទន្លេ ឬសមុទ្ទ គ្មានប្រសិទ្ធភាព ទប់ស្កាត់តម្បារនេះបាន។ ហេតុដូច្នេះហើយបានជាមានតម្បារច្រើនក្នុងទឹកទន្លេនិងសមុទ្ទ។ នៅក្នុងធម្មជាតិ តម្បារនោះនឹងត្រូវសត្វស៊ីស្លាក់ ឬរលួយបញ្ចេញសារធាតុផ្លាស្ទិកពុលក្នុងមហាសាគរ។

ចំពោះផលប៉ះពាល់លើមនុស្សវិញ តម្បារសំឡីត្រូវបានគេប្រើប្រាស់ ជាពិសេស និងយ៉ាងទូលំទូលាយ សម្រាប់សម្អាតត្រចៀក តែទង្វើនេះផ្ទុយស្រលះអំពីអនុសាសន៍របស់អ្នកជំនាញសុខាភិបាល និងប៉ះអាចធ្វើឱ្យខូចសុខភាពត្រចៀក ព្រមទាំងសមត្ថភាពស្តាប់ទៀត។ ការត្បារត្រចៀក ទោះដោយតម្បារសំឡី ឬ ក្រវ៉ារឹង ឬដោយវត្ថុអ្វីក៏ដោយ សឹងថាគ្មានប្រយោជន៍អ្វីសោះ គឺមានតែការបន្សល់ទុកនូវផលវិបាកប្រចាំថ្ងៃទៅវិញទេ។ ព្រោះបើជ្រុលដៃតែបន្តិច ត្រចៀកនឹងត្រូវរងគ្រោះភ្លាម ហើយបើរុកចូលជ្រៅពេក ទោះដោយសម្រួលក្តី ក៏ អាចនឹងធ្វើឱ្យស្ទះរន្ធត្រចៀក កើតស្រែង របួស និងធ្លាយក្រដាសត្រចៀក ផង។

ត្រចៀកមានប្រព័ន្ធស្វ័យសម្អាត

ចុះសួរថាតើត្រូវធ្វើដូចម្តេចទៅវិញ ដើម្បីរក្សាអនាម័យត្រចៀក ?!

មុននឹងជម្រាបជូនអំពីវិធីសម្អាត ធ្វើអនាម័យត្រចៀក សូមលោកអ្នកចងចាំថា ត្រចៀកជាញាណដ៏សំខាន់មួយក្នុងចំណោមញាណទាំង៥របស់មនុស្សលោក។ សរីរាង្គមួយនេះ មាន មានតួនាទីយ៉ាងសំខាន់ ផ្នែកទំនួលខុសត្រូវខាងស្តាប់ ទទួលសំឡេង និងខាងរក្សាលំនឹងខ្លួនប្រាណ។ ត្រចៀកចែកចេញជាបីផ្នែក ៖ ត្រចៀកក្នុង -កណ្តាល -ក្រៅ។ ត្រចៀកខាងក្រៅ ឬស្លឹកត្រចៀក ជាផ្នែកមួយដែលគេមើលឃើញ និងដែល​គួរបាន​ទទួល​ការថែរក្សាអនាម័យ ចំណែក​ត្រចៀកកណ្តាលនិង​ក្នុង មិន​ត្រូវការ​ការសម្អាតទេ ព្រោះត្រចៀកដែលមានប្រព័ន្ធដ៏ស្មុគស្មាញ មានប្រព័ន្ធស្វ័យសម្អាត។

អាចម៍​ត្រចៀកមាន​នាទី​ជា​អ្នកការពារ

តើ​ហេតុអ្វី​បាន​ជា​អ្នក​ចូល​ចិត្ត​ប្រើ​សំឡី​ត្បារត្រចៀក ?! ទាំង​គេ​ទាំង​ខ្ញុំ ការ​ប្រើ​សំឡី​ត្បារ​ គឺ​ដើម្បី​សម្អាត ត្រចៀក កម្ចាត់​អាចម៍​ត្រចៀកកុំឱ្យ​ហៀមក​ក្រៅ នាំ​ឱ្យ​ខ្មាសគេ ឬ​គេ​ថា​យើង​អត់​អនាម័យ។ ប៉ុន្តែ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ និង​ក្រុម​គ្រូពេទ្យ អាចម៍​ត្រចៀក មិនមែន​ជា​របស់​កខ្វក់​ទេ ! ការ​ប្រឹង​សម្អាត ជូត​ ឆ្កឹះចេញ ដោយស្មាន​ថា​គគ្រេច គឺ​ជា​ការ​គិត​ខុស​ទាំង​ស្រុង ! នេះ​បើ​តាម​ប្រសាសន៍​របស់​លោកវេជ្ជបណ្ឌិត Dr Jean-Marc Juvanon ឯកទេស​ច្រមុះ​ត្រចៀកបំពង់ក។

អាចម៍​ត្រចៀក ដែលមាន​នៅ​ក្នុងរន្ធ​ និង​ដែល​ត្រចៀក​ផលិត​ជា​រៀងរាល់​ថ្ងៃ គឺ​ជា​ស្រទាប់​ សន្ទះការពារ​ និង​ជា​អ្នក​រំងាប់ ប្រឆាំងនឹង​ការ​រីក​ចម្រើន​នៃ​មេរោគ​នៅក្នុង​ត្រចៀក។ អ្នក​ខ្លះ​ហៅថា ក្រមួន​ត្រចៀក អាចម៍ត្រចៀកមាន​ទម្រង់​ខុសៗ​គ្នា ខ្លះ​ លឿងថ្លា ខ្លះខ្មៅ ខ្លះ​ស ខ្លះ​ពណ៌ត្នោត រឹង​រាវ ប៉ុន្តែ​ទោះ​ក្នុង​ទម្រង់​ណាមួយ​ក៏​ដោយ ក៏ភាព​ខុសគ្នា​ទាំ​ងនេះគ្មាន​បង្កប់​រោគសញ្ញា​ជំងឺ​អ្វី​ទាំង​អស់។ ផ្ទុយទៅ​វិញ ប្រសិនបើ​បុគ្គលណា​មិន​សូវ​មាន​អាចម៍​ត្រចៀក បុគ្គល​នោះ​ច្រើន​តែ​ប្រឈម​នឹង​គ្រោះ​មាន​ជំងឺ មាន​ការបង្ក​រោគ ទៅ​វិញ​ទេ។ នេះ​បើតាម​ការ​គូស​បញ្ជាក់បន្ថែម​របស់​លោក​វេជ្ជបណ្ឌិត Dr Juvanon ​ដដែល។​

​​ត្រចៀក​មិន​ត្រូវ​ការ​ទាល់​តែ​សោះ​ឡើយជំនួយ​ពី​ខាង​ក្រៅ​ក្នុងការ​សម្អាត និងធ្វើ​អនាម័យ។ អាចម៍ត្រ​ចៀក ដែល​ជា​ល្បាយ​នៃ​សំណល់​ស្បែកងាប់ និងសារធាតុរាវផលិតដោយ​ត្រចៀក តែងតែ​​ហូរ​ចេញ​មក​ក្រៅដោយ​ខ្លួនឯង តាមទជា​រន្ធ​ត្រចៀក។ ធម្មជាតិ​បង្កើត​មនុស្ស​ គូស​ត្រចៀក​មាន​រន្ធ​មិនមែនជា​ការ​ចៃដន្យ​ទេ ! នៅ​ក្នុង​ដំណើរ​ហូរ​ចេញ​មក​ក្រៅ​នេះ អាចម៍​ត្រចៀក​ក៏​បោស​សម្អាត អូសធាតុមិន​បរិសុទ្ធ​ ជាតិ​កគ្រិកមកក្រៅ​ជាមួយ​ផង។ ហើយ​គឺ​ចាប់​ពី​ត្រឹម​មាត់​រន្ធ​ត្រចៀក​នេះ​ឯង ដែល​យើង​អាច​ផ្តើម​ធ្វើ​ការ​សម្អាត​ ដោយ​ប្រើ​កន្សែង ឬ​តម្បារ​សំលី​ជូត ឬ​យក​កូនដៃលូក​ជូតជា​ការ​ស្រេច។ មិន​ត្រូវ​ប្រឹង​ស្វែង​រក​មធ្យោបាយ​អ្វី​ផ្សេង​ មក​លូក​ឆ្កឹះលាង​សម្អាត​រន្ធ​ត្រចៀក​ទេ។ យកកង្វារ ឬ​​សំឡី​ត្បារ​រុក​ចូល​ជូន​រន្ធ​ត្រចៀក​ត្រឹម​តែ​មួយ​សង់ទីម៉ែត្រ គឺ​ជា​ការ​លូក​ជ្រៅ​ហួសហេតុ​ទៅ​ហើយ បើ​គិត​តាម​បែប​វេជ្ជសាស្ត្រ។ ការ​សម្អាត​អនាម័យ​ត្រចៀក ត្រូវ​កំរិត​ត្រឹម​ផ្នែក​ដែល​មើល​ឃើញ។

គ្រោះថ្នាក់​នៃ​ការ​ប្រើ​តម្បារ​សំលី

ដោយ​មិន​បាច់​ដល់​លើក​និយាយ​អំពី​កង្វារ​ត្រចៀក​ធ្វើ​ពី​លោហៈ ពី​ឈើ ពី​វត្ថុ​រឹង តម្បារ​សំឡី ទន់ ស្រាល​ ដ៏​ពេញ​និយម​របស់​មនុស្ស​សម័យ​ថ្មីនេះ បើ​រុក​ចូល​ទៅ​ក្នុង​រន្ធ​ត្រចៀក​ជ្រៅ​តែ​បន្តិច គឺ​គ្រប់គ្រាន់​នឹងបង្ក​ហានិភ័យ​ខ្ពស់​ខ្លាំងណាស់​ទៅ​ហើយ សម្រាប់​មនុស្សទូទៅ​ជាពិសេស​កុមារ។ ការ​សិក្សា​បាន​បង្ហាញ​ថា​មាន​កុមារ​តូច !​រាប់​សិប​ម៉ឺននាក់ មានរបួស​ក្នុង​ត្រចៀក​ដោយ​សារ​តែ​ការ​ប្រើ​តម្បារ​សំឡី​នេះ​ឯង។ របួស ឬ​គ្រោះ​ថ្នាក់​ ដែលគេ​ជួប​ញឹកញយ និង​ធ្ងន់ធ្ងរ​ខ្លាំង​ជាងគេ គឺ​ការ​ធ្លាយ​ក្រដាសត្រចៀក។ ការ​ធ្លាយ​ក្រដាសត្រចៀក​ មិន​ត្រឹម​តែបង្ក​ការ​ឈឺ​ចាប់​ទេ តែ​ថែម​ទាំង​នាំ​ឱ្យ​បាត់​បង់​សមត្ថភាពស្តាប់​ឮទៀត។

នៅមាន​ហានិភ័យ​ជា​ច្រើន​ផ្សេង​ទៀត ដែល​បណ្តាលមក​ពីការ​ជូន​សម្អាត​ត្រចៀក​ដោយតម្បារ​សំឡីញឹកញយ និង​ជ្រៅ​ជ្រុលនោះ​គឺ ស្បែក​​​បាត់បង់​តួនាទី​ជា​ស្រទាប់ការពារ ហើយ​ក្លាយ​ជា​ស្បែក​រលាក​រលាត់ក្រហាយ ឈឺ និង​ជា​ដើមហេតុ​ធ្វើ​ឱ្យ​មាន​អាការៈ​រមាស់​ត្រចៀក។ ជំងឺ​ត្រអក ដែលកើតក្នុង​ត្រចៀក​ ច្រើន​តែបណ្តាល​មក​ពី​ការ​សម្អាតត្បារ​ត្រចៀក​ជ្រុល​និង​ញឹកញយ​ពេក​ប៉ុណ្ណោះ មិនមែន​ដោយ​សារ​មាន​មេរោគ​ឬ​មាន​អ្វី​យាយីទេ។ ត្រចៀក​ស្អាត​ពេក គ្រាន់​តែ​ពី​មុជទឹក​អាង​ ទន្លេ ជាប់​គ្នា​ញយ​ថ្ងៃ​ ញយ​ដង ក៏​អាច​បង្ក​ឱ្យ​មាន​ការ​បង្ក​រោគលើ​ស្បែង​​នៅ​ក្នុង​ត្រចៀក​ រន្ធអាច​​ស្ទះ​ មាន​អារម្មណ៍​ធ្ងន់​ក្នុង​ត្រចៀក​ ហើយ​ឈឺ​ចុក​ចាប់​ខ្លាំង។

កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត រុក​តម្បារ​សំលី​ជូត​សម្អាត​ជា​រៀង​រាល់​ថ្ងៃពេក រហូត​ស្ទើរ​ក្លាយ​ជា​កាយវិការ​ញៀន​ យូរៗរាប់ខែ​រាប់​ថ្ងៃ​ទៅ ដូច​ជា​បាន​រុញ​ច្រាន​អាចម៍​ត្រចៀក ឱ្យ​ទៅ​កកផ្តុំ​គ្នា​​ជា​ឆ្នុក​បិទ​ខ្ទប់​រន្ធ​ត្រចៀក​ដែល​ទីបំផុត​ក៏​អាច​បង្ក​ឱ្យ​ក្លាយ​ទៅ​ជា​ថ្លង់​បាន។ អាការៈ​បែប​នេះ ច្រើន​តែ​ឡើង​ភ្លាម​ភ្លែត នៅ​ពេលមាន​ទឹក​ចូល​ត្រចៀក​ ទៅ​ផ្សើម​កំណក​សំណល់​អាចម៍​ត្រចៀក​ឱ្យ​រីកហើម​ ដូច​គេ​ចុកបិទរន្ធ​ត្រចៀកឱ្យ​ជិត​ឈឹង ស្តាប់​អ្វី​លែង​ឮ។ ត្រចៀក​រក​ឃើញ​តួនាទី​ខាង​ស្តាប់​របស់​ខ្លួន​ឡើង​វិញ ប្រសិន​បើ​គេ​ទាញ​ឆ្នុង​អាចម៍​ត្រចៀក​នោះ​ចេញ​ ប៉ុន្តែ​អ្នក​ជំងឺ​នឹង​មាន​អារម្មណ៍ជា​អ្នក​ខុស​ និង​​អៀន​ខ្មាស​ខ្លាំង នៅ​ពេល​ទំហំ​អាចម៍​ត្រចៀក​។

ការ​​ទាញវា​ចេញ អាច​ធ្វើ​ឱ្យ​ខ្លួន​ឯង​បាន ប៉ុន្តែ​សូម​ប្រុងប្រយ័ត្ន​ឱ្យ​មែន​ទែន ព្រោះវា​អាចបង្កគ្រោះ​ថ្នាក់​ដល់​ធ្លាយ​ក្រដាសត្រចៀក​បាន និង​​មិនមែនជាកាយវិការ​ស្រួល​ទេ ! ត្រូវ​មាន​បច្ចេកទេស​ត្រឹម​ត្រូវ។ គួរ​តែ​ត្រៀម​រក​ជំនួយ​ជា​ផលិតផលផ្សេងៗ​ដើម្បី​រំលាយ​ដុំរឹង ឬ​ក៏​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យឯកទេស​ ត្រចៀក ច្រមុះ​បំពង់ក តែ​ម្តង​កាន់​តែ​ប្រសើរ។ ជួនកាល​អ្នក​ជំងឺ​គិត​ថា​មាន​បញ្ហា​ត្រចៀក មាន​ដុះ​ផ្សិត​រមាស់ ឬ​អារម្មណ៍​ធ្ងន់​ត្រចៀក ហឹង​ ថប់​ នឹង​ត្រូវ​បាន​ជាសះស្បើយ នៅ​ពេល​ទាញ​កំណក​ក្នុង​រន្ធ​ត្រចៀក​នេះ​ចេញ​ផុត។

មនុស្ស​ម្នាក់​ៗ​មាន​បរិមាណ​អាចម៍​ត្រចៀក​ច្រើន​ឬ​តិច​ខុស​គ្នា។ អ្នក​ខ្លះ​ផលិត​ច្រើន មក​ពី​ពួកគេ​ប្រើ​ពាក់​ឆ្នុក​ប្រឆាំង​សំឡេង ពាក់​កាស ពាក់​ប្រដាប់ជំនួយ​ស្តាប់​សំឡេង។ ក្នុង​ករណី​នេះ ពួកគេ​ត្រូវ​ប្រើ​ប្រយ័ត្ន​ប្រយែង​សម្អាត​ត្រចៀក​ជារៀង​រាល់​បី​ខែ​ម្តង។ ពួកគេ​អាច​ប្រើ​ទឹក​ក្តៅ​ឧណ្ណ​មួយ​ដំណក់ពីរ​ ដើម្បី​ជួយ​រំលាយ​បង្ហូរ​កំណក​សំណល់​ក្នុង​រន្ធ​ត្រចៀក ឬ​ប្រើ​ប្រដាប់​​​បាញ់សម្អាត​ត្រចៀក​ ឬ​ស្ព្រាយ ដាក់​លក់​នៅ​ឱសថស្ថាន។ ប៉ុន្តែ​ត្រូវ​ធ្វើ​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​បំផុត និង​ចំពោះ​អ្នក​ដែល​ផលិត​អាចម៍​​ត្រចៀក​ខ្លាំង​មែនទែន​តែប៉ុណ្ណោះ ព្រោះ​រាល់​គ្រប់​ទង្វើ​ក្នុង​រន្ធ​ត្រចៀក​សុទ្ធ​តែ​មាន​ហានិភ័យ​ទាំង​អស់ ហើយ​មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធិភាព​ទាំង​ស្រុង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ