អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា ទាត់​ចោល​រាល់​ការ​រិះ​គន់​ដែល​ថា​ប្រសិទ្ធភាព​របស់​ស្ថាប័ន​នេះ​បន្ត​ធ្លាក់​ចុះ​

អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រតិកម្ម​ទាត់​ចោល​ទាំង​ស្រុង​លើ​របាយការណ៍​សង្កេត​រដ្ឋសភា និង​តំណាងរាស្ត្រ ឆ្នាំ​ទី​៤ នៃ​រដ្ឋសភា​នីតិកាល​ទី ៥ ឆ្នាំ ២០១៧ ដែល​វាយ​តំលៃ​ថា ប្រសិទ្ធភាព​របស់​រដ្ឋសភា ត្រូវ​បាន​បន្ត​ធ្លាក់​ចុះ​ជាង​ឆ្នាំ ២០១៦​។ របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា COMFREL បាន​បង្ហាញ​ថា សកម្មភាព​ស្ទើរ​គ្រប់​ផ្នែក​នៅ​ក្នុង​រដ្ឋសភា ក្នុង​ឆ្នាំ ២០១៧ គឺ​ធ្លាក់​ចុះ ព្រម​ទាំង​មាន​លាយ​ឡំ​ដោយ​ផល​ប៉ះពាល់​អវិជ្ជមាន និង​អយុត្តិធម៌​ធ្ងន់​ធ្ងរ​ចំពោះ​សម្លេង​ម្ចាស់​ឆ្នោត​។ ប៉ុន្តែ​សម្រាប់​រដ្ឋសភា អ្វី​គ្រប់​យ៉ាង គឺ​បាន​ធ្វើ​តាម​ដំណើរ​នៃកិច្ច​ព្រមព្រៀង​នយោបាយ ព្រម​ទាំង​មិន​ដែល​ឃ្លាត​ពី​ការ​គោរព​ច្បាប់​របស់​ប្រទេស​នោះ​ឡើយ​។

រ​ដ្ឋសភា​​បើកសម័យប្រជុំពេញអង្គដើម្បីអនុម័ត​​ច្បាប់​​នាពេលកន្លងទៅ
រ​ដ្ឋសភា​​បើកសម័យប្រជុំពេញអង្គដើម្បីអនុម័ត​​ច្បាប់​​នាពេលកន្លងទៅ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

លោក ​ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភាជាតិ បាន​ប្រាប់វិទ្យុបារាំងនៅព្រឹក​ថ្ងៃទី ១៧មករាថា របាយការណ៍​របស់​អង្គការ COMFREL មិន​មាន​ឯករាជ្យ​ និង​គ្មាន​មូលដ្ឋាន​គ្រឹះគ្រប់គ្រាន់ ដើម្បីអាច​វាយតំលៃ​ពីប្រសិទ្ធភាព​របស់​រដ្ឋសភា​នោះទេ។ តាម​លោក ឡេង ប៉េងឡុង រដ្ឋសភា ក្នុងនីតិកាល​ទី ៥ នៅឆ្នាំ ២០១៧ គឺបានប្រព្រឹត្តទៅដោយ​រលូន ព្រោះ​សមាជិក​ម្នាក់ៗ មិន​បាន​រំលោភបំពាន​ច្បាប់ ដូច្នេះ​ប្រសិទ្ធភាព​របស់​រដ្ឋសភា គឺគ្មានការ​ធ្លាក់ចុះអ្វីទាំងអស់។

គួរជម្រាបជូនថា កាលពីដើម​ខែមករា ឆ្នាំ ២០១៨នេះ COMFREL បាន​ចេញ​ផ្សាយ​នូវរបាយការណ៍​មួយ ពីការសង្កេតរបស់ខ្លួន​ជុំវិញ​ប្រសិទ្ធភាព និង​សកម្មភាព​របស់​រដ្ឋសភាជាតិ ក្នុង​ឆ្នាំ ២០១៧។ តាម​ការវាយតំលៃដោយ​ផ្អែក​លើ​ការពិនិត្យ​ជាក់​ស្តែង COMFREL មើល​ឃើញ​ថា តំណាងរាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច​ បាន​ផ្តួចផ្តើម និង​សម្រេច​ជា​ឯកបក្ស​ ក្នុងការ​ធ្វើ​វិសោធកម្ម​ច្បាប់​ ស្តីពីគណបក្ស​នយោបាយ រហូត​ដល់​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​នេះជារូបម្តថ្មី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងអយុត្តិធម៌ ដល់​សម្លេង​ម្ចាស់​ឆ្នោត តាម​រយៈ​ការ​បែងចែកអាសនៈ​សភារបស់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ទៅ​ចែក​ដល់​បក្ស​ដទៃ ដែល​មិន​បាន​ជាប់ឆ្នោត។

លើសពីនេះ ក៏មាន​ការ​សង្កេតឃើញ​ថា ការអនុម័ត​លើសេចក្តីព្រាង​ច្បាប់ និ​ងសេចក្តី​ស្នើវិសោធនកម្ម​ច្បាប់​ ដែល​មាន​ចំនួន ១៧លើក គឺ​ត្រូវបាន​អនុម័តដោយសម្លេង​ឯកបក្ស ដោយ​ការ​ធ្វើពហិការបស់​គណបក្ស​សង្គ្រោះជាតិ និង​ដោយ​គ្មានការ​ជជែក​ពិភាក្សា​គ្នា ចំពោះ​សេចក្តីព្រាង​ ឬ សេចក្តីស្នើច្បាប់​មួយចំនួន។ ប៉ុន្តែសម្រាប់លោក​ ឡេង ប៉េងឡុង ទោះបីជាឯកបក្ស ឬ ពហុបក្ស ក៏វាមិនជាបញ្ហាអ្វីលើការអនុម័ត​សេចក្តីព្រាង​ច្បាប់​នីមួយៗនោះដែរ ពីព្រោះថាច្បាប់ទាំងនោះ សុទ្ធតែបានគិតគូរ​ពី​ផល​ប្រយោជន៍ដល់​ប្រជាពលរដ្ឋ រួចរាល់អស់ហើយ។

ក្រៅពីចំនុចទាំងនេះ COMFREL ក៏វាយតំលៃទៀតថា សកម្មភាពរបស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា សកម្មភាពចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ ការកោះហៅ​រដ្ឋមន្ត្រី​មក​បំភ្លឺជុំវិញ​បញ្ហាផ្សេងៗ និង​កិច្ច​អន្តរាគម​របស់​សភា និង​តំណាងរាស្ត្រ គឺ​មាន​ការ​ធ្លាក់​ចុះដូចគ្នា បើ​ប្រៀបទៅនឹង​សកម្មភាពឆ្នាំ ២០១៦ និង ២០១៥។ យ៉ាងណាមិញ មាន​ការ​មើលឃើញថា មាន​តំណាងរាស្ត្រ ១០រូប ដែល​ ៥រូប មក​ពីបក្ស​ប្រជាជនកម្ពុជា និង​ ៥រូប​មក​ពីគណបក្ស​សង្គ្រោះជាតិ តែងតែមាន​ភាពសកម្ម ក្នុងការ​ឡើង​បញ្ចេញ​មតិដោយ​យក​ចិត្ត​ទុកដាក់ជាងគេ ក្នុង​កិច្ចប្រជុំពេញ​អង្គ​នៃរដ្ឋសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ