អានតួអត្ថបទ
កម្ពុជា-ច្បាប់

ករណី​អ្នក​ការពារ​ព្រៃ​ឈើ​៖ តំណាង​អយ្យ​ការ​នឹង​សាក​សួរ​ជន​សង្ស័យ​បន្ថែម ​មុន​នឹង​ចោទ​ប្រកាន់

តំណាង​អយ្យការ​អមសាលាដំបូង​ខេត្ត​មណ្ឌលគិរី នឹង​ធ្វើ​ការ​សាកសួរ​ជនសង្ស័យ​ពាក់​ព័ន្ធករណី​ឃាតកម្ម​លើ​មន្រ្តីការពារ​បរិស្ថាន​៣នាក់ នៅពេល​បញ្ជួនទៅដល់​តុលាការ​នៅរសៀលថ្ងៃ​អាទិត្យ​នេះ។ នេះជានីតិវិធីរបស់​ព្រះរាជអាជ្ញា បន្ទាប់ពីសមត្ថកិច្ច​បាន​ស្រាវ​ជ្រាវ​ស៊ើបអង្កេត និង​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បានយ៉ាង​ហោច​ណាស់៤​នាក់​​ក្នុង​នោះក៏មានឈ្មោះ ផល ពេញ ដែល​ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ច្រក​អូររលែ ម្នាក់ផងដែរ ។

ជនសង្ស័យម្នាក់ ឈ្មោះ ផល ពេញ ជាប្រធានប៉ុស្តិ៍​នគរបាល​ព្រំដែន
ជនសង្ស័យម្នាក់ ឈ្មោះ ផល ពេញ ជាប្រធានប៉ុស្តិ៍​នគរបាល​ព្រំដែន @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យសាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​​អន្តរជាតិ RFI នៅ​ថ្ងៃអាទិត្យ​នេះថា ក្រុម​ជនសង្ស័យដែល​​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃ​ឈើ​​ចំនួន​៣នាក់ នឹង​ត្រូវ​បញ្ជួនមក​ដល់ដៃ​តុលាការ​នៅរសៀលនេះ ហើយ​តំណាងអយ្យការនឹង​បើក​ការ​សាក​សួរ​លើ​ជន​សង្ស័យសិន ​មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ជាផ្លូវការ ដែលឈានទៅដល់​ការ​ជំនុំជម្រះ​កាត់ទោស។

​ថ្វីត្បិតតែ​មិន​ទាន់​មានការ​ចោទ​ប្រកាន់ក៏ដោយ តែបើតាមលោក​ព្រះរាជ​អាជ្ញារងរូបនេះ ជនសង្ស័យដែល​បាញ់​សម្លាប់​មនុស្សរហូតដល់ទៅ៣នាក់​ក្នុង​ពេលតែមួយនោះគឺ​ជា​បទល្មើស​ឧក្រិដ្ឋធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះហើយ លោក​ព្រះរាជអាជ្ញារង ​ម៉ម វ៉ាន់ដា នៅតែមិនអាច​ប្រាប់​​ថា ​មានជនសង្ស័យ​ប៉ុន្មាន​នាក់​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃឈើ​នេះ​ទេ។

ប៉ុន្តែ​គេ​ដឹង​ថា ភ្លាម​ៗ​ក្រោយ​ព្រឹត្តិការណ៍​នេះ មាន​មន្រ្តី​យោធា​៣​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​។ បន្ទាប់​មក​ទៀត ​ឈ្មោះ ផល ពេញ ដែល​ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ច្រក​អូររលែ ដែល​គេ​ចោទ​ថា​ជា​ជន​ដៃ​ដល់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២​ខែ​កុម្ភៈ ខណៈព្យាយាម​រត់​គេច​មក​ដល់​ខេត្ត​ត្បូង​ឃ្មុំ។ ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នៅ​ទីក្រុង​ភ្នំពេញ លោក ផល ពេញ បាន​សារភាព​ថា រូប​គេ​គឺ​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣នាក់ ពិត​ប្រាកដ​មែន ដោយ​ផ្តើម​ចេញពី​ការ​ទាស់ទែង​គ្នា។ នេះ​បើ​តាម ​វីដេអូដែល​សមត្ថកិច្ចសាកសួរ​ចម្លើយ។

សូម​បញ្ជាក់​ថា អ្នក​ការពារ​ព្រៃ​ឈើ​ចំនួន​៣​នាក់ គឺ​មាន​មន្រ្តី​ក្រសួង​បរិស្ថាន មន្រ្តី​កង​រាជ​អាវុធ​ហត្ថ និង​បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​ចុះ​ល្បាត​បទ​ល្មើស​ព្រៃ​ឈើ កាល​ពី​​ថ្ងៃ​ទី​៣០​ខែ​មករា។

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ហៅ​កាត់​ថា WCS​ បាន​សំដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ ការ​បាញ់​សម្លាប់​អ្នក​ការ​ពារ​ព្រៃ​ឈើ​ចំនួន​៣​នាក់ នៅ​ច្រក​ព្រំដែន កម្ពុជា និង​វៀតណាមនេះ ដោយនិយាយក្នុង​សេចក្តី ថ្លែងការណ៍របស់ខ្លួនថា “ការ​គំរាម​កំហែង​និង​បាញ់​សម្លាប់​អ្នក​ការពារ​សម្បត្តិ​ធម្មជាតិ​ពី​សំណាក់​​ឧក្រិដ្ឋ​ជន​កាប់​បំផ្លាញ​ព្រៃ​ឈើមិន​ត្រូវ​កើត​ឡើង​ជាថ្មី​ទៀត​ឡើយ”។ ចំណែក​រដ្ឋាភិបាល​កម្ពុជា​តាមរយៈក្រសួងមហាផ្ទៃ និង​ក្រសួង​បរិស្ថាន ក៏​បាន​ចេញ​​លិខិត​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជន​រង​គ្រោះ ហើយ​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​លើ​ជន​ល្មើស​ដែល​ពាក់​ព័ន្ធ​ទៅ​តាម​ផ្លូវ​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ