អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុ​អ្វី​បាន​ជា​យើង​ស្ងាប ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ងាប​ជា​អាការៈ​​ធម្មជាតិ​មួយ​របស់​មនុស្ស និង​​សត្វ​មាន​ជីវិតមួយ​ចំនួន។ ​ជា​កាយវិការ​ដែល​កើត​មាន​ជា​ញឹកញាប់ ! ជាទូទៅ​មនុស្ស​ម្នាក់ៗ អាច​ស្ងាប​ដល់​ទៅ ២៥​ម៉ឺន​ដង​ក្នុង​មួយ​ជីវិត។ ស្ងាប​មិន​មែន​ត្រឹម​តែ​ជា​កាយវិការហារ​​បើក​មាត់តែ​មួយ​គត់​ទេ។ ​តើ​អ្វី​ទៅ​ជា​ការ​ស្ងាប ? ហេតុអ្វី​បាន​ជា​យើង​ស្ងាប ? ការ​ស្ងាប​អាច​ជា​សញ្ញា​ដាស់​ប្រាប់​អំពី​អាការៈ​ជំងឺ​អ្វី​ផ្សេង​ ​មែនដែរ​ឬទេ ?

ហេតុអ្វី​បាន​ជា​យើង​ស្ងាប ?
ហេតុអ្វី​បាន​ជា​យើង​ស្ងាប ? ©AFP
ផ្សាយពាណិជ្ជកម្ម

នឿយ​ហត់ អស់​កម្លាំង ធុនថប់ ឃ្លាន ឬមាន​អារម្មណ៍​ឆ្អែត​ ... អារម្មណ៍​បែបនេះ​អាចជំរុញ​ឱ្យ​យើង​ស្ងាប ឱ្យ​យើង​បើក​ឆ្អឹង​ឆ្គាម។ ស្ងាប​ជា​កាយវិការ​សកល ដែល​អាច​កើត​មាន​លើ​ មនុស្សលោកយើង​ និង​សត្វ​ មិន​ថា​ជា​សត្វ​រស់ហោះហើរ​លើ​អាកាស ក្នុង​ទឹក​ឬ​លើ​គោក​ទេ។ កាយវិការមួយ​​នេះ​គ្មាន​ការ​ប្តូរ​ផ្លាស់​ទាល់​សោះ គ្មាន​ការ​ប្រែប្រួល និងគ្មាន​​ការ​វិវឌ្ឍ​ ទៅ​តាម​ពេល​វេលា​សោះ ! ពិត​ជា​គួរ​ចម្លែក​មែន ! នេះ​បើ​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត Dr Olivier Walusinski គ្រូពេទ្យ​ឯកទេស​ជំងឺ​ទូទៅ ដែល​ចូល​និវត្តន៍​ទៅ​ហើយ​នាពេល​បច្ចប្បន្ន​ និង​ដែល​កំពុង​ធ្វើ​ការ​សិក្សាស្រាវជ្រាវ អាការៈ​ស្ងាប តាំ​ងពី​ជា​ច្រើន​ឆ្នាំ​មក​។

កាល​ពី​ដើម​ឡើយ ក្នុង​សម័យ​បុរេប្រវត្តិ បើ​តាម​អ្នក​ស្រាវជ្រាវវេជ្ជសាស្ត្រ​​ក្រិក​ Hippocrate យល់​ថា​ ការ​ស្ងាបហារ​មាត់​ កន្ទ្រាក់​សាច់​ដុំ​ដោយ​អចេតនា និង​​អស់​មួយ​ទំហឹង​ ជា​ការ​ធាក់​បញ្ចេញ​អាការៈក្តៅ​ខ្លួន។ ច្រើន​សតវត្សរ៍​ក្រោយ​មក​ទៀត អ្នក​ស្រាវជ្រាវ​ជាតិ​ហូឡង់ គិត​ថា ឥរិយាបថ​ស្ងាប​នេះ បាន​បង្កើន​ចរន្ត​ឈាម និង​បង្កើន​បរិមាណ​ខ្យល់​អុកស៊ីហ្សែន​ច្រើន​ដល់​​ខួរក្បាល​។ គ្រប់​គ្នា សុទ្ធ​តែ​ជឿ និង​យល់​ដូច​គ្នា​លើ​ទ្រឹស្តី​ចុងក្រោយ​នេះ រហូត​មក​ទល់​នឹង​សតវត្សរ៍​​ទី​១៨ តែ​តាមការ​ពិត​ទៅ​​នេះ​មិនមែន​ជា​សម្មតិកម្ម​ត្រឹម​ត្រូវ​ឡើយ ! ការ​ស្ងាប​មិន​មែន​ជា​ផ្តល់​អុកស៊ីហ្សែន​បន្ថែម​ដល់​ខួរក្បាល​ឡើយ។

ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ កំរិត​អុកស៊ីហ្សែន នៅក្នុង​ឈាម​ បែរ​ជា​ធ្លាក់​ចុះ​ទៅ​វិញ​ទេ ក្រោយ​ការ​ស្ងាប​រួច​ភ្លាម។ នេះ​បើ​តាម​លោកវេជ្ជបណ្ឌិត​វ៉ាលុយហ្ស៊ីនស្គី​ដដែល។ ដោយ​ឡែក​ រយៈ​ពេល​ដែល​មនុស្ស​ស្ងាប​ខ្លាំង​ជាងគេ ក្នុង​មួយ​ជីវិត​របស់​ខ្លួន​ គឺ​ពេល​នៅ​ជា​ទារក​ក្នុង​ផ្ទៃ​ម្តាយ នៅ​ក្នុង​ទឹក​ភ្លោះ​នៅ​ឡើយ។ ទឹក​ភ្លោះ​នេះ​គ្មាន​តួនាទី​ផ្តល់​អុកស៊ីហ្សែន​ឯណា ?!

ប៉ុន្តែ​ដំណើរការ​នៃ​ការ​ស្ងាប ​បាន​ដាស់​ប្រព័ន្ធ​ប្រសាទ​មួយ​ចំនួន​​ឱ្យ​ចូល​ធ្វើ​អន្តរាគមន៍​ជាមួយ មាន​ជា​អាទិ៍​ប្រព័ន្ធប្រសាទ​ ដូប៉ាមីន ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ផ្នែក​សម្រួលទំនាក់ទំនង​ប្រព័ន្ធ​ប្រសាទ​មួយ​ទៅ​ប្រព័ន្ធ​ប្រសាទ​មួយ​ទៀត ពោល​គឺ​អ្នក​ដែល​មាន​​ឥទ្ធិពល​ទៅលើ​អារម្មណ៍។ នៅ​ពេល​ស្ងាប មិន​មែន​មាន​តែមាត់​ទេ​ដែល​ហារនោះ ​សាច់​ដុំ​នៅបំពង់​ខ្យល់​ដង្ហើម គ្រាប់​ពោន ​​ សាច់​ដុំ​មុខ ក និង​ថ្គាម ក៏​មាន​ចំណែក​នៅ​ក្នុង​ការ​ស្ងាប​ដែរ។

ស្ងាប​មាន​បី​ដំណាក់កាល​ និង​បន្ត​ដោយ​អារម្មណ៍​ស្រណុក​ស្រួល និង​ធូរ​ស្បើយ ៖ -ស្រូប​ដង្ហើម​ចូល​វែងៗ យឺតៗ ដោយ​បើក​មាត់​យ៉ាង​ធំ ហា​បើក​បំពង់​ក ដល់​ទៅ​៤​ដង​ធំ​ជាង​ពេល​មិន​ស្ងាប -ចរន្ត​ខ្យល់​នៅ​ទ្រូង ត្រូវ​បញ្ឈប់​មួយ​ភ្លែត ដោយ​រន្ទឺ​សំឡេង​ថ្នូរស្រួល ជួន​ដោយ​មាន​​ភ្ជាប់ ដោយ​ការ​​ទាញ​សរីរាង្គ​ដៃជើង​ខ្លះ​ផង​ ហើយ​ជួន​អប​ដោយ​រំញោច​ក្រពេញ​ទឹក​ភ្នែក​ រហូត​មាន​ចេញ​ទឹក​ភ្នែក និង​ជួន​អាច​នឹង​ធ្វើ​ឱ្យ​សរីរាង្គ​ត្រចៀក​ស្តាប់​លែង​ឮ​អ្វី​មួយ​ភ្លែត​ទៀតផង។ -បញ្ចេញ​ខ្យល់មក​ក្រៅ​វិញ​​​ អម​ដោយ​ការ​ពន្លារ​សាច់​ដុំ​​បំពង់​ដង្ហើម សាច់​ដុំ​មុខ និង​ផ្គាម ហើយ​មាត់​ក៏​បិទ​មក​វិញ ជាមួយ​នឹង​អារម្មណ៍​ស្រណុក​ស្រួល​សុះសាយ​ពេល​ខ្លួន។

ការ​ស្ងាប​អាច​អប​ដោយ​សំឡេង​លាន់​ឬ​ខ្លាំង​ទៅ​តិច ប្រែប្រួល​ទៅ​តាម​ចេតនា​របស់​មនុស្ស​ តែ​ចលនា​របស់​ដើម​ទ្រូង និង​សន្ទះ​របាំង​ខណ្ឌ​ពោះ​ពី​ទ្រូង​ ខុស​គ្នា​ស្រលះ​នឹងការធ្វើ​ស្ងាប។​

ស្ងាប​បំបាត់​ស្ត្រេស

រហូត​មក​ទល់​ពេល​នេះ​ម៉ោង​នេះ ការស្ងាប​នៅ​ជា​អាការៈ​ដ៏​ចម្លែក​មួយ​ដដែល ! ការ​ស្ងាប​ទំនង​ជា​មាន​ពាក់ព័ន្ធ​​នឹង​វដ្ត​ដំណេកនិង​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត Walusinski បាន​ផ្តល់​សម្មតិកម្ម​មួយ​ថា ការ​ស្ងាប​ មាន​ប្រយោជន៍​ និង​តួនាទី​ជា​ អ្នក​រំញោច​ដាស់​មនុស្ស​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ សម្រាប់​លោក​វេជ្ជបណ្ឌិត ពេញ​មួយ​ថ្ងៃ​ មនុស្ស​យើង​បាន​បូក​បង្កើន​កត្តា​ងងោកងងុយ​ នឿយ​ហត់​ជា​ច្រើន​ដល់ខួរក្បាល។ ស្ងាប​ជា​ការ​សម្រួល​​​ដល់​ការ​លុប​បំបាត់​កត្តា​ទាំង​នោះ។

អ្នក​ស្រាវ​ជ្រាវ​កំពុង​តែ​ផ្តោត​ការ​សិក្សា​ទៅ​​សំណួរ​មួយ​​ ជុំ​វិញ​ស្ថានភាព​​ពាក់​ព័ន្ធ​​នឹង​បរិបទ​​ដែល​ធ្វើ​ឱ្យ​ស្ងាប។ ស្ងាប​ទំនង​ស្តែង​ចេញឡើយ នៅ​ពេល​​សីតុណ្ហភាព​ខួរក្បាល ឡើង​កម្តៅ ដោយ​សារ​តែ​អារម្មណ៍​​ធុញ​ទ្រាន់ ឬ​នឿយ​ហត់​ អារម្មណ៍​មាន​ទុក្ខ​កង្វល់​ មិន​ស្រួល​ខ្លួន ឬ​ពេល​មានអាកាសធាតុ​ក្តៅ​ខ្លាំង។ ក្នុង​ករណី​នេះ ការ​ស្ងាប​ គឺ​ជា​ការ​បន្ធូរ​អារម្មណ៍​ ជា​ការ​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់បន្ទាប់​ពី​​មានឡើង​​ស្តេ្រស​​​។

ចំពោះ​សត្វ​ ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​បន្ថែម​ទៀត​ថា​ឥរិយាបថ​ស្ងាប គឺ​ជា​សញ្ញា​អាច​មាន​ចំនង​ជាមួយ​នឹង​ចំណង់​ផ្លូវ​ភេទ។ ជាឧទាហរណ៍ សត្វ​ស្វា​ឈ្មោល​​ជា​មេហ្វូង​តែង​តែ​ស្ងាបមុន​ពេល​រួម​រក្សជាមួយ​ញី។ អាកប្បករិយា​បែប​នេះ​នឹង​ត្រូវ​រលត់​រលាយ​ទៅ​វិញ នៅ​ពេល​សត្វ​ឈ្មោល​នោះ​បាត់​តំណែង​ជា​មេក្រុម។ ចំពោះ​មនុស្ស ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ស្ងាប​អម​ដោយ​ការ​ទាញ​ពន្យឺ​ត​អវៈយវៈរបស់​ស្ត្រី គឺ​ជា​សម្តែង​ទឹក​ចិត្ត​ថា​មាន​ចំណង់​ផ្លូវ​ភេទ​។ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​​ពន្យល់បំភ្លឺ​​អំពី​ចំណង​​ទាក់ទង​រវាង​ការ​ស្ងាប​និង​តណ្ហា​នេះ​នៅ​ឡើយ​ទេ។

ស្ងាប​ឈឺ

ប៉ុន្តែ​ការ​ស្ងាប​ខុស​ទម្លាប់ អាច​ជា​សញ្ញា​នៃ​ជំងឺ​ខ្លះ។

មាន​ជំងឺ​ខ្លះ និង​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន អាច​ធ្វើ​ឱ្យ​មនុស្ស​យើង​មាន​ការ​ប្រែប្រួល​ឥរិយាបថ និង​ប្តូរ​ផ្លាស់​បរិមាណ​នៃ​ការ​ស្ងាប។ ជា​ទូទៅ​ មនុស្ស​គ្រប់​រូប​ដែល​មាន​សុខភាព​ល្អ​បរិបូរណ៍​ជា​ធម្មតា អាច​ស្ងាប ប្រមាណ​ពី ៥​ទៅ​១០​ដង​ក្នុង​មួយ​ថ្ងៃ។ តែ​អ្នក​មាន​ជំងឺ​ជាប់​នឹង​ខ្លួន ដូច​ជា​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ប៉ាគីស៊ុន អ្នក​ប្រើ​ថ្នាំ​ជំនួយ​ប្រព័ន្ធ​ប្រសាទ អ្នក​ប្រព្រឹត្ត​គ្រឿង​ញៀន​ មិន​សូវ​ស្ងាប​ទេ ឬ​លែង​ស្ងាប​សោះ​តែ​ម្តង។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​មាន​ទទួល​ទាន​ពពួក​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ អាច​មាន​ការ​ស្ងាប​កើន​ឡើងច្រើន​ជាងមុន។

ដោយ​មិន​ដឹង​ថា​មក​ពីមូលហេតុអ្វី​នៅ​ឡើយ​ អ្នក​ជំងឺ​ខ្លះ​ដែល​កំពុង​ទទួល​ថ្នាំ​ព្យាបាល​ ក្នុង​ពពួក​គ្រួសារ​ថ្នាំ​ les antidépresseurs អាច​មាន​អាការៈ​ស្ងាប​ពី​៥០​ទៅ​២០០​ដង​ ក្នុង​មួយ​ថ្ងៃ និងស្ងាប​ ​ជាប់​គ្នា​ម្តង​ពី​១៥​ទៅ​២០ហ៊ាំៗ។ អាការៈ​បែប​នេះ​រំខាន​ខ្លាំង​ណាស់​ដល់​អ្នក​ជំងឺ​ទាំង​សម្រាប់​ខ្លួន​អ្នក​ជំងឺ​ផ្ទាល់ និង​ក្នុង​សង្គម។

ការ​ស្ងាប​ច្រើន​ជ្រុល​ ក៏​អាច​ជា​សញ្ញា​ដាស់​ប្រាប់​ថា​អ្នក​អាច​មាន​ជំងឺ​លើស​ឈាម នៅ​ខួរ​ក្បាល​ ដែល​បណ្តាល​មក​ពី​​មាន​ដុំ​ដាច់​ក្នុង​ខួរ​ក្បាល ឬ​ក៏អាច​មាន​ជំងឺ​អ្វី​មួយ​ទាក់​ទង​នឹង​ទម្រង់​ជំងឺ​ឆ្កួត​ជ្រូក ឬ​ ជំងឺប៉ះពាល់​ដល់​កោសិការ​ប្រព័ន្ធ​ប្រសាទ។

ស្ងាប​ជា​បាតុភូត​ឆ្លង​ដ៏​ចម្លែក ! ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​និង​ចិត្តសាស្ត្រ​យ៉ាង​ខ្លាំង។ នៅ​ប្រទេស​បារាំង គេ​មាន​សុភាសិត​មួយ​សរសេរ​ថា អ្នក​ស្ងាប​ល្អ​នឹង​ធ្វើ​មនុស្ស៧​នាក់​ផ្សេង​ទៀត​ស្ងាប​តាម។ អ្នក​អាច​សើច​យំ​នឹង​ពាក្យ​​​មួយ​ឃ្លា​នេះ​ តែ​លោក​អ្នក​ក៏​ទំនង​ជា​បា​ន​ស្ងាប​រួច​ទៅ​ហើយ ឬ​កំពុង​ស្ងាប​ផង នៅ​អាន​អត្ថបទ​នេះ។ លោក​អ្នក​ប្រហែល​ជា​បាន​ធ្វើ​ពិសោធន៍​ដោយ​ខ្លួន​ហើយ​ថា នៅ​ពេល​មាន​អ្នក​ណា​ម្នាក់ស្ងាប អ្នក​ក៏​ស្ងាប​តាម​ដែរ​នោះ។

សម្រាប់​អ្នក​ស្រាវជ្រាវ​ខ្លះ នេះ​គឺ​ជា​សមត្ថភាព​នៃ​ការ​បញ្ជាក់​អំពី​ការ​យល់​ចិត្ត​ចំពោះបុគ្គល​ម្នាក់​ទៀត។ នៅ​ពេល​ខួរ​ក្បាលយើង​ឡើង​កម្តៅ យើង​បាត់​បង់​ភាព​ប្រុង​ប្រយ័ត្ន​ ហើយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​យើង​ក៏ដូច​គ្នា។ ដូច្នេះស្ងាប និង​ធ្វើ​ឱ្យ​គេ​ស្ងាប គឺ​កា​រចម្លង​សារ​ទៅ​ប្រាប់​ក្រុម​ឱ្យ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​។ ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា អារម្មណ៍ចម្លង​ស្ងាប​មាន​កាន់​ខ្លាំង​ប្រសិន​បើ​អ្នក​ស្ងាប​ជា​សាច់​ឈាម​យើង ជាង​ជាមួយ​អ្នក​ដទៃ។ មនុស្ស​ចំនួន​បីភាគ​បួន​ មាន​អារម្មណ៍​ខ្លាំង​នឹង​ការ​ស្ងាប ឯ​មួយ​ភាគ​បួន​មាន​ចំណង​ខ្លាំង​តែ​ចំពោះ​ក្រុម​គ្រួសារ​សាច់​សារលោហិត​។

ស្ងាប​ក៏​អាច​ជា​សញ្ញា​ជួង​ដាស់​ប្រាប់​ ថា​ដល់​វេលា​ដែល​ត្រូវ​ចូល​សម្រាក ឬ​ទទួល​ទាន​អាហារ ដល់​វេលា​ត្រូវ​ធ្វើ​សមកាលកម្ម​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ