អានតួអត្ថបទ
កម្ពុជា-ច្បាប់

យុទ្ធនាការ​កណ្តាប់​ដៃ​ដែក​៖​ រថយន្ត​ធុន​ធ្ងន់​ជិត​១​ម៉ឺន​៦​ពាន់​គ្រឿង​ត្រូវ​បាន​ត្រួត​ពិនិត្យ

យ៉ាងហោចណាស់​រថយន្តធុន​ធ្ង​ន់​​ជិត១ម៉ឺន៦ពាន់គ្រឿង ត្រូវបាន​សមត្ថកិច្ចនគរបាល​ចាប់​ឃាត់​ធ្វើ​ការ​ត្រួតពិនិត្យនៅទូទាំងប្រទេសរយៈពេល​៧ថ្ងៃមកនេះ។ នេះគឺជាចំណាត់​ការ​ដែល​ធ្វើ​ឡើង​ទៅ​តាម​បញ្ជារបស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុង​យុទ្ធនាការ​កណ្តាប់ដៃ​បង្រ្កាប​លើ​រថយន្ត​កែ​ច្នៃ​ខុស​​លក្ខណៈ​​បច្ចេកទេស ដែលនាំឲ្យ​មានការ​ដឹកលើស​ទម្ងន់ និង​ខូចផ្លូវថ្នល់ ហើយក៏អាចប្រ​ឈម​នឹងគ្រោះ​ថ្នាក់​ចរាចរណ៍ផងនោះ។

ការត្រួតពិនិត្យរថយន្ត​ធុនធ្ងន់​កន្លងមក
ការត្រួតពិនិត្យរថយន្ត​ធុនធ្ងន់​កន្លងមក @FB
ផ្សាយពាណិជ្ជកម្ម

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បញ្ជាក់ប្រាប់​វិទ្យុបារាំង​RFIថា ក្នុង​ចំណោម​រថយន្ត​​ដែល​បាន​ឃាត់​ធ្វើ​ការ​ត្រួតពិនិត្យទាំង១៥,៩៨៩គ្រឿងនោះ គឺមានចំនួនជាង​១​ពាន់​១រយគ្រឿង ​ជារថយន្ត​ល្មើសច្បាប់។ ប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ដដែល ឲ្យដឹងទៀតថា មានរថ​យន្ត​ជិត៦រយគ្រឿង​ត្រូវបាន​កាត់ទ្រុងនិង​កាត់​សណ្តោងចោល​នៅនឹង​កន្លែងតែម្តង។ ប៉ុន្តែ​ចំនួន​​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​អាច​នឹង​មានការ​ថយចុះនៅក្នុង​ពេល​ធ្វើ​ការ​ត្រួត​ពិនិត្យ​​បន្តទៅមុខទៀត។ នេះបើតាមលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា។

សូមបញ្ជាក់ថា យុទ្ធការ​ចាប់​រថយន្តធុនធ្ងន់នេះ ​គឺ​ធ្វើ​ឡើងទៅតាម​បទបញ្ជា​ឲ្យ​ប្រើ​កណ្តាប់​​ដែក​​របស់​​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ជាបញ្ជាផ្ទាល់មាត់​ដែល​ភ្ជាប់​នឹង​ការ​​ព្រមាន​​ដក​​អភិ​បាល​​​ខេត្តនិង​អភិបាល​ស្រុក​ណាដែល​បណ្តោយ​ឲ្យ​មាន​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេក​ទេស​​​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ។

ក៏ប៉ុន្តែ​ក្រោយ​ពីសមត្ថកិច្ច​​ចាប់​ឃាត់​ទុក​រថយន្ត​​ធុន​ធ្ងន់ទាំងនោះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បានស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពិចារណា​ឡើង​វិញ ចំពោះ​​វិធានការនេះ។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់​ GMAC​ជាលើកទី៣ កាលពីម្សិលមិញ។​

បើ​តាម GMAC វិធានការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ​ បង្ក​ជាការ​គំរាម​កំហែង​ថ្មី​មួយ​ទៀត​​ដល់​​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ ​ស្បែក​ជើង និង​កាបូប ដែល​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​លើ​ទី​ផ្សារ​ពិភពលោក និង​ពេល​វេលា​ផលិត​ដែល​អ្នក​បញ្ជា​ទិញ​ដាក់​ឲ្យ​ដែល​កាន់​តែ​ខ្លី​ទៅៗ។ ហើយ​ថា​វិធានការ​តឹង​រឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ក៏អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​៥០%​នៃ​សកម្មភាព​នាំ​ចេញ-នាំ​ចូល​របស់​រោង​ចក្រ បើ​សិន​មិន​មាន​ជម្រើស​ណា​បណ្តោះ​អាសន្ន​។

ទោះ​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​នៅ​ឡើយ​ទេ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខណៈ​GMAC ស្នើ​សុំ​ឲ្យ​លោក​ដែល​ជា​អ្នក​ដាក់​បទ​បញ្ជា ពិចារណា​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ