អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ការសម្រាលកូន នាពេលបច្ចុប្បន្ន មាន​ជំនួយ​វេជ្ជសាស្ត្រ​ច្រើន​ជ្រុល​មែន​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​សេចក្តីអំពាវនាវ​ កាលពី​ថ្ងៃព្រហស្បតិ៍​មុន ឱ្យ​បន្ថយ​ជំនួយ​វេជ្ជសាស្ត្រ​ក្នុង​ពេល​សម្រាល​កូន​ ព្រោះ​ការ​ពរពោះ​និង​ឆ្លង​ទន្លេ មិន​មែន​ជា​ជំងឺ​ទេ។ សម្រាប់​អង្គការ​ បច្ចុប្បន្ន​នេះ ក្រុមគ្រូពេទ្យ​ មាន​និន្នាការ​ បាន​ងាក​ទៅ​ប្រើ​ជំនួយវេជ្ជសាស្ត្រ ដូច​ជា​ថ្នាំពន្លឿន​ការកន្ទ្រាក់ស្បូន​ឱ្យ​ឆាប់​សម្រាលកូន ការ​វះកាត់ ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ព្យួរសេរ៉ូម ... ដែល​ជំនួយ​ទាំង​អស់​នេះ ពេល​ខ្លះ ​​គ្មាន​ប្រយោជន៍​ទាល់​សោះ​។

អង្គការសុខភាព​ពិភពលោក​អំពាវនាវ​ឱ្យ​កាត់​បន្ថយ​ជំនួយ​វេជ្ជសាស្ត្រ​ក្នុង​ពេល​សម្រាល​កូន
អង្គការសុខភាព​ពិភពលោក​អំពាវនាវ​ឱ្យ​កាត់​បន្ថយ​ជំនួយ​វេជ្ជសាស្ត្រ​ក្នុង​ពេល​សម្រាល​កូន ©pixabay/Free-Photos
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍ដោយលោកស្រី​វេជ្ជបណ្ឌិត​ ហេង រិទ្ធសុបញ្ញា ឯកទេស​សម្ភព​និង​រោគស្ត្រី​ នៅ​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង ក្រុង​ភ្នំពេញ។

ការ​វិវឌ្ឍន៍​នៃ​វេជ្ជសាស្ត្រ បានជួយ​មនុស្សជាតិ​ច្រើន​ណាស់ ! នៅ​ក្នុង​ផ្នែក​សម្ភព​និង​រោគស្ត្រី ភាព​ជឿន​លឿន​នេះ បាន​កាត់​បន្ថយ​អត្រា​មរណៈ​ បាន​យ៉ាង​ច្រើន ៖ ឈឺ​ពោះ​យូរ ឈឺ​ចាប់​ខ្លាំង កូន​កើត​មិន​រួច ស្ត្រី​​អ្នក​ពរពោះ​ចុះ​កម្លាំង​ខ្សោយ​ជ្រុល កូន​មិន​បង្វិល ... វេជ្ជសាស្ត្រ​សម័យ​ថ្មី​អាច​ជួយ​ដោះសម្រួល​បញ្ហា​ទាំង​អម្បាល​នេះ​បាន​។ ពាក្យ​ថាសម្រាល​កូន​ ដែល​មាន​ន័យ​បែប​ធូរស្បើយ បាន​មក​ជំនួស​ពាក្យ​​​ឆ្លងទន្លេ​ដែល​អ្នក​ម្តាយ​ខ្មែរតែង​តែ​ប្រើ និង​មាន​បង្កប់​អត្ថន័យ​ ភ័យ​ខ្លាច​​​ជាមួយ។

ប៉ុន្តែ​ផ្តល់​កំណើត​ដល់​កូន ជា​ចំណែក​មួយ​នៃច្បាប់​ធម្មជាតិ។ ថ្វី​បើ​វិស័យ​វេជ្ជសាស្ត្រ​​បាន​វិវឌ្ឍ​ខ្លាំង ដ៏​អស្ចារ្យ​ កាត់​បន្ថយ​អត្រាមរណៈ​នៃកុមារ និ​ងមាតា បាន​ច្រើនគួរ​ឱ្យ​កត់​សម្គាល់​មែន តែ​​ភាព​ជឿន​លឿន​នេះ​ក៏​បាន​​ប្តូរ​ផ្លាស់​យ៉ាង​ខ្លាំង​ដែរ ដល់​ទទួល​បន្ទុក​សម្រាល​កូន។​​ ត្រួត​ពិនិត្យ​ជា​ស្វ័យប្រវត្តិ​​ចង្វាក់​បេះដូង​កូន​ពោះ​ ទាំង​ម្តាយ​កំពុង​ប្រឹង​បង្កើត ព្យួរ​សេរ៉ូម លូក​ស្ទាប​ទ្វារ​មាស​ ញយ​ជ្រុល​ដើម្បី​បាន​ដឹង​ថា​ស្បូន​បើក​លឿន​ឬ​ឆាប់ ហាម​នេះ​ហាម​នោះ​ថែម​នេះ​ថែម​នោះ ... មាន​ន័យ​​​បច្ចុប្បន្ន​​នេះ​ គេ​ប្រើ​ជំនួយ​វេជ្ជសាស្ត្រ​ច្រើន​ជ្រុល​នៅ​ពេល​សម្រាល​កូន​ឬ ? អង្គការ​សុខភាព​ពិភពលោក​បានឆ្លើយថា “មែន” ! នេះ​មិនមែន​ជា​កំហុស​របស់​គ្រូពេទ្យ​និង​ឆ្មប​ទេ ! តែ​បណ្តាល​មក​ពី​ឯកសារ​យោង​ស្តីពី​ការ​កន្ទ្រាក់​ស្បូន​ឆ្លង​ទន្លេ​ មិន​ត្រឹម​ត្រូវ។

តាំ​ងពី​ឆ្នាំ​១៩៥០​មក ឯកសារ​វេជ្ជសាស្ត្រ​ បាន​កំណត់​ថា នៅ​ពេល​ស្ត្រី​ឈឺពោះ​ឆ្លង​ទន្លេ បើ​ស្បូន​​ស្ត្រី​បើក​យឺតៗ តិច​ជាង​មួយ​សង់ទីម៉ែត្រ​ក្នុងម៉ោង នោះ​គេ​អាច​ចាត់​ទុក​ថា​ជា​ករណីសម្រាល​កូន “មិន​ធម្មតា”​ ហើយ !

ហេតុ​ដូច្នេះ​ហើយ​បាន​ជា នៅ​ពេល​គ្រូពេទ្យ ក៏​ដូច​ជា​បុគ្គលិក​ឆ្មប ទាំង​ឡាយ ប្រឈម​នឹង​​ស្ថានភាព​ស្បូន​បើក​យឺត​ ជាង​អ្វី​មាន​ចែង​ក្នុង​ឯកសារ​យោង​ខាង​លើ​នោះ ពួក​គាត់​មាន​និន្នាការ​នឹង​ធ្វើ​អន្តរាគមន៍​ភ្លាម ! ​ជា​អន្តរាគមន៍​វេជ្ជសាស្ត្រ ជួន​ដោយ​សម្រេច​ធ្វើ​ការ​សម្រាល​កូន​ដោយ​ការ​វះកាត់ ជួន​ដោយ​ថ្នាំ​ ដើម្បី​ពន្លឿន​ការកន្ទ្រាក់​នៃ​ស្បូន​ ឱ្យ​ឆាប់​បើក​​ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ការ​ប្រើប្រាស់​ថ្នាំ​កាន់​តែច្រើន​ឡើង​ៗ ពេល​សម្រាល​កូន។

ប៉ុន្តែ​ចាប់​ពី​ថ្ងៃព្រហស្បតិ៍​ទី ១៥ កុម្ភៈ​មក អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​អនុសាសន៍​ណែនាំ​ថ្មី​ ឱ្យ​គ្រប់​អ្នក​វេជ្ជសាស្ត្រ កុំ​យក​ កំរិត​បើក​ស្បូន​១​សង់ទីម៉ែត្រ​ក្នុង​ម៉ោង ក្នុង​ឯកសារ​យោង​ចាស់ មក​ធ្វើ​ជា​គោល​ទៀត។ ព្រោះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​ចុងក្រោយ ជា​ច្រើន​ បាន​បង្ហាញ​ថា គេ​មិន​អាច​យក​អនុសាសន៍​ចាស់មក​អនុវត្ត​លើ​គ្រប់​ស្ត្រី​ និង​គ្រប់​ការ​សម្រាលកូន​បាន​ទៀត​ឡើយ។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក មាន​​រង្វាស់​សម្រាប់​វាស់​ហានិភ័យ​ របស់​ស្ត្រី​ពរពោះ​រៀប​ឆ្លង​ទន្លេ​ទេ។

​អង្គការ​សុខភាព​ពិភពលោក បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ អត្រា​នៃ​ការ​ផ្តល់​កំណើត​កូន​ដោយ​ការ​វះកាត់​ បាន​កើន​ឡើង​និង​ប្រែប្រួលតិច​ឬ​ច្រើន​​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ប៉ុន្តែ​ជា​កំណើន​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភមែនទែន។ ការ​វះ​កាត់​បង្កើត​កូន​ កាល​ដើម​ឡើយ ត្រូវ​បាន​អនុវត្តធ្វើ​ តែ​ក្នុង​ករណី​ចាំបាច់ ដើម្បី​សង្គ្រោះជីវិត ដើម្បី​បញ្ជៀស​ការ​សម្រាលកូន​ស្មុគស្មាញ​ តែ​ឥលូវ​បាន​ក្លាយ​​ជា​ជម្រើស ឬ​ស្ទើរ​ក្លាយ​ជា​​ធម្មតា​ ​ទៅ​វិញ​។

“ការ​ពរពោះ​មិនមែន​ជា​ជំងឺ ហើយ​ការ​សម្រាល​កូន​ជា​បាតុភូត​ធម្មជាតិ ដែល​ស្ត្រី​អាច​មាន​សមត្ថភាព​ពី​ធម្មជាតិ ធ្វើ​ឱ្យ​ដោយ​ខ្លួនឯង​ ដោយ​គ្មាន​អន្តរាគមន៍” ! នេះ​ជា​ការ​គូសបញ្ជាក់​បន្ថែម​របស់​លោក​វេជ្ជបណ្ឌិត Olufemi Oladapo គ្រូពេទ្យ​ប្រចាំ​នាយកដ្ឋាន​សុខភាពបន្តពូជ​របស់​អង្គការ​សុខភាព​ពិភពលោក។

តែ​ ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ អ្វី​ដែល​គេ​បាន​ឃើញ បាន​ជួប គឺ​ការ​ធ្វើ​អន្តរាគមន៍​វេជ្ជសាស្ត្រ ​ដោយ​ឥត​ប្រយោជន៍​លើ​ស្ត្រី​ នៅ​ពេល​ឆ្លង​ទន្លេ។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ស្ត្រី​មាន​គ៌ភគ្រប់ខែ​ឈឺពោះ​ឆ្លង​ទន្លេ កូន​ដំបូង អាច​ប្រើ​ពេល​វេលា​យូរ បើ​នៅ​ក្រោម​​​១២​ម៉ោង​ គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ករណី​ធម្មតា និង​ក្រោម​១០​ម៉ោង ចំពោះ​ករណីឆ្លង​ទន្លេ​​កូន​ទីពីរ ឬ​កូន​បន្ទាប់ៗ។ ប៉ុន្តែ​លោក​​លោក​វេជ្ជបណ្ឌិត សូម​អំពាវនាវ​ជា​ថ្មី​កុំ​ឱ្យ​គ្រូពេទ្យ​ស្លុង​ជាប់​យក​សេចក្តី​ណែនាំ​ថ្មីនេះ​មក​ធ្វើ​ជា​អនុសាសន៍គោល​​ បែប​សកល​ឱ្យ​សោះ។ ការ​សម្រាលកូន​ផ្តល់​កំណើតឱ្យ​​មនុស្ស​ម្នាក់ៗ​ សុទ្ធ​តែ​ខុស​គ្នា​ ​ និង​សុទ្ធ​តែ​ជា​​ករណី​ទោល​ទាំងអស់ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ