អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ក្រូចថ្លុង ពិត​ជា​អាច​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ពេទ្យ​មែន​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ចង្កោម​គ្រួសារ​ក្រូច ៖ ក្រូច​ពោធិសាត់/​បាត់​ដំបង ក្រូច​ឃ្វិច ក្រូច​ថ្លុង ... គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ស្គាល់​ខ្លាំង និង​យល់​ស្រប​គ្នា​ទាំង​អស់ ​អំពី​គុណប្រយោជន៍​នៃ​ផ្លែ​ក្រូច​ពោធិសាត់​។ ចុះ​ក្រូច​ថ្លុង​ តើ​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា​ខ្លះ ? តើ​ពិត​ទេ​ដែល​ថា ក្រូច​ថ្លុង​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​នោះ ?

ក្រូច​ថ្លុុង
ក្រូច​ថ្លុុង © RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ក្រូច​ថ្លុង ស្ថិត​ក្នុង​ចង្ក្រោម​គ្រួសារ​ “ក្រូច” ពាក្យ​សំដៅ​លើ​ផ្លែឈើ​ ដែល​មាន​រសជាតិ​ជូរ​ផ្អែម មាន​សំបក និង​មាន​សាច់​ក្នុង​ផ្តល់​ទឹក ចែក​ជា​ក្លែបៗ ហើយ​មាន​គ្រាប់ច្រើន។ ក្រូច​​រុក្ខជាតិ​ស៊ី​ផ្លែ​ ដែល​មាន​ដើម​កំណើត​នៅ​អាស៊ី​អាគ្នេយ៍ បាន​ទទួល​កា​រពេញ​និយម​ទទួល​ទាន និង​ដាំ​ដុះ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ក្នុង​នោះ​ក្រូច​ថ្លុង​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ជាងគេ និង​មាន​ការ​វិវឌ្ឍច្រើន។ ក្រូច​ថ្លុង​ដាំ​ដុះ​នៅ អឺរ៉ុប​ អាមេរិក ដើម​បូព៌ា ច្រើន​តែ​ជា​ផ្លែ​តូច​ៗ ទ្រើស​ជាង​ផ្លែ​ក្រូច​ពោធិសាត់​បន្តិច។ ឯក្រូច​ថ្លុង​ មក​ពីអាស៊ី (ក្រូច​ថ្លុង​ខ្មែរ) មូល​ទ្រវែង ​ក្បាលសំប៉ែតបន្តិច ធំ​ជាង​ក្រូច​ពោធិសាត់​ពីរ​ដង (១-១,៥Kg)។ បច្ចុប្បន្ន​នេះ​គេ​អាច​បែង​ចែក​ក្រូច​ថ្លុង​ជាបី​ប្រភេទ ៖

  • ក្រូច​ថ្លុង​ស សំបក​ប៉ៃតង-លឿង​ សាច់​ជួន​ជូរអែម មាន​ជាតិ​ល្វីង​ហាង និង​ ​សាច់​ស  ថ្លាខ្លាំង ផ្អែមខ្លាំង
  • ក្រូច​ថ្លុង​ក្រហមព្រឿងៗ ជូន​ចេញ​ក្រហម​តិចៗ​ សំបក​លឿង សាច់​ក្រូច​ក៏ពណ៌​កូលាប មិន​សូវ​ហាង ដូច​ក្រូច​ថ្លុង​សទេ។
  • ក្រូច​ថ្លុង​ឈាម ស្រដៀង​នឹង​ក្រូច​ថ្លុង​ក្រហម​ដែរ ​តែ​ក្រូច​ថ្លុង​ប្រភេទ​នេះ​មាន​សាច់​ពណ៌​ក្រហម​ខ្លាំង​ ជួន​ជូរអែម​ខ្លាំង ជួន​ផ្អែម​ខ្លាំង

តើ​ក្រូច​ថ្លុង​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ?

សម្បូរ​ទៅ​ដោយ​វីតាមីន និង​ សមាសធាតុ​​​អង់ទីអ៊ុកស៊ីដង់​ជា​ច្រើន ក្រូច​ថ្លុង​មាន​ផ្ទុក​គុណប្រយោជន៍​ផ្នែក​ជីវជាតិ​ច្រើន​ណាស់។

៨៨%​នៃ​ក្រូច​ថ្លុង​ជា​ជាតិ​ទឹក។ ​បើ​ប្រៀបធៀប​ជាមួយ​​នឹង​ពពួក​ផ្លែ​ក្រូច​ផ្សេង​ទៀត ​ក្រូច​ថ្លុង​ផ្តល់ថាមពលទាប​ល្មម (១០០ក្រាម​ផ្តល់​ថាមពល​បាន​៣៩Kcal ទល់​នឹង​ក្រូច​ឆ្មា ៣៤ ក្រូច​ពោធិសាត់ ៤៦,៥ និង​ក្រូច​ឃ្វិច៤៨Kcal) និង​ជាពិសេស​ ក្រូច​ថ្លុង​មាន​ផ្ទុក​ជាតិស្ករ​​ក្លុយស៊ីត​ដែល​ងាយ​រំលាយ​ ដូច​ជា​ សាការូស ហ្វ្រុកតូស និង​ក្លុយកូស។​

ដូច​ជា​ពពួក​ក្រូច​ដទៃ​ទៀត​ដែរ ក្រូច​ថ្លុង​មាន​ផ្ទុក​សារធាតុ​សរសៃ​ច្រើន​ គួរ​សម​មែន​ទែន​ ហើយ​មាន​​មួយធំ​ជា​សមាសធាតុ​ផ្សំ​ឡើង​ដោយ​សារធាតុ​ប៉ិចទីន ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ចំណាត់ការ​បញ្ចេញ​កាក​សំណល់ (លាមក) និង​​អាច​ជួយ​ឱ្យ​ឃ្លាន។

ផ្លែឈើក្នុង​ចង្កោម​គ្រួសារ​​មួយ​ប្រភេទនេះ មាន​ផ្ទុក​សារធាតុ​វីតាមីន​សេ ខ្លាំងណាស់ (១៩​mg//១០០ក្រាមក្រូច​ឃ្វិច ៤៣mg/១០០ក្រាមក្រូច​ថ្លុង៥៤mg/១០០ក្រាម/​ក្រូច​ឆ្មា) ! ទទួល​ទាន​ក្រូច​ថ្លុងតែ​​មួយ​ចំហៀង​ផ្លែ (ផ្លែ​តូចទ្រើស​ជាង​ក្រូច​ពោធិសាត់​បន្តិច​) ឬ​ពីរ​បី​កំពិស ផ្តល់​ជាតិ​វីតាមីន​សេ បាន​ដល់​ជាង ២/៣​នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ និង​ជិត​គ្រប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​កុមារ​ទៅ​ហើយ។

គេ​ក៏​សង្កេត​ឃើញ​មាន​វីតាមីន B ដូច​ជា​B5-3 PP ​គួរ​ឱ្យ​កត់​សម្គាល់ផ្តល់​ដោយ​ផែ្ល​ក្រូច​ថ្លុង​ ព្រម​ទាំង​វីតាមីន អា (bêta-carotène) ចំពោះ​ក្រូច​ថ្លុង​សាច់​ក្រហម​។ សាច់​ក្រូចថ្លុង ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​យ៉ាង​សម្បូរ​បែប ដូច​ជា ប៉ូតាស្យូម កាល់ស្យូម​ និង​សមាសធាតុ​អង់ទីអុកស៊ីដង់​ជា​ច្រើន​ប្រភេទ ដូច​ជា​ពពួក​Flavonoïdes និង​ Caroténoïdes ជា​ដើម។

គុណ​ប្រយោជន៍​នៃ​ក្រូច​ថ្លុង

កម្មវិធី​ជាតិ​ផ្នែក​ចំណី​អាហារ​សុខភាពបារាំង បាន​ផ្តល់អនុសាសន៍​របស់​មនុស្សលោក ទទួល​ទាន​អាហារ​ជា​បន្លែ​ផ្លែឈើ៥​មុខ ​ ជា​រៀង​រាល់​ថ្ងៃ ក្នុង​បរិមាណ​យ៉ាង​​ហោច ៨០ក្រាម ក្នុង​មួយ​មុខៗ និង​ត្រូវ​ជ្រើសរើស​ទទួល​ទាន​តែ​ផ្លែឈើ​បន្លែ​ ទៅ​តាម​​រដូវ (ខែ​ក្រូច​ញ៉ាំ​ក្រូច ខែ​ស្វាយ​ញ៉ាំស្វាយ...) នៅ​ស្រុកណា ទទួល​ទាន​បន្លែ​ផ្លែឈើ​ស្រុក​នោះ។ ចំពោះ​ក្រូច​ថ្លុង ខែ​ដែល​សម្បូរ​ខ្លាំង​ នៅ​អឺរ៉ុប គឺ ខែ​កក្កដា សីហា វិច្ឆិកា ធ្នូ និង​មករា។

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ទទួល​បន្លៃ​ផ្លែ​ឈើ​ច្រើន អាច​ជួយ​កាត់​បន្ថ​យ​គ្រោះ​ហានិភ័យ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។ គឺ​ ​វីតាមីន រ៉ែ សមាសធាតុ​អង់ទីអ៊ុកស៊ីដង់ និង​សារធាតុ​សរសៃ​ ជា​អ្នក​ដើរ​តួនាទី​ការ​ពារ​ដ៏​ចម្បង​នេះ។ ហើយ​ការ​សិក្សា​ជា​ច្រើន​លើ​ពពួក​ផ្លែ​ក្រូច រាប់​ទាំង​ផ្លៃ​ក្រូច​ថ្លុង​​ដែរ ក៏​បាន​បង្ហាញ​ឱ្យឃើញ​អំណាច​ពិសេស​របស់​ផ្លែ​ក្រូច​​ថា​មាន​សមត្ថភាព​ការពារ​ជំងឺ​មហារីក​ប្រភេទ​ខ្លះ ដូច​ជា​មហារីក​មាត់ បំពង់ក បំពង់​អាហារ ក្រពះ ឬ​ពោះវៀនទៀត។

សមត្ថភាព​ដ៏​ពិសេស​មួយ​ទៀត របស់​ក្រូច​ថ្លុង គឺ​ជួយ​ទប់ស្កាត់​និង​កាត់​បន្ថយ​​អត្រា​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម។ ចំពោះ​​អ្នកដែល​មាន​ជំងឺ​Hypercholestérolémie ការ​ទទួល​ទាន​ក្រូច​ថ្លុង​ពីរ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ បាន​ជួយ​ធ្វើ​ឱ្យ​​អត្រា​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម កូឡេស្តេរ៉ូល និង​ទ្រីគ្លីសរីដ​ ចុះ។

ចំពោះ​អ្នក​មាន​ជំងឺធាត់​ជ្រុល​ ការ​ទទួល​ទាន​ក្រូច​ថ្លុង​ បូក​ផ្សំ​នឹង​ការ​រក្សា​របប​អាហារ​​ត្រឹម​ត្រូវ ព្រមទាំង​ចេះ​ធ្វើ​កីឡា​ ធ្វើ​ពលកម្ម​បញ្ចេញ​កម្លាំងកាយ​ជា​ទៀង​ទាត់​ផង បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការបញ្ចុះ​ទម្ងន់​។ ការ​សិក្សា​​លើ​មនុស្ស​ធាត់​ជ្រុល​ បាន​បង្ហាញ​ថា ការ​ទទួលទាន​ក្រូច​ថ្លុង​មួយ​ចំហៀង ក្នុង​មួយ​ថ្ងៃ​មុន​ពេល​បាយ រយៈ​ពេល​១២​សប្តាហ៍ បាន​ធ្វើ​ឱ្យ​អ្នក​ជំងឺនោះ ស្រក​គីឡូ​អាស់​១,៦គីឡូក្រាម ជាង​ក្រុម​អ្នក​ជំងឺ​ដែល​មិន​បាន​ទទួល​ទាន​ក្រូច​ថ្លុង​សោះ។

ចុះ​តើ​ជា​ការ​ពិត​ទេ​ដែល​ថា ក្រូច​ថ្លុង​អាច​បន្សាថ្នាំពេទ្យ ឬ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម ?

ក្រូច​ថ្លុង​មានគុណ​ប្រយោជន៍​ច្រើន​ ប៉ុន្តែ​ក្រូច​ថ្លុង ផ្លែ​តូច​ផ្លែ​ធំ សាច់​ស សាច់​ក្រហម សុទ្ធ​តែ​អាច​មាន​ប្រតិកម្ម​ ជាមួយ​នឹង​ថ្នាំពេទ្យ ក្នុង​ទម្រង់​ជាប្រតិកម្ម​ស្រាល​ៗទេ តែ​ជួនកាល​ក៏​អាច​ជា​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ខ្លាំង​ផង​ក៏​មាន​។ អ្នក​ស្រាវជ្រាវ​​បារាំង​កំពុង​តែ​ធ្វើ​ការ​សិក្សាលើ​ផ្លែ​​ក្រូច​ថ្លុង​នេះ ដើម្បី​​​រក​វិធី​បន្ធូរ​បន្ថយ​ឥទ្ធិពល​របស់វា។

សូម​​ចង​ចាំថា​ ​ក្រូច​ថ្លុងដែល​មាន​ផ្ទុកសារធាតុ​ចិញ្ចឹម​​​សម្រាប់​ទ្រទ្រង់​ជីវិតមនុស្ស​យ៉ាង​សម្បូរ​បែប ដូច​យ៉ាង​វីតាមីន​សេ មាន​ផ្ទុក​បរិមាណ​សារធាតុ​អង់ទីអុកស៊ីដង់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ព្រមទាំង​មូលេគុល​ល្អៗ​ជា​ច្រើន​ ​សម្រាប់​សុខភាព​មែន ប៉ុន្តែ​ក្រូច​ថ្លុង​ក៏​មាន​ផ្ទុក​មូលេគុល​មួយ​ចំនួន​ផ្សេង​ទៀត ជាពិសេស​ជា​របស់​ផ្លែ​ក្រូច​ថ្លុងតែ​ម្តង អាច​ទៅ​​​ធ្វើ​​ប្រតិកម្ម​ជាមួយ​ថ្នាំ​ពេទ្យ​ ប្រមាណ​ជា​៨៤​មុខ។

នៅ​ក្នុង​ទឹក​ក្រូច​ថ្លុង មានផ្ទុក​​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា Naringine ដែល​មាន​សមត្ថភាព​បង្អាក់​យន្តការ​នាំ​ជាតិ​ថ្នាំ​ខ្លះ​ពី​ពោះ​វៀន​ទៅ​ឈាម។ តាមធម្មតា នៅ​ពេល​មនុស្ស​យើង​លេប​ថ្នាំ​ចូល​ទៅ ជាតិ​ថ្នាំ​នឹង​ជ្រាប​ចូល​ទៅ​ក្នុង​​ឈាម បន្ទាប់​ពី​ការ​ធ្វើ​សំយោគ​នៅ​ក្នុង​ពោះវៀន ! គឺ​តាម​រយៈ​ការ​សំយោគ​នេះ​ហើយ​ដែល​ថ្នាំចាប់​ធ្វើ​សកម្មភាព​ព្យាបាល​ជំងឺ។ ប៉ុន្តែបើ​យើង​ញ៉ាំ​ទឹក​ក្រូចថ្លុង​ចូល​ទៅ​ មូលេគុល​​របស់​ក្រូច ជួន​ជួយ​ធ្វើ​សំយោគ ជួន​ជាអ្នក​ប្រឆាំង បណ្តោយ​ឱ្យ​ថ្នាំ​ពេទ្យ​រលាយ​ទៅ​ក្នុង​ឈាម​ដោយ​គ្មាន​ធ្វើ​សំយោគ​អ្វី​ទាំង​អស់។ ជា​ហេតុ​ធ្វើ​ឱ្យ​ថ្នាំនោះ​លែង​សូវ​មាន​ប្រសិទ្ធិភាព​ចំពោះ​អ្នក​ជំងឺ ឬ​ផ្ទុយ​ទៅ​វិញ​ធ្វើ​ឱ្យ​ថ្នាំ​ជ្រាប​ចូល​​ទៅ​ក្នុង​ឈាមច្រើនជ្រុល​និង​លឿន​ជ្រុល បូក​ផ្សំ​នឹង​សំណល់​ជាតិ​ថ្នាំ​លេប​កាលពី​ម្សិល និង​ម្សិលម្ងៃ​ទៀត ។ល។ និង​។ល។ ធ្វើ​បរិមាណ​ថ្នាំ​ឡើង​ខ្ពស់​ជ្រុល។ ប្រតិកម្ម​ក៏​ស្តែង​ឡើង គឺ​ មាន​ជាតិ​ថ្នាំ​ហួស​កំរិត។

ជា​ឧទាហរណ៍ ទឹក​ក្រូច​ថ្លុង អាច​បង្កើន​សមត្ថភាព​ស្រូប​ជាតិ​ថ្នាំ​ពេទ្យ​ទៅ​ក្នុង​សរីរាង្គ​បាន​យ៉ាង​លឿនខ្លាំងជ្រុល​​​ ជាពិសេស​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​។

ជា​ទូទៅ គេ​គួរ​តែ​ត្រូវ​ចៀសវាង​កុំ​បរិភោគក្រូចថ្លុង​ ជាមួយ​នឹង​ពពួក​ថ្នាំ​បំបាត់​ឬ​ប្រឆាំង​នឹង​ការ​រលាក Anti-inflammatoire ថ្នាំ​សម្លាប់​មេរោគ Anti-infectieux ថ្នាំ​ប្រឆាំង​នឹង​ជំងឺខ្លាញ់​ក្នុង​ឈាម Cholestérol ថ្នាំ​ប្រឆាំង​នឹង​ការ​ច្រាល​ក្អួត ​ឬ​ពពួក​​ថ្នាំ​Aspirine ពពួក​ថ្នាំ​ពង្រាវ​ឈាម បើ​មិន​ចង់​បង្កើន​គ្រោះ​លេច​ស្តែង​ជា​ជំងឺ​រលាក​ក្រពះ ឬ​ភើ​ឡើង​ច្រាល​ជាតិ​អាស៊ីត។

យ៉ាង​ណា​ក៏​ដោយ ក៏​ក្រូច​ថ្លុង​ នៅ​តែ​អាច​រាប់​ចូល​​ជា​ផ្លែ​ឈើ​ល្អ​ណាស់ ផ្តល់​​វីតាមីន​ច្រើន គួរ​ទទួល​ឱ្យ​បាន​ញឹក​ញាប់ ទៅ​តាម​រដូវ​កាល​ ប្រសិន​បើ​អ្នក​គ្មាន​ទទួល​ការព្យាបាល​និង​ប្រើ​ពពួក​ថ្នាំ​ខាង​លើ។ សូម​ជ្រើស​រើស​ទទួល​ទាន​ ផ្លែ​ក្រូច​ថ្លុង​ទាំង​សាច់​ និង​ទាំង​សំបក​ផង​កាន់​តែ​ប្រសើរ បើ​ជា​ផ្លែ​ឈើ​ធម្មជាតិ​គ្មាន​បាញ់​ជាតិ​គីមី។ សំបក​ក្រូច​អាច​កែច្នៃ​ជា​ធ្វើ​ជា​ដំណាប់​យ៉ាង​ឈ្ងុយឆ្ងាញ់។ ចំណែក​ទឹក​ភេសជ្ជៈ​ដាក់​ក្លិន​និង​រសជាតិ​ក្រូច​ថ្លុង គ្មានគុណ​ប្រយោជន៍ ​និង​ផល​ប៉ះពាល់ជា​ប្រតិកម្ម​ជាមួយថ្នាំ​ពេទ្យ​ដូច​ ញ៉ាំ​សាច់​និង​ទឹក​ច្របាច់​ចេញ​ពីក្រូច​ថ្លុង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ