ជំងឺទឹកនោមផ្អែមមាន៥ប្រភេទ មិនមែន២ ដូចដែលធ្លាប់គិត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៩
មនុស្សពេញវ័យម្នាក់ក្នុងចំណោម ១១នាក់ ពោលគឺស្មើនឹងប្រមាណ៤២៥លាននាក់ មានផ្ទុកជំងឺទឹកនោមផ្អែម។ នេះបើតាមតួលេខផ្តល់ដោយសហព័ន្ធប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមពិភពលោក កាលពីខែវិច្ឆិកា ២០១៧ ដែលសម្គាល់ឃើញមានកំណើនដល់១០លាននាក់លើសឆ្នាំ២០១៥។ ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងដែលត្រូវបានក្រុមគ្រូពេទ្យស្គាល់ច្បាស់ថាមានពីរប្រភេទ។ ជំងឺទឹកនោមផ្អែមប្រភេទទីមួយ មានកើតលើអ្នកជំងឺប្រមាណ១០% និងជំងឺទឹកនោមផ្អែមប្រភេទទីពីរ ប្រមាណជាង៩០%។ ប៉ុន្តែនាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រដែលបានធ្វើការស្រាវជ្រាវតាំងពីឆ្នាំ២០០៨មក បានបោះផ្សាយលទ្ធផលរបស់ខ្លួនកាលពីដើមខែ និងបញ្ជាក់ថា ជំងឺទឹកនោមផ្អែមមានដល់ទៅ៥ប្រភេទ មិនមែនមានត្រឹមពីរប្រភេទទេដូចគេធ្លាប់រាប់ពីមុនមកទេ។តើជំងឺទឹកនោមផ្អែម៥ប្រភេទនោះជាអ្វីខ្លះ ?
រហូតមកទល់ពេលបច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែមត្រូវបានចាត់ទុកថាមានពីរប្រភេទសំខាន់ៗ ៖ ជំងឺទឹកនោមផ្អែមប្រភេទទីមួយ ដែលកើតជាទូទៅលើកុមារ និង ក្មេងជំទង់ ដោយស្តែងឡើងភ្លាមភ្លែត បន្ទាប់ពីសរីរាង្គកាយមិនអាចមិនផលិតសារធាតុអាំងស៊ូលីន បានគ្រប់គ្រាន់។ អាំងស៊ូលីន ជាអ័រមូនម្យ៉ាងដែលបញ្ចេញដោយលំពែង សម្រាប់ទៅចាត់ចែងរក្សាលំនឹងជាតិស្ករក្លុយកូសនៅក្នុងឈាម។ ចំណែកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលកើតមានច្រើនស្ទើរតែប្រមាណ៩០%នៃអ្នកជំងឺទឹកនោមផ្អែមទាំងអស់នោះ គឺជាកើនឡើងជាតិស្ករបន្តិចម្តងៗ នៅក្នុងឈាម ដែលកំណើននេះជួនដោយសាររបៀបរបបរស់នៅស្រណុកស្រួលខ្លាំងពេក ជួនដោយមានការធាត់ជ្រុល ឬជួនដោយរបបអាហារមិនត្រឹមត្រូវ ...
ប៉ុន្តែកាលពីដើមខែមីនា អ្នកស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ជាតិស៊ុយអែត បានផ្តល់ព័ត៌មានថ្មី និងប្រកាស នៅក្នុងទំព័រទស្សនាវដ្តីសុខភាព ញែកប្រាប់គ្រូពេទ្យថាជំងឺទឹកនោមផ្អែម ជាទម្រង់ខុសៗគ្នាដល់ទៅ៥ប្រភេទ មិនមែនពីរទេ។
នៅក្នុងចំណោមជំងឺទឹកនោមផ្អែមមាន៥ប្រភេទ បីប្រភេទជាទម្រង់ធ្ងន់ និងពីរជាប្រភេទស្រាល។ នេះបើតាមសាស្ត្រាចារ្យវេជ្ជសាស្ត្រនៃក្រុមអ្នកស្រាវជ្រាវស៊ុយអែតដដែល ដែលពន្យល់បំភ្លឺទៀតថា ការបែងចែកជំងឺទឹកនោមផ្អែមជា៥ប្រភេទបែបនេះ អាចជួយគ្រូពេទ្យឱ្យព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។ ហើយបើរក្សាទុកជំងឺទឹកនោមផ្អែម ជាពីរប្រភេទដដែលនោះ ពិតជាមិនគ្រប់គ្រាន់នឹងព្យាករណ៍អំពីផលវិបាក ដែលអាចលេចឡើង ដោយសារជំងឺទឹកនោមផ្អែមទេ។
ដើម្បីសម្រេចបែងចែកជាក្រុមជំងឺទឹកនោមផ្អែមនេះបាន ក្រុមអ្នកស្រាវជ្រាវ បានសិក្សាលើទិន្នន័យនៃអ្នកជំងឺចំនួន ១៣៧២០នាក់ តាំងពីឆ្នាំ២០០៨មក ដោយធ្វើវិភាគជាពិសេសទៅលើការផលិតអ័រមូន អាំងស៊ូលីន កំរិតអត្រាជាតិស្ករក្នុងឈាម ឬអាយុកាលនៃការកើតជំងឺទឹកនោមផ្អែម។
សម្រាប់ក្រុមអ្នកស្រាវជ្រាវស៊ុយអែត នៅក្នុងការបែងចែកប្រភេទជំងឺទឹកនោមផ្អែមថ្មីជា៥ប្រភេទនេះ ក្រុមទីមួយ គឺក្រុមជំងឺទឹកនោមផ្អែមប្រភេទទី១ (ចាស់ដដែល) តែបួនប្រភេទទៀត គឺជាការចែកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជាបួនក្រុម ទៅតាមសណ្ឋាន និងលក្ខណៈពិសេសមួយរបស់ជំងឺ ៖
- ជំងឺទឹកនោមផ្អែមប៉ះដល់ភ្នែក (៥០%)
- ជំងឺទឹកនោមផ្អែមប៉ះដល់តម្រងនោម
- ទឹកនោមផ្អែមដោយធាត់លើសទម្ងន់
- ទឹកនោមផ្អែមព្រោះចាស់
ក្រុមទីមួយ គឺអ្នកមានផ្ទុកជំងឺទឹកនោមផ្អែម មាននិន្នាការនិងហានិភ័យខ្ពស់ខ្លាំង ឈានទៅមានជំងឺនៅកែវភ្នែក និងអាចធ្វើឱ្យអ្នកជំងឺងងឹតភ្នែកបាន។ ករណីបែបនេះ មានកើតឡើងច្រើន ក្នុងកំរិតដល់ទៅ ៥០% នៃអ្នកមានផ្ទុកជំងឺទឹកនោមផ្អែម ប្រភេទទីពីរ។ មួយក្រុមទៀត មានពាក់ព័ន្ធនឹងអ្នកជំងឺធាត់ជ្រុល និងស៊ាំនឹងជាតិអាំងស៊ុលីនខ្លាំងគួរសម ទើបត្រូវមានហានិភ័យខ្ពស់ រាលដាលជំងឺប៉ះពាល់ដល់តម្រងនោម។
ពីរក្រុមដំបូងនេះជាជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ ឯពីរក្រុមទៀតចុងក្រោយ ត្រូវបានចាត់ទុកថា ជាជំងឺ “ស្រាល” ! មួយកើតទៅលើអ្នកជំងឺវ័យក្មេង ជាប្រភេទជំងឺទឹកនោមផ្អែម ពាក់ព័ន្ធនឹងជំងឺធាត់ចុកខ្លាញ់ ! មួយទៀត ក្នុងកំរិតចំនួនអ្នកកើតប្រមាណជា ៤០% ជាជំងឺទឹកនោមផ្អែមចាស់ ដែលវិវឌ្ឍន៍ទៅតាមវ័យរបស់មនុស្ស។
លទ្ធផលនៃការសិក្សា និងការបែងចែកលម្អិតប្រភេទជំងឺទឹកនោមផ្អែមបែបនេះ ផ្តល់សារសំខាន់ខ្លាំងណាស់ សម្រាប់សម្រួចការព្យាបាល ឬផ្តល់ការព្យាបាលជាលក្ខណៈបុគ្គលទៅតាមសណ្ឋាននៃជំងឺ។ មានន័យថា ទម្រង់នៃជំងឺទឹកនោមផ្អែម ដែលមានបីជាប្រភេទធ្ងន់ធ្ងរ (ទឹកនោមផ្អែមប្រភេទទីមួយ ទឹកនោមផ្អែមប្រភេទទីពីររំពឹងខ្លាំងលើអាំងស៊ុយលីន កុំឱ្យខូចភ្នែក និងទឹកនោមផ្អែមប្រភេទទីពីររំលឹងមែនទែនលើអាំងលុយលីនដែរ កុំឱ្យខូចតម្រងនោម គួរតែបានទទួលការព្យាបាលដោយប្រុងប្រយ័ត្ននិងខ្លាំងក្លាបំផុត ជាងទម្រង់ពីរទៀតនៃជំងឺទឹកនោមផ្អែម។
នៅក្នុងករណីអ្នកជំងឺឈានដល់ដំណាក់កាលមានជំងឺទឹកនោមផ្អែមរំពឹងខ្លាំងលើអាំងស៊ុយលីន មានហានិភ័យខូចភ្នែក និងហានិភ័យខូចតម្រងនោម ខូចថ្លើម អ្នកជំងឺក្នុងក្រុមនេះ គួរតែទទួលបាននូវការតាមដានសុខភាព ឱ្យចំទិសដៅ ដើម្បីកាត់បន្ថយផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ប៉ុន្តែមុនសម្រេចបែងចែកក្រុមថ្មីឱ្យជំងឺទឹកនោម គេចាំបាច់ត្រូវធ្វើការសិក្សាផ្ទៀងផ្ទាត់សិន ថាតើការសិក្សារបស់អ្នកស្រាវជ្រាវស៊ុយអែត លើតែអ្នកជំងឺនៅអឺរ៉ុបខាងជើង ពិតជាអាចយកទៅអនុវត្តលើប្រជាពលរដ្ឋនៅទ្វីបផ្សេងដូចជា នៅអាស៊ី និងអាហ្វ្រិកបានដែរឬទេ?! ព្រោះ ជំងឺទឹកនោមក៏មានទំនាក់ទំនងទៅនឹងកត្តាពូជ និងបរិស្ថានទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ