អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺ​ទឹកនោម​ផ្អែម​មាន​៥​ប្រភេទ មិនមែន​២ ដូច​ដែល​ធ្លាប់គិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម ១១​នាក់ ពោល​គឺស្មើ​នឹង​ប្រមាណ​៤២៥​លាននាក់ មាន​ផ្ទុក​ជំងឺ​ទឹក​នោមផ្អែម។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​សហព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក កាល​ពី​ខែ​វិច្ឆិកា ២០១៧ ដែល​សម្គាល់​ឃើញ​មាន​កំណើន​ដល់​​១០​លាន​នាក់លើស​​ឆ្នាំ​២០១៥។ ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ និង​ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្គាល់ច្បាស់​ថា​មាន​ពីរ​ប្រភេទ។ ​ជំងឺ​ទឹកនោម​ផ្អែមប្រភេទ​ទី​មួយ ​មានកើត​លើ​​អ្នក​ជំងឺ​ប្រមាណ​១០% និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ពីរ ប្រមាណ​ជាង​៩០%។ ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាំង​ពី​ឆ្នាំ​២០០៨​មក បាន​បោះផ្សាយ​លទ្ធផល​របស់​ខ្លួន​កាល​ពីដើម​ខែ និង​បញ្ជាក់​ថា ជំងឺ​ទឹក​នោម​ផ្អែមមាន​ដល់​ទៅ​៥ប្រភេទ ​មិន​មែន​មាន​ត្រឹម​​ពីរ​ប្រភេទ​ទេដូច​គេ​ធ្លាប់​រាប់​ពី​មុន​មក​ទេ។តើ​ជំងឺ​ទឹក​នោម​ផ្អែម​៥​ប្រភេទ​នោះ​ជា​អ្វីខ្លះ ?

ការ​ធ្វើ​តេស្ត​វិភាគ​មើល​កំរិត​ជាតិ​ស្ករ​ ក្នុង​ឈាម
ការ​ធ្វើ​តេស្ត​វិភាគ​មើល​កំរិត​ជាតិ​ស្ករ​ ក្នុង​ឈាម REUTERS/Mario Anzuoni
ផ្សាយពាណិជ្ជកម្ម

​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ជំងឺ​ទឹក​នោម​ផ្អែមត្រូវ​បាន​ចាត់​ទុក​ថា​មាន​ពីរ​ប្រភេទ​សំខាន់ៗ ៖ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​មួយ ដែល​កើត​ជា​ទូទៅ​លើ​កុមារ និង ក្មេង​ជំទង់ ដោយ​ស្តែង​ឡើង​ភ្លាម​ភ្លែត បន្ទាប់​ពី​សរីរាង្គ​កាយ​មិន​អាច​មិន​ផលិត​សារធាតុ​អាំងស៊ូលីន បាន​គ្រប់​គ្រាន់។ អាំងស៊ូលីន ជា​អ័រមូន​ម្យ៉ាង​ដែល​បញ្ចេញ​ដោយ​លំពែង​ សម្រាប់​ទៅ​ចាត់​ចែង​រក្សា​លំនឹង​ជាតិស្ករ​ក្លុយកូស​នៅ​ក្នុង​ឈាម។ ចំណែក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ ដែល​កើត​មាន​ច្រើន​ស្ទើរ​តែ​ប្រមាណ​៩០%​នៃអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់នោះ គឺ​ជា​កើន​ឡើង​ជាតិ​ស្ករ​បន្តិច​ម្តងៗ​ នៅ​ក្នុង​ឈាម ដែល​កំណើន​នេះ​ជួន​ដោយ​សារ​របៀប​របប​រស់​នៅ​ស្រណុក​ស្រួល​ខ្លាំង​ពេក ជួន​ដោយ​មាន​ការ​ធាត់​ជ្រុល ឬ​ជួន​ដោយ​របប​អាហារ​មិន​ត្រឹម​ត្រូវ​ ...

ប៉ុន្តែ​កាលពី​ដើម​ខែ​មីនា អ្នកស្រាវជ្រាវ​​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ ជាតិ​ស៊ុយអែត បាន​ផ្តល់​ព័ត៌មាន​ថ្មី និង​ប្រកាស​ នៅ​ក្នុង​ទំព័រទស្សនាវដ្តី​សុខភាព​ ញែក​ប្រាប់​​គ្រូពេទ្យថា​​ជំងឺ​ទឹក​នោម​ផ្អែម ជាទម្រង់​ខុស​ៗ​គ្នា​ដល់​ទៅ​​៥​ប្រភេទ មិន​មែន​ពីរ​ទេ។

នៅ​ក្នុង​ចំណោម​ជំងឺ​ទឹក​នោម​ផ្អែម​មាន​៥​ប្រភេទ ​បី​ប្រភេទ​ជា​ទម្រង់​ធ្ងន់ និង​ពីរជា​​ប្រភេទ​ស្រាល។ នេះ​បើ​តាម​សាស្ត្រាចារ្យ​​វេជ្ជសាស្ត្រ​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​ស៊ុយអែត​ដដែល ដែល​ពន្យល់​បំភ្លឺ​ទៀត​ថា ការ​​បែង​ចែក​ជំងឺ​ទឹក​នោម​ផ្អែម​ជា​៥​ប្រភេទ​បែប​នេះ អាច​ជួយ​គ្រូពេទ្យ​ឱ្យ​​​​ព្យាបាលអ្នក​ជំងឺ​​បាន​កាន់​តែ​ប្រសើរ។ ហើយ​បើ​រក្សា​ទុក​ជំងឺ​ទឹក​នោម​ផ្អែម ជា​ពីរ​ប្រភេទ​ដដែល​នោះ ពិត​ជា​មិន​គ្រប់​គ្រាន់​នឹង​ព្យាករណ៍​អំពី​ផលវិបាក ដែល​អាច​លេច​ឡើង​ ​ដោយ​សារ​ជំងឺ​ទឹក​នោមផ្អែមទេ។​

ដើម្បី​សម្រេច​បែង​ចែក​ជា​ក្រុម​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​បាន ក្រុម​អ្នក​ស្រាវជ្រាវ បាន​សិក្សា​លើ​ទិន្នន័យ​​នៃ​អ្នក​ជំងឺ​​ចំនួន ១៣៧២០​នាក់ តាំង​ពី​ឆ្នាំ​២០០៨​មក ដោយ​ធ្វើ​វិភាគ​ជា​ពិសេស​ទៅ​លើ​ការ​ផលិត​អ័រមូន អាំងស៊ូលីន កំរិត​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​អាយុ​កាល​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​ស៊ុយអែត នៅ​ក្នុង​ការ​បែង​ចែក​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​ថ្មី​ជា​៥​ប្រភេទ​នេះ ក្រុមទីមួយ គឺ​ក្រុម​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ (​ចាស់​ដដែល) តែ​បួន​ប្រភេទទៀត គឺ​ជា​ការ​ចែក​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ពីរ ជា​បួន​ក្រុម​ ទៅ​តាម​សណ្ឋាន និង​លក្ខណៈ​ពិសេស​មួយ​របស់​ជំងឺ ៖

  • ជំងឺ​ទឹកនោម​ផ្អែម​ប៉ះដល់​ភ្នែក (៥០%)
  • ជំងឺ​ទឹក​នោម​ផ្អែម​ប៉ះ​ដល់តម្រង​នោម
  • ទឹក​នោម​ផ្អែមដោយ​ធាត់លើស​ទម្ងន់
  • ទឹកនោម​ផ្អែម​ព្រោះ​ចាស់

​ក្រុម​ទី​មួយ​ គឺ​អ្នក​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម មាន​និន្នាការ​និង​ហានិភ័យ​ខ្ពស់ខ្លាំង ឈាន​ទៅ​មាន​ជំងឺ​នៅ​កែវ​ភ្នែក​ និង​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ងងឹត​ភ្នែក​បាន។ ករណី​បែប​នេះ មាន​កើត​ឡើង​ច្រើន ក្នុងកំរិត​ដល់​ទៅ ៥០% នៃ​អ្នក​មានផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​ ប្រភេទ​ទីពីរ។ មួយ​ក្រុម​ទៀត មាន​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺ​ធាត់​ជ្រុល​ និង​ស៊ាំ​នឹង​ជាតិ​អាំងស៊ុលីន​ខ្លាំង​គួរ​សម​ ទើប​ត្រូវ​មាន​ហានិភ័យ​ខ្ពស់​ រាល​ដាល​ជំងឺ​ប៉ះពាល់​ដល់​តម្រង​នោម។ ​

​ពីរក្រុមដំបូងនេះជា​ជំងឺ​ទឹក​នោម​ផ្អែម​ធ្ងន់ធ្ងរ។ ឯពីរ​ក្រុ​ម​ទៀតចុងក្រោយ​ ​​ត្រូវ​បាន​ចាត់​ទុក​ថា ជាជំងឺ​ “ស្រាល” ! មួយ​កើត​ទៅលើអ្នក​ជំងឺ​វ័យ​ក្មេង ជា​ប្រភេទ​​ជំងឺ​ទឹក​នោម​ផ្អែម ​ពាក់​ព័ន្ធ​នឹង​​ជំងឺ​ធាត់​ចុក​ខ្លាញ់ ! មួយ​ទៀត ក្នុង​កំរិត​ចំនួនអ្នក​កើត​​ប្រមាណ​ជា ៤០% ​ជា​ជំងឺ​ទឹកនោម​ផ្អែម​ចាស់ ដែល​វិវឌ្ឍន៍​ទៅ​តាម​វ័យ​របស់​មនុស្ស។

លទ្ធផល​នៃ​ការ​សិក្សា​ និង​ការ​បែង​ចែក​លម្អិត​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​បែប​នេះ ផ្តល់​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់សម្រួច​​ការ​ព្យាបាល ឬ​ផ្តល់​ការ​ព្យាបាល​ជា​លក្ខណៈ​បុគ្គល​ទៅ​តាមសណ្ឋាន​​នៃ​ជំងឺ​។ មាន​ន័យ​ថា ទម្រង់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ដែល​មាន​បី​ជា​ប្រភេទ​ធ្ងន់ធ្ងរ (ទឹក​នោម​ផ្អែម​ប្រភេទ​ទី​មួយ ទឹកនោម​ផ្អែម​ប្រភេទទីពីរ​រំពឹង​ខ្លាំង​លើ​អាំងស៊ុយលីន កុំ​ឱ្យ​ខូចភ្នែក និង​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ​រំលឹង​មែនទែន​លើ​អាំងលុយលីន​ដែរ កុំ​ឱ្យ​ខូច​តម្រង​នោម គួរ​តែ​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រុង​ប្រយ័ត្ន​និង​ខ្លាំង​ក្លា​បំផុត​ ជាង​ទម្រង់​ពីរ​ទៀត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម។

នៅ​ក្នុង​ករណី​អ្នក​ជំងឺ​ឈាន​ដល់​ដំណាក់កាល​មាន​ជំងឺ​ទឹក​នោមផ្អែម​រំពឹង​ខ្លាំង​លើ​អាំងស៊ុយលីន មាន​ហានិភ័យ​ខូច​ភ្នែក​ និងហានិភ័យ​ខូច​តម្រង​នោម ​ខូច​ថ្លើម អ្នក​ជំងឺក្នុង​ក្រុម​នេះ គួរតែ​ទទួល​បាន​នូវ​ការ​តាមដាន​សុខភាព​ ឱ្យ​ចំ​ទិសដៅ ដើម្បី​កាត់​បន្ថយ​ផលវិបាក​ធ្ងន់ធ្ងរ​ទៅថ្ងៃ​ក្រោយ។ ប៉ុន្តែ​មុន​សម្រេច​បែងចែក​ក្រុម​ថ្មី​ឱ្យ​ជំងឺ​ទឹកនោម គេ​ចាំបាច់​ត្រូវ​ធ្វើ​ការ​សិក្សា​ផ្ទៀង​ផ្ទាត់​សិន ថាតើការ​សិក្សា​របស់អ្នក​ស្រាវជ្រាវ​ស៊ុយអែត លើ​តែ​អ្នក​ជំងឺ​នៅ​អឺរ៉ុប​ខាងជើង ពិត​ជា​អាច​យក​ទៅ​អនុវត្ត​លើ​ប្រជាពលរដ្ឋ​នៅ​ទ្វីប​ផ្សេង​ដូច​ជា​ នៅអាស៊ី និង​អាហ្វ្រិក​បាន​ដែរ​ឬទេ?! ព្រោះ ​ជំងឺ​ទឹក​នោម​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​​​​កត្តា​​​ពូជ និង​បរិស្ថានទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ