អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

វិធី​សង្គ្រោះ​បឋម​ ពេល​មាន​គ្រោះ​ថ្នាក់​នៅផ្ទះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​មួយ​​ឆ្នាំៗ នៅ​ប្រទេស​បារាំង មាន​មនុស្ស​ប្រមាណ ១១លាន​នាក់​មាន​​គ្រោះថ្នាក់ក្នុង​ជីវភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ នៅ​ក្នុង​បរិវេណ​ផ្ទះ។ ហើយ​​គ្រោះ​ថ្នាក់​នៅ​ផ្ទះ​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​២ម៉ឺន​​នាក់ ពោល​គឺ​ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ​បី​ដង និង​ជា​មូលហេតុ​មរណៈ​ទីមួយ​របស់​កុមារ​អាយុ​ក្រោយម​៤​ឆ្នាំ។ នេះ​បើ​តាម​តុល្យការ​​រាប់​តែ​នៅ​ស្រុក​បារាំង។ មនុស្ស​ចាស់ និង​កុមារ​ ជា​ជន​រងគ្រោះ​ទីមួយ។ ដួល​​ជំពប់ បាក់​គ្រេច រលាក ពុល ថប់​ដង្ហើម​ ....គ្រោះ​ថ្នាក់​ ភាគ​ច្រើន ​កើត​ឡើង​នៅក្នុង​ផ្ទះ តែ​ម្តង។ នៅ​ចំពោះ​មុខ​គ្រោះ​ថ្នាក់​ទាំង​នេះ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ ?

លំហាត់​ម៉ាស្សា​បេះដូង
លំហាត់​ម៉ាស្សា​បេះដូង Getty Images/Philippe Turpin
ផ្សាយពាណិជ្ជកម្ម

ផ្ទះ​ជា​ជម្រក​ដ៏​កក់ក្តៅ​សម្រាប់​មនុស្ស​គ្រប់រូប ! ប៉ុន្តែ​ផ្ទះ​ក៏​ជា​កន្លែងសម្បូរ​​គ្រោះ​ថ្នាក់​ សម្រាប់​​មនុស្ស​លោក​ទូទៅ ជាពិសេស​កុមារ​និង​មនុស្សចាស់​ដែរ។ គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​យ៉ាង​ញឹក​ញាប់​ជាងគេ​បំផុត និង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ចាស់​ស្លាប់​ច្រើន​ជាង​គេ​បំផុត គឺ​ការ​ដួល ! ដួល​នៅ​ផ្ទះ​តំណាង​ឱ្យ​៨៥%​នៃ​គ្រោះ​ថ្នាក់​ដួល​ជា​ទូទៅ។

ដើម្បី​ចៀង​វាង​គ្រោះ​ថ្នាក់​ដួល​នៅ​ក្នុង​ផ្ទះ គេ​ត្រូវ​រៀប​ចំ​ផ្ទះ​ឱ្យ​ស្រលះ

  • កុំ​ដាក់​តុ​ទូ ​នៅ​ទើស​ផ្លូវដើរ
  • ធ្វើ​ផ្ទៃ​ឱ្យ​រាប​ស្មើ និង​កុំ​ឱ្យ​រអិល​នៅ​កន្លែង​មុជទឹក
  • រើស​វត្ថុ​អីវ៉ាន់​កុំ​ឱ្យ​រាយ​លើ​ដី សូម​ប្រយ័ត្ន​កុំ​ឱ្យ​មាន​ខ្សែ​ភ្លើង​ ក្រណាត់ ដែល​អាច​ទាក់​ជើង​ដួល
  • ផ្តល់​ពន្លឺតាម​ផ្លូវដើរ តាម​ជណ្តើរ
  • ដាក់​បង្កាន់​ដៃ​ នៅ​ជណ្តើរ នៅ​បង្គន់ បន្ទប់​ទឹក

ចំណែក​ការ​ពុល ថប់​ដណ្តើម ស្លាក់ រលាក ... គឺ​ជា​តំណាង​គ្រោះ​ថ្នាក់​នៅ​ផ្ទះ លំដាប់​ទី​មួយ ដែល​ច្រើន​កើត​ឡើង​ចំពោះ​ក្មេង និងកុមារ។ ហើយ​សូម​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ទាំង​អស់​នេះ ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​​ ដែល​កន្លែងរស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង​តែ​ម្តង។

ទារក​ចាប់​ពី​អាយុ​១៨​ខែ​ឡើង​ទៅ អាច​ចាប់បាន និង​យល់​នូវ​អ្វី​ដែល​មនុស្ស​ចាស់​ប្រាប់ ស្តីអំពី​វិធានសុវត្ថិភាព និង​បម្រាម​ហើយ ដូច​ជា​ហាមដាក់​ដាក់​នៅ​ត្រចៀក​ទ្វារ​ កុំ​រត់​ដោយ​កាន់​របស់​ស្រួចៗ​ឬ​មុត កុំ​ប៉ះ​ភ្លើង កុំ​ប៉ះ​ចង្ក្រាន​វា​អាច​រលាក​ជា​ដើម​។ល។ ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​របស់​ឪពុក​ម្តាយ​និង​អ្នក​ថែ ត្រូវ​រក្សា​ជាប់​ជានិច្ច​ ព្រោះ​ថា​មុន​អាយុ​៦​ឆ្នាំ​ ក្មេង​គ្មាន​ស្មារតី​ សតិ​ យល់​អំពី​ភាពធាតុ​ពិត​នៃ​គ្រោះ​ថ្នាក់​ទេ រវល់​លេង​ពេក​ក្មេង​អាច​ភ្លេច​បណ្តាំ និង​បម្រាម​​ម្តាយ ភ្លាម​មួយ​រំពេច។​ មាន​សកម្មភាព​ខ្លះ កុមារ​ចាំ​បាច់​ត្រូវ​ប្រើប្រដាប់​ការពារ​សុវត្ថិភាព ដូច​ជា​ត្រូវ​ពាក់​មួយ​ពេល​ជិះកង់ ឬ​ជិះ​វត្ថុ​រអិល។

ជា​ទូទៅ ​គ្រោះ​ថ្នាក់នៅ​ក្នុង​ផ្ទះ​​សុទ្ធ​តែអាច​បញ្ចៀស និង​កាត់​បន្ថយមិន​ឱ្យ​ក្លាយ​ជា​បញ្ហាធំ ​ឬ​បន្សល់​ទុក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​​បានទៅ​ថ្ងៃក្រោយ ​ប្រសិន​បើ​ យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ​​និង​ចេះ​បញ្ចេញ​កាយវិការ​ជួយ​បាន​ដោយ​ត្រឹម​ត្រូវ និង​ទាន់​ពេលវេលា។ សួរ​ថាតើ​កាយ​វិការ​សង្គ្រោះ​មាន​អ្វី​ខ្លះ​ ? និង​យ៉ាង​ដូចម្តេច​ខ្លះ ?

ក្នុង​ករណី​​រលាក៖ ទោះ​ជា​ការ​រលាក​ដោយ​ភ្លើង ដោយ​ទឹក​ពុះ​ ឬ​ប្រភព​ក្តៅ ត្រូវ​យក​ទឹក​ត្រជាក់ធម្មតា ស្រោច​ឱ្យ​ចំ​កន្លែង​របួស​ រយៈ​ពេល​១៥​នាទី រួច​ពន្លត់​ប្រភព​កម្តៅ​។ ដោះ​ខោ​អាវ​ដែល​ឆេះ​ រលាក​ចេញ​ លើក​លែង​តែ​ក្នុង​ករណី​អាវ​ខោ​នោះ​ស្អិត​ជាប់​សាច់​រលាក។

ក្នុង​ករណីមុត​ហូរ​ឈាម ត្រូវ​ផ្តេក​អ្នក​ជំងឺ​ ហើយ​ខ្ទប់​របួស ប៉ុន្តែ​សូម​កុំ​សាកល្បង​ដក​វត្ថុ​ដែល​មុត​ក្នុង​សាច់​ចេញ​ឱ្យ​សោះ ព្រោះ​អាច​ធ្វើ​អ្នក​ជំងឺ​ហូរ​ឈាម​ខ្លាំង រហូត​ខ្សោះ។ ត្រូវ​បង្អាក់​ការ​ហូរ​ឈាម​ដោយ​ច្របាច់​សង្កត់​ខ្ទប់ចំ​លើស្នាម​របួស រុំ​​ ឬ​រក​ក្រណាត់​ចងឱ្យ​តឹង​​ខាង​ផ្នែកលើ​នៃ​របួស បើ​ជា​ករណី​របួស​ខ្លាំង​មែនទែន ប្រឈម​នឹង​គ្រោះ​ខ្សោះ​ឈាម។

ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​ប៉ះ​លើអវៈយវៈ ​ ជា​ម្រាម​ដៃ ម្រាម​ជើង របួស​​ដាច់ ឬ​បាក់ធ្មេញ ត្រូវ​រក្សា​ទុក​នូវ​បំណែក​សាច់​ ឬ​ឆ្អឹងនោះ​ ឱ្យ​បាន​ត្រឹម​ត្រូវ​ នៅ​ក្នុង​ស្បោង​ស្អាត​ ហើយ​​រុំ​ក្លាសេឱ្យ​ជិត និង​ឆាប់​រូត​រះ​ទៅ​រក​ជួប​គ្រូពេទ្យ នៅ​មជ្ឈមណ្ឌល​សុខភាព ឬ​គ្លីនិក​ ឱ្យ​បានកាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ ដើម្បី​ព្យាបាល​ត​ភ្ជាប់​​វិញ។ ការ​តភ្ជាប់​​មាន​ប្រសិទ្ធិភាព​ខ្លាំង ប្រសិន​បើ​ធ្វើ​នៅ​ក្រោម​៦​ម៉ោង។

បើ​មាន​គ្រោះ​ថ្នាក់​ប៉ះ​ដល់ក្បាល ហើយ​បាត់​បង់​ស្មារតី តែ​នៅ​មាន​ដង្ហើម ត្រូវ​ផ្អេក​អ្នក​ជំងឺ​ ក្នុង​ដំណេក​​ផ្អៀង​ ចំហ​មាត់ ជង្គង់​ជើង​ខាង​លើ​ទល់​នឹង​ដី បាតដៃ (ដៃខាង​លើ)​​​បត់​ទ្រទ្រាប់​ថ្ពាល់ កុំ​ឱ្យ​ប៉ះដី។ និង​ផ្ទៀង​ផ្ទាត់​ដង្ហើម។ ​(សូម​អាន​អំពី​បច្ចេកទេស​ផ្តេក​អ្នក​ជំងឺ​ក្នុង​ជំហ​សុវត្ថិភាព)

ប្រសិន​បើ​អ្នក​រង​គ្រោះ​ថ្នាក់ បាត់​ស្មារតី និង​បាត់​ដង្ហើម សូម​ចាប់​ផ្តើម​ធ្វើ​ម៉ាស្សា​បេះ​ដូង​ភ្លាម ដោយ​ដាក់​ដៃ​របស់​យើង​ទាំង​ពីរត្រួត​លើ​គ្នា ចំ​ពី​លើ​ដើម​ទ្រូង​ ត្រង់​ចន្លោះ​ក្បាល​ដោះ​ទាំង​ពីរ សង្កត់​ក្នុង​ល្បឿន​១០០​ដង ក្នុង​មួយ​នាទី។ ទន្ទឹម​គ្នា​នោះ​ត្រូវ​ហៅ​ឡាន​ពេទ្យ​និង​ក្រុម​សង្គ្រោះ​ជា​បន្ទាន់។

សូម​ចង​ចាំ​ថា ក្នុង​ករណី​​ជា​គ្រោះ​ថ្នាក់ បុក ធ្លាក់ ដែល​អាច​បណ្តាល​ឱ្យ​មាន​ការ​បាក់​ប្រេះ​ស្រាំ​ឆ្អឹងខ្នង​ និង​លលាដ​ក្បាល សូមប៉ះពាល់​​លើក​ដាក់​ និង​ប្រែប្រួល​ជន​រងគ្រោះ​ ដោយ​ប្រុងប្រយ័ត្ន​បំផុត និង​យក​ល្អ​ជួយ​ទប់​ក្បាល​ជន​រងគ្រោះ​ឱ្យ​នៅនឹង ព្រម​ទាំង​សម្រួល​អារម្មណ៍​ជន​រងគ្រោះ ក្នុង​ពេល​រង់ចាំ​ពេទ្យ​ជំនាញ​សង្គ្រោះ​មក​ដល់។

បច្ចេកទេស​នៃ​វិធី​​សង្គ្រោះ

បើ​និយាយ​អំពី​វិធី​ជួយសង្គ្រោះ​វិញ សូម​ចង​ចាំ​ថា ជា​ដំបូង​បង្អស់ សូម​លោក​អ្នក​ការពារ​សុវត្ថិភាព និង​ចេះ​វាយតម្លៃ​​អំពី​លក្ខខណ្ឌ​នៅ​កន្លែង​គ្រោះថ្នាក់ ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ថែម​មួយ​ជាន់​ទៀត។ សូម​ចូល​ទៅ​កាន់​កន្លែង​គ្រោះ​ថ្នាក់ ជួយ​ជន​រងគ្រោះ តែ​ក្នុង​ករណី​តែ​អ្នក​ប្រាកដ​ថា​គ្មាន​គ្រោះ​ថ្នាក់​សម្រាប់​ខ្លួនឯង ហើយ​ហៅ​រក​ក្រុម​​អ្នកជំនាញ​​សង្គ្រោះនិងពន្លាត​រង្វង់​សុវត្ថិភាព ក្នុង​ពេល​រង់ចាំ​ក្រុម​គ្រូពេទ្យ​មក​ដល់។

បន្ទាប់មក​អ្នក​ត្រូវ​ពិនិត្យ​ស្ថានភាព​អ្នក​រងគ្រោះ ដើម្បី​បាន​ដឹង​ថា​តើ​ជា​គ្រោះ​ថ្នាក់អ្វី​ ជនរងគ្រោះ​នៅ​មាន​ស្មារតី​ដែរ​ឬ​អត់ ដោយ​ហៅ​និង​ស្តាប់​ដង្ហើម​ មុន​នឹង​​​ចាប់​ផ្តើម​អនុវត្តវិធី​​សង្គ្រោះ​ ទៅ​តាម​ករណី​ជាក់ស្តែង ដោយអារម្មណ៍​ជឿជាក់ និង​មិន​ស្លន់ស្លោ​។

ស្ទះ​ឬ​ស្លាក់ ៖ បើ​ជន​រងគ្រោះ មាន​សតិ​ស្មារតី​ត្រឹម​ត្រូវ តែ​និយាយ​មិន​ចេញ​ អាច​ត្រឹម​ផ្តល់​សញ្ញា​គ្រវីឬងក់​ក្បាល​បាន មិន​អាច​ក្អក ឬ​បញ្ចេញ​សំឡេង​អ្វី បាន សូមតប់​ខ្នង​​ ជន​រងគ្រោះ​ យ៉ាង​ច្រើន​បំផុត​៥​ដង ! តប់​ម្តងហើយ​ត្រូវ​ផ្ទៀងផ្ទាត់ភ្លាម​​ថា​ជន​រង​គ្រោះ​បាន​ស្រួល​មក​វិញ សិម​តប់​ម្តង​ទៀត។ ការ​តប់​គឺ​ត្រូវ​ធ្វើ​ដោយ​លា​បាត​ដៃ​ វាយ​ត្រង់​ថ្លើម​ដៃ (មិន​ក្តាប់​តប់​ទេ)។ វិធី​តប់ ៖ ឈរ​នៅចំហៀង​បញ្ឆិត​ក្រោយ​​បន្តិច​ពី​ជន​រងគ្រោះ យក​ដៃ​ម្ខាង​ទៅ​ទ្រ​ទ្រូង​ជន​រងគ្រោះ ដែល​ឈរ​រាង​អោន​ទៅ​ចុះ​ក្រោម​បន្តិច រួច​ផ្តើម​តប់​ខ្នងខ្លាំង​ល្មម​នឹង​ធាក់​​វត្ថុ​ស្ទុះឱ្យ​​ខ្ទាត​ចេញ​មក​ក្រៅ។

ប្រសិន​បើ​ការ​តប់​៥​ដង​ហើយ ជន​រងគ្រោះ​នៅ​មិន​ព្រម​ធូរ ត្រូវ​ប្រើ​វិធី​ម្យ៉ាង​ទៀត សង្កត់​សម្ពាធ​នៅ​​ពោះ​។ វិធី​ធ្វើ ត្រូវ​អោប​អ្នក​រងគ្រោះ​ពី​ក្រោយ ដោយ​យក​ ​ ​ដៃ​ម្ខាងក្តាប់ និង​ក្តោប​ទប់​ដោយ​បាត​ដៃ​ម្ខាង​ទៀត ដាក់​ផ្អិប​​ត្រង់​ចុង​ដង្ហើម​របស់​ជន​រងគ្រោះ រួច​បុក​បែប​រុញ​ឡើង​មក​លើ។ បើ​ធ្វើកាយ​វិការ​បែប​នេះ​៥​ដង​ហើយ ជន​រងគ្រោះ​នៅ​ស្ទះ​ស្លាក់​ដដែល ត្រូវ​បន្ត​ធ្វើ​វា​ទៀត ដោយ​ឆ្លាស់​ជាមួយ​ការ​តប់​ខ្នង។ កាយ​វិការ​បែប​នេះ អាច​ធ្វើ​ចំពោះ​មនុស្ស​ធំ​​ពេញ​វ័យ​និង​កុមារ​​ចាប់​ពី​អាយុ​មួយ​ឆ្នាំ​ឡើង​ទៅ និង​ចៀស​វាង​កុំ​លើក​ជើង​កូន​បញ្ច្រាស​ទម្លាក់​ក្បាល​ចុះ​ក្រោម​ឱ្យ​សោះ។

វិធី​ផ្តេកជន​រងគ្រោះ​ក្នុង​ដំណេក​សុវត្ថិភាព​ 

ប្រសិន​បើ​ជន​រងគ្រោះ​បាត់​ស្មារតី​ លែង​ដឹង​ខ្លួន ​ ប៉ុន្តែ​នៅ​មាន​ដង្ហើម និង​ដក​ជា​ធម្មតា អ្នក​ត្រូវជួយ​ការ​ពារ​ជន​រងគ្រោះ​កុំ​ឱ្យ​ស្ទះ​ផ្លូវ​ដង្ហើម។

ជា​ទូទៅ​ នៅ​ពេល​មនុស្ស​ណា​ម្នាក់ បាត់​ស្មារតី សាច់​ដុំ​តែង​តែរលា អណ្តាត​អាច​នឹង​ធ្លាក់​ចូល​ក្នុង​បំពង់​ក ហើយ​ទៅ​បិទ​បំពង់​ដង្ហើម។ ​សូម​ផ្ងើយក្បាលអ្នករងគ្រោះដោយដៃម្ខាង សង្កត់​លើ​ថ្ងាស ដៃម្ខាងទៀតទប់ចង្ការ ដាក់​ត្រចៀកយើង​ក្បែរ​ច្រមុះ​ជន​រងគ្រោះ ដើម្បី​ស្តាប់​ខ្យល់​ ភ្នែកសំឡឹងមើលចលនាដើមទ្រូង។ បន្ធូរសំលៀកបំពាក់ និងរបស់ដែលតឹងរួត​រឹត​ចេញ បើ​អាច។ បើមានដំណកដង្ហើម យើង​ត្រូវរៀបចំ​ស្ថានភាព​ដំណេកសុវត្ថិភាព ដោយ​​​​ដាក់​ជន​រងគ្រោះ​ឱ្យ​ដេកផ្អៀង​ ​ដែលគេ​ហៅ​ជា​ភាសា​បច្ចេកទេសថា PLS (Position latérale de sécurité)​ ក្នុង​ពេល​រង់​ចាំ​ជំនួយ​ពី​គ្រូពេទ្យ។

វិធីធ្វើ

  • បើ​ជន​រងគ្រោះ​ពាក់​វែន​តា ត្រូវ​ដោះ​វែន​តា​ចេញ
  • សណ្តូក​ជើង​ជនរងគ្រោះ​ទាំង​ពី​រ​​ឱ្យ​ជិត​​ទន្ទឹម​គ្នា ស្រប​តាម​ដង​ខ្លួន
  • យក​ដៃ​ជន​រងគ្រោះ​ដែល​នៅ​ជិត​អ្នក​បំផុត បត់​កែង​ទៅ​លើ
  • អ្នក​ត្រូវ​លត់​ជង្គង់​អង្គុយ​ឱ្យ​កៀក​អ្នក​រងគ្រោះ
  • ចាប់​យក​ដៃ​ម្ខាង​ទៀត​របស់​ជន​រងគ្រោះ​ ដោយ​ពន្លារ​បាត​ដៃ មក​ដាក់​ផ្អិប​នឹង​ត្រចៀក​ខាង​ដៃ​បត់​កែង​ទៀត (បើ​ជា​ដៃ​ស្តាំ​ត្រូវ​យក​មក​ផ្អិប​នឹង​ត្រចៀក​ឆ្វេង បើ​ជា​ដៃ​ឆ្វេង​ត្រូវ​យក​ទៅ​ផ្អិប​នៅ​ត្រចៀក​ស្តាំ) និង​សូម​កាន់​ដៃ​នោះ​ឱ្យ​ជាប់​កុំ​ទាន់​ព្រលែង​ដៃ​អ្នកចេញ
  • យក​ដៃ​របស់​អ្នក​ម្ខាង​ទៀត ទៅ​ចាប់​គន្លាក់​ជង្គង់​នៃ​ជើង​អ្នក​រងគ្រោះ​ដែល​នៅ​ឆ្ងាយ​ពី​អ្នក​ជាងគេ បញ្ឈរ​ឡើង​តែ​នៅ​បាត​ជើង​នៅ​បះ​ដីរហូត
  • រួច​បង្ខិត​ខ្លួន​ឯង​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​អ្នក​រងគ្រោះ ដោយទាញ​​ជង្គង់​​បញ្ឈរ​មក​ខាង​អ្នក រហូត​ដល់​ទាល់​តែ​ជង្គង់​បះដី ពេល​នោះ​អ្នក​រងគ្រោះ​នឹង​រមៀល​ផ្អៀង​មកដោយ​សម្រួល​ហើយ
  • ដក​ដៃ​របស់​អ្នក​ដែល​ពី ក្រោម​ក្បាល​ជន​រងគ្រោះ​ដោយ​ថ្មមៗ ដោយ​រក្សា​ដៃ​អ្នក​រងគ្រោះ​ឱ្យ​នៅ ទ្រ​មុខ​គាត់​ជាប់
  • សម្រួល​ជើងគាត់​ឱ្យ​បត់​កែង​ ​កុំ​ឱ្យ​គង​គ្នា​
  • យក​ម្រាម​ដៃ​ទៅ​ចុច​បង្ហើប​មាត់​គាត់​បន្តិច តែ​កុំ​រង្គើរដល់​ក្បាល
  • ប្រសិន​បើ​អ្នក​នៅម្នាក់ឯង ពេល​នេះ​អ្នក​អាច​រត់​ទៅ​ហៅ​ជំនួយ​បាន​

ជន​រងគ្រោះ​បាត់​ស្មារតី បាត់​ដង្ហើម

ប្រសិន​បើ​ជន​រងគ្រោះ​សន្លប់​បាត់​ស្មារតី លែង​ដក​ដង្ហើម​ ត្រូវ​រូត​រះ​ធ្វើ​ម៉ាស្សា​បេះ​ដូង ភ្លាម និង​ហៅ​ក្រុម​ពេទ្យមក​សង្គ្រោះ​។

វិធីធ្វើ​ម៉ាស្សាបេះដូង ៖

  • ដាក់​ជន​រងគ្រោះ​ លើ​ផ្ទៃ​រាប ឬ​ផ្ទាល់​នឹង​ដី
  • អ្នក​ត្រូវ​លត់​ជង្គង់​ឱ្យ​កៀក​អ្នក​សន្លប់
  • ដាក់​កែង​បាត​ដៃ​អ្នក​ឱ្យ​ចំ​កណ្តាល​ទ្រូង កំរិតស្មើ​នឹង​ក្បាល​ដោះ (ឡើង​ពី​ចុង​ដង្ហើម​បី​បួន​ធ្នាប់)
  • ដាក់​កែង​បាតដៃ​អ្នក​ម្ខាង​ទៀត​ពី​បាតដៃ​ទីមួយ ផ្អិប​គ្នា​ឱ្យ​ជាប់ ​ដើម្បី​មាន​កម្លាំង​ដៃ
  • រក្សា​ជំហរ​អ្នក​យ៉ាង​ណា​ឱ្យ​​ដៃលាអស់ និង​​ឱ្យ​ត្រង់ ទម្រាក់​កម្លាំង​ដៃ​របស់​អ្នក​តាំង​ពីស្មាមក សង្កត់​ឱ្យ​ត្រង់​លើ​ទ្រូង​ជន​រងគ្រោះ​ ក្នុង​ទម្ងន់​កម្លាំង​ផុង​ប្រមាណ​ជាង​៥​ទៅ​៦​សង់ទីម៉ែត្រ ក្នុង​ល្បឿន​ប្រមាណ​ជា​១០០​ក្នុង​មួយ​នាទី ចំនួន​៣០​ដង រួច​បើ​អាច​ត្រូវ​ឆ្លាស់​ជាមួយ​នឹង​ការ​ផ្លុំ​ខ្យល់​តាម​មាត់​បន្ថែម​​ចំនួន​ពីរ ផាំង។ បន្ទាប់​មក​ត្រូវ​ចាប់​ផ្តើម​ធ្វើ​មាស្សា​បេះ​ដូង​នេះ​ទៀត រហូត​ទាល់​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​មក​ដល់

វិធី​ផ្លុំ​បញ្ចូល​ខ្យល់​ ៖ ត្រូវ​យក​ដៃ​ម្ខាង​ដាក់​លើ​ថ្ងាស សង្កត់​ផ្ញើយ​ក្បាល​បន្តិច​ រួចយក​ម្រាម​ដៃ​​ច្របាច់​បិទ​ច្រមុះ​ ដៃ​ម្ខាង​ទៀត ចាប់​ទាញ​ចង្កាដើម្បី​បង្ហើប​មាត់។ ត្រូវ​យក​មាត់​របស់​យើង​គ្រប​ឱ្យ​ជិត​មាត់​ជន​រងគ្រោះ រួច​ផ្តុំ​ខ្យល់​បញ្ចូលយឺតៗ ដោយងាក​ភ្នែក​សំលឹង​មើល​ទ្រូង រហូត​ប៉ោង​ស្មើ​។ សំរាកដក​ដង្ហើម​​មួយ​ភ្លែត​ឱ្យ​ទ្រូង​អ្នក​រងគ្រោះ​ស្រក​ចុះ​មក​វិញ ទើប​ចាប់​ផ្លុំ​ម្តង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ