ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

សុរានិងស្ត្រី ៖ ស្ត្រីទទួលទានសុរាស្មើបុរស តែរងគ្រោះថ្នាក់ខ្លាំងជាង

សុរានិងស្ត្រី ៖ ស្ត្រីទទួលទានសុរាស្មើបុរស តែរងគ្រោះថ្នាក់ខ្លាំងជាង
 
ស្ត្រី​មាន​សមភាព​ជាមួយ​បុរស​ផ្នែក​ទទួល​ទាន​សុរា តាំ​ងពី​ឆ្នាំ​១៩៩០​មក REUTERS/Eddie Keogh

ការ​សិក្សា​ខ្នាត​អន្តរជាតិ​មួយ​បាន​បង្ហាញ​ថា ពេល​នេះ ស្ត្រី​ប្រព្រឹត្ត​គ្រឿង​ស្រវឹង (ផឹកស្រា) ​ដូចនិងក្នុង​កំរិត​​ស្មើបុរស​​ហើយ ! ដូច្នេះ​ស្ត្រី​ កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់ បង្កឱ្យ​សុរា​ចំពោះ​សុខភាព ដូច​បុរស​ និង​ខ្លាំង​ជាង​បុរស​ទៅ​ទៀត ប្រសិន​បើ​ផឹកច្រើន​ជ្រុល​ ក្នុង​បរិមាណ​ដូចគ្នា។ តើ​ស្រ្តី​មាន​ហានិភ័យ​ជួប​គ្រោះ​ថ្នាក់​បង្ក​ឡើង​សុរា​ខ្លាំង​ជាង​បុរស​យ៉ាងណា​ខ្លះ និង​ដោយ​សារ​មូល​ហេតុ​អ្វី ?

បើ​និយាយ​អំពី​ការ​ប្រព្រឹត្ត​​សុរា គេ​ច្បាស់​ជា​គិត​ដល់​បុរស​ភ្លាម និង​យល់​ថា​ជា​បញ្ជា​របស់​បុរស ខ្លាំងជាង​ស្ត្រី មែនទេ ?! មិនមែន​ទេ ! នេះ​ជា​គំនិត​ហួស​សម័យ​ហើយ ! បច្ចុប្បន្ន​នេះ បុរស​មិន​ទទួល​ទាន​សុរា​/គ្រឿង​ស្រវឹង ច្រើន​ជាង​ស្ត្រី​ឡើយ ! នៅ​ក្នុង​វិស័យ​នេះ ស្ត្រី​បាន​ហាក់​ទទួល​បាន​សមភាព​យ៉ាង​ពេញ​លេញ ! នេះ​បើ​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាប នៃ​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​គ្រឿង​ញៀន និង​អាល់​កុល នៃ​សាកលវិទ្យាល័យ Nouvelle-Galles du Sud ​ ប្រទេស​អូស្ត្រាលី។

បន្ទាប់​ពី​បា​នសិក្សា​អស់​ជា​ច្រើន​ឆ្នាំ សេចក្តីសន្និដ្ឋាន​របស់​ពួក​គេ​បាន​បង្ហាញ​ថា ស្ត្រី រត់​តាម​បុរស​ទាន់​ហើយ ទាំង​ចំនួន​មនុស្ស​​ ជាទូទៅ និង​ទាំង​បរិមាណ​នៃ​ការ​​ផឹក។ ប៉ុន្តែ​ថ្វី​បើ​សមត្ថភាព​ និង​បរិមាណ​អ្នក​​​ទទួល​ទាន​សុរា​ភេទ​​ស្ត្រី​ មាន​សមភាព​ជាមួយ​បុរស​មែន តែ​ផលវិបាក​ចំពោះ​សុខភាព​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំងចំពោះ​ស្ត្រី ជាង​បុរស។

ដើម្បីសម្រេច​លទ្ធផល ចេញ​ជា​សេចក្តីសន្និដ្ឋាន​បាន អ្នក​ស្រាវជ្រាវ​អូស្ត្រាលី បាន​ប្រមូល​ទិន្នន័យ​​នៃ​ការ​សិក្សា​ចំនួន​៦៨ លើ​មនុស្ស​ប្រុស​ស្រី ប្រមាណ​ជាង​បួន​លាន​នាក់ និង​ធ្វើការ​បោះផ្សាយ​នៅ​ក្នុង​ប្រទេស​ចំនួន ៣៦។ ការ​សិក្សា​ទាំ​ងនោះ ប្រមូល​ទិន្នន័យ​តាំង​ពី​ឆ្នាំ ១៩៤៨ ដល់​ឆ្នាំ​២០១៤ ដោយវិភាគ​​លើ​មនុស្ស​​កើត​នៅ​រវាង​ពី​ឆ្នាំ ១៨៩១ ដល់​ឆ្នាំ​២០០០។ ​

ទិន្នន័យ​បាន​បង្ហាញ​ថា បុរស​កើត​នៅ​រវាង​ពី​ឆ្នាំ​១៨៩១ និង​១៩១០ ទទួល​ទាន​សុរា​ច្រើន​ជាង​ដៃគូ​ស្ត្រី​ដល់​ទៅ​ជាង​ពីរ​ដង (២,២)។ តែ​ស្ត្រី​ហាក់​បានសម្រេច​ ​និង​ស្គាល់​សមភាពយ៉ាង​ពេញ​លេញ​​ជាមួយ​បុរស ក្នុង​ផ្នែក​ផឹក​ស្រា តាំង​ពី​ឆ្នាំ ១៩៩០ ! ប៉ុន្តែ​សម្រាប់​ បុរស​សម័យ​ថ្មី (កើតសម័យ​​ឆ្នាំ​១៩៩១-២០០០)  អត្រា​អ្នក​ផឹក​​​​ច្រើន​ជាង​ស្ត្រី​ (កើត​ក្នុង​ឆ្នាំ​ដូច​គ្នា) ក្នុង​កំរិត​ត្រឹម​តែ​ប្រមាណ​តែ​១,១​ដង​ប៉ុណ្ណោះ​។ នេះ​បើ​និយាយ​អំពី​អ្នក​ផឹក​ធម្មតា ! ហើយ​និន្នាការ​នៃ​អ្នក​ផឹក​ជ្រុល​ ស្ទើរ​តែ​ក្លាយ​ជា​បញ្ហា​សង្គម​ទៅ​ហើយ​វិញ ក៏​គម្លាត​រវាង​ស្ត្រី​និង​បុរស​​បាន​រួម​​ខ្លាំង​ ពីបី​ដង​ច្រើន​ជាង នៅ​ជំនាន់​១៨៩១-១៩១០ មក​ត្រឹម​១,២​ដង​ច្រើន​ជាង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ កើត​នៅចន្លោះ​ពី​ឆ្នាំ​១៩៩១-២០០០។​

ចុះ​ទាក់​ទង​នឹង​ផលវិបាក​បង្ក​ឡើង​ដោយសុរា​ឬ​អាល់កុល​វិញ ?!

ប៊ីយ៉ែរ វីស្គី សុរា ស្រា​ក្រហម ស្រា​ស ស្រា​ទំពាំង​បាយជូរ ស្រា​ថ្នាំ ស្រា​ខ្លាំង ស្រា​ខ្សោយ សុទ្ធ​តែ​មាន​ផ្ទុក​ជាតិ​អាល់កុល ដែល​អាច​បង្ក​ឱ្យ​ខូច​សុខភាព​ទាំង​អស់។

សូម​ធ្វើ​ការ​កាត់​បន្ថយ​ ការ​ទទួល​ទាន​សុរា ឬ​បញ្ឈប់​ទាំង​ស្រុង​​ការ​ទទួល​ជាតិ​សុរា ​កាន់​តែ​ប្រសើរ ដើម្បី​រក្សា​សុខភាព ! ​សូម​ចង​ចាំ​ថា ទទួលទាន​សុរា​ច្រើន​កាលណា ភាព​រងគ្រោះ​មាន​កាន់​ធ្ងន់​ទៅ​តាម​នោះ ! ​លើស​ពី​មួយ​កែវ​​​​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី និងលើស​ពី​ពីរ​កែវ​​​សម្រាប់​បុរស អាច​ចាត់​ទុក​ជា​ការ​បរិភោគ​ជាតិ​សុរា​ជ្រុល​ហើយ។ ហើយ​បើ​តាម​​ក្រុម​អ្នក​ជំនាញ​បារាំង​ខាងការពារ​សុខភាព​សាធារណៈ បន្ថែម​ពី​លើ​ការ​កំរិត​បរិមាណ​​ផឹក​ស្រា​ ជា​ចំនួន​កែវ ក្នុង​មួយ​ថ្ងៃ សូម​គិត​ធ្វើ​យ៉ាង​ណា​ឱ្យ​​​ក្នុង​មួយ​សប្តាហ៍​ ត្រូវ​មាន​ពីរ​ទៅ​​បី​ថ្ងៃ ដែល​គ្មាន​ជាតិ​សុរា​ក្នុង​ខ្លួន​សោះ ប្រសិន​បើ​គេ​​មិន​ចង់​ឆាប់​ធ្លាក់​ខ្លួន​ញៀន និង​មាន​ទម្លាប់​ផឹក​ស្រា។ ពាក្យ​ថា​មួយ​កែវ គឺ​សំដៅ​លើ​កែវ​ស្តង់ដារ​ផឹក។

សុរា​ ជា​ភ្នាក់ងារ​បង្កជំងឺ​មហារីក​ច្រើន​មុខ​ណាស់ ហើយ​ការទទួល​ទាន​ត្រឹម​តែ​មួយ​កែវ ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹង​សម្រួល​ឱ្យ​មាន​ការ​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីកហើយ មិន​ថា​ជា​មហារីកថ្លើម ឬ​ក្រពះ ​ឬ​ពោះវៀន​ធំ ពោះវៀនតូច ​ឬ​ផ្លូវ​អាហារ ។ល។ និង​។ល។ ទេ។ ​សម្រាប់​វិទ្យាស្ថាន​ជាតិ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បារាំង មានការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​កំណើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ចាប់​ពី​ត្រឹម​ពីការ​ទទួលទាន​​សុរា​ជា​មធ្យម​ មួយ​កែវក្នុង​មួយ​ថ្ងៃ។ ឯ​បើ​​តាម​ការ​សិក្សា​អូស្ត្រាលី​វិញ​ ​ស្រ្តី​មាន​ ​សមភាព​ជិត​ស្មើ​បុរស ខាង​ចំនួន​និង​បរិមាណ​ផឹក​សុរា​ ប៉ុន្តែ​​ស្ត្រីឈ្នះ​បុរស​ខាង​ផ្នែង​រងគ្រោះ ! ​ស្ត្រី​ងាយ​រងគ្រោះ​ដោយ​សារ​សុរា​ជាង​បុរស ហើយ​​អ្វី​ជា​ការ​កត់​សម្គាល់​ខ្លាំង​សម្រាប់​អ្នក​ស្រាវជ្រាវអូស្ត្រាលី គឺ​ជា​ធម្មតា​ស្ត្រី​តែងយកចិត្ត​ទុក​ដាក់​ គិត​គូរ​ដល់​បញ្ហា​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​ជាង​បុរស ប៉ុន្តែ​នៅ​ពេល​ស្ត្រី​ក្លាយ​ជាមនុស្សចូល​ចិត្ត​ស្រា មាន​បញ្ហា​ដោយ​សុរា​ ឬ​ញៀន​សុរា ស្ត្រី​មិន​ងាយ​​ទៅ​រកជំនួយ​និង​​ការ​ព្យាបាល​ទេ ! បើ​គិត​ជា​ភាគ​រយ​គឺ​ស្ត្រី​មាន​តិច​ជាង​បុរស​ទៅ​វិញ។

ដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន អ្នក​ស្រាវជ្រាវ​បាន​អំពាវនាវ​ឱ្យ​​អាជ្ញាធរ​សុខាភិបាល និងអាជ្ញាធរ​ពាក់ព័ន្ធ​ គួរ​តែ​គិត​គូរ​បើក​យុទ្ធនាការ​​អប់​រំ និង​ការ​ពារ​ឱ្យ​បាន​ខ្លាំង​បំផុត ដើម្បី​កុំ​ឱ្យ​មនុស្ស​ស្រី​ប្រុស​លុង​ខ្លួន​នឹង​សុរាផង និង​យុទ្ធនាការ​ពន្យល់​​បំផុស​ឱ្យ​ស្រ្តី​មាន​សេចក្តី​ក្លាហាន​ទៅ​ព្យាបាល​ខ្លួន​ផង។

ដោយ​មូលហេតុ​ធម្មជាតិ ស្ត្រីនិង​បុរស​មិន​ដូច​គ្នា​ ! មិន​អាច​ធន់​នឹង​ឥទ្ធិពល​អាក្រក់​របស់​សុរា​ចំពោះ​សុខភាព​​ដូច​គ្នា​ឡើយ។ ក្នុង​បរិមាណ​ជាតិ​សុរា​ស្មើ​គ្នា ស្ត្រី​ត្រូវ​រងគ្រោះ​ខ្លាំង​ជាង​បុរស គិត​ក្នុង​រយៈ​ពេល​ខ្លី ដោយ​ហេតុ​តែ​ទម្ងន់ និង​មាសមាឌ​សាច់​ដុំ​​ របស់​ស្ត្រី​ច្រើន​តែ​ខ្សោយ​និង​តិច​ជាង​បុរស។ ហើយ​បើ​ជា​ការ​ទទួល​ទាន​សុរា​ច្រើន​ជ្រុល​ហួស​ហេតុ​វិញ ៖

ថ្លើម​ស្ត្រី​នឹង​ត្រូវ​រង​ការ​បំផ្លាញ​ យ៉ាងធ្ងន់​ធ្ងរ​ខ្លាំង​ជាង​ថ្លើម​របស់​មនុស្ស​ប្រុស ហើយ​ស្តែង​ចេញ​ជា​រោគ​សញ្ញា​យ៉ាង​លឿន​និង​ឆាប់​រហ័ស​​ទៀត។ ស្ត្រី​នឹង​ឆាប់​​មាន​បញ្ហា​សុខភាព​ នៅ​ប្រព័ន្ធ​ប្រសាទ ជាង​បុរស។ ហើយជា​ចុងក្រោយ​ សូម​កុំ​ភ្លេច​ថា​ សុរា​អាច​នឹង​បង្ក និង​បង្កើន​​គ្រោះ​ថ្នាក់​ កើត​ជំងឺ​ដែល​ជា​លក្ខណៈ​ពិសេស​កើត​មាន​តែ​ស្ត្រី គឺ​មហារីក​សុដន់ និង​ បម្រែបម្រួល​វដ្ត​រដូវ។ បើ​តាម ​វិទ្យាស្ថាន​ប្រឆាំង​នឹង​ជំងឺ​មហារីក​បារាំង សុរា​បាន​ធ្វើ​ស្ត្រី​មាន​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​២​ដង​ច្រើន​ជាង​មហារីក​ថ្លើម ៖ ៨០៨១​ករណី មហារីកសុដន់ ទល់​នឹង​៤៣៥៥​ករណី​មហារីក​ថ្លើម (៦៦៥៤ កើត​មហារីក​ពោះវៀន​ធំ - ៦៩៥៩នាក់​កើត​មហារីក​មាត់​បំពង់ក)។ នេះ​ជា​​តួលេខរបស់វិទ្យា​ស្ថាន​ នៅ​ឆ្នាំ​២០១៥ បាន​បង្ហាញ​អំពី​អត្រា​នៃជំងឺ​មហារីក​​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួល​ទាន​ស្រា នៅ​ប្រទេស​បារាំង។

​ប៉ុន្តែបើ​ទោះ​បី​ជា​តួលេខ​បញ្ជាក់​ពី​គ្រោះ​ថ្នាក់ មាន​លក្ខណៈ​ធ្ងន់ធ្ងរ និងអាសន្ន​យ៉ាងណា​ក៏ ក៏​ការ​ទទួល​ទាន​សុរា គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅ​តែ​កើន​ឡើង​ជា​លំដាប់​ និងស្ទើរ​ទូទាំង​ពិភពលោក។ ​គួរ​ឱ្យ​សោក​ស្តាយជាង​នេះ​ទៅ​ទៀត ​​អំណាច​សាធារណៈ និង​នយោបាយ ហាក់​​គ្មាន​សេចក្តី​ក្លាហាន​ ឬ​គ្មាន​ឆន្ទៈ​ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​មួយ​នេះ។ នៅ​កម្ពុជា​ ចំនួន​អ្នក​បរិភោគ​គ្រឿង​ស្រវឹង​ ក៏​មាន​កំណើន ទាំង​ចំនួន​អ្នក​បរិភោគ​ភេទ​ស្រ្តី និង​ភេទ​បុរស ប៉ុន្តែ​ពុំ​មាន​តួលេខ​ច្បាស់​លាស់​​បញ្ជាក់ អំពី​ជន​រគ្រោះ​ដោយ​សុរា​ទេ៕

  • អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    ម៉ាសមាឌ​ខ្លួនធំឬ​តូចមិន​សំខាន់​ទេ ! សំខាន់​សូម​មើល​ក្បាល​ពោះ​របស់​អ្នក ! បើ​មាន​រាង​ល្មម​ តែ​ដុះ​ក្បាល​ពោះ​ធំ​ ប៉ោង​​ដូចផ្លែប៉ោម នោះ​​មាន​ន័យ​ថា​សុខភាព​បេះដូង​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ហើយ។ …

  • លើសឈាម និង ស្រ្តី

    លើសឈាម និង ស្រ្តី

    នៅ​ថ្ងៃ​ទី ១៧ ឧសភា ​នេះ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ លើស​ឈាម​ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត និង​មិនមែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​បុរស​ដូច​ការ​គិត​ពី​មុន​ទេ …

  • Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol...ទាំង​បីមុខ​នេះ ជា​ថ្នាំ​ដែល​សឹង​ថា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ និង​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា។ ថ្នាំ​ទាំង​បី​មុខ​នេះ …

  • ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ និង​​ធ្វើ​​ឱ្យ​​ប្រព័ន្ធ​​ការពារ​ខ្លួន​​យើង​​ចុះ​​ខ្សោយ​។ គេង​មិនគ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជំងឺ …

  • គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់​តែ​រីករាលដាល

    គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់​តែ​រីករាលដាល

    នៅ​ថ្ងៃទី ២៥​មេសា នេះ ជាទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់។ “ត្រៀម​យក​ឈ្នះ​ជំងឺ​គ្រុនចាញ់" ជា​ប្រធានបទ​ដែល​អង្គការ​សុខភាព​ពិភពលោក​ជ្រើសរើស សម្រាប់ទិវា​​ឆ្នាំ​២០១៨។ …

  • តើ​ការ​កាច់​ម្រាម​ដៃ​នឹង​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​ឬ ?

    តើ​ការ​កាច់​ម្រាម​ដៃ​នឹង​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​ឬ ?

    តើអ្នកធ្លាប់កាច់ម្រាមដៃដែរឬទេ ? កាច់ឱ្យលឺសូរប្រឹបៗស្តាប់ទៅពិរោះស្តាប់ណាស់សម្រាប់​អ្នក​ខ្លះ តែ​អ្នក​ខ្លះ​ទៀត​សំលេង​នេះ​រំខាន​ត្រចៀក​ខ្លាំងណាស់។ ​តើអ្នកដឹងទេថាតើសំឡេងនេះចេញមកពីណា …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ