អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ការ​កាច់​ម្រាម​ដៃ​នឹង​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើអ្នកធ្លាប់កាច់ម្រាមដៃដែរឬទេ ? កាច់ឱ្យលឺសូរប្រឹបៗស្តាប់ទៅពិរោះស្តាប់ណាស់សម្រាប់​អ្នក​ខ្លះ តែ​អ្នក​ខ្លះ​ទៀត​សំលេង​នេះ​រំខាន​ត្រចៀក​ខ្លាំងណាស់។ ​តើអ្នកដឹងទេថាតើសំឡេងនេះចេញមកពីណា ? ការសិក្សាថ្មីទើបរកឃើញនិង​ចេញផ្សាយ​កាលពី​ថ្ងៃទី ពុធ​ទី ២៨ ​មីនា២០១៨ថា ស្នូរលាន់ប្រឹបៗនៅពេលកាច់ម្រាម​ដៃ គឺបណ្តាលមកពីការ​បែក​ពពុះខ្យល់ល្អិតៗនៅក្នុងទឹកសន្លាក់។ ប៉ុន្តែសួរថាតើការកាច់ដៃបែបនេះ ជាប្រការល្អឬអាក្រក់សម្រាប់សន្លាក់ ? តើការកាច់ម្រាមដៃជាហានិភ័យនាំឱ្យមានជំងឺរលាកសន្លាក់ ឬ ឈឺ​សន្លាក់ ?

ការ​កាច់​ម្រាម​ដៃ​ឮ​សម្លេង គឺ​ជា​ការ​បែប​ពពុះ​ខ្យល់​ក្នុង​ទឹក​សន្លាក់
ការ​កាច់​ម្រាម​ដៃ​ឮ​សម្លេង គឺ​ជា​ការ​បែប​ពពុះ​ខ្យល់​ក្នុង​ទឹក​សន្លាក់ © RFI/Khmer
ផ្សាយពាណិជ្ជកម្ម

តើការ​លាន់ឮនៅពេលកាច់ម្រាមដៃ ជាសំលេងអ្វី ? នេះជាសំណួរដ៏សាមញ្ញនិងដែលគ្មាននរណាសូវចាប់អារម្មណ៍ចង់ដឹងទេ ប៉ុន្តែសំណួរនេះជាប្រភពនៃការងើយឆ្ងល់ ក្នុងរង្វង់អ្នកសា្រវជ្រាវវិទ្យាសាស្ត្រ តាំងពីជាង៦០ឆ្នាំមកហើយ ! នៅថ្ងៃទី ២៨ មីនា ២០១៨ អ្នកស្រាវជ្រាវនៃសាលាពហុបច្ចេកទេសបារាំង និងសាកលវិទ្យាល័យស្តេនហ្វតអាមេរិក បានផ្សព្វផ្សាយលទ្ធផលនៃការសិក្សារបស់ខ្លួន នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Scientific reports ថាបានរកឃើញចម្លើយនោះហើយ។ សំលេងលាន់លឺនៅពេលយើងកាច់ម្រាមដៃ និងនៅតាមសន្លាក់ពេលបត់បែន តាមពិតជាស្នូរបែកពពុះខ្យល់ដ៏តូចល្អិត មើលឃើញបានដោយមីក្រូស្កុប។ នៅតាមសន្លាក់ ដែល​ជា​តំណរ​ឆ្អឹង​ មិន​ថា​នៅ​ម្រាមដៃ ជើង ឬ​ជង្គង់ ឬ​សន្លាក់​ផ្សេង​ទៀត​ទេ សុទ្ធ​តែ​​មានទឹក (ទឹក​សន្លាក់) ឬ​ហៅ​ថា​សារធាតុ​រំអិល​ស៊ីណូវ៉ាល់ ដែលការពារ​សម្រួល​សន្លាក់យើងឱ្យ​កាច់បត់ឆ្អឹងដោយស្រួលបានតាមចិត្ត ដោយ​គ្មាន​ការ​ឈឺចាប់។ នៅ​ពេល​ពត់​ បត់​បែន ធ្វើ​ចលនា​សន្លាក់ ពពុះ​ខ្យល់​ក៏​អាច​កកើត​ក្នុង​ទឹក​សន្លាក់ និង​បែក។

សម្មតិកម្មបែបនេះ មិនមែនជារបកគំឃើញថ្មីស្រលាងទេ ! កាលពីឆ្នាំ ១៩៧១ លោកវេជ្ជបណ្ឌិត Unsworth ធ្លាប់បានបង្ហើបអំពីសម្មតិកម្ម ដូចគ្នានេះដែរ ប៉ុន្តែត្រូវបានគេច្រានចោលភ្លាមទៅវិញ។ ព្រោះអ្នកស្រាវជ្រាវជាច្រើនទៀត បានរកឃើញសម្មតិកម្មផ្សេងមកបកស្រាយប្រឆាំងថា ក្រោយពីកាច់ម្រាម លឺសំលេងហើយគេនៅតែឃើញមានពពុះខ្យល់ក្នុងទឹក​សន្លាក់ដដែល ដូច្នេះទើបគេនាំគ្នាសន្មត់ថាមិនមែនដោយសារបែកពពុះខ្យល់នោះទេ។ នៅឆ្នាំ២០១៥ ការស្រាវជ្រាវបានបង្ហាញជាថ្មីថា ការលាន់លឺសំលេងនៅពេលកាច់ម្រាមដៃ អាចបណ្តាលមកតែពីការបែកកូនពពុះខ្យល់នោះឯង។ ហើយជាចុងក្រោយ និស្សិតស្រាវជ្រាវនៅសាលាពហុបច្ចេកទេស ប៉ូលីតិចនិក បារាំង និងសាស្ត្រាចារ្យវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យស្តេនហ្វតអាមេរិក បានអារកាត់សេចក្តី និងបិទបញ្ចប់ចម្ងល់ ដោយ​បញ្ជាក់​ថា ស្នូរ​លាន់​​ឮ​ពេល​​កាច់សន្លាក់ គឺ​បណ្តាលមក​ពី​ការ​បែក​ពពុះ​ខ្យល់​នៅ​ក្នុង​ទឹក​សន្លាក់។

អ្នក​ទាំង​ពីរ​បាន​សិក្សា​ស្រាវជ្រាវ​ ដោយផ្អែក​លើ​គោលការណ៍គណិតវិទ្យា ​បែប​​គណនាសមីការ ដែល​ពន្យល់​បំភ្លឺ​ថា នៅ​ពេល​យើងបត់​ កាច់​សន្លាក់​ដូច​ជា​គាប​ ឱ្យ​មាន​កើត​ពពុះ​ខ្យល់​នៅ ក្នុង​ទឹក​សន្លាក់ ដែល​មាន​ភារៈ​រំអិល​តំណរឆ្អឹង​នៅ​តាម​សន្លាក់​។ សមីការ​​គណនា​ទី​មួយ​ បាន​បង្ហាញ​ឱ្យ​ឃើញពី​សម្ពាធ​ផ្សេងៗ​នៅ​ផ្នែក​ខាង​ក្នុង​នៃ​ស្លាក់ នៅពេល​បត់​កាច់។ សមីការ​គណនា​ទីពីរ ជា​សមីការ​ដែល​គេ​ស្គាល់​ច្រើន សម្រាប់​គណនាប​ទំហំ​នៃ​ពពុះ​ខ្យល់​ក្នុង​ទឹក​សន្លាក់ ទៅ​តាម​កម្លាំង​សម្ពាធ​​​។ ឯ​សមីការ​ទីបី ជា​ការ​គណនាទំហំ​នៃ​ពពុះ​ខ្យល់​និង​កម្លាំង​សំឡេង​នៅ​ពេល​ពពុះបែក។

“នៅពេល​យើង​កាច់​ម្រាម​ដៃ សន្លាក់​ត្រូវ​ញែក​ពី​គ្នា​ ហើយ​នៅពេលធ្វើ​បែប​នេះ សម្ពាធ​ខាង​ក្នុង​សន្លាក់​នឹង​ចុះ​ថយ​ ហើយ​ពពុះខ្យល់​ក៏​លេចឡើង​នៅក្នុង​ទឹក​សន្លាក់។ នៅ​ក្នុង​ដំណើរការ​នៃ​ប្រេះ​បែក​ញែក​សន្លាក់នោះ​មាន​សម្ពាធ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជំរុញ​ឱ្យទំហំ​នៃ​ពពុះ​ខ្យល់​ជួន​ធំជួន​តូច ​ឡើង​ចុះ​ខ្លាំង និង​យ៉ាង​លឿន​រហ័ស ហើយ​ដល់​ទៅ​ប៉ោងធំពេក​ក៏​ត្រូវ​បែក និង​បញ្ចេញ​សំឡេងខ្លាំង ស្តាប់​ទៅ​​ដូច​បែក​សន្លាក់។” ជា​ទូទៅ ពពុះ​ខ្យល់​អាច​មាន​ច្រើន តែ​ការ​បែកកូន​ពពុះ​តែ​មួយ​វា​គ្រប់​គ្រាន់​នឹង​បញ្ចេញ​សំឡេង​ហើយ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​ Vineeth Chandran Suja និស្សិត​សាលា​ពហុបច្ចេកវិទ្យា​បារាំង និង​បច្ចុប្បន្ន​កំពុង បន្ត​សិក្សស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​Stanford​សហរដ្ឋ​អាមេរិក។

ការ​កាច់​ម្រាម​ដៃញយៗ អាច​បង្ក​ហានិភ័យ​ឱ្យ​ឆាប់​កើត​ជំងឺ​រលាក​សន្លាក់ ? ឬ​ឈឺ​សន្លាក់ ?​

បើ​តាម​ក្រុម​អ្នក​ជំនាញ ការ​កាច់​ម្រាម​ដៃ​ឱ្យ​ឮសូរ​ប្រឹបៗ ច្រើន​តែ​ជា​ទម្លាប់​របស់​មនុស្ស នៅ​ពេល​​មា​អារម្មណ៍មួរម៉ៅ ឬ​ផ្ទុយ​ទៅ​វិញ ជា​ទម្លាប់​សម្រាប់ សម្រួល​សរសៃអវៈយវៈ ឱ្យ​បាន​ធូរ​ស្បើយ​ពី​ភាព​តាន​តឹង​ម្យ៉ាង។ សម្រាប់​មនុស្ស​មួយ​ចំនួន​ ការ​កាច់​ម្រាមដៃ រលាស់​សន្លាក់​ជង្គង់ ឬ​កែងដៃ សន្លាក់​ក ខ្នង ... ​ជា​ទម្លាប់ផង​​ និង​ជា​តំណាង​នៃ​ភាព​រីក​រាយ​ផង​សម្រាប់​អ្នក​ខ្លះ​ទៀត។ មាន​មនុស្ស​រវាង​ពី ២៥% ទៅ ៥៤% ទំនង​ជា​មាន​ទម្លាប់​កាច់​ម្រាម​ដៃ​នេះ ហើយបើ​តាម​ការ​សម្គាល់ បុរស​មាន​ទម្លាប់កាច់​ម្រាម​ដៃ​ច្រើន​ជាង​ស្ត្រី។

ទាក់ទង​នឹង​ហានិភ័យ​នៃ​ការ​កាច់​ម្រាម​ដៃ​វិញ អ្នក​ស្រាវជ្រាវ​ក៏​​​ចាប់​អារម្មណ៍​ខ្លាំងអំពី​សំណួរ​នេះ​ តាំង​ពី​យូរ​មក​ហើយ​ដែរ។ កាលពី​ឆ្នាំ​១៩៧៥ លោក​វេជ្ជបណ្ឌិតរ៉ូប៊ែរ ស្វេហ្សេ Dr Robert Swezey និង កូន​ប្រុសស្វ័ត Stuart ​​ ដែល​ទើប​មាន​អាយុ ១១​ឆ្នាំនៅ​ឡើយ​នាំ​គ្នា​ស្រាវជ្រាវ​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​បង្ក​ឡើង​ដោយ​ទម្លាប់​កាច់​ម្រាម​ដៃ។ លោក​វេជ្ជបណ្ឌិត​ជា​ឪពុក បាន​ធ្វើ​បញ្ជីចោទ​សួរ​អ្នក​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ចាស់​ជរា ចំនួន​ ២៨​នាក់ ស្តី​ពី​ទម្លាប់​របស់​ពួក​គេ​ក្នុង​ការ​កាច់​ម្រាម​ដៃ ហើយ​នាំ​ពួក​គាត់​ទៅ​ថត​ឆ្លុះ​មើល​ឆ្អឹង​ម្រាម​ដៃ។ ឯ​ចំណែក​កូនប្រុសវិញ​ ចុះ​ទៅ​អង្កេត​នៅក្នុង​ជំរំ​សម្រាកវិសមកាល ដើម្បី​ចង់​ដឹង​អំពី​អត្រា​នៃ​អ្នក​មាន​ទម្លាប់​កាច់​ម្រាម​ដៃ​។ លទ្ធផល​នៃ​ការ​អង្កេត ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ទំព័រ​សារព័ត៌មាន​The Western Journal of Medecine បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​កាច់​ដៃ​គ្មាន​​ហានិភ័យ​បង្កើន​គ្រោះ​កើត​ជំងឺ​សន្លាក់​ទេ។

អ្វី​ដែល​លោក​វេជ្ជបណ្ឌិត Dr Swezey មិន​ដឹង គឺ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នោះ មាន​មនុស្ស​ទៀត ម្នាក់ឯង​គត់ កំពុង​សំងំ ធ្វើកា​រសិក្សា​ដើម្បី​ប្រយោជន៍​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ​តាំង​ពី​យូរ​យារ​មក​ហើយ។ តាំង​ពី​ចុង​ឆ្នាំ​ ១៩៣០​មក លោក ដូណាល់អាន់ហ្គឺ Donald Unger បាន​កាច់​ម្រាម​ដៃឆ្វេង​​របស់​លោក​ ពីរ ដង​ក្នុង​មួយ​។ ជា​សរុប​លោក​បាន​កាច់​ម្រាម​ដៃ​ឆ្វេង​ ដល់​ទៅ ៣៦៥០០​ដង។ លោក​​ធ្វើ​តែ​លើ​ដៃ​ខាង​ឆ្វេង​ តែ​ប៉ុណ្ណោះ ដោយ​មិន​ប៉ះពាល់​សោះ​​ម្រាម​ដៃ​ស្តាំ។ រហូត​ដល់​​ឆ្នាំ​១៩៩៨ ទើប​លោក​ដូណាល់ អាន់ហ្គឺ បាន​បោះផ្សាយ​លទ្ធផល​​នៃ​បទ​ពិសោធន៍​របស់​លោក​ ដែល​ធ្វើ​លើ​ខ្លួន​ផ្ទាល់​។ ជា​លទ្ធផល​ ជាង​៥០​ឆ្នាំ​ក្រោយ គ្មាន​ភាព​ខុស​គ្នា​អ្វី​ស្តែង​​ចេញ​ឱ្យ​ខុសគ្នា​ម្រាម​ដៃ​ឆ្វេង​និង​ម្រាម​ដៃ​ស្តាំ​ទាំង​ពីរ​របស់គាត់​ទេ ក៏​គ្មាន​ដែរ​​ស្នាម​និង​ដាន​រោគ​ឈឺ​សន្លាក់​នៅ​លើ​ម្រាម​ដៃឆ្វេង។

ក្នុង​សំដី​បែប​កំប្លែងឡក​លេង លោក អាន់ហ្គឺ Donald Unger បាន​ពន្យល់​ថា ការ​សិក្សា​របស់​លោក​ ជា​ការ​សិក្សា​ដោយ​ឯករាជ្យ គ្មាន​ជំនួយ​ហិរញ្ញវត្ថុ​​មក​ពី​ខាង​ឧស្សាហកម្ម​ឱសថ​មួយ​ណា​ឡើយ ប៉ុន្តែ​ម្រាម​ដៃ​តែ​៥ ពិត​ជា​គំរូ​សាក​ល្បង​ដ៏​ស្តួច​ស្តើង​ខ្លាំងណាស់។ តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏ពិភព​អ្នក​វិទ្យាសាស្ត្រ​ទទួល​ស្គាល់​ស្នាដៃ​ការងារ​លោក។ ការស្រាវជ្រាវ​នេះបាន​លើក​ស្ទួយ​​លោកឱ្យ​​បាន​ក្លាយ​ជា​ម្ចាស់​ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ​២០០៩។ ជាជ័យលាភី​​រង្វាន់​នៃ​ការ​សិក្សា​វិទ្យាសាស្ត្រ​ ដែល​ដំបូង​ឡើយគ្រប់គ្នា​នាំ​គ្នា​សើច​ តែ​ក្រោយ​ពី​សើច​ទើប​នាំគ្នា​គិត។ ជ័យ​លាភី​នេះ​​ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត។

ជាការ​ពិត ទាំ​ងលោក​ និង​ទាំង​លោក លោក​ទាំង​ពីររូបសុទ្ធ​តែ​បាន​គិត​ត្រូវ​ ! ការ​សន្និដ្ឋាន​របស់​លោក​មិន​ខុស​ទេ ព្រោះ​នៅ​ឆ្នាំ​២០១១ ​ការ​សិក្សាមួយ នៅ​លើក​នេះ ​ក្នុង​​ទ្រង់ទ្រាយ​ធំ ​ស្តី​អំពី​ការ​កាច់​ម្រាម​ដៃ លើ​មនុស្សជា​ច្រើន​នាក់ បាន​បង្ហាញ​លទ្ធផល​​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី Journal of American Boad of Family Medicine ថា​រាល់​គ្រប់​អ្នក​ដែល​មាន​ទម្លាប់​កាច់​ម្រាម​ដៃ​ ជា​ញឹកញយ​ គ្មាន​គ្រោះកើត​ជំងឺ​រលាក​សន្លាក់​ច្រើន​ជាង​អ្នក​ដែល​មិន​កាច់​ម្រាម​ដៃ​សោះនោះឡើយ។

ប៉ុន្តែ​បើ​តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ​ផ្នែក​រលាក​​សន្លាក់​ឆ្អឹង​ ការ​កាច់​ម្រាម​ដៃ​ជា​ញឹកញយ​ និង​យូរៗ​ទៅ​ អាច​នឹង​បន្យល់​ទុក​នូវផលវិបាក​មួយ​ ជុំ​វិញ​ដំណើរការ​និង​តួនាទី​របស់​ដៃ គឺ​ដៃ​អាច​ចុះ​ខ្សោយ ​មិន​សូវ​មាន​កម្លាំងដៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ