អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

Aspirine, ibuprofène, paracétamol...ទាំង​បីមុខ​នេះ ជា​ថ្នាំ​ដែល​សឹង​ថា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ និង​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា។ ថ្នាំ​ទាំង​បី​មុខ​នេះ សុទ្ធ​តែមាន​ប្រសិទ្ធភាព​​អាច​​​បំបាត់​ការ​ឈឺចាប់ និង​អាការៈ​ក្តៅ​ខ្លួន​ដូច​គ្នា។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​​យើង​ពិបាក​នឹង​បែង​ចែក​ភាព​ខុស​គ្នា និង​ជ្រើសរើស​ប្រើ​ឱ្យ​ត្រូវ​កាលណាស់។ តាម​ការ​ពិត​ថ្នាំ​ទាំង​បី​ប្រភេទ​នេះ មាន​បន្សំ​មូលេគុល​ខុស​គ្នា ដែល​បញ្ជាក់​អំពីការ​ប្រើប្រាស់​ខុស​គ្នា និង​ដែល​មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើ​ឡើយ។

Paracetamol
Paracetamol commons.wikimedia.org
ផ្សាយពាណិជ្ជកម្ម

Ibuprofène, paracétamol, Aspirine... ជា​ថ្នាំបំបាត់​ការ​ឈឺ​ចាប់ ក្តៅខ្លួន និង​ជា​ថ្នាំ​ដែល​មាន​ប្រើ​​យ៉ាង​ញឹកញាប់​ជាង​គេ​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ។ ប៉ុន្តែ​សូម​ប្រយ័ត្ន បើ​ការ​ឈឺ​ចាប់​អូស​បន្លាយ​លើស​ពី ៥​ថ្ងៃ ក្តៅ​ខ្លួន​លើស​ពី​បី ឬ​មាន​សញ្ញា​រោគ​ផ្សេង​បន្ថែម​ទៀត សូម​កុំ​បន្ត​លេប​ថ្នាំ​ទាំង​នេះ ដោយ​ខ្លួន​ឯង​ ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ឱ្យ​សោះ។ លោក​អ្នក​នាង​គួរ​តែ​មាន​យ៉ាង​ហោច​ណាស់​ក៏​មួយ​មុខ​នៅ​ក្នុង​ផ្ទះ​ជា​ប្រចាំ។ ​បើមានទាំង​​ពីរ ឬ​ទាំងបី​​​​មុខ​ កាន់​តែ​ប្រសើរ ... ប៉ុន្តែ​ត្រូវ​ចេះ​ប្រើ !

● Paracétamol: ស្ត្រី​មាន​ផ្ទៃពោះ​ក៏អាច​ប្រើ​បាន ប៉ុន្តែ​មិនមែន​សម្រាប់​អ្នក​មាន​បញ្ហា​ថ្លើម​

ជា​ជម្រើស​ទី​មួយ​ ទាំង​សម្រាប់​មនុស្ស​ធំ​ពេញ​វ័យ កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ក្នុង​ការ​ព្យាបាល​អាការៈ​ឈឺ​ចុក​ចាប់​ ក្តៅ​ខ្លួន ផ្តាសាយ​។ ខុស​ពី Aspirine និង Ibuprofène ​ ថ្នាំ​ប៉ារ៉ាសេតាម៉ុល មិន​ស្ថិត​នៅ​ក្នុង​ចង្កោម​ថ្នាំប្រឆាំង​នឹង​ការ​រលាក ​Anti Inflammatoire​ទេ។ ដូច្នេះ​ ប៉ារ៉ាសេតាម៉ុល ពិត​ជា​ជួយ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ មិន​សូវ​បាន​ល្អ​និង​លឿន​ដូច​ពពួក​ថ្នាំ Aspirine និង Ibuprofène ឡើយ។ ប៉ុន្តែ​វា​ក៏​មិន​សូវ​បង្ក​ផល​ប៉ះពាល់ និង​ធ្វើ​ឱ្យ​ឆាប់​ខូច​ក្រពះ​ទេ។ ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល មាន​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ ក្រោម​ឈ្មោះ​ផ្សេងៗ​ជា​ច្រើនទៀត​ ដូច​ជា Doliprane, Dafalgan, Efferalgan, Tylenol ។ល។ និង​។ល។

កម្រ​បង្ក​ផលប៉ះពាល់​អាក្រក់មែន​ តែ​សូម​ប្រយ័ត្ន​ចំពោះ​អ្នក​មាន​ជំងឺ​ថ្លើម​និង​តម្រង​នោម នៅ​ពេល​ទទួល​ទាន​ថ្នាំ​នេះ​ច្រើន​ជ្រុល​ (លើស​ពី​៤ក្រាម​ក្នុង​មួយ​ថ្ងៃ) ឬ​នៅ​ពេល​លេប​ពេល​ផឹក​សុរា។ ប៉ារ៉ាសេតាម៉ុល និង​សុរ៉ា មិន​ត្រូវ​ធាតុ​គ្នា​ទេ សូម​ចៀស​វាង​កុំ​ប្រើ​ប៉ារ៉ាសេតាម៉ុល​ពេល​ផឹកស្រា ឬ​ពេល​ផឹក​សុរា​កុំ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល។

● Aspirine: ហាម​ប្រើ​ពេល​ធ្លាក់រដូវ

ដោយ​សារ​តែ​ អាស្ពីរីន មាន​សមត្ថភាព​ពង្រាវ​ឈាម ថ្នាំ​នេះអាច​ត្រូវ​បាន​គេ​អនុញ្ញត​ឱ្យ​ប្រើ​ប្រាស់​ជា​លក្ខណៈ​ជា​ប្រចាំ​សម្រាប់​ព្យាបាល​និង​ការ​ពារ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​មិន​ត្រូវ​ប្រើប្រាស់​ក្នុង​ករណី​មាន​អាការៈ​គ្រុន​ផ្តាសាយ​ឬ​ជំងឺ​បង្ក​ឡើង​ដោយ​វីរ៉ុស​ ឬ​មេរោគ​ទេ។ ដើម្បី​ចៀស​វាង​ ការ​ប្រើប្រាស់​ថ្នាំ​អាស្ពីរីន​ហួស​កំរិត គេ​មិន​ត្រូវ​លេប​អាស្ពីរីន ជាមួយ​នឹង​ពពួក​ថ្នាំ​Anti-Inflammatoire​ផ្សេងទៀត ដូច​យ៉ាង​Ibuprofène /Advil​ឡើយ។

● Ibuprofène: ហាមប្រើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

ជា​​ពពួក​ថ្នាំ​anti-inflammatoire non stéroïdien (AINS) ដូចAspirine​ដែរ ដែល​អាច​ប្រើ​ដើម្បី​បំបាត់​ការ​ក្តៅ​ខ្លួន ការ​ឈឺ​ក្បាល ការ​ឈឺ​ចុកចាប់​ផ្សេងៗ មាន​ជា​អាទិ៍​ឈឺ​ពោះ​ពេល​ធ្លាក់​រដូវ និង​ការ​រលាក ដូច​ជា​​រលាក​សន្លាក់ ពុក​ឆ្អឹង រលាក​សរសៃ-សរសៃកែង ឈឺ​ចង្កេះ ប៉ុន្តែ​ថ្នាំ​នេះ​គ្មាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ផ្តាសាយ​និង​ការ​បង្ករោគ​ទេ។ ថ្វី​បើ​មាន​សមត្ថភាព​បំបាត់​ការ​ឈឺ​ចាប់​មែន​ ប៉ុន្តែ​គេ​មិន​ណែនាំ​ឱ្យ​ប្រើពពួក​ Ibuprofène ​នៅ​ពេល​មាន​អាការៈ​ឈឺ​ធ្មេញ​ឡើយ ព្រោះ​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​របស់​ថ្នាំ​អាច​បាំងសក្តានុពល​នៃ​ការ​បង្ក​រោគ​នៅ​ធ្មេញ។ ដូច​ថ្នាំ​Aspirine ដែរ​ សូម​កុំ​ប្រើIbuprofène នៅ​ពេល​ជំងឺ​ហឺត ឬឈាម​រាវ​ដំបៅ និង​ហាម​ប្រើ​ចំពោះ​អ្នក​មាន​បញ្ហា​ខ្សោយ​ថ្លើម​ ខ្សោយ​បេះដូង និង​ខ្សោយ​តម្រង​នោម។

​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ចាប់​ពី​៥​ខែ​ឡើង​ទៅ​ មិន​ត្រូវ​ប្រើ​ថ្នាំ​ទេ ព្រោះ​មាន​ហានិភ័យ​អាច​ប៉ះពាល់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ។ គេ​ពុំ​ឃើញ​មាន​បម្រាម​ ឬ​កំណត់​សម្គាល់​អ្វី​បញ្ជាក់​អំពី​គ្រោះ​ថ្នាក់​នៃ​ថ្នាំ​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ត្រី​ដំបូង​មែន ប៉ុន្តែ​បាន​ការ​ស្រាវជ្រាប​របស់​វិទ្យាស្ថាន​សុខភាព​និង​ស្រាវជ្រាវ​ឱសថសាស្ត្រ​បារាំង​ ibuprofène ទំនង​ជា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​តាំង​ពី​សប្តាហ៍​ដំបូង​ម្ល៉េះ។ ចំពោះ​ការ​បំបៅ​ដោះ​វិញ ibuprofène អាច​ជ្រៀត​ចូល​លក្នុង​ទឹក​ដោះ​ម្តាយ​បាន​យ៉ាង​តិច​តួច​បំផុត​ ប៉ុន្តែ​ដើម្បី​ជា​កិច្ចការ​ពារ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​អ្នកជា​ម្តាយ​ប្រើ​​​ថ្នាំ​នេះ​ទេ ក្នុង​អំឡុង​ពេលបំបៅ​ដោះ​កូន។

ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ សូម​ចង​ចាំ​តែ​ម្យ៉ាង​ថា ត្រូវ​គោរព​កំរិត និង​រយៈ​ពេល​នៃការ​ប្រើ​ថ្នាំ ដើម្បី​កាត់​បន្ថយ​ផល​រំខាន​ធ្ងន់​ធ្ងរ។ ប្រើ​Ibuprofène កាន់​តែ​ខ្លី​ កាន់​តែ​តិច​ កាន់​តែ​ប្រសើរ ! កំរិត​នៃ​ការ​ប្រើប្រាស់ ៖ មនុស្ស​ធំ​និង​កុមារ​ទម្ងន់លើស​ពី​៣០​Kg អាច​លេប​​ថ្នាំ​Ibuprofène (៤០០mg) ក្នុង​កំរិត​ម្តង​មួយ​គ្រាប់ និង​ត្រឹម​តែ​បី​គ្រាប់​ក្នុង​មួយថ្ងៃ ដោយ​មានគម្លៀតពី​គ្នា​​៦​ម៉ោង​យ៉ាង​តិច។ ការ​ប្រើ​ក្នុង​កំរិត​ច្រើន​ជ្រុល និង​រយៈ​ពេល​យូរ​អាច​បង្កផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​មួយ​ចំនួន​ដូច​ជា រលាក​ក្រពះ រលាក​ឬ​ចេញ​ឈាម​បំពង់​អាហារ ប្រតិកម្ម​អាលែកហ្សិក មាន​វិបត្តិ​ហឺត នឿយហត់​ ឬ​ខ្សោះជាតិ​ទឹក។ ចំពោះ​ស្រ្តីដែល​ចង់​មាន​បុត្រ មិន​គួរ​ប្រើ​ ibuprofène ​ទេ ព្រោះ​វា​អាច​នឹង​ធ្វើ​សមត្ថភាព​បង្ក​កំណើត​របស់​ស្ត្រី​ធ្លាក់​ចុះ​ខ្សោយ។ ប៉ុន្តែ​រាល់​គ្រប់ផល​ប៉ះពាល់​របស់​សុទ្ធ​តែ​អាច​ស្តារ​ឱ្យ​ឡើង​ប្រសើរ​វិញ​បាន នៅ​ពេល​ឈប់​ទទួល​ថ្នាំ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ