Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៦
Aspirine, ibuprofène, paracétamol...ទាំងបីមុខនេះ ជាថ្នាំដែលសឹងថាមិនអាចខ្វះបាននៅក្នុងផ្ទះ និងដែលរកទិញបានដោយគ្មានវេជ្ជបញ្ជា។ ថ្នាំទាំងបីមុខនេះ សុទ្ធតែមានប្រសិទ្ធភាពអាចបំបាត់ការឈឺចាប់ និងអាការៈក្តៅខ្លួនដូចគ្នា។ ហេតុដូច្នេះហើយបានជាយើងពិបាកនឹងបែងចែកភាពខុសគ្នា និងជ្រើសរើសប្រើឱ្យត្រូវកាលណាស់។ តាមការពិតថ្នាំទាំងបីប្រភេទនេះ មានបន្សំមូលេគុលខុសគ្នា ដែលបញ្ជាក់អំពីការប្រើប្រាស់ខុសគ្នា និងដែលមិនត្រូវធ្វេសប្រហែសក្នុងការប្រើឡើយ។
Ibuprofène, paracétamol, Aspirine... ជាថ្នាំបំបាត់ការឈឺចាប់ ក្តៅខ្លួន និងជាថ្នាំដែលមានប្រើយ៉ាងញឹកញាប់ជាងគេក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅ។ ប៉ុន្តែសូមប្រយ័ត្ន បើការឈឺចាប់អូសបន្លាយលើសពី ៥ថ្ងៃ ក្តៅខ្លួនលើសពីបី ឬមានសញ្ញារោគផ្សេងបន្ថែមទៀត សូមកុំបន្តលេបថ្នាំទាំងនេះ ដោយខ្លួនឯង ដោយគ្មានការពិគ្រោះជាមួយនឹងគ្រូពេទ្យឱ្យសោះ។ លោកអ្នកនាងគួរតែមានយ៉ាងហោចណាស់ក៏មួយមុខនៅក្នុងផ្ទះជាប្រចាំ។ បើមានទាំងពីរ ឬទាំងបីមុខ កាន់តែប្រសើរ ... ប៉ុន្តែត្រូវចេះប្រើ !
● Paracétamol: ស្ត្រីមានផ្ទៃពោះក៏អាចប្រើបាន ប៉ុន្តែមិនមែនសម្រាប់អ្នកមានបញ្ហាថ្លើម
ជាជម្រើសទីមួយ ទាំងសម្រាប់មនុស្សធំពេញវ័យ កុមារ និងស្ត្រីមានផ្ទៃពោះ ក្នុងការព្យាបាលអាការៈឈឺចុកចាប់ ក្តៅខ្លួន ផ្តាសាយ។ ខុសពី Aspirine និង Ibuprofène ថ្នាំប៉ារ៉ាសេតាម៉ុល មិនស្ថិតនៅក្នុងចង្កោមថ្នាំប្រឆាំងនឹងការរលាក Anti Inflammatoireទេ។ ដូច្នេះ ប៉ារ៉ាសេតាម៉ុល ពិតជាជួយបន្ថយការឈឺចុកចាប់ មិនសូវបានល្អនិងលឿនដូចពពួកថ្នាំ Aspirine និង Ibuprofène ឡើយ។ ប៉ុន្តែវាក៏មិនសូវបង្កផលប៉ះពាល់ និងធ្វើឱ្យឆាប់ខូចក្រពះទេ។ ពពួកថ្នាំប៉ារ៉ាសេតាម៉ុល មានធ្វើចរាចរណ៍លើទីផ្សារ ក្រោមឈ្មោះផ្សេងៗជាច្រើនទៀត ដូចជា Doliprane, Dafalgan, Efferalgan, Tylenol ។ល។ និង។ល។
កម្របង្កផលប៉ះពាល់អាក្រក់មែន តែសូមប្រយ័ត្នចំពោះអ្នកមានជំងឺថ្លើមនិងតម្រងនោម នៅពេលទទួលទានថ្នាំនេះច្រើនជ្រុល (លើសពី៤ក្រាមក្នុងមួយថ្ងៃ) ឬនៅពេលលេបពេលផឹកសុរា។ ប៉ារ៉ាសេតាម៉ុល និងសុរ៉ា មិនត្រូវធាតុគ្នាទេ សូមចៀសវាងកុំប្រើប៉ារ៉ាសេតាម៉ុលពេលផឹកស្រា ឬពេលផឹកសុរាកុំប្រើថ្នាំប៉ារ៉ាសេតាម៉ុល។
● Aspirine: ហាមប្រើពេលធ្លាក់រដូវ
ដោយសារតែ អាស្ពីរីន មានសមត្ថភាពពង្រាវឈាម ថ្នាំនេះអាចត្រូវបានគេអនុញ្ញតឱ្យប្រើប្រាស់ជាលក្ខណៈជាប្រចាំសម្រាប់ព្យាបាលនិងការពារជំងឺសរសៃឈាមបេះដូង និងមិនត្រូវប្រើប្រាស់ក្នុងករណីមានអាការៈគ្រុនផ្តាសាយឬជំងឺបង្កឡើងដោយវីរ៉ុស ឬមេរោគទេ។ ដើម្បីចៀសវាង ការប្រើប្រាស់ថ្នាំអាស្ពីរីនហួសកំរិត គេមិនត្រូវលេបអាស្ពីរីន ជាមួយនឹងពពួកថ្នាំAnti-Inflammatoireផ្សេងទៀត ដូចយ៉ាងIbuprofène /Advilឡើយ។
● Ibuprofène: ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ
ជាពពួកថ្នាំanti-inflammatoire non stéroïdien (AINS) ដូចAspirineដែរ ដែលអាចប្រើដើម្បីបំបាត់ការក្តៅខ្លួន ការឈឺក្បាល ការឈឺចុកចាប់ផ្សេងៗ មានជាអាទិ៍ឈឺពោះពេលធ្លាក់រដូវ និងការរលាក ដូចជារលាកសន្លាក់ ពុកឆ្អឹង រលាកសរសៃ-សរសៃកែង ឈឺចង្កេះ ប៉ុន្តែថ្នាំនេះគ្មានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយនិងការបង្ករោគទេ។ ថ្វីបើមានសមត្ថភាពបំបាត់ការឈឺចាប់មែន ប៉ុន្តែគេមិនណែនាំឱ្យប្រើពពួក Ibuprofène នៅពេលមានអាការៈឈឺធ្មេញឡើយ ព្រោះឥទ្ធិពលប្រឆាំងនឹងការរលាករបស់ថ្នាំអាចបាំងសក្តានុពលនៃការបង្ករោគនៅធ្មេញ។ ដូចថ្នាំAspirine ដែរ សូមកុំប្រើIbuprofène នៅពេលជំងឺហឺត ឬឈាមរាវដំបៅ និងហាមប្រើចំពោះអ្នកមានបញ្ហាខ្សោយថ្លើម ខ្សោយបេះដូង និងខ្សោយតម្រងនោម។
ស្ត្រីមានផ្ទៃពោះ ចាប់ពី៥ខែឡើងទៅ មិនត្រូវប្រើថ្នាំទេ ព្រោះមានហានិភ័យអាចប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។ គេពុំឃើញមានបម្រាម ឬកំណត់សម្គាល់អ្វីបញ្ជាក់អំពីគ្រោះថ្នាក់នៃថ្នាំចំពោះទារកក្នុងផ្ទៃត្រីដំបូងមែន ប៉ុន្តែបានការស្រាវជ្រាបរបស់វិទ្យាស្ថានសុខភាពនិងស្រាវជ្រាវឱសថសាស្ត្របារាំង ibuprofène ទំនងជាអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃតាំងពីសប្តាហ៍ដំបូងម្ល៉េះ។ ចំពោះការបំបៅដោះវិញ ibuprofène អាចជ្រៀតចូលលក្នុងទឹកដោះម្តាយបានយ៉ាងតិចតួចបំផុត ប៉ុន្តែដើម្បីជាកិច្ចការពារ គ្រូពេទ្យមិនណែនាំឱ្យអ្នកជាម្តាយប្រើថ្នាំនេះទេ ក្នុងអំឡុងពេលបំបៅដោះកូន។
ទោះក្នុងករណីណាក៏ដោយ សូមចងចាំតែម្យ៉ាងថា ត្រូវគោរពកំរិត និងរយៈពេលនៃការប្រើថ្នាំ ដើម្បីកាត់បន្ថយផលរំខានធ្ងន់ធ្ងរ។ ប្រើIbuprofène កាន់តែខ្លី កាន់តែតិច កាន់តែប្រសើរ ! កំរិតនៃការប្រើប្រាស់ ៖ មនុស្សធំនិងកុមារទម្ងន់លើសពី៣០Kg អាចលេបថ្នាំIbuprofène (៤០០mg) ក្នុងកំរិតម្តងមួយគ្រាប់ និងត្រឹមតែបីគ្រាប់ក្នុងមួយថ្ងៃ ដោយមានគម្លៀតពីគ្នា៦ម៉ោងយ៉ាងតិច។ ការប្រើក្នុងកំរិតច្រើនជ្រុល និងរយៈពេលយូរអាចបង្កផលវិបាកធ្ងន់ធ្ងរខ្លាំងមួយចំនួនដូចជា រលាកក្រពះ រលាកឬចេញឈាមបំពង់អាហារ ប្រតិកម្មអាលែកហ្សិក មានវិបត្តិហឺត នឿយហត់ ឬខ្សោះជាតិទឹក។ ចំពោះស្រ្តីដែលចង់មានបុត្រ មិនគួរប្រើ ibuprofène ទេ ព្រោះវាអាចនឹងធ្វើសមត្ថភាពបង្កកំណើតរបស់ស្ត្រីធ្លាក់ចុះខ្សោយ។ ប៉ុន្តែរាល់គ្រប់ផលប៉ះពាល់របស់សុទ្ធតែអាចស្តារឱ្យឡើងប្រសើរវិញបាន នៅពេលឈប់ទទួលថ្នាំនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ