អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុ​អ្វី​​ស្ត្រី​​ប្រឈម​នឹង​ជំងឺ​លើស​ឈាម​ ខ្លាំង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី ១៧ ឧសភា ​នេះ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ លើស​ឈាម​ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត និង​មិនមែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​បុរស​ដូច​ការ​គិត​ពី​មុន​ទេ ! ពេលនេះ​ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ ​មាន​​​ស្ត្រី​កាន់​តែ​ច្រើន​ឡើង​ៗ កើត​ជំងឺ​លើស​ឈាម។ ដំណាក់កាល​ដ៏​សំខាន់​នៃ​ការ​វិវឌ្ឍ​ជំងឺ​នេះ គឺ​នៅ​ពេល​ស្ត្រី​ចាប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត ពេល​ស្ត្រី​ពរ​ពោះ និង​ពេល​អស់​រដូវ។

ប្រដាប់​វាស់​សម្ពាធ​ឈាម
ប្រដាប់​វាស់​សម្ពាធ​ឈាម Steven Fruitsmaak / Wikicommons
ផ្សាយពាណិជ្ជកម្ម

លើស​ឈាម ឬ​ជំងឺ​សម្ពាធឈាម​ខ្ពស់ ជា​ជំងឺ​ដែល​កើតមាន​កាន់​តែ​ច្រើនឡើងៗ​នៅ​លើ​ពិភពលោក។ បើ​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សុខភាព​ពិភពលោក គេ​រាប់​ឃើញ​មនុស្ស​មិន​តិច​ជា​ង​១ពាន់​លាន​នាក់​ទេ មាន​ផ្ទុក​ជំងឺ​នេះ ក្នុង​នោះ ៤០%​ជា​អ្នក​ជំងឺ​​នៅក្នុង​ប្រទេស​អ្នក​មានឬ ៦០%ប្រទេ​សកី្រក្រ​កំពុង​អភិវឌ្ឍន៍​។ នៅ​ឆ្នាំ​២០២៥ ដោយ​ភាព​ចាស់​ជរា​របស់​ប្រជាពលរដ្ឋ​ទូទៅ ​ភពផែនដីនឹង​មាន​អ្នក​កើត​ជំងឺ​លើស​ឈាម​ដល់​ទៅ ១ពាន់​លាន​នាក់​កន្លះ។

លើស​ឈាម​ ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់​ៗ​បំផុត និង​ជា​ជំងឺ​រ៉ាំរៃ​មួយ​ដែល​មិន​សូវ​បាន​ទទួល​ការ​យក​ចិត្ត​ដាក់​វិភាគ​និង​ព្យាបាល​ទេ។ មួយ​ភាគ​បី​នៃ​មនុស្ស​ពេញ​វ័យ មាន​ផ្ទុក​ជំងឺ​លើស​ឈាម ប៉ុន្តែ​ពាក់​កណ្តាល​មិន​ដឹង​ខ្លួន​ទេ ហើយ​មាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ បាន​តាមដាន​សុខភាព​និង​ព្យាបាល​ខ្លួន។ ​ក្នុង​មួយ​ឆ្នាំៗ ១៣%​នៃ​មរណភាព​នៅ​លើ​ពិភពលោក គឺ​បណ្តាល​មក​ពី​ជំងឺ​លើស​ឈាម​ ពោល​គឺ​ លើស​ឈាម​ជា​មូលហេតុ​ទី​មួយ​នៃមរណភាព​ មិនមែន​ជា​ជំងឺ​មហារីក​ឡើយ។ ​ជំងឺ​លើស​ឈាម​អាច​បន្យល់​ទុក​នូវ​ផលវិបាក​ជា​ច្រើន​ទៀត ហើយ​មិនមែន​ជា​ជំងឺ​របស់​មនុស្ស​ចាស់ឡើយ និង​ក៏​មិន​មែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​មនុស្ស​ភេទ​ប្រុសដែរ !

ពី​មុន​មក​គេ​តែង​គិត​ថា ជំងឺ​លើស​ឈាម​មាន​កើត​ច្រើន​តែ​លើ​បុរស​ទេ ចំណែក​ស្ត្រី​មិន​សូវ​ពាក់​ព័ន្ធ​ឡើយ ! ប៉ុន្តែ​បច្ចុប្បន្ន​នេះ ចំនួន​ស្ត្រី​មាន​ជំងឺ​ បាន​កើន​​កាន់​តែ​ច្រើន​ឡើងៗ​ជា​លំដាប់ (២២%​នៅ​ឆ្នាំ​២០១៤ ២៥% ២០១៦)។ ស្ត្រី ប្រឈម​នឹង​គ្រោះ​កើត​​ជំងឺ​លើស​ឈាមស្មើ​នឹង​បុរស ! ហេតុ​អ្វី​បាន​ជា​ដូច្នេះ ?

នេះ​ជា​និន្នាការ​ធម្មតា​ទេ ព្រោះ​របៀប​របប​រស់​នៅ​របស់​ស្ត្រី​បាន​ប្តូរ​ផ្លាស់ ! ជា​ពិសេស​ស្ត្រី​ក្នុង​វ័យ​ពី​៣០​ទៅ​៤០​ឆ្នាំ។ ស្ត្រី​សម័យ​ថ្មី​មាន​​ជីវិត​ដូច​បុរស ៖ មិន​សូវ​បញ្ចេញ​កម្លាំ​ងកាយ​​ ផឹក-​ជក់ដូច​បុរស ចេញ​ធ្វើ​ការ មាន​ស្ត្រេស និង​ធាត់​ជ្រុល ដូច​បុរស... ស្ត្រី​គ្រប់​វ័យ​សុទ្ធ​តែ​អាច​កើត​ជំងឺ​លើស​ឈាម​បាន​ទាំង​អស់ ប៉ុន្តែការ​ព្រួយ​បារម្ភ​មាន​ផ្តោត​ជា​ពិសេស​ទៅ​ស្រ្តី​ក្នុង​វ័យជាង​សាម។ វ័យ​ដែល​ជា​ដំណាក់​កាល​​ដ៏​សំខាន់​​នៃ​ជីវិត​ ព្រោះ​បញ្ហា​សុខភាព​អាច​ចាប់លេច​ឡើង និង​ជា​ពេលវេលា​ នៃ​ការ​បន្ត​ពូជ-​ពរពោះ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត និង​ ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​អស់​រដូវ។

លើស​ឈាម​និង​ថ្នាំ​ពន្យារ​កំណើត

បើ​តាម​អ្នក​ស្រាវជ្រាវ​បារាំង មាន​ស្ត្រី​ប្រមាណ​ពី ១០​ទៅ​១៥% មាន​ជំងឺ​លើស​ឈាម​នៅ​ពេល​មាន​ផ្ទៃពោះ។ នៅ​ពេល​អស់​រដូវ អត្រា​​ស្ត្រីមាន​ជំងឺ​លើស​ឈាម​ បាន​ឡើង​ដល់​ជាង​៥០%។ ហានិភ័យ​កើត​ ​​ជំងឺ​សរសៃ​ឈាម​បេះដូង និងជាពិសេស​ ជំងឺ​លើស​ឈាម​ បាន​ចាប់​ផ្តើម​វិវត្ត នៅ​ពេល​ស្ត្រី​ ចាប់​ផ្តើម​ប្រើ​ថ្នាំ​ពន្យារ​កំណើត។ ​ចាប់​​ប្រើ​វិធី​​ពន្យារ​កំណើត ជា​ពេល​ត្រូវ​ចាប់​គិត​គូរ​តាម​ដាន​វាស់​សម្ពាធ​ឈាម អត្រា​កូឡេស្តេរ៉ូល និង​របប​ចំណី​អាហារ​។

មធ្យោបាយ​​​ពន្យារកំណើត (ជា​ថ្នាំ ជា​កង​ដាក់​ដៃ ដាក់​ក្នុង​ស្បូន ជា​patchsបិត ...)​ ​មាន​ផ្ទុក​អ័រមូនសំយោគដែល​ជា​ភ្នាក់ងារ​​អាច​បង្ក​ឱ្យសម្ពាធ​ឈាម​ឡើង​​ខ្ពស់។ គេស​ង្កេត​ឃើញ​ថា មាន​ ៤%​នៃ​ស្ត្រី​ពី​១៨ទៅ ៣៤​ឆ្នាំ និង​៨%​នៃ​ស្ត្រី​អាយុ​ពី ៣៥-៤៤ឆ្នាំ​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត មាន​សម្ពាធ​ឡើង​ខ្ពស់។​ ​

ប៉ុន្តែ​នេះ​មិនមែន​ជា​បម្រាម​ទេ ! ស្ត្រី​នៅ​តែ​អាច​បន្ត​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បាន​ដដែល គ្រាន់​តែ​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លាំង និងត្រូវ​​ឆ្លង​កាត់​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​បើសង្ស័យ​ថា​​អ្នក​មាន​ផ្ទុក​កត្តា​គ្រោះថ្នាក់​នឹង​ខ្លួន។ ​ ជា​ទូទៅ ​​នៅពេល​ឈប់​លេបថ្នាំ​ពន្យារ​កំណើត​ សម្ពាធ​ឈាមនឹង​វិល​មក​ភាព​ធម្មតា​ឡើង​វិញ យ៉ាង​យូរ​៦ខែ​ក្រោយ។ ថ្នាំ​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​អ័រមូនOestrogène សំយោគ​មិន​សូវ​បង្ក​ឱ្យ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ទេ ប៉ុន្តែ​ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ អ្នក​គួរ​តែ​ប្តូរ​មធ្យោបាយ​ពន្យារ​កំណើត ពី​ពពួក​ថ្នាំ​មាន​Oestrogèneទៅ​ជា​ថ្នាំ​ដែល​មាន​អ័រមូន Progesterone ឬ​ជា​កង​ក្នុង​ស្បូន​ ដែល​មាន​ឬ​គ្មាន​អ័រមូន​Progesteroneវិញ។

លើស​ឈាម​និង​ការ​ពរពោះ

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ជា​ទូទៅក្នុង​អំឡុង​ពេល​នោះ ពួក​គាត់​ច្រើន​សម្ពាធ​ឈាម​ខ្សោយ (ចុះ​ឈាម) ប៉ុន្តែ​​​មាន​ករណី​ពីរ​យ៉ាង​​ដែល​នាំ​ឱ្យ​សម្ពាធ​ឈាម​ស្ត្រី​ឡើង​ខ្ពស់។

ទី​មួយ ៖ ជំងឺ​លើស​ឈាម​ងាយ​នឹង​កើត​លើ​ស្ត្រី​ពេល​ពរពោះ ដោយ​ហេតុ​តែ​​ស្ត្រីនោះ មានរាង​ធាត់ ធ្លាប់​មាន​ជំងឺ​​ធាត់​ជ្រុល​កាល​ពី​នៅ​ក្រមុំ ឬ​មាន​ផ្ទៃពោះ​វ័យ​ចំណាស់​ពេក។ ករណី​បែប​នេះ ត្រូវ​ការ​ការ​តាមដាន​ពិនិត្យ​សុខភាព​យ៉ាង​ហ្មត់​ចត់​បំផុត តាំងពី​មុន កំពុង​និ​ងក្រោយ​ការ​ពរពោះ។ ទី​ពី​រ គឺ​​ជំងឺ​លើស​ឈាម​ លេចឡើង​ក្នុង​​ពេល​ពរពោះ។ ករណី​នេះ មាន​ទាក់ទង ១០​ទៅ​១៥​% នៃ​ស្ត្រី​ពរពោះ​។ ​សម្ពាធ​ឈាម​នឹងវិល​ត្រលប់​មកធម្មតា​វិញ នៅ​ក្រោយ​ការ​សម្រាលកូន​រួច។ ករណី​លើស​ឈាម​ពេល​ពរ​ពោះនេះ​ បណ្តាល​មក​ពី​ ទឹក​ភ្លោះ ដែល​ចិញ្ចឹម​ទារក​ក្នុង​ផ្ទៃ ការ​លូត​លាស់​មិន​ត្រឹម​ត្រូវ​ និង​ច្រើន​ស្តែង​ចេញ​នៅ​រវាង​ត្រីមាស​ទីពីរ​នៃគ៌ភ។ ការ​វិភាគ​រក​ជំងឺ​លើស​ឈាម​ពេល​ពរពោះ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ត្រី​មាស​ដំបូង និង​ជា​រៀង​រាល់​ខែ។

ក្នុង​ករណី​​មាន​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ធ្វើ​ការ​តាមដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​ឯកទេស​សម្ភព សហការ​ជាមួយ​គ្រូពេទ្យ​បេះដូង និងគ្រូពេទ្យ​ទូទៅ ដើម្បី​បញ្ជៀស​ផលវិបាក ដែលអាច​​ប៉ះពាល់​ដល់​អាយុ​ជីវិត ទាំង​ម្តាយ ទាំង​ទារក​នៅ​ពេលប្រសូត ដែល​ចាស់​បូរាណ​ប្រើ​ពាក្យ​ថា​ព្រាយ​ក្រឡាភ្លើង។ បើ​ធា្លប់​មាន​ជំងឺ​លើស​ឈាម សូមកុំ​មាន​កូន​ញឹក និង​សូម​រក្សា​អនាម័យ​នៃ​ការរស់​នៅ​ឱ្យ​ត្រឹម​ត្រូវ ព្រម​ទាំង​តាម​ដាន​សុខភាព​សម្ពាធ​ឈាម​ឱ្យ​បាន​ទៀត​ទាត់​ ព្រោះ​អ្នក​ងាយ​នឹង​ធ្លាក់​ខ្លួនមាន​ជំងឺ​លើសឈាម​ទៅ​ថ្ងៃ​ក្រោយ​ណាស់។

លើស​ឈាមនិង​ការ​អស់​រដូវ

នៅពេល​មាន​រដូវ ​ស្ត្រី​មានអ័រមូន​ ការពារ​ ! ការពារកំរិត​សម្ពាធ​ឈាមស្ត្រី​ឱ្យ​នៅ​ទាប។ នៅ​ពេលចូល​ដល់​វ័យអស់​រដូវ​ ជា​មធ្យម​ក្នុង​វ័យ​៥០​ឆ្នាំ ស្ត្រី​គ្មាន​អ្វី​ការ​ពារ​ទៀត​ទេ ! អ័រមូនOestrogène ជា​ធម្មជាតិ​របស់​ស្ត្រី​ថយ​ជា​ជា​លំដាប់ ជញ្ជាំង​សរសៃ​ឈាម​ក៏​ចាប់​រឹង​ទៅៗ សញ្ញា​រោគ​មេតាបូលិក ចាប់​ស្តែង​ឡើង គ្រោះ​កើត​ជំងឺ​លើសឈាម​បាន​កើន​ឡើង​គួរ​ជា​ទី​កត់​សម្គាល់​។ ​១/៤ នៃ​ស្ត្រី​​អាយុ​ពី​៥០ទៅ​៦០​ឆ្នាំ និង​ពាក់​កណ្តាល​នៃ​ស្ត្រី​ចាប់​ពី​អាយុ​៦០​ឡើង​ទៅ មាន​ជំងឺ​លើស​ឈាម។ ស្ត្រី​អស់​រដូវ​ ​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង គ្រោះ​ដាច់​សរសៃ​ឈាម​បេះដូង សរសៃឈាម​ខួរក្បាល ស្លោក​បេះ​ដូង ឬ​ខ្សោយ​បេះដូង​ ដូចបុរស។ ដូច្នេះ ក្រោយ​ពេល​អស់​រដូវ សូម​ស្ត្រី​ទាំង​ឡាយ​ប្រុងប្រយ័ត្ន និង​តាម​ដាន​សុខភាព​សម្ពាធ​ឈាម​ឱ្យ​បាន​ញឹក​ញាប់ និង​ប្រកាន់​យក​អនាម័យ​ជីវិត​ឱ្យ​បាន​ត្រឹម​ត្រូវ​​បំផុត។

ប្រកាន់ខ្ជាប់អនាម័យ​ល្អ​ក្នុង​ការរស់​នៅ គឺ ត្រូវ​ធ្វើ​កីឡា បញ្ចេញ​កម្លាំង​កាយសម្បទារ មិន​ស្ពឹក​ស្រពន់ មិន​ទទួល​ទាន​សុរា មិន​ជក់​បារី បរិភោគ​អាហារ​មាន​លំនឹង​ និង​មិន​ប្រៃ។

លើស​ឈាម​ជា​ឃាតករ​ដែល​សម្លាប់​មនុស្ស​ដោយ​ស្ងាត់ៗ​បំផុត ព្រោះ​ជាទូទៅ ក្នុង​កំរិត​ពាក់​កណ្តាល គ្មានផ្តល់​រោគ​សញ្ញា​​អ្វី​ជា​ប្រាកដ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ការ​សង្ស័យ​ មានឪពុកម្តាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម ឬ​ធា្លប់​មាន​ជំងឺ​លើសឈាម​នៅ​ពេល​ផ្ទៃពោះ​ សូម​ប្រុង​ប្រយ័ត្ន និង​គិត​គូរ​វាស់​សម្ពាធ​ឈាម នៅ​ពេល​មាន​រោគ​សញ្ញា​ ឈឺក្បាល ពិបាក​ផ្ចង់​អារម្មណ៍​ វិល​មុខ ហត់​ល្អិតល្ហៃ​ជាប់​ជា​ប្រចាំ ស្រវាំង​ភ្នែក ហឹង​ត្រចៀក​ រួយ​កញ្ចឹង​ក ចុក​ទ្រូង ឬ​ក៏​ហត់ខ្លាំង​នៅ​ពេល​ប្រឹង​ធ្វើ​អ្វី​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ