ហេតុអ្វីស្ត្រីប្រឈមនឹងជំងឺលើសឈាម ខ្លាំង ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៨
នៅថ្ងៃទី ១៧ ឧសភា នេះ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺលើសឈាម។ លើសឈាមជាជំងឺដែលវិវឌ្ឍដោយស្ងាត់ៗបំផុត និងមិនមែនជាជំងឺដែលមានកើតតែលើបុរសដូចការគិតពីមុនទេ ! ពេលនេះ ដោយសារការផ្លាស់ប្តូររបៀបរបបរស់នៅ មានស្ត្រីកាន់តែច្រើនឡើងៗ កើតជំងឺលើសឈាម។ ដំណាក់កាលដ៏សំខាន់នៃការវិវឌ្ឍជំងឺនេះ គឺនៅពេលស្ត្រីចាប់ប្រើថ្នាំពន្យារកំណើត ពេលស្ត្រីពរពោះ និងពេលអស់រដូវ។
លើសឈាម ឬជំងឺសម្ពាធឈាមខ្ពស់ ជាជំងឺដែលកើតមានកាន់តែច្រើនឡើងៗនៅលើពិភពលោក។ បើតាមតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក គេរាប់ឃើញមនុស្សមិនតិចជាង១ពាន់លាននាក់ទេ មានផ្ទុកជំងឺនេះ ក្នុងនោះ ៤០%ជាអ្នកជំងឺនៅក្នុងប្រទេសអ្នកមានឬ ៦០%ប្រទេសកី្រក្រកំពុងអភិវឌ្ឍន៍។ នៅឆ្នាំ២០២៥ ដោយភាពចាស់ជរារបស់ប្រជាពលរដ្ឋទូទៅ ភពផែនដីនឹងមានអ្នកកើតជំងឺលើសឈាមដល់ទៅ ១ពាន់លាននាក់កន្លះ។
លើសឈាម ជាជំងឺដែលវិវឌ្ឍដោយស្ងាត់ៗបំផុត និងជាជំងឺរ៉ាំរៃមួយដែលមិនសូវបានទទួលការយកចិត្តដាក់វិភាគនិងព្យាបាលទេ។ មួយភាគបីនៃមនុស្សពេញវ័យ មានផ្ទុកជំងឺលើសឈាម ប៉ុន្តែពាក់កណ្តាលមិនដឹងខ្លួនទេ ហើយមានតែពាក់កណ្តាលប៉ុណ្ណោះ បានតាមដានសុខភាពនិងព្យាបាលខ្លួន។ ក្នុងមួយឆ្នាំៗ ១៣%នៃមរណភាពនៅលើពិភពលោក គឺបណ្តាលមកពីជំងឺលើសឈាម ពោលគឺ លើសឈាមជាមូលហេតុទីមួយនៃមរណភាព មិនមែនជាជំងឺមហារីកឡើយ។ ជំងឺលើសឈាមអាចបន្យល់ទុកនូវផលវិបាកជាច្រើនទៀត ហើយមិនមែនជាជំងឺរបស់មនុស្សចាស់ឡើយ និងក៏មិនមែនជាជំងឺដែលមានកើតតែលើមនុស្សភេទប្រុសដែរ !
ពីមុនមកគេតែងគិតថា ជំងឺលើសឈាមមានកើតច្រើនតែលើបុរសទេ ចំណែកស្ត្រីមិនសូវពាក់ព័ន្ធឡើយ ! ប៉ុន្តែបច្ចុប្បន្ននេះ ចំនួនស្ត្រីមានជំងឺ បានកើនកាន់តែច្រើនឡើងៗជាលំដាប់ (២២%នៅឆ្នាំ២០១៤ ២៥% ២០១៦)។ ស្ត្រី ប្រឈមនឹងគ្រោះកើតជំងឺលើសឈាមស្មើនឹងបុរស ! ហេតុអ្វីបានជាដូច្នេះ ?
នេះជានិន្នាការធម្មតាទេ ព្រោះរបៀបរបបរស់នៅរបស់ស្ត្រីបានប្តូរផ្លាស់ ! ជាពិសេសស្ត្រីក្នុងវ័យពី៣០ទៅ៤០ឆ្នាំ។ ស្ត្រីសម័យថ្មីមានជីវិតដូចបុរស ៖ មិនសូវបញ្ចេញកម្លាំងកាយ ផឹក-ជក់ដូចបុរស ចេញធ្វើការ មានស្ត្រេស និងធាត់ជ្រុល ដូចបុរស... ស្ត្រីគ្រប់វ័យសុទ្ធតែអាចកើតជំងឺលើសឈាមបានទាំងអស់ ប៉ុន្តែការព្រួយបារម្ភមានផ្តោតជាពិសេសទៅស្រ្តីក្នុងវ័យជាងសាម។ វ័យដែលជាដំណាក់កាលដ៏សំខាន់នៃជីវិត ព្រោះបញ្ហាសុខភាពអាចចាប់លេចឡើង និងជាពេលវេលា នៃការបន្តពូជ-ពរពោះ ការប្រើថ្នាំពន្យារកំណើត និង ដំណើរឆ្ពោះទៅរកការអស់រដូវ។
លើសឈាមនិងថ្នាំពន្យារកំណើត
បើតាមអ្នកស្រាវជ្រាវបារាំង មានស្ត្រីប្រមាណពី ១០ទៅ១៥% មានជំងឺលើសឈាមនៅពេលមានផ្ទៃពោះ។ នៅពេលអស់រដូវ អត្រាស្ត្រីមានជំងឺលើសឈាម បានឡើងដល់ជាង៥០%។ ហានិភ័យកើត ជំងឺសរសៃឈាមបេះដូង និងជាពិសេស ជំងឺលើសឈាម បានចាប់ផ្តើមវិវត្ត នៅពេលស្ត្រី ចាប់ផ្តើមប្រើថ្នាំពន្យារកំណើត។ ចាប់ប្រើវិធីពន្យារកំណើត ជាពេលត្រូវចាប់គិតគូរតាមដានវាស់សម្ពាធឈាម អត្រាកូឡេស្តេរ៉ូល និងរបបចំណីអាហារ។
មធ្យោបាយពន្យារកំណើត (ជាថ្នាំ ជាកងដាក់ដៃ ដាក់ក្នុងស្បូន ជាpatchsបិត ...) មានផ្ទុកអ័រមូនសំយោគដែលជាភ្នាក់ងារអាចបង្កឱ្យសម្ពាធឈាមឡើងខ្ពស់។ គេសង្កេតឃើញថា មាន ៤%នៃស្ត្រីពី១៨ទៅ ៣៤ឆ្នាំ និង៨%នៃស្ត្រីអាយុពី ៣៥-៤៤ឆ្នាំប្រើថ្នាំពន្យារកំណើត មានសម្ពាធឡើងខ្ពស់។
ប៉ុន្តែនេះមិនមែនជាបម្រាមទេ ! ស្ត្រីនៅតែអាចបន្តប្រើថ្នាំពន្យារកំណើតបានដដែល គ្រាន់តែត្រូវចេះប្រុងប្រយ័ត្នខ្លាំង និងត្រូវឆ្លងកាត់ការពិគ្រោះជាមួយគ្រូពេទ្យ បើសង្ស័យថាអ្នកមានផ្ទុកកត្តាគ្រោះថ្នាក់នឹងខ្លួន។ ជាទូទៅ នៅពេលឈប់លេបថ្នាំពន្យារកំណើត សម្ពាធឈាមនឹងវិលមកភាពធម្មតាឡើងវិញ យ៉ាងយូរ៦ខែក្រោយ។ ថ្នាំពន្យារកំណើតដែលមានផ្ទុកអ័រមូនOestrogène សំយោគមិនសូវបង្កឱ្យមានសម្ពាធឈាមឡើងខ្ពស់ទេ ប៉ុន្តែចាប់ពីអាយុ៤០ឆ្នាំឡើងទៅ អ្នកគួរតែប្តូរមធ្យោបាយពន្យារកំណើត ពីពពួកថ្នាំមានOestrogèneទៅជាថ្នាំដែលមានអ័រមូន Progesterone ឬជាកងក្នុងស្បូន ដែលមានឬគ្មានអ័រមូនProgesteroneវិញ។
លើសឈាមនិងការពរពោះ
ចំពោះស្ត្រីមានផ្ទៃពោះវិញ ជាទូទៅក្នុងអំឡុងពេលនោះ ពួកគាត់ច្រើនសម្ពាធឈាមខ្សោយ (ចុះឈាម) ប៉ុន្តែមានករណីពីរយ៉ាងដែលនាំឱ្យសម្ពាធឈាមស្ត្រីឡើងខ្ពស់។
ទីមួយ ៖ ជំងឺលើសឈាមងាយនឹងកើតលើស្ត្រីពេលពរពោះ ដោយហេតុតែស្ត្រីនោះ មានរាងធាត់ ធ្លាប់មានជំងឺធាត់ជ្រុលកាលពីនៅក្រមុំ ឬមានផ្ទៃពោះវ័យចំណាស់ពេក។ ករណីបែបនេះ ត្រូវការការតាមដានពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត តាំងពីមុន កំពុងនិងក្រោយការពរពោះ។ ទីពីរ គឺជំងឺលើសឈាម លេចឡើងក្នុងពេលពរពោះ។ ករណីនេះ មានទាក់ទង ១០ទៅ១៥% នៃស្ត្រីពរពោះ។ សម្ពាធឈាមនឹងវិលត្រលប់មកធម្មតាវិញ នៅក្រោយការសម្រាលកូនរួច។ ករណីលើសឈាមពេលពរពោះនេះ បណ្តាលមកពី ទឹកភ្លោះ ដែលចិញ្ចឹមទារកក្នុងផ្ទៃ ការលូតលាស់មិនត្រឹមត្រូវ និងច្រើនស្តែងចេញនៅរវាងត្រីមាសទីពីរនៃគ៌ភ។ ការវិភាគរកជំងឺលើសឈាមពេលពរពោះត្រូវចាប់ផ្តើមធ្វើតាំងពីត្រីមាសដំបូង និងជារៀងរាល់ខែ។
ក្នុងករណីមានសម្ពាធឈាមខ្ពស់ ត្រូវធ្វើការតាមដានសុខភាពជាមួយគ្រូពេទ្យឯកទេសសម្ភព សហការជាមួយគ្រូពេទ្យបេះដូង និងគ្រូពេទ្យទូទៅ ដើម្បីបញ្ជៀសផលវិបាក ដែលអាចប៉ះពាល់ដល់អាយុជីវិត ទាំងម្តាយ ទាំងទារកនៅពេលប្រសូត ដែលចាស់បូរាណប្រើពាក្យថាព្រាយក្រឡាភ្លើង។ បើធា្លប់មានជំងឺលើសឈាម សូមកុំមានកូនញឹក និងសូមរក្សាអនាម័យនៃការរស់នៅឱ្យត្រឹមត្រូវ ព្រមទាំងតាមដានសុខភាពសម្ពាធឈាមឱ្យបានទៀតទាត់ ព្រោះអ្នកងាយនឹងធ្លាក់ខ្លួនមានជំងឺលើសឈាមទៅថ្ងៃក្រោយណាស់។
លើសឈាមនិងការអស់រដូវ
នៅពេលមានរដូវ ស្ត្រីមានអ័រមូន ការពារ ! ការពារកំរិតសម្ពាធឈាមស្ត្រីឱ្យនៅទាប។ នៅពេលចូលដល់វ័យអស់រដូវ ជាមធ្យមក្នុងវ័យ៥០ឆ្នាំ ស្ត្រីគ្មានអ្វីការពារទៀតទេ ! អ័រមូនOestrogène ជាធម្មជាតិរបស់ស្ត្រីថយជាជាលំដាប់ ជញ្ជាំងសរសៃឈាមក៏ចាប់រឹងទៅៗ សញ្ញារោគមេតាបូលិក ចាប់ស្តែងឡើង គ្រោះកើតជំងឺលើសឈាមបានកើនឡើងគួរជាទីកត់សម្គាល់។ ១/៤ នៃស្ត្រីអាយុពី៥០ទៅ៦០ឆ្នាំ និងពាក់កណ្តាលនៃស្ត្រីចាប់ពីអាយុ៦០ឡើងទៅ មានជំងឺលើសឈាម។ ស្ត្រីអស់រដូវ ប្រឈមនឹងគ្រោះកើតជំងឺសរសៃឈាមបេះដូង គ្រោះដាច់សរសៃឈាមបេះដូង សរសៃឈាមខួរក្បាល ស្លោកបេះដូង ឬខ្សោយបេះដូង ដូចបុរស។ ដូច្នេះ ក្រោយពេលអស់រដូវ សូមស្ត្រីទាំងឡាយប្រុងប្រយ័ត្ន និងតាមដានសុខភាពសម្ពាធឈាមឱ្យបានញឹកញាប់ និងប្រកាន់យកអនាម័យជីវិតឱ្យបានត្រឹមត្រូវបំផុត។
ប្រកាន់ខ្ជាប់អនាម័យល្អក្នុងការរស់នៅ គឺ ត្រូវធ្វើកីឡា បញ្ចេញកម្លាំងកាយសម្បទារ មិនស្ពឹកស្រពន់ មិនទទួលទានសុរា មិនជក់បារី បរិភោគអាហារមានលំនឹង និងមិនប្រៃ។
លើសឈាមជាឃាតករដែលសម្លាប់មនុស្សដោយស្ងាត់ៗបំផុត ព្រោះជាទូទៅ ក្នុងកំរិតពាក់កណ្តាល គ្មានផ្តល់រោគសញ្ញាអ្វីជាប្រាកដទេ។ ប៉ុន្តែប្រសិនបើអ្នកមានការសង្ស័យ មានឪពុកម្តាយកើតជំងឺទឹកនោមផ្អែម លើសឈាម ឬធា្លប់មានជំងឺលើសឈាមនៅពេលផ្ទៃពោះ សូមប្រុងប្រយ័ត្ន និងគិតគូរវាស់សម្ពាធឈាម នៅពេលមានរោគសញ្ញា ឈឺក្បាល ពិបាកផ្ចង់អារម្មណ៍ វិលមុខ ហត់ល្អិតល្ហៃជាប់ជាប្រចាំ ស្រវាំងភ្នែក ហឹងត្រចៀក រួយកញ្ចឹងក ចុកទ្រូង ឬក៏ហត់ខ្លាំងនៅពេលប្រឹងធ្វើអ្វីមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ