អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម៉ាសមាឌ​ខ្លួនធំឬ​តូចមិន​សំខាន់​ទេ ! សំខាន់​សូម​មើល​ក្បាល​ពោះ​របស់​អ្នក ! បើ​មាន​រាង​ល្មម​ តែ​ដុះ​ក្បាល​ពោះ​ធំ​ ប៉ោង​​ដូចផ្លែប៉ោម នោះ​​មាន​ន័យ​ថា​សុខភាព​បេះដូង​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ហើយ។ នេះ​បើ​តាមការអ្នក​ស្រាវជ្រាវ​អាមេរិក។ តើ​បេះដូង​និង​ក្បាល​ពោះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាងណា ? ក្បាល​ពោះ​ប៉ុណ្ណា​ដែល​ចាត់​ទុក​ធំ​ ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​សុខភាព ?

ទំហំក្បាល​ពោះ​ធំ ជា​តំណាង​ហានិភ័យ​នៃ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង
ទំហំក្បាល​ពោះ​ធំ ជា​តំណាង​ហានិភ័យ​នៃ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង Getty Images/Susana Gonzalez/Bloomberg
ផ្សាយពាណិជ្ជកម្ម

ទំហំពោះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​សុខភាព​បេះដូងឬ ? មែន ! ​​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ ​ក្បាលពោះ​ធំ ជា​កត្តា​គ្រោះ​ថ្នាក់ សម្រាប់​បេះដូង ​ខ្លាំង​ជាងការ​​ធាត់​ជ្រុល​ចុក​ខ្លាញ់ទៅ​ទៀត។ ទំហំ​នៃ​ពោះ ការ​ដុះ​ក្បាល​ពោះ និង​ការ​មាន​​ខ្លាញ់​សល់​ទៅកក​នៅ​ក្នុង​ពោះ​ អាច​​បង្កើន​គ្រោះ​កើត​ជំងឺ​សរសៃឈាម​​​បេះដូង ​មួយទ្វេ​​ជា​ពីរ។​ ដុះ​ក្បាល​ពោះ​ធំ​ មាន​គ្រោះ​ថ្នាក់ ចំពោះ​សុខភាពបេះដូង​ខ្លាំង​​ជាង​មាន​ជំងឺ​ធាត់ជ្រុល​ទៅ​ទៀត បើ​ទោះបី​ជា​អ្នក​មាន​ទម្ងន់​សម​ល្ម​ម​និង​កម្ពស់​ក៏ដោយ។ អ្នក​មាន​ទម្ងន់​ធម្មតា ប៉ុន្តែ​ក្បាល​ពោះ​ធំ នោះ​អ្នកនឹង​មាន​គ្រោះ​ហានិភ័យ​ខ្ពស់​ជួប​បញ្ហា​បេះដូង​ ច្រើន​ជាង​មនុស្ស​ធាត់ ធាត់​ចុក​ខ្លាញ់ តែ​គ្មាន​ក្បាល​ពោះ ទៅ​ទៀត។ នេះ​បើ​សេចក្តី​ពន្យល់​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក Jose Medina-Inojosa។

ឬ​បើ​និយាយ​ឱ្យ​ខ្លី ទំហំ​ក្បាល​ពោះ​ ធំ​ជ្រុល​ជា​តំណាង​គ្រោះ​ថ្នាក់​ខ្លាំង​ជាងសន្ទទស្សន៍​ម៉ាសមាឌ​រាងកាយ​ទៀត។ បើតាម​​អង្គការ​សុខភាព​ពិភពលោក សន្ទទស្សនម៉ាសមាឌ​រាងកាយ​ត្រឹម​ត្រូវ​ ត្រូវ​ស្ថិត​នៅ​ចន្លោះ​ពី ១៨-២៥។ ​ដើម្បីគណនា គេ​ត្រូវ​យក​ទម្ងន់​ ជា​គីឡូក្រាម ទៅ​ចែក​នឹង​​កម្ពស់ដែល​លើក​ជា​ការ៉េ ៤៣Kg ៖ ១,៥m2។ ឧទាហរណ៍​ មនុស្ស​កម្ពស់​ ១,៥​ម៉ែត្រ ត្រូវ​មាន​ទម្ងន់​ត្រឹម ពី ៤៣ទៅ៥៦Kg។

​ក្បាល​ពោះ ដែលគេ​ចាត់​ទុក និង​រាប់​បាន​ថា​ជា​សញ្ញា​គ្រោះ​ថ្នាក់ ឬ​មាន​ជំងឺ​ក្បាលពោះ​ធំជ្រុល ត្រូវ​មាន​ទំហំប៉ិន ឬ​ធំ​​ជាង​ទំហំត្រគៀក​៩០% សម្រាប់​បុរស និង​៨៥%​សម្រាប់​ស្ត្រី។ អ្នក​ទៅ​ជួប​ពិគ្រោះ​សុខភាព​ជាមួយ​គ្រូពេទ្យ នៅ​ពេល​វាស់​ឃើញ​ថាទំហំ​ចង្កេះ​របស់​អ្នក​ធំ​ជាង​ទំហំ​ត្រគៀក។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​អ្នក​ស្រាវជ្រាវ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ជា​ឱកាស​រំលឹក​ឡើង​វិញ​អំពី​សារៈ​សំខាន់​នៃ​ការ​គិត​គូរ​វាស់​ទំហំ​ខ្លួន។ អនុសាសន៍​នា​បច្ចុប្បន្ននេះ មិន​បាន​វាយ​តម្លៃ​អំពី​ភាព​ធាត់​និង​ដុះ​ក្បាល​ពោះ​ធំ​ជ្រុលរបស់​បុគ្គល​ដែល​មាន​សន្ទទស្សន៍​ម៉ាស​រាងកាយ​ធម្មតា ហើយ​មនុស្ស​មួយ​ចំនួន ក៏​មិន​បាន​ដឹង​អំពី​ផលប៉ះពាល់នៃ​ក្បាលពោះ​ចំពោះ​សុខភាព​ដែរ។

សំណួរចម្លើយ​របស់​លោក​ស្រី វេជ្ជបណ្ឌិត Corinne Chicheportiche-Ayache ៖

ហេតុអ្វី​ខ្លាញ់​នៅ​ក្បាល​ពោះ​សោះ​បែរ​ជា​ប៉ះពាល់​នាំ​ឱ្យ​ខូច​សុខភាពបេះដូង​ទៅ​វិញ ?

“ចាស ខ្លាញ់​ពោះ ឬ​ខ្លាញ់​នៃ​គ្រឿងក្នុង Graisses Viscérales ពុល​ខ្លាំង​ណាស់ សម្រាប់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។ ខ្លាញ់​នេះ​ពុលខ្លាំង​​សម្រាប់​បេះដូង ព្រោះ​វាកត្តា​នាំ​ឱ្យ​មាន​ភាព​ស៊ាំ​នឹង​ជាតិ​អាំងស៊ុយលីន។ មាន​ន័យ​ថាអាំងស៊ុយលីន ​អ័រមូនបញ្ចេញ​ដោយ​លំពែង ​ដែល​មាន​ភារៈ​ចាត់​ចែង​កំរិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម យក​ជាតិ​ស្ករ​ពី​ឈាម​ទៅ​ចិញ្ចឹម​កោសិកា លែង​មាន​ដំណើរ​ល្អ និង​ត្រឹមត្រូវ។ ​ភាព​ស៊ាំ​នឹង​អាំងស៊ុយលីន​បែប​នេះ នឹង​ជំរុញ​​ឱ្យយើង​​ឆាប់​មាន​បញ្ហា​ទឹក​នោម​ផ្អែម ក្នុង​រយៈ​ពេល​ខ្លីមធ្យម​ ហើយ​យូរ​បន្តិច​ក្រោយ​មក​ទៀត បើ​​លំពែង​លែង​អាច​ផលិត​អាំងស៊ុយលីន​បាន​តាម​តួនាទី នោះ​នឹង​មាន​ផលវិបាក​យ៉ាង​ច្រើនពាក់ព័ន្ធ​​នឹង​ជំងឺ​​សរសៃ​ឈាម​បេះដូង។”

ក្រៅ​អំពី​ជំងឺ​ទឹក​នោម​ផ្អែម តើ​អ្នក​​មាន​ក្បាលពោះ​ធំ​ជ្រុល មាន​គ្រោះ​កើត​​ជំងឺ​អ្វីខ្លះទៀតទេ ?

“ជា​ទូទៅ គឺ​ពពួកជំងឺ​មេតាបូលិក និង​​បណ្តុំ​សហ​សញ្ញា​រោគ ដូច​ជា​មាន​រោគ​សញ្ញា​បញ្ជាក់​ពី​​ភាព​​មិន​ប្រក្រតី​ជា​ច្រើនប្រចាំ​កាយ មាន​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ HDL ដែល​ជា​កូឡេស្តេរ៉ូល​ល្អ ទាប- មាន​សម្ពាធ​ឈាម​ខ្ពស់​ខ្លាំង (មាន​រោគ​លើស​ឈាម)។ អាការៈ​ទាំង​នេះ​ជា​​កត្តា​នាំ​មុខ​ឆ្ពោះ​ទៅ​រកគ្រោះ​កើត​​ជំងឺ​ទឹកនោម​ផ្អែម​ ជំងឺ​ពាក់ព័ន្ធ​នឹង​សរសៃ​ឈាម​បេះដូង​ដូច​ជា​ ដាច់​សរសៃ​ឈាមក្នុង​ខួរក្បាល ឬ​ស្ទះ​​សរសៃ​ឈាម ស្លោក​បេះដូង​ជា​ដើម​។

តើក្បាល​ពោះ​ទំហំ​ប៉ុណ្ណា ដែល​គេ​ចាត់​ទុក​ជា​ជំងឺ ?

ដើម្បី​បាន​ដឹង​ថា​អ្នក​មាន​ជំងឺ​ដុះ​ពោះ​ធំ​ជ្រុល​ឬអត់ គេ​មិន​ចាំបាច់​ទៅ​ណាត់​ជួប​ពេទ្យ ឬ​រក​អ្នក​ជំនាញ​អ្វី​ទេ យក​តែ​ខ្សែ​ម៉ែត្រ​ជាង​ដេរ​មក​វាស់​ ទំហំ​ពោះ ​ត្រឹម​ផ្សិត គឺ​ជា​ការ​ស្រេច ! គេ​ចាត់​ទុក​ពោះ​ដុះ​ធំ​ជ្រុល នៅ​ពេល​ទំហំ​ពោះ​ឡើង​លើស​ពី ​៨០សង់ទីម៉ែត្រ​សម្រាប់​ស្ត្រី និងលើស​ពី ៩៤​សង់ទីម៉ែត្រ​សម្រាប់​បុរស។

បច្ចុប្បន្ន​នេះ ដើម្បីការពារ​​គ្រោះកើត​ជំងឺ​សរសៃ​ឈាម​បេះដូង ​ក្រុម​គ្រូពេទ្យ​​បាន​ផ្តល់​អនុសាសន៍​ឱ្យ​តាមដាន​សន្ទទស្សន៍ម៉ាសរាងកាយ IMC​ ឱ្យ​ប្រយ័ត្ន​នឹង​ការ​ឡើង​ទម្ងន់ និង​មិន​ដែល​លើក​ឡើង​អំពី​បញ្ហា​ទំហំក្បាល​ពោះ​ទេ។ តើ​យើង​ត្រូវ​ស្តាប់​អនុសាសន៍​មួយ​ណាទៅ ? ហើយ​មួយ​ណា​​ត្រូវ​ជាង​មួយ​ណា?

ទាំង​ពី​រ ! ការ​គិត​គូរ​សន្ទទស្សន៍​ម៉ាសរាងកាយ និង​ទំហំ​ក្បាល​ពោះ​ សុទ្ធ​តែ​មាន​តម្លៃ​ និងយក​ជាការ​បាន​ទាំងពីរ។ ប៉ុន្តែនេះ​ជា​ចំណោទ​ទាក់ទង​នឹង​ទម្លាប់​សង្គម​មួយ ​នៅពេល​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អ្នកជំងឺ​ងប់ចង់​ដឹង​ខ្លាំង​តែ​លើ​ទម្ងន់ ខ្លាច​ធាត់​ជ្រុល និង​មិន​សូវខ្វល់​សួរ​ពី​បញ្ហា​រង្វាស់​ចង្កេះ​ទេ ជាពិសេស​ចំពោះ​បុរស​និង​ស្ត្រី​វ័យ​ចំណាស់។ ព្រោះ​សម្រាប់​ស្ត្រី​ ជា​ធម្មតា នៅ​ពេល​ណា​ដែលគាត់​ចាប់​អស់​រដូវ គាត់​លែង​សូវ​មាន​អ័រមូន អេស្ត្រូហ្សែន គាត់​ចាប់​ផ្តើម​ដុះ​ពោះ​ហើយ។ ហេតុដូច្នេះ​ហើយ​ជា​ពួកគាត់​មិន​សូវ​​​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ទំហំ​ចង្កេះនោះទេ។ ប៉ុន្តែ​ការងារ​របស់​ពួក​យើងដែល​​ជា​គ្រូពេទ្យ​ យើង​មាន​តួនាទី​ត្រូវ​រំលឹក​​អ្នក​ជំងឺ​ថា ទម្ងន់ (សន្ទទស្សន៍ម៉ាសរាងកាយ​ វាស់​វែង​ពី​ទម្ងន់​ឱ្យ​ស៊ី​និង​កម្ពស់) ជា​រង្វាស់​សំខាន់មែន​​ហើយ តែ​មិនគ្រប់គ្រាន់​ទាំង​ស្រុង​ទេ។ មនុស្ស​ម្នាក់​អាច​មាន​រង្វាស់សន្ទទស្សន៍​ម៉ាស​រាងកាយ​ល្អ​ធម្មតា មាន​ទម្ងន់​ត្រូវ​តាម​ក្បួន​ខ្នាត​សុខភាព ប៉ុន្តែ​រង្វង់​ចង្កេះ​ធំ​ជ្រុល​។ នៅពេល​ជួប​ករណីបែបនេះ ​ក្រុមគ្រូពេទ្យ​ ត្រូវ​តែ​ទាមទារ​ធ្វើ​ការ​ត្រួតពិនិត្យ​សុខភាព​ពួក​គាត់​បន្ថែម ដូច​ជា​​​តាមដាន​មើល​សម្ពាធ​ឈាម កំរិត​ជាតិ​ខ្លាញ់ ​​ដើម្បី​កំរិត​ហានិភ័យ​នៃ​គ្រោះនាំ​ទៅ​​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។

តើ​អ្នក​គ្រូពេទ្យ​មាន​ដំបូន្មានពិសេស​​អ្វី​សម្រាប់​ជួយ​សម្រក​ក្បាល​ពោះដែរឬទេ ?

គ្មាន​ដំបូន្មាន​អ្វី​ជា​ពិសេស​ សម្រាប់​សម្រក​ក្បាល​ពោះទេ ! គឺ​មាន​តែ​ប្រាប់​​ឱ្យ​ប្រឹង​​ធ្វើ​លំហាត់​ប្រាណ​ ធ្វើ​កីឡា​ឱ្យបាន​ជា​ប្រចាំ​។ ការធ្វើកីឡា​ បញ្ចេញ​ថាមពល​រាងកាយ បាន​ជួយ​បញ្ចុះ​ភាព​ស៊ាំ​អាំងស៊ុយលីន ! ខ្ញុំ​ដឹងថាសេចក្តី​ណែនាំ​ឱ្យ​​​ធ្វើ​កីឡា ហាត់​ប្រាណ​ បញ្ចេញ​សកម្មភាព​ផ្លូវកាយ ជាដំបូន្មាន​ដ៏​ទូលំទូលាយ​ពេក​ណាស់ តែការ​ធ្វើ​លំហាត់​ប្រាណ​ ​​​មាន​តម្លៃពិត​​សម្រាប់​សុខភាព​ទូទៅ​។ អ្វី​ដែលក្រុមគ្រូពេទ្យ​ ​អាច​អះអាង​ដោយ​ច្បាស់ៗបាន គឺ​ប្រសិន​បើ​អ្នក​សម្រក​ទម្ងន់​បាន​១០% នោះ​អ្នក​នឹង​អាច​បញ្ចុះ​ក្បាល​ពោះ​បាន​ប្រមាណ​ជិត​៣០%។ ដូច្នេះការ​​សម្រក​ទម្ងន់ ជា​វិធី​ល្អ​ដែល​ប្រសើរ​ជាង​គេ។ លោក​អ្នក​អាច​ជ្រើសរើស​ ការ​​​ធ្វើ​របប​អាហារ ក៏បាន ដោយ​ត្រូវ​ទទួល​ទាននូវ​​ចំណី​អាហារណា​​ដែល​ពុំ​សូវ​មាន​ថាមពល។ រក្សា​​របប​អាហារឱ្យ​​មាន​លំនឹង និង​ចៀសវាង​កុំ​​ទទួល​អាហារ​ផ្អែម មាន​ជាតិ​ស្ករ​ច្រើន ចំណី​ចំណុក​​នំ​បែប​ឧស្សាហកម្ម​ដែល​មាន​បង្កប់​ជាតិស្ករ​បំផ្លែង និង​ដែល​ជ្រាប​ចូល​ក្នុង​ខ្លួន​លឿន​ជ្រុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ