អានតួអត្ថបទ
កម្ពុជា

ក្រសួង​សាធារណការ នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ បាត់ដំបង-ពោធិ៍សាត់ ​នៅ​ថ្ងៃស្អែក

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​អង្គារ ទី​២៩​ឧសភា​ស្អែក​នេះ នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្ដោះ​អាសន្ន គម្រោង​ផ្លូវ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ខេត្ត​បាត់ដំបង ទៅ​កាន់​ខេត្ត​ពោធិ៏សាត់ និង​ត្រឡប់​មក​វិញ​។ ផ្លូវ​រថភ្លើង​ពី​ស្ថានីយ៍​បាត់​ដំបង-ពោធិ៍សាត់ មាន​ប្រវែង​សរុប​១០៧​គីឡូម៉ែត្រ ដែល​ក្នុង​នោះ ប្រវែង​៧៥​គីឡូម៉ែត្រ​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​៣២​គីឡូម៉ែត្រ​ទៀត​ស្ថិត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​។

រថភ្លើង​ខ្មែរ ក្នុង​ដំណើរ​ការ​ដឹក​ជញ្ជូន​ទំនិញនា​ពេល​​កន្លង​មក
រថភ្លើង​ខ្មែរ ក្នុង​ដំណើរ​ការ​ដឹក​ជញ្ជូន​ទំនិញនា​ពេល​​កន្លង​មក RFI/Nhim Sophal
ផ្សាយពាណិជ្ជកម្ម

ផ្លូវ​រថភ្លើង​បាត់ដំបង-ពោធិ៍សាត់ ដែល​មាន​ប្រវែង​សរុប១០៧​គីឡូម៉ែត្រ ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ថានីយ​រថភ្លើង​ចំនួន​១៦ រួម​មាន៖ បាត់ដំបង អូរ​ដំបង អូរ​ស្រឡៅ រាំង​កេសី ស្វាយជាតិ ភ្នំ​ធិបតី គោក​ត្រុំ កោះចារ មោងឬស្សី ព្រៃស្វាយ កាឡោមពុក ស្វាយដូនកែវ បឹងខ្នារ ត្រពាំងជង ស្នាមព្រះ និងពោធិ៍សាត់​។ ក្នុង​នោះ ស្ថានីយ៍​នៅ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ចំនួន​១១​ស្ថានីយ៍ ខណៈ​ស្ថានីយ៍​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​ចំនួន​៥​។

គួរ​ជម្រាប​ថា ផ្លូវ​រថភ្លើង​ពី​បាត់​ដំបង​ទៅ​កាន់​ពោធិ៍សាត់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កំណាត់​ផ្លូវ​ដែក​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ​ ដែល​មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ​។ ផ្លូវ​ដែក​ដែល​សាងសង់​ក្នុង​សម័យ​អាណានិគម​និយម​បារាំង​នេះ ត្រូវ​បាន​បំផ្លិចបំផ្លាញ​និង​បោះ​បង់​ចោល​ក្នុង​អំឡុង​ពេល​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម ទសវត្សរ៍​ឆ្នាំ​១៩​៧០ មុន​នឹង​រៀបចំ​ស្ដារ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឡើង​វិញ​​ជា​បន្ត​បន្ទាប់​​​​ ជា​អាថិ៍៖ កំណាត់​ផ្លូវ​ដែក​ពី​ប៉ោយប៉ែត​ដល់​ក្រុង​សិរីសោភណ្ឌ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ដើម​ខែ​មេសា​ឆ្នាំ​២០១៨, ​កំណាត់​ផ្លូវ​ពី​សិរីសោភណ្ឌ​ដល់​ក្រុង​បាត់​ដំបង ​ដំណើរការ​នៅ​ចុង​ខែ​មេសា, ពី​បាត់ដំបង​ដល់​ពោធិ៍សាត់ បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩​ឧសភា​, ពី​ពោធិ៍សាត់​ដល់​បាត់ដឹង កំពង់ស្ពឺ គ្រោង​បើក​ដំណើរការ​នៅ​ខែ​កក្កដា, ខណៈ​កំណាត់​ផ្លូវ​ពី​បាត់ដឹង ដល់​ភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរការ​យ៉ាង​យូរ​នៅ​ចុង​ឆ្នាំ​២០១៨​នេះ​។

សូម​រំឭក​ដែរ​ថា ការ​ស្ដារ​ផ្លូវ​ដែក​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៧៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ក្នុង​នោះ ទឹក​ប្រាក់​ជាង​១៣​លាន​ដុល្លារ គឺ​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB, ជាង​៦៣​លាន​ដុល្លារ ជា​ទឹក​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា, និង​​​ជំនួយ​ជា​ដែក​ពី​ម៉ាឡេស៊ី​ខ្លះ​ផង​។

​អ្នកជំនាញ​​សេដ្ឋកិច្ច​មើល​ឃើញ​ថា ការ​ស្ដារ​ផ្លូវ​ដែក​ភាគ​ខាង​ជើង​របស់​កម្ពុជា នឹងជួយ​​សម្រួល​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេសកម្ពុជា-ថៃ ព្រម​ទាំង​អាច​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​កាន់​តែ​ធំ​ធេង​ជាង​មុន ខណៈ​​ទំនិញ​នាំ​ចូល​មក​កម្ពុជា​ពី​ប្រទេស​ថៃ មាន​៧០​ភាគ​រយ ចូល​តាម​ច្រក​ប៉ោយប៉ែត​។

សម្រាប់​ប្រទេស​ថៃ កម្ពុជា​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ នៅ​ក្នុងចំណោម​​ប្រទេស​អាស៊ាន​​។ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​៥,៥​​ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ដែល​ចំនួន​នេះ កើន​ឡើង​ប្រមាណ​១០​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ ​កម្ពុជា​និង​ថៃ ​ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រួម​គ្នា​ឲ្យ​បាន​១៥​ប៊ីលាន​ដុល្លារ នៅ​ឆ្នាំ​២០២០​ខាង​មុខ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ