ច្រិបសាច់ កាត់ ឈូស ខាត់ លាបពណ៌ លាបជែល តឬពាក់ក្រចកសិប្បនិម្មិត្ត មនុស្សយើងភាគច្រើន ជាពិសេសមិត្តនារីៗ យកចិត្តទុកដាក់ថែក្រចកម្រាមដៃម្រាមជើងខ្លាំងណាស់ ! ប៉ុន្តែជួនកាល ក្រចកដែលជាអ្នកការពារចុងម្រាមរបស់យើង កំពុងរងទុក្ខអំពីទង្វើកែលម្អជ្រុលរបស់យើងទៅវិញទេ។ សូមរក្សាសម្រស់ម្រាមដៃម្រាមជើងឱ្យបានសមស្រប ព្រោះថាក្រចកជាសារសុខភាព។ តើក្រចកអាចប្រាប់យើងអំពីអ្វីខ្លះ ? តើមានជំងឺអ្វីដែលអាចកើតមាននៅក្រចក ? លាបថ្នាំក្រចកជាប់រាល់ថ្ងៃ បង្កគ្រោះថ្នាក់ដល់សុខភាពមែនឬ ?
ក្រចកមានផ្ទុកជាសំខាន់សារធាតុKératine តែក៏មានផ្ទុកផងដែរនូវសារធាតុទឹក អាស៊ីតខ្លាញ់ និងកាល់ស្យូម និងដែក ក្នុងបរិមាណដ៏តិចតួច។ ក្រចកដុះលូតលាស់ជារៀងរាល់ថ្ងៃ និងជារៀងរហូត គ្រាន់តែការដុះហាក់មានល្បឿនយឺត ប្រមាណ៤សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ ដូច្នេះដើម្បីអាចដុះថ្មីពេញ ក្រចកត្រូវការពេល៣ទៅ៦ខែសម្រាប់ក្រចកដៃនិង១ទៅ១ឆ្នាំកន្លះ សម្រាប់ក្រចកជើង។ ប៉ុន្តែផ្ទុយពីសក់ ក្រចកមិនជ្រុះដោយងាយៗ និងដោយឯងៗដូចសក់ទេ។
ក្រចកដុះល្អទៅ តាមវ័យ ! និង មានតួនាទីផ្សេងៗ ដូចជា
- ជួយការពារម្រាមដៃម្រាមជើងទល់នឹងការគំរាមកំហែងពីក្រៅ ដូចជាបុកទង្កិច ពីបម្រែបម្រួលអាកាសធាតុ។
- ក្រចកជាភ្នាក់ងារការពារចុងម្រាម និងសំខាន់សម្រាប់ញាណស្ទាប
- ក្រចកដៃជាអាវុធការពារ ខ្ញៅ ក្វាច និងអេះ
- ជួយចាប់វត្ថុតូចៗ ដោយធ្វើឱ្យចុងម្រាមដៃជើង រឹង អាចធន់នឹងសម្ពាធ
- ជាស្រទាប់ការពារម្រាមកុំឱ្យច្អារឬស្ញើប រអាដែលកក្តានាំឱ្យមួរមៅក្នុងចិត្ត
ក្រៅអំពីតួនាទីក្នុងជីវិតប្រចាំថ្ងៃ ក្រចកក៏ជាសន្ទទស្សន៍ដ៏មានតម្លៃសម្រាប់វាស់វែងស្ថានភាពសុខភាពរបស់យើង។ ដូច្នេះសួរថា តើពិតដែរឬទេ ដែលថា ពណ៌ និងទម្រង់ក្រចក ជាសញ្ញាប្រាប់ថាមានជំងឺអ្វីមួយ ?
លោកស្រី វេជ្ជបណ្ឌិត Martine Perez ៖
“ក្រចកជាសន្ទទស្សន៍វាយតម្លៃសុខភាព ! ប៉ុន្តែក៏មានគំនិតយល់ខុសច្រើនដែរ ជាពិសេសចំពោះស្នាមសៗកើតនៅលើក្រចក។ ស្នាមសនេះមិនមែនជាសារប្រាប់ថាយើងខ្វះជាតិកាល់ស្យូម ឬវីតាមីន ដូចជំនឿធ្លាប់គិតនោះឡើយ។ ស្នាមសៗលើក្រចកនេះ ជាពពុះខ្យល់ដែលជ្រៀតចូលទៅក្រោមក្រចក ក្រោយពីមានការប៉ះទង្គិចអ្វីមួយ។ ជាការបុកទង្គិចតិចតួច ស្រាលៗត្រូវចំក្រចក។ ហេតុដូច្នេះហើយបានជាក្មេងៗច្រើនតែឧស្សាហ៍មានស្នាមសនៅក្រចកនោះ ព្រោះក្រចកក្មេងមិនទាន់សូវរឹង សូវក្រាស មិនសូវធន់នឹងការប៉ះទង្គិច ! មិនមែនក្មេងៗនោះខ្វះកាល់ស្យូមទេ។
ប៉ុន្តែប្រសិនបើអ្នកមានស្នាម រលក លើក្រចក ដូចឆ្នូត តាមបណ្តោយក្រចក នេះជាសញ្ញាប្រាប់យើងចាស់ហើយ ! វ័យកាន់តែច្រើន កាន់តែមានស្នាមរលកច្រើន។ ចំពោះមនុស្សស្រី ស្នាមក្រចកបែបនេះច្រើនលេចឡើងនៅពេលគាត់ចាប់អស់រដូវ។ ស្នាមរលកបែបនេះ នឹងអាចមានលេចឡើងច្រើន និងចំពោះអ្នកនៅក្មេងបានដែរ ដោយសារកត្តាក្រៅខ្លួនមួយចំនួនផ្សេងទៀតដូចជា ការបុក ទង្គិច ឬដៃត្រូវត្រាំទឹកយូរម៉ោងក្នុងមួយថ្ងៃៗ ផ្ទុយទៅវិញ ប្រសិនបើយើងមានស្នាមរលកទទឹងសាច់ក្រចក នោះគេអាចបកប្រែបានថាយើង បញ្ហានៅក្រពេញកូនកណ្តុរ Thyroïdien។
ពណ៌ក្រចក ក៏អាចជាសារប្រាប់ថាមានជំងឺអ្វីមួយដែរ។ ចំពោះអ្នកមានសុខភាពល្អ ជាធម្មតា ក្រចកត្រូវមានពណ៌កូលាបព្រឿងៗ។ បើក្រចកមានពណ៌សស្លេក ថ្លាខ្លាំង មានន័យថាយើងមានបញ្ហាផ្លូវដង្ហើម ឬក៏មានជំងឺកង្វះឈាម។ នៅពេលក្រចកចេះតែបាក់ ផុយស្រួយ មានន័យថាអ្នកមានកង្វះវីតាមីន ជាពិសេសវីតាមីនB។ បើក្រចកនោះទន់ អ្នកជំនាញលោកថា អ្នកមានដង្ហើមខ្សោយ ដែលមានវិធីព្យាបាលសម្រាប់ករណីបែបនេះ។”
ក្រចកជាសារ ពញ្ញាក់អារម្មណ៍យើងឱ្យគិតគូរដល់បញ្ហាសុខភាព និងរកការព្យាបាលឱ្យដល់ឬសគល់។ ប៉ុន្តែ ក្រចកផ្ទាល់ ក៏ចេះឈឺខ្លួនឯង មានរោគាមួយចំនួនផ្សេងទៀត ដោយសារតែទង្វើរបស់មនុស្ស ឬក៏ដោយសារមានការចម្លងមេរោគ។ ក្រចកអាចកើតជំងឺ ជាច្រើន រាប់តាំងពីជំងឺត្រចៀកក្រាញ់ ផ្សិត និងធ្ងន់ធ្ងរបំផុតនោះ គឺជំងឺមហារីក។ តើគេអាចសម្គាល់និងព្យាបាលជំងឺទាំងនេះបានយ៉ាងដូចម្តេចខ្លះ ?
លោកស្រី វេជ្ជបណ្ឌិត Martine Perez ៖
“វាពិតជាមិនគួរឱ្យជឿទេ ប៉ុន្តែគ្រប់ជំងឺសុទ្ធតែអាចកើតបាននៅលើក្រចក។ ក្រចកអ្នកការពារចុងម្រាមរបស់យើង ត្រូវរងការប៉ះទង្គិចគ្រប់បែបយ៉ាង ជួនកាលក្រចកត្រូវរកទុក្ខដោយសារការកាត់សម្អាត់ក្រចកមិនត្រឹមត្រូវ ធ្វើឱ្យមានជំងឺអាល្លែកហ្ស៊ី ជំងឺតាអក ជំងឺ ស្បែករបកក្រហមៗ និងជំងឺមហារីកក្រចក។ សញ្ញាសង្ស័យកើតជំងឺមហារីកក្រចក គឺការលេចស្នាមពណ៌ខ្មៅ ឬពណ៌ដី តាមបណ្តោយសាច់ក្រចក។ ស្នាមខ្មៅបែបនេះអាចមានបង្កប់មេរោគ មេឡាណូម ភ្នាក់ងារបង្កជំងឺមហារីក។ តែជំងឺដែលកើតមានញឹកញាប់ ជាងគេ នៅលើក្រចក និងពិបាកព្យាបាលឱ្យជាដាច់ គឺជំងឺផ្សិត។ ភាគច្រើនគឺ ផ្សិតនៅនឹងក្រចកជើង។ ជាទូទៅ និងភាគច្រើនអ្នកជំងឺមិនសូវយកចិត្តទុកដាក់ព្យាបាលវាទេ។ ប្រសិនបើអ្នកមានផ្ទុកជំងឺទឹកនោមផ្អែម មានការព្យាបាលដោយពពួកថ្នាំក័រទីកូអ៊ីត មេរោគផ្សិតនេះនឹងលូតលាស់រីកដុះដាលរហូតធ្វើឱ្យខូចក្រចកទាំងមូលខូច និងជ្រុះតែម្តង។ នៅពេលគ្មានក្រចក អ្នកជំងឺនឹងពិបាកដើរ និងមានការឈឺចាប់យ៉ាងខ្លាំង។ សូមកុំលេចសើចនឹងជំងឺផ្សិតនឹងក្រចក ដោយព្យាបាលខ្លួនឯង ! សូមស្វែងរកការវិភាគជំងឺដោយត្រឹមត្រូវ និងឆ្កឹះសាច់ទៅវិភាគឱ្យបានត្រឹមត្រូវមុននឹង ចាប់ធ្វើការព្យាបាល ដែលអាចអូសបន្លាយពេលវេលារាប់ខែ និងឆ្នាំផង។ ជំងឺនេះឆ្លងខ្លាំងណាស់ ដើរជើងទទេនៅផ្ទះ នៅអាងហែលទឹក ឬសំណល់ក្រចកតែបន្តិច រាយនៅដី អ្នកផ្សេងដើរជាន់ គឺគ្រប់គ្រាន់នឹងចម្លងមេរោគផ្សិតនោះបានហើយ។ ជើងសើម បែកញើសក្នុងស្បែកជើង ម្រាមដៃត្រាំទឹកច្រើន គឺសម្រួលឱ្យងាយមានផ្សិតនៅក្រចកជើងនិងក្រចកដៃ។”
ថ្នាំលាបក្រចក និងការធ្វើក្រចក
ក្រចករងការប៉ះទង្គិច ជារៀងរាល់ថ្ងៃ ជួនតិចជួនច្រើន ទៅតាមសកម្មភាពការងារប្រចាំថ្ងៃរបស់យើង និងជួនដោយសារការកាត់ច្រិបសម្អាត ជ្រុលហួសហេតុនិងមិនត្រឹមត្រូវ។ ការកាត់ច្រិបសាច់ ធ្វើឱ្យទម្រង់ក្រចក ស្អាត ប៉ុន្តែសូមចងចាំថា សាច់លើក្រចកនេះជាអ្នកការពារក្រចកពីមីក្រុបបាក់តេរីមិនឱ្យវាយលុកចូលទៅគល់ក្រចកខាងក្នុង។ នៅមានសំណួរមួយទៀត ដែលស្ត្រីគ្រប់រូបចង់ដឹងខ្លាំង នោះគឺការប្រើថ្នាំលាប។ តើការប្រើថ្នាំលាបក្រចក ស្ទើរជារៀងរាល់ថ្ងៃ អាចបង្កបញ្ហាដល់សុខភាពក្រចកនិងសុខភាពជាទូទៅដែរឬទេ ?
មិនអត់ទេ ! គ្រោះថ្នាក់ ! ព្រោះនេះវាអាស្រ័យទៅលើគុណភាពរបស់ថ្នាំក្រចក។ ថ្នាំក្រចកខ្លះ មានប្រើសារធាតុផ្សំ ជាសារធាតុគីមីពុលខ្លាំង។ សារធាតុទាំងនោះមានដូចជា phtalates, le formaldéhyde, le toluène និងcamphre synthétique ជាដើម។ល។ ដែលសុទ្ធសឹងជាភ្នាក់ងារបង្កជំងឺមហារីក។ នេះបើតាមក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺសើរស្បែកបារាំង ដែលពន្យល់ទៀតថា សារធាតុគីមីអាចជ្រាបចូលក្នុងខ្លួនយើងបាន តាមក្រចក ព្រោះក្រចកមិនមែនជារនាំងទេ និងតាមការស្រូបដង្ហើម។ អ្នកលាបក្រចក អាចជួបគ្រោះថ្នាក់តិចតួចខ្លះដែរ ប្រសិនបើថ្នាំមិនល្អមានលាយសារធាតុបំផ្លែងតពីសារធាតុហ្វ័រមុលច្រើន ប៉ុន្តែអ្នករងគ្រោះខ្លាំងជាងគេ គឺអ្នកធ្វើក្រចក ដែលជាអ្នកកាន់ អ្នកប៉ះពាល់ និងស្រូបចំហាយថ្នាំក្រចកជារៀងរាល់ថ្ងៃ។
ជាទូទៅ ថ្នាំក្រចក មិនបង្កគ្រោះថ្នាក់ដល់អ្នកលាបមែន ប៉ុន្តែសូមចងចាំថា ការលាបក្រចករាល់ថ្ងៃ នឹងធ្វើឱ្យក្រចកលែងសូវដុះ ព្រោះក្រចកមិនប៉ះ និងឃើញពន្លឺ។ ក្រចកត្រូវការពន្លឺ ដើម្បីអាចដុះលូតលាស់។ ដូច្នេះដើម្បីសុខភាពក្រចក សូមកុំលាបក្រចករហូតមួយឆ្នាំទល់មួយឆ្នាំអី ! យូរៗម្តង លាងថ្នាំចោល ហើយទុកក្រចកឱ្យឃើញពន្លឺថ្ងៃ ដុះតាមធម្មជាតិ ទើបប្រសើរ។
ចំពោះថ្នាំក្រចកសម័យថ្មី ដែលជាជែល លាបជាប់បានយូរវិញ គ្រោះថ្នាក់អាចមានច្រើន ព្រោះជាបឋមមុននឹងលាបវា ជាងត្រូវការដុសខាត់ ដែលធ្វើឱ្យសាច់ក្រចកស្តើង។ ទៅតាមផលិតផល និងអ្នកធ្វើ អតិថិជនអ្នកលាបក្រចក អាចជួបគ្រោះអាល់លែកហ្ស៊ី ឬមានជំងឺនៅម្រាមដៃដោយការបង្ករោគ។ ជែលលាបក្រចក ត្រូវសម្ងួតដោយពន្លឺUV។ ពន្លឺនេះអាចជ្រាបចូលដល់សាច់ក្នុងរបស់ក្រចក និងបង្កជាជំងឺមហារីកបាន។ ប៉ុន្តែដោយហេតុថា តែពុំទាន់មានការសិក្សាស្រាវជ្រាវច្បាស់លាស់ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញសូមណែនាំឱ្យស្ត្រីគ្រប់រូបដែលនិយម ពាក់ក្រចកនិងលាបថ្នាំជាប់យូរ ទៅកាត់លាបយ៉ាងច្រើនបួនដងក្នុងមួយឆ្នាំ និងសូមកុំសាកល្បងកេះលាងដោយខ្លួនឯងឱ្យសោះ។ ប៉ុន្តែបើក្នុងករណី អ្នកមានជំងឺក្រចកប្រេះ បែកលើសាច់ក្រចក ការពាក់ក្រចកសិប្បនិម្មត្ត ជាជំនួយដ៏ប្រពៃនៃការព្យាបាលក្រចកឱ្យវិលទៅរកភាពដើមវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ