អានតួអត្ថបទ
កម្ពុជា

ក្រសួង​​៣ចាប់​ដៃ​គ្នា​​គ្រប់​គ្រង​ការ​ផ្សាយលើ​គេហទំព័រ​និង​បណ្ដាញ​សង្គមនៅ​កម្ពុជា

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា ដើម្បី​គ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​។ កិច្ច​សហការ​នេះ ធ្វើ​ឡើង​តាម​រយៈ​​ប្រកាស​អន្ដរ​ក្រសួង ចុះ​ថ្ងៃ​ទី​២៨​ឧសភា ដែល​វិទ្យុ​បារាំង​អន្ដរជាតិ​ទទួល​បាន​នា​ថ្ងៃ​ចន្ទ ទី​០៤​មិថុនា​នេះ​។

រូបតំណាង​បណ្ដាញ Facebook
រូបតំណាង​បណ្ដាញ Facebook Facebook
ផ្សាយពាណិជ្ជកម្ម

ប្រកាស​រួម​គ្នានៃ​ក្រសួង​ទាំង​៣ មាន​គោល​ដៅ ប្រឆាំង ទប់​ស្កាត់ រាល់​ការ​ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង វីដេអូ និង​ទម្រង់​ផ្សេង​ៗ​ទៀត នៅ​តាម​គេហទំព័រ​​និង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា ​ ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល។ ជា​ចលាចល បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្ដាប់​ធ្នាប់​សារធារណៈ ការ​រើស​អើង និង​វប្បធម៌ ប្រពៃណី​ជាតិ​​។

បើ​តាមប្រកាស​អន្ដរក្រសួង​កម្រាស់​៤​ទំព័រ​ដដែល ស្ថាប័ន​និង​អង្គភាព​ជំនាញ​នីមួយ​ៗ​ត្រូវ​បំពេញ​កាតព្វកិច្ច​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន និង​ត្រូវ​សហការ​គ្នា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ខាង​ដើម​។ ក្នុង​នោះ ក្រសួង​ព័ត៌មាន​ត្រូវ​គ្រប់​គ្រង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, ចាត់​វិធានការ​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​តាម​អេឡិចត្រូនិក​ណា ដែល​មាន​ច្បាប់​អនុញ្ញាត តែ​ផ្សព្វផ្សាយ​លើ្មស​ច្បាប់, ព្រម​ទាំង​ផ្ដល់​ព័ត៌មាន​ដល់​ក្រសួង​ប្រៃសណីយ៍ ឲ្យ​ចាត់​វិធានការ​បិទ​ប្រព័ន្ធផ្សព្វផ្សាយ​តាម​អេឡិចត្រូនិក​ដែល​បើក​អាជីវកម្ម​ដោយ​ខុស​ច្បាប់ ឬ​ផ្សាយ​ព័ត៌មាន​ដោយ​ចេតនា​ដើម្បី​បង្ក​ចលាចល​នៅ​ក្នុង​សង្គម​។

ចំណែក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត, តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំង​អស់ មាន​កម្មវិធី​សុហ្វវ៉ែ និង​បំពាក់​ឧបករណ៍​គ្រប់​គ្រង​អ៊ីនធឺណិត ដើម្បី​ងាយ​ស្រួល​ច្រោះ Filter ឬ រាំង​ខ្ទប់ Block ចំពោះ​គណនី ឬ​ទំព័រ​លើ​បណ្ដាញ​សង្គម​ណា ដែល​ធ្វើ​អាជីវកម្មឬ​ផ្សព្វផ្សាយ​ខុស​ច្បាប់​។ ក្រសួង​ប្រៃសណីយ៍ ក៏​ត្រូវ​ស្នើ​សុំ​កិច្ច​សហការ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​ជាតិ​និង​អន្ដរជាតិ ដើម្បី​រាំង​ខ្ទប់ ឬ​បិទ​គេហទំព័រ ឬ​ទំព័រ​បណ្ដាញ​សង្គម​ណា ដែល​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ឬ​ផ្សព្វផ្សាយ​ល្មើស​ច្បាប់​។

រី​ឯ​ក្រសួង​មហាផ្ទៃ​វិញ មាន​ភារកិច្ច​សិក្សា ស្រាវជ្រាវ ស្វែង​រក និង​ឈាន​ទៅ​បង្ក្រាប​​គេហទំព័រ​និង​បណ្ដាញ​សង្គម​ណា ដែល​ផ្សព្វផ្សាយ​ល្មើស​ច្បាប់ បង្ក​ចលាចល អាច​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ ក៏​ដូច​ជា​សណ្ដាប់​ធ្នាប់​សាធារណៈ ការ​រើស​អើង វប្បធម៌និង​ប្រពៃណី​ជាតិ​។

ជា​ការ​កត់​សម្គាល់ ប្រកាស​អន្ដរក្រសួង ស្ដី​ពី​ការ​គ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​និង​បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងស្រប​ពេល​ដែល​បណ្ដាញ​សង្គម​កំពុង​ត្រូវ​បាន​ពេញ​និយម​ប្រើ​ប្រាស់​នៅ​កម្ពុជា​។ ថ្មី​ៗ​នេះ បទ​ល្មើស​នៅ​តាម​បណ្ដាញ​សង្គម ពិសេស​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាជ្ញាធរ​អះអាង​ថា បង្ក​ចលាចល មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ជន​ប្រព្រឹត្ត​ល្មើស ត្រូវ​ចោទ​ប្រកាន់​និងផ្ដន្ទាទោស​ជា​បន្ត​បន្ទាប់​ក្រោម​អំណាច​ក្រមព្រហ្មទណ្ឌ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ