អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

រាគនោម ជាជំងឺ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កណ្តាស់​ចេញ​នោម សើច​លេច​នោម គ្រាន់​តែ​ឈឺ​ភ្លាម​រកកល​នឹង​លេច​តែ​ម្តង ... រាគ​នោម​ ជា​បញ្ហា​ដែល​មាន​កើត​ច្រើន លើ​មនុស្ស​គ្រប់​រូប និង​ជា​ពិសេស​ចំពោះ​ស្ត្រី។ ក៏​ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ខ្លាំង​ណាស់ ហ៊ាន​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ តាមការ​ពិត​ វេជ្ជសាស្ត្រ​មាន​វិធី​ព្យាបាល​ ជំងឺ​លេច​នោម​ មិន​មែន​មាន​ត្រឹម​ការ​ស្លៀក​ខោ​ទឹក​នោមដូច​កូន​ក្មេង​​ ឬ​ ​ទ្រាប់​សំឡី​អនាម័យដូច​មក​រដូវ​ នោះ​ឡើយ។

មាន​មនុស្ស​តិចតួច​ណាស់​ហ៊ាន​និយាយ​អំពី​ជំងឺ​រាគ​នោម​
មាន​មនុស្ស​តិចតួច​ណាស់​ហ៊ាន​និយាយ​អំពី​ជំងឺ​រាគ​នោម​ Pixabay CC0 / Zorro4
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​សិក្សា​របស់​ក្រុម​វេជ្ជសាស្ត្រ​អង់គ្លេស ចេញ​ផ្សាយ​កាលពីថ្ងៃទី ៤​មិថុនា ២០១៨ ក្នុង​ទំព័រ​ទស្សនាវដ្តី British Journal of Urology International ថារាគ​នោម​អាច​ជា​សញ្ញា​នៃ​ជំងឺ​រ៉ាំរ៉ៃផង។ ជំងឺ​រ៉ាំរ៉ៃទាំង​នោះ​មាន​ជា​អាទិ៍ ជំងឺ​លើស​ឈាម និង​ជំងឺ​ហឺត។ អ្នក​ស្រាវជ្រាវ​បាន​ចេញ​សន្និដ្ឋាន​ថា ​ស្ត្រី​ណា​មាន​កើត​រោគរាគ​នោម​ ស្រាលៗ​​ ម្តងម្កាល តាំង​ពី​នៅ​វ័យ​ក្មេង​នៅ​ឡើយ​ ស្ត្រី​នោះ​អាច​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន តែ​ក៏​ជា​​​មធ្យោបាយ​ដ៏​ល្អ​​សម្រាប់ក្រុមគ្រូពេទ្យ​ក្នុង​ការ​ពន្យល់​ណែនាំ​ស្ត្រីរូប​នោះ​ឱ្យ​ចេះ​​ការ​ពារ​ខ្លួន​ ប្រឈម​នឹង​គ្រោះ​ហានិភ័យ​ទាំង​ឡាយ​ដែល​មាន​ពាក់ព័ន្ធ​នាំ​ឱ្យ​កើត​ជំងឺ​រ៉ាំរៃ​ទាំងនោះ។

តើដូច​ម្តេច​ទៅ​ដែល​ហៅ​ថា​​រាគ​នោម? រាគ​នោម​ គឺ​ជា​ការ​លេច​នោម ដោយ​មិន​ដឹង​ខ្លួន ដោយ​ចៃដន្យ ឬដោយ​អចេតនា។ រាគ​នោម​មិនមែន​ជា​ជំងឺ​ដែល​កើត​ឡើង​តែ​លើ​មនុស្ស​ចាស់ បាត់​បង់ និង​ទន់​ខ្សោយ​ស្មារតី ​ទេ ! ថ្វី​បើ​៧០%​នៃ​អ្នក​មាន​បញ្ហា​រាគនោម​ជា​ស្ត្រី រោគ​រាគ​នោម​ក៏​អាច​កើត​ឡើង​ចំពោះ​បុរស ក្នុង​ចំណាត់​ថ្នាក់​ជា​ជំងឺ​នៃភាពចាស់​ទ្រុឌទ្រោម​និង​ជរា មាន​ន័យ​ថា​កាន់​ចាស់​កាន់​តែ​ងាយ​ជួប​បញ្ហា​រាគនោម។ ចំពោះ​ស្ត្រី ​នៅ​ក្មេង​នៅ​ឡើយ ក៏​អាច​ជួប​បញ្ហា​រាគ​នោម​នេះ​ដែរ ! ពរ​ពោះ​ សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ នៅ​ពេល​ក្បាល​ទារក​ធំ​ខ្លាំង ឬ​ពិបាក​សម្រាល ត្រូវ​ប្រើ​ជំនួយ​បូម ប្រដាប់​ចាប់​ជួយ​ទាញ សុទ្ធ​សឹង​ជា​កត្តា​ជំរុញ​ឱ្យ​ស្ត្រី​ងាយ​មាន​គ្រោះ​កើត​រោគ​រាគ​នោម។ រយៈ​កាល​នៃ​ការ​អស់រដូវ ក៏​ជា​ដំណាក់​កាល​ដែល​នាំ​ចាប់​មាន​ការ​រាគ​នោម​ដែរ ព្រោះវ័យ​នេះស្ត្រី​អស់អ័រមូន ដែល​​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​ចាប់​ចុះ​ខ្សោយ​។

ដោយ​ជាក់​ស្តែង រាគ​នោម​មាន​បី​ប្រភេទ ៖ រាគ​នោម​នៅពេល​ប្រឹងធ្វើ​អ្វី​មួយ ដូច​ជា ពេល​ក្អក ពេល​កណ្តាស់ សើច​ខ្លាំង ប្រឹង​ធ្វើ​កីឡា​ឬ​ដោយ​គ្រាន់​តែ​ប្តូរ​ជំហរ​។ ទីពីរ គឺ​ការ​រាគ​នោម​ ដោយ​ភាពបន្ទាន់ គ្រាន់​តែ​ឈឺ​ចង់​ទៅ​បត់​ជើង​ភ្លាម​ស្រាប់​តែ​ទប់​មិន​ជាប់​ ឬ​ការ​ឈឺ​នោម​ញយ​ជ្រុល​មិន​អាច​គ្រប់គ្រង​បាន។ ​ជា​ចុងក្រោយ មាន​មនុស្ស​​ខ្លះ​មាន​បញ្ហា​រាគនោម​​ ប្រភេទ​ទីមួយ​ និង​ ប្រភេទ​ទីពីរ​ រួមគ្នា​ទាំង​ពីរ​តែ​ម្តង ដែល​គេ​ចាត់​ទុក​ជា​ប្រភេទ​ទីបី​នៃ​រោគ​រាគនោម។

រាគ​នោម​អាច​រំខាន​ដល់​ជីវិត​រស់​នៅ​ក្នុង​សង្គម និង​អនាម័យ។ នៅ​ពេល​ការ​រាគ​នោម ក្លាយ​ជា​ការ​រំខាន​ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​យើង​ត្រូវ​គិត​គូរ​ទៅ​រក​ជំនួយ​វេជ្ជសាស្ត្រ។ ព្រោះ​បើកា​រ​ធ្វើ​វិភាគ​បាន​កាន់​តែ​ឆាប់ វិធី​ការពារ​ និង​ការ​ព្យាបាល​អាច​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង។ ការព្យាបាល​ជំងឺ​នោម​មិនមែន​មាន​ត្រឹម​តែ​ជា​ការ​ស្លៀក​ខោ​ទឹកនោម​ ឬ​ដាក់​សំដី​អនាម័យ​នោះ​ទេ។ យើង​ស្តាប់​ប្រសាសន៍​របស់

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ហ្វ្រង់ស័រ ហាប François Haab

“គ្រប់​ការ​សិក្សា​សុទ្ធ​តែ​បាន​បង្ហាញ​ថា មាន​ស្ត្រី​មិន​ដល់ម្នាក់​ទេ ក្នុង​ចំណោម​បី​នាក់ ដែល​មាន​បញ្ហា​លេច​នោម​ហើយ​មិន​ទៅ​ពិគ្រោះ​និង​ព្យាបាល​។ ហេតុអ្វី​បាន​ជា​ស្ត្រី​មិន​ទៅ​ស្វែង​រក​ព្យាបាល ព្រោះ​ពួក​គេ​សុទ្ធ​តែ​យល់​ថា គ្មាន​វិធី​ព្យាបាល គេ​មិន​អាច​ធ្វើ​បាន​ឡើយ​ចំពោះ​អាការៈ​លេចនោម​ដោយ​មិន​ដឹង​ខ្លួន​បែប​នេះ។ រាគ​នោម មិន​មែន​ជា​ជំងឺ​ដែល​កើត​ឡើង​តែ​ចំពោះ​ចាស់​ទេ ! គ្រាន់​តែ​ថា អាយុ​កាន់​តែ​ចាស់ កាន់​តែ​មាន​ហានិភ័យកើត​ជំងឺ​រាគ​នោម​​ខ្ពស់។ នៅ​ក្មេង អាយុ​ទើប​តែ​ជាង​២០​ឆ្នាំ​ ជា​អ្នក​កីឡាដ៏​សកម្ម ក៏​អា​ច​មាន​កើត​អាការៈ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​បាន​ដែរ។ មាន​ន័យ​ ជំងឺ​លេច​នោម មិន​មែន​ពាក់ព័ន្ធ​តែ​វ័យ និង​ភាព​ជរា​របស់​មនុស្ស​ទេ !

ប៉ុន្តែ​គ្មាន​ទេ ការ​ធ្វើ​តេស្ត​វិភាគ​វែក​រោគ​សញ្ញា​ជាមុន ជា​កិច្ចការពារនោះ ! ទាល់​តែអ្នក​ជំងឺ​ទៅ​សួរ ទើប​គ្រូពេទ្យ​ចាប់​ធ្វើ​វិភាគ។ ហើយ​អ្វី​ដែល​គួរ​ចង​ចាំ គឺ​ការ​រាគ​នោម ទោះ​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សញ្ញា​នៃ​ជំងឺ​រោគ មិនមែន​ជា​ករណី​ធម្មតា សំងំ​លាក់​ខ្លួន​ដោះស្រាយ​ព្យាបាល ដោយ​ការ​ពាក់​សំឡី​អនាម័យ​ការពារ​ខ្លួន​ឯង​ឡើយ។ មក​រក​គ្រូពេទ្យ​​បាន​កាន់​តែ​ឆាប់ ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព។

ចំពោះ​ដំណោះស្រាយ​វិញ ! មិន​មែន​មាន​តែយន្តការ​តែ​មួយ​ទេ ! គឺ​មាន​ច្រើន ដែល​ជំរុញឱ្យ​មាន​ជំងឺ ​រាគ​នោម ដូច​ជា​រាគ​នោម​ដោយ​ប្រឹងប្រើ​កម្លាំង​ខ្លាំង​ រាគនោម​ដោយ​សារ​ផ្លោក​នោម​សកម្មជ្រុលពេក ​ ... ដូច្នេះ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​តម្រង​នោម​ ដើម្បី​ធ្វើ​ការ​វិភាគ​រោគ​សញ្ញា​ឱ្យ​បាន​ច្បាស់​លាស់។ ដោយ​ការ​វិភាគ​ទើប​អាច​មាន​ការ​ផ្តល់​ដំណោះស្រាយ​ព្យាបាល។ ការព្យាបាល អាច​ត្រឹម​តែ​ជា​ផ្តល់​ដំបូន្មាន​ ជា​ប្តូរផ្លាស់​របៀបរបប​អាហារ​ជាពិសេស​ការ​​ទទួល​ទាន​ទឹក ជា​ការ​ផ្តល់​ថ្នាំ​លេប​ ជា​ការ​ហាត់​បង្វឹក​សាច់​ដុំ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បង្ហូរ​ទឹកនោម និង​ជួនកាល​ ជាការ​វះកាត់ ប៉ុន្តែ​ជា​ករណី​កម្រ​ណាស់។”

រាគ​នោម​មិនមែន​ជា​ជំងឺ​មនុស្ស​ចាស់ ! រាគ​នោម​មិនមែន​ជា​ជំងឺដែល​គ្មាន​ដំណោះស្រាយ​ ! ដើម្បី​កំរិត​ហានិភ័យ​ និង​ជា​កិច្ច​ការពារ កុំ​ឱ្យ​ជួបប្រទះ​អាការៈ​រាគនោម​នេះ គេ​អាច​អនុវត្ត​តាម​សេចក្តី​ណែនាំ​ដូច​ខាង​ក្រោម ៖

  • ចៀសវាង​កុំឱ្យ​មាន​ទម្ងន់​ធាត់​ជ្រុល​លើ​កំរិត​សុវត្ថិភាព ដោយ​ត្រូវ​រក្សា​សន្ទទស្សន៍​ម៉ាសរាងកាយ​ IMC ឱ្យ​នៅក្រោម​២៥ ព្រោះ​បើ​លើស​ពី​នេះ ហានិភ័យ​នៃ​ការ​ជួប​គ្រោះ​រាគ​នោម​នឹង​ចាប់​ស្តែង​ឡើង។ នៅ​ពេល​ធាត់​ មាន​ពោះ​ចុក​ខ្លាញ់ ទម្ងន់​នោះ​នឹង​អាច​សង្កត់​កិន​លើផ្លោក​នោម​ខ្លាំង។
  • ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ទល់​លាមក។ ហេតុ​អ្វី​ត្រូវ​ចៀសវាង​ការ​ទល់​លាមក បើ​មិន​ចង់​មាន​រោគ​រាគនោម ?! ព្រោះ​ការ​ប្រឹង​បត់ជើង​ញយៗ​​ ដើម្បី​បញ្ចេញ​លាមក​មក​ក្រៅ អាច​នឹងធ្វើ​ឱ្យ​សាច់​ដុំ​នៅ​ចន្លោះ​រន្ធ​នោម​ទៅ​ផ្លោក​នោម​ចុះ​ទន់​ខ្សោយ។ ដើម្បី​បញ្ចៀស​ការ​ទល់​លាមក​សូម​ឧស្សាហ៍​ទទួល​ទាន​ទឹក បរិភោគ​បន្លែ​ផ្លៃឈើ​ឱ្យ​បាន​ច្រើន ជាពិសេស​បន្លែផ្លែឈើដែល​សម្បូរ​សារធាតុ​សរសៃ។
  • ចៀសវាង​កុំ​ធ្វើ​កីឡា​ ដែល​ប្រឹងខ្លាំង និង​ក្នុង​កំរិត​ច្រើន​ជ្រុល​ហួស​ហេតុ ដូច​ជា​ធ្វើ​កីឡា​ប្រឹង និង​ប្រើ​សម្ពាធ​ខ្លាំង​​នៅម្តុំ​ពោះ។
  • ហាមជក់​បារី។ ថ្នាំជក់​ជះ​ផល​អាក្រក់​ច្រើន​ណាស់​ដល់​សុខភាព​ ហើយ​អាច​ធ្វើ​ឱ្យ​អ្នក​ជក់​ធ្លាក់​ខ្លួន​មាន​ជំងឺ​ក្អក​រ៉ាំរៃ ខ្លាំង​ប៉ះពាល់​ដល់​ប្រព័ន្ធផ្លូវ​តំរងនោម។
  • ចៀសវាង​​ ឬ​កាត់​បន្ថយការ​ទទួល​ទាន​ភេសជ្ជៈរំញោច ដូច​ជា​កាហ្វេ តែ ស្រាបៀរ ជា​ដើម​។ល។ ការ​ទទួល​ទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន នឹង​ភ្ញោច​អារម្មណ៍​យើង​ឱ្យ​អារម្មណ៍​ ឬ​ភាព​បន្ទាន់​ឱ្យ​ចង់​បត់​ជើង​តូច គ្រាន់​តែ​ឈឺ​ភ្លាម​ហាក់​ចង់​លេច​តែ​ម្តង។
  • លុប​បំបាត់​ស្ត្រេស។ “គិត​អី​មិន​ចេញ​ ចេញ​តែ​តាម​ក្រោម” ទំនង​មិន​មែន​ជា​ពាក្យ​លេង​សើច​សាមញ្ញ​រវាង​មិត្តភក្ត្រ​តែ​ប៉ុណ្ណោះ​ទេ វា​ទំនង​ចំណែក​មួយ​នៃការពិត​ជាក់​ស្តែង​របស់​មនុស្ស។ ព្រោះ​បើ​តាមការ​សិក្សា​បាន​បង្ហាញ​ថា ទោះ​នៅ​កន្លែង​ធ្វើការក្តី​ ឬ​នៅផ្ទះ​ក្តី ​​​ស្ត្រេសជាកត្តា​ជំរុញ​ឱ្យ​យើង​ចង់​បត់​ជើង ព្រោះ​​នៅ​ពេល​មាន​ស្ត្រេស ចង្វាក់​បេះ​ដូង​នឹង​លោត​កាន់​តែ​ញាប់​ ដែល​ក៏​ជា​បង្កើន​បរិមាណ​ទឹកនោម​ឱ្យ​កើន​ឡើង​លឿន​នៅ​ក្នុង​ផ្លោក​នោម​។ ស្ត្រេស​ក៏​មាន​សកម្មភាព​លើ​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត​ដែល​ជំរុញ​មនុស្ស​យើង​ឱ្យ​មាន​អារម្មណ៍​ចង់​ទៅ​បង្គន់​ញយ​។
  • នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ធ្វើ​លំហាត់​ហ្វឹកហ្វឺត​សាច់ដុំ​នៅ​ផ្លូវ​តម្រង​នោម ជូន​ស្ត្រី​ក្រោយ​ពី​ឆ្លង​ទន្លេ​រួច​។ ពីព្រោះ​បើ​តាម​ស្ថិតិ​របស់​វិទ្យាស្ថានស្រាវជ្រាវ​បារាំង ស្ត្រី​ពី​១៥ទៅ​៤០%​ ជួប​បញ្ហា​រាគ​នោម​នៅ​ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច​។
  • ត្រូវ​ចេះ​មាន​ទម្លាប់​ល្អ​ថែរក្សា​ប្រព័ន្ធ​ផ្លូវ​បញ្ចេញ​ទឹក​នោម​របស់​ខ្លួន ដោយ​ត្រូវទៅ​បត់​ជើង​តូច​ភ្លាម នៅ​ពេល​មាន​អារម្មណ៍​ថា​ចង់។ សូម​កុំ​ទ្រាំ​ ទប់​អត់​រាប់​ម៉ោង​ ព្រោះ​ទង្វើ​បែប​នេះ​នឹង​ធ្វើ​ផ្លោក​នោម​រង​ផល​ប៉ះពាល់​ខ្លាំងណាស់ ! ផ្លោក​នោម​អាច​នឹង​ត្រូវ​យារ ហើយ​ដំណើរការ​លែង​សូវ​ល្អ។ ​ជីវិតស្ត្រី​ សម័យ​ថ្មី ​មាន​ការងារ​តម្រូវ​ឱ្យ​ អង្គុយ​ជាប់​នៅ​​កន្លែង​ធ្វើ​ការ​ស្ទើរ​ពេញ​មួយ​ថ្ងៃ ជា​ជំហរ​មិន​ល្អ​សោះ​សម្រាប់​សន្ទះ​ទ្វារ​ផ្លោក​នោម។ ចំពោះ​បុរស​មិន​ជា​អ្វី​ទេ តែ​ចំពោះ​ស្ត្រី របៀប​អង្គុយ​បត់​ជើង​ក៏​សំខាន់ណាស់​ដែរ ! ​ ​មិន​អង្គុយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ មិន​ហ៊ានដាក់​គូថ​ឱ្យ​ប៉ះ​​ផ្ទាល់​លើ​បង្គន់ ដោយ​ខ្ពើម ស្រ្តី​ភាគ​ច្រើន​បត់​​ជើង​តូច​ដោយ​ជំហរ​ពាក់​កណ្តាល​ឈរ​និង​ពាក់កណ្តាល​អង្គុយ ​ឥរិយាបថ​​នេះ​មិន​ល្អ​សោះ​ព្រោះ​ស្ត្រី​ត្រូវ​បង្ខំ​​បញ្ជា​សង្កត់​ពោះ​ដើម្បី​បញ្ចេញ​ទឹកនោម។ ទង្វើ​បែប​នេះ​នាំ​ឱ្យ​ប្រព័ន្ធ​ផ្លូវ​ទឹកនោម​បាត់​បង់​សណ្តាប់ធ្នាប់​និង​តួនាទី​របស់​ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ