បុរសម្នាក់ទៀតត្រូវបានចាប់ខ្លួន ករណីប្រមាថព្រះមហាក្សត្រ
សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ទៀតកាលពីល្ងាចម្សិលមិញ ករណីប្រមាថព្រះមហាក្សត្រជាបន្តបន្ទាប់នៅតាមហ្វេសប៊ុករបស់ខ្លួន។ នេះជាករណីទី៣ហើយ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថា ប្រមាថព្រះមហាក្សត្រ បន្ទាប់ពីច្បាប់ថ្មីនេះបានចូលជាធរមាន ខណៈដែលលោក សម រង្ស៊ី ក៏ត្រូវបានក្រសួងយុត្តិធម៌ចោទប្រកាន់ដូចគ្នានេះដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បុរសដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ អៀង ជលសា អាយុ២៦ឆ្នាំ។ ត្រូវបានចាប់ខ្លួននៅម៉ោងជិត៥ល្ងាចថ្ងៃទី១៥ខែមិថុនា នេះនៅសង្កាត់ បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរយៈហ្វេសប៊ុកឈ្មោះ អៀង ជលសា នេះ ក្រៅពីមានសារប្រមាថព្រះមហាក្សត្រជាបន្តបន្ទាប់ក៏មានបង្ហាញដែរពីឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ពិតជាមានការឃាត់បុរសម្នាក់នោះមែន។ តែថាលោកមិនទាន់ដឹងថានឹងបញ្ជួនទៅតុលាការនៅពេលណានៅឡើយ។
ទាក់ទងសំណុំរឿងប្រមាថព្រះមហាក្សត្រនេះ កាលពីថ្ងៃទី១៣ ឧសភា សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឲ្យឃុំខ្លួននាយកសាលាបឋមសិក្សាម្នាក់គឺ លោក ឃាង ណាវី អាយុ៥០ឆ្នាំ តាមមាត្រា៤៣៧ស្ទូន នៃវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ។ ប៉ុន្មានថ្ងៃក្រោយមក៏មានបរុសម្នាក់ទៀតនៅខេត្តសៀមរាប ក៏ត្រូវបានឃុំខ្លួនដូចគ្នានេះដែរ ករណីមានការ Shear បន្តតាមហ្វេសប៊ុកនៃខ្លឹមសារប្រមាថព្រះមហាក្សត្រ។
ក្រៅពីបុរស៣នាក់ខាងលើ លោកអង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការលើ លោក សម រង្ស៊ី កាលពីថ្ងៃទី០៨ មិថុនា បន្ទាប់ពីលោកសម រង្ស៊ី បានសរសេរលើហ្វេសប៊ុក ដោយចាត់ទុកព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ថាជាលិខិតក្លែងក្លាយ ឬក៏ជាលិខិតមួយដែលបានធ្វើឡើងក្រោមការគំរាមកំហែងពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ជាព្រះរាជសារចុះថ្ងៃទី១៨ខែឧសភា មានខ្លឹមសារអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
មាត្រា ៤៣៧ ស្ទួនដែលទើបបញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌបានចែងថា ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ