អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្ដរជាតិ៖ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធ្វើ​ដើម្បី​បន្ត​អំណាច​ឲ្យ​របប​លោក ហ៊ុន សែន

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធ្វើ​ឡើងដើម្បី​បន្ត​អំណាច​ឲ្យ​របប​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្ដរជាតិ ហៅ​កាត់​ថា FIDH ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញ​ផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​កក្កដា​នេះ​។ ពោល​គឺ​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩​កក្កដា​ខាង​មុខ​​។ អង្គការ FIDH បាន​ទទូច​ឲ្យ​សហគមន៍​អន្ដរជាតិ​បដិសេធ​លទ្ធផល​នេះ​ការ​បោះ​ឆ្នោត​នេះ និង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ស្រប​តាមបទដ្ឋាន​អន្ដរជាតិ​។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

លោកស្រី Debbie Stothard អគ្គលេខា​ធិការ​នៃ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្ដរជាតិ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ​នេះ មិន​គួរ​ឲ្យ​​ទុក​ចិត្ត​បាន​ទេ នៅ​ពេល​ដែល​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​​​ការ​រិះគន់ដោយ​សន្តិវិធី ក៏​ដូច​ជា​រំលាយ​គណបក្ស​ប្រឆាំង​។ អគ្គលេខាធិការ​នៃ​អង្គការ FIDH ដដែល ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជាថា​ជា​ដំណើរការ​ក្លែង​បន្លំ​ដ៏​គួរ​ឲ្យ​អាម៉ាស​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បីបន្ត​អំណាច​ឲ្យ​របប​លោក ហ៊ុន សែន។ ការ​បោះ​ឆ្នោត​​​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​រង​ការ​ឈឺ​ចាប់​និង​ការ​បង្ក្រាប​បន្ថែម​ទៀត​។ នេះ​បើ​តាម​លោក​ស្រី Debbie Stothard។

ជា​ការ​កត់​សម្គាល់ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ FIDH ដែល​មាន​ទី​ស្នាក់ការ​នៅ​ប្រទេស​បារាំង​នេះ បាន​ធ្លាក់​មក​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​កម្ពុជា​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ​។ ក្រៅ​ពី​បរិហារ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អង្គការ FIDH បាន​ទទូច​ឲ្យ​សហគមន៍​អន្ដរជាតិ​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ និង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ស្រប​តាមបទដ្ឋាន​​អន្ដរជាតិ​។ FIDH ក៏ទាមទារ​ឲ្យអាជ្ញាធរ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ក៏​ដូច​ជា​ដោះ​លែង​ថ្នាក់​ដឹក​នាំនៃ​គណបក្ស​នេះ គឺ​លោក កឹម សុខា ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​។

គួរ​ជម្រាប​ថា មិន​មែន​មាន​តែ​អង្គការ FIDH តែ​ឯង​ទេ ដែល​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​អាណត្តិ​នេះ។ កាល​ពី​ពេល​កន្លង​ទៅ ​សហគមន៍​អន្តរជាតិ​ចំនួន៤៥​ប្រទេស ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ថ្កោល​ទោស និងជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​​ថា ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ត្រូវ​រៀបចំ​ធ្វើ​​ដោយ​សេរី​និង​យុត្តិធម៌​ពិត​ប្រាកដ។ ចំណែក​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត ចាត់​ទុក​​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខនេះ ​ថា​ជា​ការ​បោះ​ឆ្នោត​មិន​ពិត​ប្រាកដ​។ សម្រាប់​លោក​ស្រី រ៉ូណា ស្មីត ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ គឺ​ទាល់​តែ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​រួច​ហើយ​កាល​ពី​ចុង​ឆ្នាំ​២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ