អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គុណប្រយោជន៍ និង​គ្រោះថ្នាក់​នៃ​ប្រទាលកន្ទុយក្រពើ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទាល​កន្ទុយ​ក្រពើ ឬ​ហៅ​តាមភាសា​បច្ចេកទេស អាឡូវេរ៉ា គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​មានគុណប្រយោជន៍​ល្បីល្បាញ និង​ពេញ​និយមខ្លាំង​ណាស់​។ ​​អំណាចដ៏​ខ្លាំងក្លា​របស់​ប្រទាល​កន្ទុយ​ក្រពើ គឺសម្រួល​ការ​ឈឺ​ចាប់ កន្ទួល​ ពង ជួយ​​ស្បែក​និង​សីររាង្គ​មិន​ឱ្យ​ស្ងួត បំបាត់​ការ​ឡើង​ខ្លាញ់​នៅ​សក់ ...។ ប៉ុន្តែ​សូម​​ប្រយ័ត្ន ប្រទាល​កន្ទុយក្រពើ​អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារី​ក។ ស្ថាប័ន​សុខាភិបាល​បារាំង ទើប​បាន​ទាញ​សញ្ញា​អាសន្ន​កាលពី​​សប្តាហ៍​មុន និង​បាន​ស្នើ​ឱ្យ​អ្នក​ស្រាវជ្រាវ​វាយតម្លៃ​ហានិភ័យ​បង្ក​ឡើង​ប្រទាល​កន្ទុយ​ក្រពើ​ជា​ថ្មី​ឡើងវិញ​។

ដើម​ប្រទាល​កន្ទុយក្រពើ
ដើម​ប្រទាល​កន្ទុយក្រពើ gettyImages
ផ្សាយពាណិជ្ជកម្ម

ពិភពលោក​បានស្គាល់ និង​ប្រើ​ប្រទាល​កន្ទុយក្រពើ​តាំង​ពី ៦០០០​ឆ្នាំ មុន។ ពី​មុន​គេ​គិត​ថា​រុក្ខជាតិ​នេះ មាន​ដើម​កំណើត​នៅ​ប្រទេស​អេហ្ស៊ីប ឬ តំបន់​ដើម​បូព៌ា ប៉ុន្តែប្រទាល​កន្ទុយក្រពើ​មាន​ដាំដុះ​នៅ​ស្ទើរ​គ្រប់​ទិសទី​ទាំង​អស់ នៅ​តំបន់​​​ត្រូពិក តំបន់​មាន​អាកាសធាតុ​ក្តៅ ​ដូច​យ៉ាង​អាហ្វ្រិក​ នៅ​ឥណ្ឌា អាស៊ី ការ៉ាអ៊ីប អាមេរិក​ខាង​ត្បូង នៅទ្វីប​អាមេរិក​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ប៉ែក​ខា​ងក្រោម​ ព្រមទាំង​ក្នុង​តំបន់​ផ្សេងៗ​លើ​ពិភពលោក ក្នុង​នាម​ជា​រុក្ខជាតិ​លម្អ​ក្នុង​ផ្ទះ។

អាឡូវេរ៉ា ឬ​ប្រទាល​កន្ទុយក្រពើ​ជា​រុក្ខជាតិ ដែល​ដុះ​មាន​បន្សំ​ជាតិ​ទឹក​ដល់ទៅ​៩៩% ព្រមទាំង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ទៀត។ សាច់សៗក្នុង​​​ធាង​របស់​ប្រទាល ជា​បន្តុំ​នៃ​សារធាតុ​​ វីតាមីន រ៉ែ និង​អាស៊ីតអាមីណេ​ដ៏​ចាំបាច់​របស់​ជីវិត។ ដោយ​សារ​តែ​បន្សំធម្មជាតិ​ដ៏​សម្បូរបែប​នេះ​ហើយ​ទើប​ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រុក្ខជាតិ ​ដ៏​​គួ​រឱ្យ​ចាប់​អារម្មណ៍​ ខាង​ផ្នែក​​វេជ្ជសាស្ត្រ។

ប្រទាល​កន្ទុយក្រពើ​មាន​នាម​ជា​រុក្ខជាតិ​ឱសថ ដូច​ពាក្យ​ខ្មែរ​ហៅ​ថា​ប្រទាល។ ​​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ប្រទាល​កន្ទុយក្រពើ​ បាន​ក្លាយ​ជា​ផលិតផលឆ្នើម​​ក្នុង​ពិភព​​ឧស្សាហកម្ម​ចំណី​អាហារ និង​កែសម្ផស្ស។ ​ប្រទាល​កន្ទុយក្រពើ​ មានឈ្មោះ​បោះសំឡេងខ្លាំង​ ចំពោះ​​សមត្ថភាព​ខ្ពស់ខាង​​ថែរក្សា​ស្បែក ​ដោយ​ជួយ​កាត់​បន្ថយ​អាការៈ​កន្ទួល​រមាស់ ពង រលាក ... និង​​​គុណប្រយោជន៍ ជាច្រើន​ផ្សេង​ទៀត ដែល​គេ​មិន​សូវ​លើក​មក​បរិយាយ​​។

ប្រទាល​មិត្ត​របស់​ស្បែក បំបាត់ ​ពង​កន្ទួល មុន

ប្រទាលកន្ទុយក្រពើ​ជាមិត្ត​របស់​ស្បែក ! រលាក កកិត ​ រោល​នឹង​​កំដៅថ្ងៃ ឬ​ភ្លើង ឡើង​ពង ឡើង​កន្ទួល រមាស់ ប្រទាល​កន្ទុយក្រពើ​អាច​ជួយ​បន្ធូរ​បន្ថយ​​ និង​បំបាត់​អាការៈ​សញ្ញា​ទាំង​អស់​នោះ​បាន ដោយ​គ្រាន់​តែ​យក​ជែល​ ឬ​សាច់​សទន់ៗរបស់ក្នុង​ធាង​ប្រទាល​កន្ទុយក្រពើ​មក​បិទ​ពី​លើ។ បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​ឱសថការី Valentine Cabanelឱសថបណ្ឌិតឯកទេស​រុក្ខជាតិ​ ​ប្រទាល​កន្ទុយ​ក្រពើ​ មាន​សមត្ថភាពផ្តល់​​ភាព​ត្រជាក់ ​ផ្តល់​សំណើម​ជាតិ​ទឹក​ ឱ្យ​ស្បែក និង​ជួសជុល​អេពីដែម ឱ្យ​វិល​មក​រក​ភាព​ធម្មតា​ឡើង​វិញ។ សារធាតុ​សកម្ម​ជា​ធម្មជាតិ​របស់​ប្រទាល​កន្ទុយក្រពើ​ មាន​កំហាប់​ខ្ពស់​ខ្លាំង រហូត​អាច​មាន​សមត្ថភាព​ជួយស្បែក​ដំបៅ​ និង​មាន​ការ​បង្ក​រោគ​ ឱ្យ​ឆាប់​បាន​ជា​សះស្បើយ​បាន។

បើ​តាម​ប្រសាសន៍​របស់​លោក​ស្រី​ឱសថការី អាស៊ីត​សាលីស៊ីលិក ដែល​មាន​បង្កប់​នៅ​ក្នុង​ប្រទាល​ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​​តាម​រន្ធ​ញើស​ទៅ​លាងសម្អាត​​ក្រពេញសេបាសេ (ក្រពេញ​នៅចន្លោះ​ស្រទាប់​ស្បែក​លើ​និង​ស្បែកក្នុង)​​ ដែល​មានខ្លាញ់​ច្រើន​ជ្រុល និង​ដែល​ជា​ដើមហេតុ​បង្ក​ឱ្យ​មាន​ការ​កើត​មុន។ ដូច្នេះ​ដើម្បី​ព្យាបាល​មុខ​កុំ​ឱ្យចេញមុន សូម​យក​សាច់​អាឡូវេរ៉ា​ទៅ​បិទ​ពីលើ​ស្បែក​ពកៗ​រកកើត​មុន​ នៅ​រាល់​ល្ងាច ឬ​ពេញមួយ​យប់​ក៏​បាន។ ក៏​​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​​ ! កុំ​ភ្លេច​លាង​សម្អាត​និង​ផ្អើម​ស្បែក​មុខ​នៅ​ពេល​ព្រឹក​ឡើង។ បើ​អ្នក​មាន​ស្បែក​ស្ងួត ឬ​ស្ងួត​ខ្លាំង​ និង​ងាយ​មាន​ប្រតិកម្ម​ គួរ​ប្រយ័ត្ន​នឹង​ការ​ប្រើ​អាស៊ីត​សាលីស៊ីលីក ឬ​ប្រទាល​នេះ ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​រលាក​ និង​អាឡែកហ្ស៊ី​បាន។ ក្នុង​ករណីនេះ សូមប្រើ​ប្រទាល​កន្ទុយក្រពើ​តែ​ម្តង​ឬ​ពីរ​បាន​ហើយ​ក្នុងមួយ​​សប្តាហ៍។

​​ឧស្សាហកម្ម​សម្ផស្ស ត្រូវ​ការ​ប្រទាល​កន្ទុយក្រពើណាស់ ! ព្រោះ​ប្រទាល​នេះ​មាន​ផ្ទុកសារធាតុ polysaccharides ​(ជាតិស្ករ) ​​ក្នុង​បរិមាណ​​ដ៏លើសលុប។ សារធាតុ​ polysaccharides មាន​នាទីទៅ​​​ផ្សើម​ និង​ចិញ្ចឹម​ ព្រមទាំង​ផ្តល់​អុកស៊ីសែន ឱ្យ​កោសិកាស្បែក​ ឱ្យ​ចាត់​ចែង​បញ្ចេញ​ជាតិ​កូឡាជែន មាន​ន័យ​ថា​ជាតិ​ស្ករ​របស់​ប្រទាល​កន្ទុយក្រពើ​នេះ នឹង​ជួយ​ឱ្យ​ស្បែក​មាន​កំរិត​ជាតិ​ទឹក​ខ្ពស់ ធ្វើ​ឱ្យ​រលោង​ យឺតល្អ និង​កាត់​បន្ថយ​ភ្លឺ​ផ្នត់​ជ្រីវជ្រួញ។ សមត្ថភាព​​ជួយ​ស្បែក​មិន​ឱ្យ​ឆាប់​ចាស់ បាន​រឹត​តែ​ធ្វើ​ឱ្យ​ប្រទាល​កន្ទុកក្រពើ​កាន់​តែ​ល្បីល្បាញ​និង​ពេញ​និយម។

ប្រឆាំង​នឹង​សក់​ឡើង​ខ្លាញ់

ជាង​នេះ​ទៅ​ទៀត ប្រទាល​កន្ទុយក្រពើ​សិន ជា​​រុក្ខជាតិ​មាន​ផ្ទុក​សារធាតុ​សង្កសី​ច្រើន​ ដែល​អាច​ជួយ​សម្រួល​ការ​ផលិតជាតិ​ខ្លាញ់​​សេប៊ុម ពោល​គឺ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​ជាតិខ្លាញ់​នៅសក់​។ ​ ដូច្នេះ​ បើ​សក់អ្នក​ឆាប់​ឡើង​ខ្លាញ់ សូម​កុំ​លាក់​បាំង​វា​ដោយ​ការ​ចង​ញុក ! សូម​សាកល្បង​ប្រើប្រទាល​កន្ទុយក្រពើ​ចុះ។ បន្ថែម​ពី​លើ​នេះ​ទៀត ​ អាឡូវេរ៉ា មាន​ផ្ទុក​វីតាមីន អា និង​បេ ព្រមទាំង​អាស៊ីតអាមីណេ ដែល​សុទ្ធ​សឹង ជាសារធាតុ​មាន​តួនាទី​ចិញ្ចឹម​សក់​ ថែទាំ​សក់​ដល់​ឬសគល់​។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សាប៊ូកក់សក់​ជា​ច្រើន​គេតែង​បញ្ជាក់​បន្ថែម​ថា​មាន​ជាតិ​អាឡូវេរ៉ា ដើម្បី​អួត​អាង​អំពី​គុណភាព​ល្អ​របស់​សាប៊ូ។ ប៉ុន្តែ​ដើម្បី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​អ្នក​ត្រូវ​ទទួល​ប្រទាល​កន្ទុយក្រពើ​តែ​ម្តង មិន​មែន​ត្រឹម​តែ​លាបលន​ បិទខាង​ក្រៅ​ឡើយ។

កាត់​បន្ថយ​អាការៈ​រលាក​ក្រពះ

ការទទួល​ទាន​ប្រទាល​កន្ទុយក្រពើ អាច​ជួយ​ស្បែក ជួយ​សក់ឱ្យ​នៅ​ភ្លឺ​រលោង​ទន់​ល្អ និង​ជួយ​សរីរាង្គ​ផ្នែក​ខាង​ក្នុង​ទៀត។ ដោយ​សារ​ភាព​សម្បូរ​បែប​​ផ្នែក​សារជាតិ​ ប៉ូលីស្ហារីត polysaccharides ប្រទាល​កន្ទុយ​ក្រពើ​ អាច​ជួយ​ការពារ​ស្រទាប់​ភ្នាស​ក្រពះ មិន​ឱ្យ​ឈឺ និង​មិន​ឱ្យ​មាន​ច្រាល​ឡើង​មក​លើ​​ ព្រមទាំង​អាច​ជួយ​ព្យាបាល​ដំបៅ​ក្រពះ​បាន​ទៀត។ ព្រោះ​ប៉ូលីស្ហារីត ជា​ស្ករ​ធម្មជាតិ​មាន​សមត្ថភាព​ផ្តល់​សំណើម និង​ជួយ​ចាត់​ចែងឱ្យ​ភ្នាស​មាន​សភាព​សើម​​ជា​និច្ច​ ដែល​ការ​នេះ​អាចធ្វើ​ឱ្យ​​អត្រា​ជាតិ​ស្ករ​ និង​ខ្លាញ់​ក្នុង​ឈាម​ ចុះ​ថយ​បាន។ ជាតិ​ស្ករ​ធម្មជាតិ​របស់​ប្រទាល អាច​ជាមិត្ត​ល្អ​របស់​អ្នកកើត​ជំងឺ​ទឹក​នោម​ផ្អែម និង​អ្នក​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​ឱសថការី​ដដែល។ ដើម្បីការពារ​ស្រទាប់​ស្បែកស្តើងៗ​ឱ្យ​នៅ​សើម បាន​យូរ អ្នក​អាច​ទទួល​ទាន​​ទឹក​ប្រទាល​កន្ទុយក្រពើ គាប​​ស្រស់ៗ ជា​កិច្ច​ព្យាបាល​ជំងឺ​រយៈ​ពេល​២១ទៅ​២៥​ថ្ងៃ ក្នុង​បរិមាណ​ ២៥​មីល្លីលីត្រ​ ព្រឹក​ម្តង​ល្ងាច​ម្តង នៅ​អាទិត្យ​ដំបូង និង​បន្ទាប់​មក​ពិសារ​តែ​ម្តង ​នៅ​ពេលព្រឹក​មុន​ទទួល​ទានអាហារ។

ចំពោះ​ភ្នែក សរីរាង្គ​​ដែល​ងាយ​នឹង​រក​ការ​វាយប្រហារ​ពី​សំណាក់​មីក្រុប និង​បាក់តេរីផ្សេង​ៗ ឆាប់​មាន​អាការៈ​រលាក​ ឡើង​ក្រហម​វិញ​ ប្រទាល​កន្ទុយក្រពើ​អាច​ជួយ​សម្រួល​និងកាត់​បន្ថយភាព​រកាំបានខ្លះ។

ធាង​ប្រទាលកន្ទុយក្រពើ សូម​ចិត​សំបក និង​ជ័រ​ចេញ​ឱ្យ​អស់ និង​ទទួល​ទាន​តែ​សាច់​សៗ
ធាង​ប្រទាលកន្ទុយក្រពើ សូម​ចិត​សំបក និង​ជ័រ​ចេញ​ឱ្យ​អស់ និង​ទទួល​ទាន​តែ​សាច់​សៗ dr

ជ័រ​របស់​ប្រទាល​កន្ទុយក្រពើ​ អាច​បង្ក​ជំងឺ​មហារីក

ប៉ុន្តែ​សូម​ចង​ចាំ​ថា ថ្វី​បើ​ប្រទាល​កន្ទុយក្រពើ​មាន​គុណប្រយោជន៍​ច្រើនយ៉ាង​មែន តែ​ប្រទាល​កន្ទុយក្រពើ​មិនមែន​ជា​ឱសថទិព្វ​ទេ ! សូម​ទទួល​ទាន និង​ប្រើប្រាស់​វា​ដោយ​ប្រុង​ប្រយ័ត្ន និង​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រោះ​ពេទ្យ​ជានិច្ច។ ប្រទាល​កន្ទុយ​ក្រពើ​ ក៏​អាច​បង្ក​ផលវិបាក​ ច្រើន​យ៉ាង ប៉ះពាល់​ ដល់​សុខភាព​ដែរ។

​បើ​តាម​ភ្នាក់ងារ​បារាំង ​ប្រទាល​កន្ទុយក្រពើ​ដែល​មាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ ក្នុង​វេជ្ជសាស្ត្រ ក្នុង​ផលិតផល​សំអាង​កែសម្ផស្ស​ ជា​គ្រឿង​ផ្សំ​ធ្វើម្ហូប​ មិន​អាចយក​​ប្រើប្រាស់តាម​តែ​ចិត្ត​នឹកឃើញ​ឡើយ ជាពិសេស​ចំពោះ​ប្រទាលកន្ទុយក្រពើ​ស្រស់ៗដែល​មាន​​ជាប់​ជ័រ។ ហើយ​គឺ​ជ័រ​លឿងៗ​ដែល​មាន​ជាប់​នឹង​សំបក​ប្រទាល​នេះ​ឯង​ដែល​ជា​ប្រភព​ផ្តល់​គុណវិបត្តិ និង​ផលរំខាន​ជា​ច្រើន ដែលមាន​​បញ្ជាក់​បង្ហាញ​ក្នុង​ឯកសារ​ជា​ច្រើន តែ​គ្មាន​នរណា​បាន​រំលឹក​អំពី​គ្រោះ​ថ្នាក់​របស់​វា​ នៅ​ពេល​លក់​។

ជ័រលឿងៗ​​របស់​ប្រទាល​ ស្អិត​ខ្លាំងណាស់ ដូច្នេះ​ប្រសិនបើ​យើង​ទទួល​ទាន​ប្រទាល​កន្ទុយក្រពើ​​មាន​ជាប់​ជ័រ​នេះច្រើន និងញយៗ​ដង នោះ​គេ​នឹង​អាច​មាន​គ្រោះ​ជួប​ជំងឺ​មហារីក​ពោះវៀន​ បញ្ហា​តម្រង​នោម​ធ្ងន់ធ្ងរ។ ថ្វីបើ​អាឡូវេរ៉ា ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សម្រួល​ការ​ទល់​លាមក​ម្តង​ម្កាល ការ​ទទួល​ទទួល​ប្រទាល​នេះ​ច្រើន​អាច​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហាចុក​ពោះ និង​​រាករូស​ទៅ​វិញ។

ភ្នាក់ងារ​គ្រប់គ្រង​សុវត្ថិភាព​ចំណី​អាហារ​បារាំង បាន​ចេញ​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ ចាប់​ផ្តើម​ធ្វើការ​សិក្សា​និង​វាយ​តម្លៃ​ហានិភ័យ​បង្ក​ឡើង​ដោយ​ប្រទាល​កន្ទុយ​ក្រពើ​ឡើង​វិញ។ ឯ​ចំណែក​​​​ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​អឺរ៉ុបវិញ ស្ថាប័ន​បាន​បង្ហើប​ភាព​សង្ស័យ​​របស់​ខ្លួន​ ដោយចំៗ កាលពី​ខែ​មករា ដើមឆ្នាំ​២០១៨ អំពី​គ្រោះ​ថ្នាក់​​ដែល​អាច​បង្ក​ឡើយ​ដោយ​សារធាតុ ​ hydroxyanthracéniques របស់​ប្រទាល​កន្ទុយក្រពើ​ ថា​ជា​ភ្នាក់ងារ​បង្ក​ជំងឺ មហារីក និង​អាច​ធ្វើ​ឱ្យ​អាដេអិន​របស់​មនុស្ស​ខូច​ខាត​។

ក្នុង​ពេល​រង់​ចាំ​លទ្ធផល​នៃកា​រសិក្សា​វាយ​តម្លៃ​អំពី​ហានិភ័យ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​បារាំង មិន​ណែនាំ​ឱ្យ​អស់​លោក​អ្នក​ឈប់​ប៉ះពាល់ ឬ​ទទួល​ទាន​​រុក្ខជាតិ​​ដ៏​ពេញនិយម​នេះ​ទេ ប៉ុន្តែ​ភ្នាក់ងារ​សូម​ផ្តល់​អនុសាសន៍​ឱ្យ​លោក​អ្នក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ ដោយ​ត្រូវ​ចិត​សំបក​ចេញ​ឱ្យ​អស់ ​លាង​ជ័រ​ពណ៌​លឿងៗ​ចេញ​ឱ្យ​ស្អាត​ និង​ទទួល​ទាន​តែ​សាច់​ទន់ថ្លាៗ​របស់​ប្រទាល តែប៉ុណ្ណោះ។ ហាម​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​ដោះ​កូន ក្មេង​ ព្រមទាំង​មនុស្សពេញ​វ័យ​ មាន​សុខភាព​មិន​រឹង​មាំ សូម​កុំ​ទទួល​ទាន​ប្រទាល​កន្ទុយក្រពើ​ ជាអាហារ​​​ស្រស់​ឱ្យសោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ