អានតួអត្ថបទ
កម្ពុជា-រុស្ស៊ី

រុស្ស៊ី​ត្រៀម​ខ្លួន​ជួយ​កម្ពុជា ​ជួស​ជុល​និង​ធ្វើ​ទំនើប​កម្ម​អាវុធ​យុទ្ធភណ្ឌ​និង​គ្រឿង​បច្ចេកទេស​យោធា

កម្ពុជា​និង​រុស្ស៊ី ទើប​តែ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការយោធា​​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នោះ រុស្ស៊ីបាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន ជួយ​ជួស​ជុល​និង​ធ្វើ​ទំនើប​កម្ម​អាវុធ​យុទ្ធភណ្ឌ ក៏​ដូច​ជា​គ្រឿង​បច្ចេកទេស​យោធា​របស់​កង​យោធពល​ខេមរភូមិន្ទ​។ សូម​ជម្រាប​ជូន​ថា កិច្ច​ព្រម​ព្រៀង​យោធា​រវាង​កម្ពុជា​និង​រុស្ស៊ី​​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​គណៈប្រតិភូ​យោធា​​ជាន់​ខ្ពស់​កម្ពុជា អញ្ជើញ​ចូល​រួម​ពិព័រណ៍​បច្ចេកទេស​យោធា​អន្ដរជាតិ​នៅ​ទីក្រុង​មូស្គូ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៦​ខែ​សីហា​កន្លង​ទៅ​។

អនុ​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​រុស្ស៊ី លោក A. Fomin និង​លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​យោធា នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី
អនុ​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​រុស្ស៊ី លោក A. Fomin និង​លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​យោធា នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ក្រសួង​ការពារ​ជាតិ
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​ប្រកាស​ត្រៀម​ខ្លួន​ជួយ​ជួស​ជុល​និង​ធ្វើ​ទំនើប​កម្ម​អាវុធ​យុទ្ធភណ្ឌ ក៏​ដូច​ជា​គ្រឿង​បច្ចេកទេស​យោធា​របស់​កង​យោធពល​ខេមរភូមិន្ទ​ ធ្វើ​ឡើង​តាម​រយៈ​អនុរដ្ឋ​មន្ដ្រី​ការពារ​ជាតិ​រុស្ស៊ី លោក Alexander Fomin។ នៅ​ចំពោះ​មុខ​គណៈប្រតិភូ​យោធា​ជាន់​ខ្ពស់​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក Alexander Fomin ក៏​បាន​បង្ហាញពី​បំណង​ចង់​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ជាមួយ​កម្ពុជា ក្នុង​វិស័យ​ដោះ មីន​ផង​ដែរ​។ លោក​ថា រុស្ស៊ី​នឹង​អញ្ជើញ​អ្នក​ជំនាញ​ដោះ​មីន​នៃ​កង​យោធពល​ខេមរភូមិន្ទ ទៅ​សិក្សា​មុខ​វិជ្ជា​ដោះ​មីន​នៅ​រុស្ស៊ី នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អនុ​រដ្ឋមន្ដ្រី​ការ​ពារ​ជាតិ​រុស្ស៊ី​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការយោធា​​រវាង​កង​ទ័ព​​កម្ពុជានិង​រុស្ស៊ី ខណៈ​គណៈប្រតិភូ​យោធា​កម្ពុជា​អញ្ជើញ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍បច្ចេកទេស​យោធា​អន្ដរជាតិ​ នៅ​ទីក្រុង​មូស្គូ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៦​ខែ​សីហា​កន្លង​ទៅ​។

សម្រាប់អនុរដ្ឋ​មន្ដ្រី​ការពារ​ជាតិ​រុស្ស៊ី លោក Alexander Fomin ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី និង​កម្ពុជា បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​នេះ ភ្ជាប់​ទំនាក់​ទំនង​ការទូត​នឹង​គ្នា​នៅ​ឆ្នាំ​១៩៥៦​។ គួរ​ជម្រាប​ថា នៅ​ក្នុង​វិស័យ​យោធារយៈ​ពេល​ជាង​៦០​ឆ្នាំ​កន្លង​មក​នេះ រុស្ស៊ី​បាន​ជួយបណ្ដុះ​បណ្ដាល​នាយ​ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​សរុប​ចំនួន​១​ពាន់​៤​រយ​នាក់ ខណៈ​នា​ពេល​បច្ចុប្បន្ន​ មាន​កងយោធពល​ខេមរភូមិន្ទ​ចំនួន​២៨៩​នាក់​ទៀត កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី។

សូម​ជម្រាប​ថា ចាប់តាំង​ពី​មាន​ទំនាក់ទំនង​ការទូតរវាងគ្នា​ក្នុងឆ្នាំ​១៩៥៦ ​សូវៀត​និង​កម្ពុជា​ មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ក្នុង​វិស័យ​ជា​ច្រើន រាប់​តាំង​ពី​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ សុខភាព រហូត​ដល់​យោធា​។ ទំនាក់ទំនង​​​នេះ ឡើង​ដល់​កម្រិត​កំពូល​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ នៅ​ពេល​ដែល​សូវៀត​ផ្ដល់​ជំនួយ​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ដល់​កម្ពុជា​។ ប៉ុន្តែមក​ទល់​ពេល​នេះ សហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ភ្នំពេញ​មិន​មូស្គូ បាន​ធ្លាក់​មក​នៅ​ក្នុង​កម្រិត​ទាប​មក​វិញ​។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ជំនួបជាមួយ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នា​ពេល​កន្លង​មក ប្រមុខ​ដឹក​នាំ​រុស្ស៊ី គឺ​លោក វ្លាឌីមៀ ពូទីន បាន​​ចាត់​ទុក​កម្ពុជា​ថា ជា​មិត្ត​ចាស់ និង​ជា​ដៃគូ​ប្រពៃណី​​របស់​រុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ