មួយកែវក្នុងមួយថ្ងៃ គឺច្រើនជ្រុល សម្រាប់បំផ្លាញសុខភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៣
តែមួយខ្អឹក ក៏សុរាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបានដែរ ! ការសិក្សា ក្នុង១៩៥ប្រទេស រយៈពេលជាង២០ឆ្នាំ ទើបចេញផ្សាយនៅក្នុងទស្សនាវដ្តីThe Lancet កាលពីថ្ងៃទី ២៣សីហា បានបង្ហាញថា គ្មានទេកំរិតទាបបំផុតនៃការទទួលទានសុរាគ្មានគ្រោះថ្នាក់ចំពោះសុខភាពនោះ ! ក្នុងមួយឆ្នាំៗ មានមនុស្សប្រមាណជិតបីលាននាក់ បានស្លាប់ដោយសារតែសុរា។
កំរិតនៃការទទួលទានសុរា “ទាបបំផុត” ដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាព គឺ “សូន្យ” ! នេះជាសេចក្តីបញ្ជាក់របស់អ្នកស្រាវជ្រាវរាប់សិបរយនាក់ ដែលទើបចេញផ្សាយការសិក្សារបស់គេ នៅក្នុងទំព័រទស្សនាវដ្តីThe Lancet កាលពីខែសីហា។
អ្នកស្រាវជ្រាវបានសិក្សាវិភាគកំរិតនៃការទទួលសុរា និងផលប៉ះពាល់ចំពោះសុខភាព ទាំងស្រ្តីនិងបុរស ក្នុងរយៈពេលពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៦ នៅក្នុងប្រទេសចំនួន ១៩៥នៅលើពិភពលោក ក្រោមការឧបត្ថម្ភរបស់មូលនិធិ Fondation Bill & Melinda Gates។ ជាលទ្ធផល ពិភពលោកបច្ចុប្បន្នរាប់ឃើញមានអ្នកទទួលទានសុរា សរុបប្រមាណ ២,៤ពាន់លាននាក់ ក្នុងនោះ ៦៣%ជាបុរស។ ក្នុងមួយឆ្នាំៗ មួយភាគបីនៃអ្នកទទួលទានសុរា បានស្លាប់ ដោយមូលហេតុពាក់ព័ន្ធនឹងការផឹកស្រា។ គ្រាន់តែនៅឆ្នាំ២០១៦មួយ សុរាបានសម្លាប់ មនុស្ស២,៨លាននាក់។ នៅឆ្នាំ២០១៦ ដដែល ការទទួលទានសុរាជាកត្តាទី៧នៃហានិភ័យនាំស្លាប់មុនអាយុ ព្រមទាំងពិការភាពនៅលើពិភពលោក និងជាមូលហេតុចំបងនៃមរណភាពរបស់មនុស្សក្នុងវ័យ ១៥ទៅ៤៩ឆ្នាំ។ ករណីស្លាប់ទាំងក្មេង(១៥-៤៩ឆ្នាំ) មួយក្នុងចំណោម១០ មានចំណងនឹងសុរា (មិនថាដោយហេតុជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ ឬសម្លាប់ខ្លួន ...ទេ)។
បើតាមអ្នកស្រាវជ្រាវ ឥទ្ធិពលអាក្រក់របស់សុរាចំពោះសុខភាព បានស្តែងឡើង តាំងពីមួយកែវដំបូង ក្នុងមួយថ្ងៃ។ ចំពោះមនុស្សគ្រប់វ័យ (១៥-៩៥ឆ្នាំ) ការទទួលទានសុរា ដ៏តិចបំផុត តែមួយកែវក្នុងមួយថ្ងៃ អាចបង្កើនគ្រោះហានិភ័យ០,៥% កើតជំងឺមួយ ក្នុងចំណោមជំងឺទាំង២៣បង្កឡើងសុរា មានជាអាទិ៍ មហារីក ជំងឺសរសៃឈាមបេះដូង គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ក្រិនថ្លើម ឬគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ...
អ្នកទទួលទានសុរា ឬគ្រឿងស្រវឹង ក្នុងកំរិតដ៏តិចតួចយ៉ាងណា ក៏មិនអាចរួចខ្លួនដែរ។ អ្នកស្លាប់ព្រោះទទួលទានសុរាតិចបំផុត មានដល់ទៅប្រមាណ១សែននាក់ក្នុងឆ្នាំ នៅលើពិភពលោក។ អ្នកស្រាវជ្រាវបានគូសបញ្ជាក់ទៀតថា មានយន្តការគ្រោះថ្នាក់មានកាន់តែច្រើនទៀត សម្រាប់អ្នកផឹកជាប្រចាំ នោះគឺការទម្លាប់ទទួលទានសុរាញយៗ យូរៗទៅ វានឹងធ្វើឱ្យប៉ះពាល់ដល់ផ្នែកណាមួយនៃសរីរាង្គកាយ ធ្វើឱ្យមានជាតិពុលខ្លាំងក្នុងខ្លួន ដែលអាចបង្កឱ្យមានរបួស ឬពុល និងការធ្លាក់ខ្លួនញៀន។
ចុះឯណាទៅពាក្យថា ទទួលទានសុរាមួយកែវក្នុងមួយថ្ងៃ នឹងធ្វើឱ្យឈាមដើរស្រួល នោះ ?
មែន ! កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨៤ ក្រសួងសុខាភិបាលបារាំង ពិតជាបានធ្វើយុទ្ធនាការផ្សព្វផ្សាយ ថាការទទួលទានសុរាក្រោមពីរកែវក្នុងមួយថ្ងៃ មិនបង្កគ្រោះហានិភ័យដល់សុខភាពទេ ប៉ុន្តែពាក្យឃោសនាទាំងនោះ វាគ្រាន់តែជាជំនឿតគ្នាតែប៉ុណ្ណោះ ! នេះបើតាមប្រសាសន៍អះអាងរបស់លោកស្រីវេជ្ជបណ្ឌិតEmmanuela Gakidou សហដឹកនាំសិក្សាស្រាវជ្រាវនេះ។ លោកវេជ្ជបណ្ឌិត Bernard Basset នៃសមាគមជាតិការពារប្រឆាំងនឹងសុរានិងការញៀនបារាំង ក៏បានអះអាងបញ្ជាក់ដូចគ្នាថា ៖
គ្មានរបកគំឃើញណាបញ្ជាក់សោះថា ការទទួលទានសុរាមួយកែវក្នុងមួយថ្ងៃ អាចជួយសុខភាពនោះ។ គ្មានទេ ការជួយការពារបេះដូង គ្មានទេការជួយសម្រួលឈាម ដោយសារការផឹកមួយកែវក្នុងមួយថ្ងៃ ! គ្មានទេ ! គ្រាន់តែជាជំនឿប៉ុណ្ណោះ ! គ្មានទេការពិតជាក់ស្តែង រកឃើញពន្យល់បានតាមបែបវិទ្យាសាស្ត្រទេ ! ការសិក្សារបស់lancet បានពន្លាតបង្ហាញយ៉ាងច្បាស់ហើយថា គ្មានទេ !
តាមការពិត បើតាមការស្រាវជ្រាវ ទទួលទានសុរាតែមួយកែវក្នុងមួយថ្ងៃ វាគ្រប់គ្រាន់នឹងបង្កើនហានិភ័យកើតជំងឺមហារីក ជំងឺសរសៃឈាមបេះដូង គ្រោះថា្នក់សរសៃឈាមក្នុងខួរក្បាល ក្រិនថ្លើមហើយ។ បើថែមដល់ពីរ ឬបី កែវ ក្នុងមួយថ្ងៃ ហានិភ័យកើនឡើងកាន់ខ្ពស់ និងយ៉ាងច្បាស់ក្រសែត។ នេះបើតាមការសិក្សាដដែល។
មួយកែវ ! ពីរកែវ ! តើជាកែវអ្វី ? កែវតូចឬកែវធំ ? ពាក្យថាមួយកែវ គឺសំដៅលើខ្នាតមួយកែវ ដែលមានជាតិអាល់កុលសុទ្ធ ១០ក្រាម ឬមួយកែវស្តង់ការការផឹក ពោលគឺស្មើនឹងស្រាបៀរមួយកែវ ២៥០សង់ទីលីត្រ- ១០សង់ទីលីត្រ នៃស្រាសំប៉ាញ (កំរិត១២អង្សារ) ឬស្រាក្រហម/ស្រាទំពាំងបាយជូរ -ស្រាក្រឡុក៧សង់ទីលីត្រ -បីសង់ទីលីត្រ សម្រាប់ស្រាខ្លាំង (៤០អង្សារ) ពពួកវីស្គី ហិនណាស៊ី ។ ជម្រើសនៃការប្រើកែវទម្រង់កែវស្រាខុសគ្នា និងរង្វាស់នៃការចាក់ស្រានៅតាម រង្គសាល ឬកន្លែងលក់ស្រា អាចចាត់ទុកជាចំណែកមួយនៃការវាស់ខ្នាតស្តង់ដារផងបានហើយ។
កំរិតមួយកែវស្តង់ដារ ៖
- 10 cl នៃស្រាកំរិត 12°
- 25 cl នៃស្រាបៀ 5°
- 3 cl នៃស្រាខ្លាំង 40°
ដើម្បីគិតអំពីរង្វាស់មួយកែវស្តង់ដារ តាមបែបគណិតវិទ្យា និងដើម្បីឱ្យប្រាកដត្រឹមត្រូវនោះ គេអាចគណនា ដោយខ្លួនឯងបាន ដោយយក បរិមាណ ជាសង់ទីលីត្រ គុណនឹងកំរិតជាតិអាល់កុល (ដឺក្រេ) ហើយយកលទ្ធផលនេះទៅគុណនឹង៨ទៀត រួចចែកនឹងមួយពាន់ នោះអ្នកនឹងរកឃើញកំរិតដូសស្រាដែលយើងបានផឹកហើយ ។ ឧទាហរណ៍ បើអ្នកទទួលទានស្រាបៀខ្លាំង កំរិត១០ដឺក្រ មួយកំប៉ុង៥០cl មានន័យថាអ្នកបានបរិភោគស្រាបួនកែវស្តង់ដារផឹកហើយ (៥០cl x ១០° = ៥០០x៨ = ៤០០០៖ ១០០០= ៤កែវ)។
សម្រាប់លោកវេជ្ជបណ្ឌិត ប៊ែរណា បាសេ អ្វីដែលកាន់តែពិបាកផ្ទៀងផ្ទាត់មួយទៀត គឺនៅពេលជួបជុំទទួលទានសុរានៅផ្ទះ ឬដោយមានអ្នកបំរើ អ្នករត់តុកាន់ដបដើរចាក់ ដែលជាទូទៅគ្រប់គ្នាមាននិន្នាការចិត្តល្អចាក់ស្រាច្រើនៗ គ្មានគិតខ្នាតគិតរង្វាស់សម្រាប់គិតលុយ។
ប៉ុន្តែសុខភាពសាធារណៈ មិនមែនស្ថិតនៅលើរង្វាស់ផឹក មួយកែវ ឬពីរ ឬបី ក្នុងមួយថ្ងៃឡើយ ! អ្វីដែលសំខាន់ គឺសូមអ្នកចូលចិត្តទទួលទានជាតិសុរាទាំងអស់យល់ច្បាស់ថា គ្មានទេកំរិតអប្បបរិមាល្អ សម្រាប់សុខភាព ! គ្មានទេពាក្យថាអ្នកបានទទួលទានស្រាសមរម្យមិនលើសកំរិតអនុញ្ញាតនាំឱ្យខូចសុខភាព។
អ្វីដែលអ្នកស្រាវជ្រាវខំបង្ហាញលទ្ធផលសិក្សារបស់ខ្លួន នាពេលនេះ ក៏ព្រោះតែចង់ឱ្យពិភពលោកគិតគូររកនយោបាយត្រួតពិនិត្យ ដើម្បីបញ្ចុះកំរិតនិងបរិមាណនៃការបរិភោគគ្រឿងស្រវឹង។ ក្រុមអ្នកស្រាវជ្រាវបានស្នើ រដ្ឋាភិបាលនីមួយៗ ដំឡើងពន្ធមិនផ្ទាល់ពីសុរា និងចាត់វិធានការតឹងតែងចំពោះការផ្សាយពាណិជ្ជកម្ម។
បច្ចុប្បន្ននេះ ពលរដ្ឋដែលទទួលទានគ្រឿងស្រវឹងច្រើនជាងគេ ( ស្រា ស្រាបៀ ស្រាខ្លាំង ...) គឺរ៉ូមានី (៨,២កែវ) ព័រទុយហ្កាល់ និងលុចសំបួរ (៧,៣កែវ) ជាមធ្យមក្នុងមួយថ្ងៃ ចំពោះបុរស។ ឯចំណែកស្ត្រីវិញ លំដាប់លេខមួយ គឺស្ត្រីអ៊ុយក្រែន (៤,៩) លុចសំបួរ (៣,៤)។ បុរសបារាំងទទួលទានជាមធ្យម ៤,៩ កែវក្នុងមួយថ្ងៃ ចំណែកស្ត្រីវិញ ២,៩កែវ។ កម្ពុជា ក្នុងប្រធានបទនេះ មានចំណាត់ខ្ពស់គួរសម ដោយមានមធ្យមភាគផឹក ប្រមាណពី ៤ទៅ៥កែវ ក្នុងមួយថ្ងៃសម្រាប់បុរស និងតែ១ទៅ២កែវសម្រាប់ស្ត្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ