អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មួយ​កែវ​ក្នុង​មួយ​ថ្ងៃ គឺ​ច្រើន​ជ្រុល សម្រាប់​បំផ្លាញ​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

តែមួយ​ខ្អឹក​ ក៏​សុរា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​បាន​ដែរ ! ការ​សិក្សា ក្នុង​១៩៥​ប្រទេស រយៈ​ពេលជាង​​២០​ឆ្នាំ ​​ទើប​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តីThe Lancet ​ កាលពី​ថ្ងៃ​ទី ២៣​សីហា បាន​បង្ហាញ​ថា គ្មាន​ទេ​កំរិត​ទាប​បំផុត​នៃ​ការ​ទទួល​ទាន​សុរា​គ្មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​នោះ ! ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ប្រមាណ​ជិត​បី​លាន​​នាក់​ បាន​ស្លាប់​ដោយសារ​តែ​សុរា។

កំរិត​ទាប​បំផុតនៃ​ការ​ទទួល​ទាន​សុរា​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ គឺ​ សូន្យ
កំរិត​ទាប​បំផុតនៃ​ការ​ទទួល​ទាន​សុរា​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ គឺ​ សូន្យ Pixabay.com
ផ្សាយពាណិជ្ជកម្ម

កំរិត​នៃ​ការ​ទទួលទាន​​សុរា​ “ទាប​បំផុត” ​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​​ដល់​សុខភាព គឺ​ “សូន្យ” ! នេះ​ជា​សេចក្តី​បញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ​​រាប់​សិប​រយ​នាក់ ដែល​ទើប​ចេញ​ផ្សាយ​ការ​សិក្សា​របស់​គេ​ នៅ​ក្នុង​ទំព័រ​ទស្សនាវដ្តី​The Lancet កាលពី​ខែ​សីហា។

អ្នក​ស្រាវជ្រាវ​បាន​សិក្សា​វិភាគ​កំរិត​នៃ​ការ​ទទួល​សុរា និង​ផល​ប៉ះពាល់​ចំពោះ​សុខភាព ទាំង​ស្រ្តី​និង​បុរស ក្នុង​រយៈ​ពេល​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១៦ នៅ​ក្នុង​ប្រទេស​ចំនួន ១៩៥​នៅ​លើ​ពិភពលោក ក្រោម​ការ​ឧបត្ថម្ភ​របស់​​មូលនិធិ Fondation Bill & Melinda Gates។ ជា​លទ្ធផល ពិភពលោក​បច្ចុប្បន្ន​រាប់​ឃើញ​មាន​អ្នក​ទទួល​ទាន​សុរា សរុប​ប្រមាណ ២,៤​ពាន់​លាន​នាក់ ក្នុង​នោះ ៦៣%​ជា​បុរស។ ក្នុង​មួយ​ឆ្នាំៗ​ មួយ​ភាគ​បី​នៃ​អ្នក​ទទួល​ទាន​សុរា បានស្លាប់​ ដោយមូល​​ហេតុ​​ពាក់​ព័ន្ធ​នឹង​ការ​ផឹក​ស្រា។ គ្រាន់​តែ​នៅ​ឆ្នាំ​២០១៦​មួយ សុរា​បាន​សម្លាប់​ មនុស្ស​២,៨​លាន​នាក់។ នៅ​ឆ្នាំ​២០១៦ ដដែល ការ​ទទួល​ទាន​សុរា​ជា​កត្តា​ទី​៧​នៃ​ហានិភ័យ​នាំ​ស្លាប់​មុន​អាយុ ព្រមទាំង​​ពិការ​ភាព​នៅ​លើ​ពិភពលោក និង​ជាមូលហេតុ​ចំបង​នៃ​មរណភាព​របស់​មនុស្ស​ក្នុង​វ័យ​ ១៥ទៅ​៤៩​ឆ្នាំ។ ករណី​ស្លាប់​ទាំង​ក្មេង(១៥-៤៩ឆ្នាំ) មួយ​ក្នុង​ចំណោម​១០​ មាន​ចំណង​នឹង​សុរា (មិន​ថា​ដោយ​ហេតុជំងឺ ​ឬគ្រោះថ្នាក់​ចរាចរណ៍ ឬសម្លាប់​ខ្លួន ...ទេ)។

បើ​តាម​អ្នក​ស្រាវជ្រាវ ​ឥទ្ធិពលអាក្រក់​​​របស់​សុរាចំពោះ​សុខភាព បាន​ស្តែង​ឡើង​ តាំង​ពី​មួយ​កែវ​ដំបូង​ ក្នុង​មួយ​ថ្ងៃ។ ​​ចំពោះ​មនុស្ស​គ្រប់​វ័យ (១៥-៩៥​ឆ្នាំ) ការ​ទទួល​ទាន​សុរា​ ដ៏​តិច​បំផុត តែ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ​អាច​បង្កើន​គ្រោះហានិភ័យ០,៥% ​​​កើត​ជំងឺ​មួយ​ ក្នុង​ចំណោម​ជំងឺ​ទាំង​២៣​បង្ក​ឡើង​សុរា​ មាន​ជាអាទិ៍ មហារីក​ ជំងឺសរសៃឈាម​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ក្នុងខួរក្បាល ក្រិន​ថ្លើម ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​អំពើ​ហិង្សា ...

អ្នក​ទទួល​ទាន​សុរា ឬគ្រឿង​ស្រវឹង​ ក្នុង​កំរិត​ដ៏​តិច​តួចយ៉ាងណា​​ ក៏​មិន​អាច​រួច​ខ្លួន​ដែរ​។ ​អ្នក​ស្លាប់ព្រោះ​ទទួល​ទាន​សុរា​តិច​បំផុត​​​ មានដល់​ទៅ​ប្រមាណ​១សែន​នាក់​ក្នុង​ឆ្នាំ​ នៅ​លើ​ពិភពលោក។ ​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ទៀត​ថា មាន​យន្តការគ្រោះ​ថ្នាក់មាន​កាន់​តែ​ច្រើន​ទៀត​ ​សម្រាប់​អ្នក​ផឹក​ជា​ប្រចាំ​ នោះ​គឺ​ការទម្លាប់​ទទួល​ទាន​សុរា​ញយៗ យូរៗ​​ទៅ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ណា​មួយនៃ​សរីរាង្គកាយ​ ​​ ធ្វើ​ឱ្យ​មាន​ជាតិ​ពុល​ខ្លាំង​ក្នុង​ខ្លួន ដែល​អាច​បង្ក​ឱ្យ​មាន​របួស ឬ​ពុល និង​ការធ្លាក់​ខ្លួន​​ញៀន​។

ចុះ​ឯ​ណា​ទៅ​ពាក្យ​ថា ទទួល​ទាន​សុរាមួយ​កែវ​ក្នុង​មួយ​ថ្ងៃ នឹង​ធ្វើ​ឱ្យ​ឈាម​ដើរ​ស្រួល​ នោះ ?

មែន​ ! កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨៤ ក្រសួង​សុខាភិបាល​បារាំង ពិត​ជា​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ ថា​ការ​ទទួលទាន​សុរា​ក្រោម​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ មិន​បង្ក​គ្រោះ​ហានិភ័យ​ដល់​សុខភាព​ទេ ប៉ុន្តែ​ពាក្យ​ឃោសនា​ទាំង​នោះ​ វា​គ្រាន់​តែ​ជា​ជំនឿ​​តគ្នា​តែប៉ុណ្ណោះ ! នេះ​បើ​តាម​ប្រសាសន៍​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត​Emmanuela Gakidou សហដឹកនាំ​សិក្សា​ស្រាវជ្រាវ​នេះ។ លោក​វេជ្ជបណ្ឌិត Bernard Basset ​នៃ​សមាគមជាតិ​ការ​ពារ​ប្រឆាំងនឹងសុរា​និង​​ការ​ញៀន​បារាំង ក៏​បាន​អះអាង​​បញ្ជាក់​ដូច​គ្នា​​ថា ៖

គ្មាន​របក​គំឃើញ​ណា​បញ្ជាក់​​សោះ​​ថា​ កា​រទទួល​ទាន​សុរា​មួយ​កែវ​​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​សុខភាព​នោះ។ គ្មាន​ទេ​ ការ​ជួយ​ការ​ពារ​បេះដូង គ្មាន​ទេ​ការ​ជួយ​សម្រួល​ឈាម ដោយ​សារ​ការ​ផឹក​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ! គ្មាន​ទេ ! ​គ្រាន់​តែ​ជា​ជំនឿ​​ប៉ុណ្ណោះ ! គ្មាន​ទេ​កា​រ​ពិត​ជាក់ស្តែង​ រក​ឃើញ​ពន្យល់​បាន​តាម​បែប​វិទ្យាសាស្ត្រ​ទេ ! ការ​សិក្សា​របស់​lancet បាន​ពន្លាត​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា គ្មាន​ទេ !

តាមការ​ពិត​ បើ​តាម​ការ​ស្រាវជ្រាវ ទទួល​ទាន​សុរា​តែមួយ​កែ​វ​ក្នុង​មួយ​ថ្ងៃ វា​គ្រប់​គ្រាន់​នឹង​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង គ្រោះថា្នក់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ក្រិន​ថ្លើម​ហើយ។ បើ​ថែម​ដល់​ពីរ​ ឬ​បី កែវ​ ក្នុង​មួយថ្ងៃ​ ហានិភ័យ​កើន​ឡើង​កាន់​ខ្ពស់ និង​យ៉ា​ងច្បាស់​ក្រសែត។ នេះ​បើ​តាម​ការ​សិក្សា​ដដែល។

មួយ​កែវ ! ពីរ​កែវ ! តើ​ជា​កែវ​អ្វី ? កែវ​តូច​ឬ​កែវ​ធំ ? ពាក្យ​ថាមួយ​កែវ គឺ​សំដៅលើ​ខ្នាត​មួយ​កែវ ​ដែល​​មាន​ជាតិ​អាល់កុល​សុទ្ធ ១០​ក្រាម ឬ​មួយ​កែវស្តង់ការ​ការ​ផឹក ពោល​គឺ​ស្មើ​នឹង​ស្រាបៀរ​មួយ​កែវ ២៥០​សង់ទីលីត្រ- ១០​សង់ទីលីត្រ នៃ​​ស្រាសំប៉ាញ (កំរិត​១២អង្សារ​) ឬស្រាក្រហម​/​ស្រាទំពាំង​បាយជូរ -ស្រា​ក្រឡុក​៧សង់ទីលីត្រ -បីសង់ទីលីត្រ សម្រាប់​ស្រាខ្លាំង (៤០​អង្សារ) ​ពពួកវីស្គី​ ហិនណាស៊ី ។ ជម្រើស​នៃ​ការប្រើកែវ​ទម្រង់​កែវ​ស្រា​ខុសគ្នា និង​រង្វាស់​នៃ​ការ​ចាក់​ស្រា​នៅ​តាម​​ រង្គសាល​ ឬ​កន្លែង​លក់​ស្រា អាច​ចាត់​ទុក​ជា​ចំណែក​មួយ​នៃ​​ការ​វាស់​ខ្នាត​ស្តង់ដារ​ផង​បាន​ហើយ។

កំរិត​មួយ​កែវ​ស្តង់ដារ ៖

  • 10 cl នៃ​ស្រាកំរិត 12°
  • 25 cl នៃស្រាបៀ 5°
  • 3 cl នៃ​ស្រាខ្លាំង 40°

ដើម្បី​គិត​អំពី​រង្វាស់​មួយ​កែវ​ស្តង់​ដារ តាម​បែប​គណិត​វិទ្យា​ និង​ដើម្បី​ឱ្យ​ប្រាកដត្រឹម​ត្រូវ​នោះ គេ​អាច​គណនា ដោយ​ខ្លួនឯង​បាន ដោយ​យក​ បរិមាណ​ ជា​សង់ទីលីត្រ គុណ​នឹង​កំរិត​ជាតិ​អាល់កុល​ (ដឺក្រេ) ហើយ​យក​លទ្ធផល​នេះ​ទៅ​គុណ​នឹង​៨​ទៀត រួច​ចែក​នឹង​មួយ​ពាន់ នោះ​អ្នក​នឹង​រក​ឃើញ​កំរិត​ដូស​ស្រា​ដែល​យើង​បាន​ផឹក​ហើយ ។ ឧទាហរណ៍ បើ​អ្នក​ទទួល​ទាន​ស្រាបៀខ្លាំង កំរិត​១០​ដឺក្រ មួយ​កំប៉ុង​៥០cl មាន​ន័យ​ថា​អ្នក​បាន​បរិភោគ​ស្រា​បួន​កែវ​ស្តង់ដារ​ផឹក​ហើយ (៥០cl x ១០° = ៥០០x៨ = ៤០០០៖ ១០០០= ៤កែវ)។ ​

សម្រាប់​​លោក​វេជ្ជបណ្ឌិត​ ប៊ែរណា បាសេ អ្វី​ដែល​កាន់តែ​ពិបាក​ផ្ទៀង​ផ្ទាត់​មួយ​ទៀត គឺ​នៅ​ពេលជួបជុំ​ទទួល​ទាន​សុរា​នៅ​ផ្ទះ ឬ​ដោយ​មាន​​​អ្នក​បំរើ​ អ្នក​រត់​តុកាន់​ដប​ដើរ​ចាក់ ដែល​ជា​ទូទៅ​គ្រប់​គ្នា​មាន​និន្នាការចិត្ត​ល្អ​​ចាក់​ស្រា​​​ច្រើនៗ គ្មាន​គិត​ខ្នាត​គិត​រង្វាស់​​សម្រាប់​គិត​លុយ។

ប៉ុន្តែ​សុខភាព​សាធារណៈ មិនមែន​ស្ថិត​នៅលើ​រង្វាស់​ផឹក មួយ​កែវ ឬ​ពីរ ឬ​បី​ ក្នុង​មួយ​ថ្ងៃ​ឡើយ ! អ្វី​ដែល​សំខាន់ គឺ​សូម​អ្នកចូល​ចិត្ត​​ទទួល​ទាន​ជាតិ​សុរាទាំង​អស់​យល់ច្បាស់​​ថា គ្មាន​ទេ​កំរិត​អប្បបរិមា​ល្អ សម្រាប់​សុខភាព ! គ្មាន​ទេ​ពាក្យ​ថា​អ្ន​ក​បាន​ទទួល​ទាន​ស្រាសមរម្យ​មិន​លើស​កំរិតអនុញ្ញាត​នាំ​ឱ្យ​ខូច​សុខភាព។

​អ្វី​ដែលអ្នក​ស្រាវជ្រាវខំ​បង្ហាញ​លទ្ធផ​ល​សិក្សារបស់ខ្លួន​ នាពេល​នេះ ក៏​ព្រោះ​តែ​ចង់​ឱ្យ​​​ពិភពលោកគិត​គូរ​រក​នយោបាយ​ត្រួត​ពិនិត្យ ដើម្បី​បញ្ចុះ​កំរិត​និ​ងបរិមាណ​នៃ​​​ការ​បរិភោគ​គ្រឿង​ស្រវឹង​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ស្នើ​ រដ្ឋាភិបាល​នីមួយៗ ដំឡើង​ពន្ធមិន​ផ្ទាល់​ពី​សុរា និង​ចាត់​វិធានការ​តឹង​តែង​ចំពោះ​​ការ​ផ្សាយ​ពាណិជ្ជកម្ម។

បច្ចុប្បន្ន​នេះ ពលរដ្ឋ​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជាងគេ ( ស្រា ស្រាបៀ ស្រាខ្លាំង ...) គឺ​រ៉ូមានី (៨,២កែវ​) ព័រទុយហ្កាល់ និង​លុចសំបួរ (៧,៣កែវ) ជា​មធ្យម​ក្នុងមួយ​ថ្ងៃ ចំពោះ​បុរស។ ឯ​ចំណែក​ស្ត្រី​វិញ លំដាប់​លេខ​មួយ​ គឺ​ស្ត្រី​អ៊ុយក្រែន (៤,៩) លុចសំបួរ (៣,៤)។ បុរស​​បារាំងទទួល​ទាន​ជា​មធ្យម​ ៤,៩ កែវ​ក្នុង​មួយ​ថ្ងៃ ចំណែក​ស្ត្រី​វិញ​ ២,៩កែវ។ កម្ពុជា​ ក្នុង​ប្រធានបទ​នេះ មានចំណាត់​ខ្ពស់​គួរ​សម ដោយ​មាន​មធ្យម​ភាគ​ផឹក​ ប្រមាណ​ពី ៤ទៅ​៥​កែវ​ ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង​តែ១ទៅ២កែវ​សម្រាប់​ស្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ