អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

អស់រដូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រដូវ​ជា​ដំណាក់កាល​មួយ​ដែល​គ្រប់​ស្ត្រី​ ត្រូវ​ឆ្លង​កាត់​ ដោយ​ចៀស​មិន​រួច នៅ​ពេល​ចូល​ដល់​វ័យ​ ​ជាង​សែ និង​ចូល​ហាសិបផ្លាយឆ្នាំ។ ឡើង​ទម្ងន់ ជ្រុះសក់ ចេះ​តែ​ស្អុះស្អាប់ បែក​ញើស ... សុទ្ធ​សឹង​ជា​អាការៈ​ដែល​គេ​សង្កេត​ឃើញ​មាន​កើត​ឡើង​ចំពោះ​ស្ត្រី​ពេល​អស់​រដូវ។ ស្ត្រី​ខ្លះ​ធ្វើ​ទុក្ខ​ខ្លាំង ពេល​ជិត​អស់​រដូវ ស្ត្រី​ខ្លះ​ទៀត​មិន​សូវ​រង​ការ​រំខាន​ទេ។ បើ​ដូច្នេះ​តើត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ចៀសវាង​ដំណាក់កាល​នេះ ? តើ​មានការ​ព្យាបាល​ដែរឬទេ ? ​

អាការៈ​ក្តៅ​ក្រហល់ក្រហាយ​របស់​ស្ត្រី​រៀប​អស់​រដូវ
អាការៈ​ក្តៅ​ក្រហល់ក្រហាយ​របស់​ស្ត្រី​រៀប​អស់​រដូវ iStock
ផ្សាយពាណិជ្ជកម្ម

បើ​តាម​និយម​ន័យ​របស់​អង្គការសុខភាព​ពិភពលោក គេ​អាច​ចាត់​ទុក​​ស្ត្រី​ម្នាក់​ថា​អស់​រដូវ ​គឺនៅ​ពេល​ស្ត្រី នោះលែង​​មាន​ធ្លាក់​រដូវ​សោះពេញ​​មួយឆ្នាំ​ជាប់​គ្នា។ នៅ​ប្រទេស​បារាំង អាយុ៥១​ឆ្នាំ ជា​អាយុ​កាល​​មធ្យម ដែល​​ស្ត្រី​ត្រូវ​អស់​រដូវ។ បើ​អស់ខែ​​នៅ​អាយុ​មុន​៤១​ឆ្នាំ នោះ​គេ​អាចចាត់​ទុក​ថា​ជា​ករណី​អស់​រដូវ​ឆាប់​ជ្រុល (​១ទៅ​២%) ហើយជា​ករណី​​យូរ​ជ្រុល​បើ​ស្ត្រី​មាន​អាយុ​ឡើង​ដល់​ ​៥៥ឆ្នាំ។ ហ្សែន​ជាអ្នក​​កំណត់​អាយុកាល​នៃ​ការ​អស់​រដូវ ! ប៉ុន្តែ ជំងឺ ការវះកាត់ ការ​ប្រើ​ថ្នាំ ការព្យាបាល​ជំងឺ​ធ្ងន់ៗ អាច​ជា​​កត្តា​ក្រៅ​ខ្លួន​ផ្សេង​ទៀតដែលបង្ក​ផល​ប៉ះពាល់​ខ្លាំង​ឬ​ខ្សោយ ទៅ​លើ​វដ្ត​រដូវ​ និង​ធ្វើ​ឱ្យ​ស្ត្រី​ឆាប់​អស់​រដូវ។

អស់​រដូវ​ជា​ដំណាក់កាល​ ដែលគ្មាន​​ស្ត្រីណា​ម្នាក់​អាច​ចៀស​បាន​ឡើយ។ ប៉ុន្តែ​ គ្រប់​ស្ត្រី​មិន​ឆ្លង​កាត់​ដំណាក់កាល​នេះ​ដូច​គ្នាទេ !

​មុន​នឹង​អស់​រដូវទាំងស្រុង​ ស្ត្រី​អាច​មាន​​អាការៈ​សញ្ញា​ប្លែកៗ​ជា​ច្រើន ដែល​ភាសា​បច្ចេកទេស ហៅ​ថា រោគសញ្ញា​មុនអស់​រដូវ Périménopause (ដំណាក់កាល​មុន​អស់​រដូវ) ឬClimatérique à la ménopause ​ជា​ភាសា​បច្ចេកទេស ដូច​ជា​ ៖ ភាយ​កម្តៅ​ពី​ក្នុង​ខ្លួន (ក្តៅ​ស្អុះស្អាប់ ក្រហល់ក្រហាយ) បែកញើស​ពេល​យប់ ឡើង​ទម្ងន់ ជ្រុះសក់...

អស់រដូវ​ជា​អ្វី ?

​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​ Anne Gompel ឯកទេស​រោគស្ត្រី​ នៅ​មន្ទីរពេទ្យ​កូហ្សាំង​ ក្រុង​ប៉ារីស​ ៖ “អស់​រដូវ គឺ​ជា​ការ​បញ្ឈប់​ទាំ​ងស្រុង​នូវ​ការ​ធ្លាក់​ឈាម​រដូវ​ដែលស្ត្រី​​តែ​ងមាន​ជា​រៀង​រាល់​ខែ​ ដោយ​​ស្ត្រី​អស់​(ពង)​មេជីវិតរលីង ពី​អូវែ​ររបស់​ខ្លួន។ ​​ខុស​ពី​បុរស ស្ត្រី​​មាន​ចំនួន​មេជីវិត​កំណត់​ច្បាស់​លាស់។ អស់​រដូវ​ជា​ដំណាក់កាល​ដ៏​លំបាក​​មួយ​នៃ​ជីវិត​ស្ត្រី ! ជា​ធម្មតា ចំពោះ​​ស្ត្រី​ស្ទើរ​គ្រប់រូប​ទាំងអស់ ការ​អស់​រដូវ​មិនមែន​ប្តូរ​ផ្លាស់​ក្រឡាស់​ភ្លាម​ភ្លែត ខែ​​នេះ​មាន​រដូវ​ស្អែក​ឡើង​អស់​ភ្លាម​ទេ ! មុន​នឹង​ចាប់​អស់​រដូវ ស្ត្រី​អាច​មាន​ជួប​អាការៈ ជា​ច្រើន​​ ដូច​ជា «ក្តៅ​ស្អុះ​ស្អាប់ បែក​ញើសពេល​យប់ អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សន្លាក់​ដៃ​ជើង ហើយ​ស្ត្រី​ខ្លះ​ស្រពន់​ដៃ​ជើង ​ខ្លះ​ទៀត​វិល​មុខ និងអាច​មាន​អារម្មណ៍​​មិនល្អ មួរហ្មង ឆាប់​ខឹង ឆេវឆាវ ឬ​បាក់​​ទឹក​ចិត្ត គេង​មិន​លក់ អស់​ចំណង់​ផ្លូវ​ភេទ ភ្នាស​ស្ងួតក្រៀម ​ស្បែកក៏​ស្ងួត ​ជ្រុះ​សក់ ។ល។ និង។ល។ ស្ត្រី​ក្នុង​វ័យ​អស់​រដូវ មាន​អាការៈ​​​សញ្ញា​ទាំង​នេះ ក្នុង​អំឡុង​ពេល​ជា​មធ្យម​៤​ឆ្នាំ ! ការ​ធ្វើ​ទុក្ខ​អាចចាប់​ផ្តើម​​ច្រើន​ឆ្នាំ​មុនរៀប​​អស់​រដូវទាំង​ស្រុង តែ​ក៏​អាច​ខ្លីត្រឹម​៦​ខែក៏​មាន​។ ស្ត្រី​ខ្លះ ដំណាក់កាល​មុន​​អស់​រដូវ​អាច​​​ធ្វើ​ទុក្ខ​ដល់​ទៅ​១០​ឆ្នាំឯណោះ។

ប៉ុន្តែស្ត្រី​ទាំងអស់​មិន​ដូច​គ្នា​ឡើយ ! រយៈ​ពេល​ធ្វើ​ទុក្ខ ​ប្រែប្រួល​ខ្លី​ឬ​យូរ ទៅតាម​មនុស្ស។ ជា​សំណាង​ល្អ គ្រប់​ស្ត្រី​មិន​មែន​សុទ្ធ​តែ​មានគ្រប់​​រោគ​សញ្ញា​ដូច​រៀប​រាប់​មក​នេះ​ទេ ! ​៨០%​ នៃ​ស្ត្រី​ក្នុង​វ័យ​អស់រដូវ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​នេះ​ និង​មាន​រោគ​សញ្ញាមួយ ក្នុង​ចំណោម​អាការៈ​ខាង​លើ និង​ក្នុង​រយៈ​​ពេល ជួន​វែង​ជួន​ខ្លី​​ដែល​គ្មាននរណា​អាច​កំណត់​បាន​ឡើយ។”

ចុះ​តើ​មាន​មធ្យោបាយ​អ្វី​ការពារ ឬ​ទប់​ស្កាត់ជា​មុន​ មិន​ឱ្យ​មាន​រោគ​សញ្ញា​នេះ​កើត​ឡើង​ ​បាន​ទេ ?

លោកស្រី​វេជ្ជបណ្ឌិត Anne Gompel ៖ “ចាស ! គេ​មិន​អាច​ទប់ស្កាត់​ជាមុន​បាន​ទេ ! ប៉ុន្តែគេ​អាច​ព្យាបាល​​​បាន។ មុន​ពេលចាប់​​អស់​ខែ គ្រូពេទ្យ​អាច​ផ្តល់​ថ្នាំ​ពពួក​Progestérone និង​Progestatif ដើម្បី​សម្រួល​វដ្ត​រដូវ។ ជាទូទៅ និង​បើ​តាម​ក្បួនពេទ្យ​ ថ្នាំ​នេះ​អាច​ជួយ និង​ព្យាបាល​​ស្ត្រី​បាន​៨០%​ មិន​ឱ្យ​មាន​អាការៈ​ចេះ​តែ​ឡើង​កម្តៅស្អុះ​ស្អាប់​។ ហើយ​គេ​អាច​ផ្តល់​ថ្នាំ​លាប សម្រាប់​ព្យាបាល​ភាព​ស្ងួត​ នៅ​​តាម​ភ្នាស ឬ​​​នៅ​លើ​ស្បែក​។ ​ក្រោយ​ពេល​អស់រដូវ​ទាំង​ស្រុង គ្រូពេទ្យ​អាច​ផ្តល់​ការ​ព្យាបាល​ដោយ​ប្រើ​អ័រមូន​​ពិសេស​​សម្រាប់​អ្នក​អស់​រដូវ ឬ​ព្យាបាល​ដោយ​គ្មានអ័រមូន​ក៏​បាន។ ជម្រើសវិធី​​ព្យាបាល​នេះ ជា​សេចក្តី​សម្រេច​របស់​ស្ត្រី​ផ្ទាល់​ខ្លួន​ផង និង​របស់​វេជ្ជបណ្ឌិតផង។ គ្រូពេទ្យ​មាន​ភារៈ​ធ្វើ​​ការ​វាយ​តម្លៃ​អំពី​ហានិភ័យ​​សុខភាព​ទូទៅដែល​​ស្ត្រី​អាច​ជួប​ប្រទះ​ ​​និងវាយ​តម្លៃ​អំពី​កំរិត​​នៃ​ការ​ធ្វើ​ទុក្ខ​ (ក្រោយ​អស់​រដូវ) មុន​នឹងស្នើ​​​​ដំណោះស្រាយ​ព្យាបាល​ ​ដែលល្អ​ជាង​ប្រសើរ​ជាងគេ និង​ដែល​ស្រ្តី​អាច​ទទួល​យក​បាន។”

ដំបូន្មាន​របស់​​លោក​ស្រី​វេជ្ជបណ្ឌិត Anne Gompel ៖ មុន​គិត​គូរ​​​រក​វិធី​ព្យាបាល ដោយ​អ័រមូន​ឬ​អត់​នោះ​​ សូម​សុភាព​នារី​ទាំង​ឡាយ ហាត់ប្រាណ ធ្វើកីឡា​កាយសម្បទា ទទួល​ទាន​អាហារ​ឱ្យ​ត្រឹម​ត្រូវ​​ បន្លែ​ត្រីសាច់​ ដើម្បី​អាច​​កាត់​បន្ថយ​អាការៈ​សញ្ញា​ធ្វើ​ទុក្ខ​មុន​អស់​រដូវ​មួយ​ចំនួន។ ​ធ្វើ​សមាធិ ក៏​ជា​​អនុសាសន៍មួយ​សម្រាប់​ស្ត្រី​វ័យ​នេះ​ដែរ។

​​អស់​រដូវ ប្រៀប​ដូច​ជា​ដំណាក់​កាល​ថ្មី​មួយ​នៃ​ជីវិត​ដែល​ទាមទារ​ឱ្យ​ស្ត្រី​គ្រប់រូប ត្រូវ​​ចេះ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន ព្រោះ​ស្ត្រី​អាច​មាន​ហានិភ័យខ្ពស់​ក្នុង​ការ​ជួបគ្រោះ កើត​ជំងឺ​ពុក​ឆ្អឹង វិបត្តិ​សរសៃឈាម​បេះដូង ...

ជំងឺពុក​ឆ្អឹង ៖ ក្នុង​​ឆ្នាំ​ដំបូងនៃ​ការ​​អស់​រដូវ​ភ្លាម ឆ្អឹង​បាត់​បង់​ទម្ងន់​យ៉ាង​ឆាប់​រហ័ស។ បើ​មានការ​ប៉ះទង្គិច​អ្វី​ខ្លាំង​បន្តិច​នឹង​អាច​បាក់​ភ្លាម​។ មួយ​ភាគ​បួននៃ​​ស្ត្រី​ក្នុង​វ័យ​​ពី៦០​ទៅ​៧៥​ឆ្នាំ​ ​ច្រើន​មាន​បញ្ហា​នេះ។ ដូច្នេះ​សូមបង្កើន​ការ​​ប្រុង​ប្រយ័ត្ន​ ប្រសិន​បើ​អ្នកមាន​រាង​ស្តើង​ស្រាប់ ឬ​មាន​ម្តាយ​ធ្លាប់​ជួប​បញ្ហា​ពុក​ឆ្អឹង​នេះ។ ដើម្បី​ដឹង​ច្បាស់ គេ​អាច​ធ្វើ​ការ​ថ្លឹង​វាស់​កំរិត​មាសមាឌ​ឆ្អឹង​បាន។

វិបត្តិ​សរសៃ​ឈាម​បេះដូង ៖ ក្រោយ​អស់​រដូវ គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង បានកើន​ឡើង ជា​ពិសេស​ចំពោះ​អ្នកដែល​ឆាប់​​អស់​រដូវ​។ អស់​រដូវ អ័រមូន​អើស្ត្រូហ្សែន​ចុះ កូឡេស្តេរ៉ូល​អាច​កើន​ឡើង សរសៃ​ឈាម​អារទែ ចាស់​យារ។ សូម​ឧស្សាហ៍​ទៅ​មើល​ឈាម។

បន្ត​តាមដានសុខភាព ៖ អស់​រដូវ​ តែនៅ​មាន​ស្បូន ​ដូច្នេះការ​ត្រួត​ពិនិត្យ​សុខភាព​រោគ​ស្ត្រី​ត្រូវ​រក្សា​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​មើល​ថែភាព​រំខាន​បង្ក​ដោយ​ការ​អស់​រដូវ​ផង និង​វែក​រក​មេរោគ​មហារីក​ស្បូន​និង​ដៃ​ស្បូន​ផង ព្រោះ​ហានិភ័យ​​ឡើងកាន់​​ខ្ពស់​ក្រោយ​ពេល​អស់​រដូវ។ តែ​មហារីក​មាត់​ស្បូន​បាន​ថយចុះ គេ​អាច​ពន្យារ​ពេល​ធ្វើ​វិភាគ​ជា​រៀង​រាល់​បី​ឆ្នាំ​ម្តង​ក៏​បាន និង​រៀង​រាល់​ពី​រ​ឆ្នាំ​ម្តង ចំពោះ​ការ​ថត​ឆ្លុះ​សុដន់។

ជីវិត​រួម​ភេទ ៖ នៅ​ពេល​អស់​រដូវ ស្ត្រីលែង​​អាច​បង្ក​កំណើត​បាន ហើយ​​ងាយ​នឹង​ជួប​គ្រោះ​រាគ​នោម​ អាច​មាន​ផលវិបាក​នៅ​ប្រដាប់​ភេទច្រើន​ដូចជា ស្ងួត​ រមាស់ រលាក​ ... ប៉ុន្តែ​ជីវិតរួម​​ផ្លូវ​ភេទ​មិន​ចប់​ទេ ! គួរ​រក្សា​ទម្លាប់​រួម​រស់​ជាមួយ​ស្វាមី​​ដដែល ដើម្បី​ទ្រង់ទ្រង់​ឱ្យ​មាន​ការ​បញ្ចេញ​ជាតិ​រំអិល​មក​ចិញ្ចឹម​ស្រទាប់​ភ្នាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ