អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គុណភាព​អង្ករ​អន់​ ប៉ះពាល់​ដល់សុខភាព​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្លែ ផ្លែឈើ​ ចំណីអាហារ​ ដាក់​ថ្នាំ​គីមី អង្ករ​ជ័រ អង្ករផ្លាសិ្ទក ... នេះ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប កំពុង​ព្រួយ​បារម្ភ និង​ចង់​ចៀសវាង​មិន​បរិភោគ ដើម្បី​ថែរក្សា​សុខភាព។ ចំណែក​​អ្នក​ស្រាវជ្រាវ​​ ពិភពលោក​វិញ កំពុង​តែ​ព្រួយ​បារម្ភ​នឹង​គុណភាព​អង្ករ បង្ក​ឡើង​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ពេល​អនាគត​ដ៏​ឆាប់ៗ​នេះ អង្ករនឹង​បាត់​បង់​គុណភាព​ផ្នែក​អាហារូបត្ថម្ភ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​មនុស្ស​។ បើ​​អង្ករ​ ​បាត់​បង់​គុណភាព​ តើវា​អាច​បង្ក​​ផលវិបាក​ផ្នែក​សុខភាព​​យ៉ាងណា​ខ្លះ ?!

ស្រែ​ដាំក្នុង​បរិយាកាសពុល ផ្តល់​ផល​ស្រូវ​មាន​គុណភាពអាហារូបត្ថម្ភ​ទាប
ស្រែ​ដាំក្នុង​បរិយាកាសពុល ផ្តល់​ផល​ស្រូវ​មាន​គុណភាពអាហារូបត្ថម្ភ​ទាប Getty Images/Patrick Foto
ផ្សាយពាណិជ្ជកម្ម

អង្ករ ដាំ​ឆ្អិន​ហៅ​ថា​​បាយ​ជា​អាហារ​គ្រឹះ​ ដ៏​សំខាន់​របស់​បណ្តាជន ជាច្រើន​ប្រទេស​​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​អាស៊ី។ អង្ករ​មាន​ជាង​ពីរពាន់​ប្រភេទ​ខុស​ៗគ្នា មាន​ទម្រង់​ក៏​ខុស​គ្នា ខ្លះ​វែង ខ្លះ​ខ្លី ខ្លះ​មូល ខ្លះ​មាន​ពណ៌ ខ្លះ​មាន​ក្លិន ទៅ​តាមការ​ដាំ​ដុះ ដី និង​អាកាសធាតុ។ ក្លិន​ពណ៌ ទម្រង់​ខុសៗគ្នា​នេះ ជា​អំណោយ​ផល​ធម្មជាតិពិតៗ ពុំ​មានការ​ប្រឌិតបន្ថែម​ទេ។​ ងាយ​ចម្អិន ស្រួល​ទទួល​ទាន ជាមួយ​បន្លែ​សាច់ គ្រប់​បែបយ៉ាង អង្ករ​មាន​គុណ​ប្រយោជន៍​ច្រើន​មុខ​ណាស់ ​សម្រាប់​សុខភាព និង​ជា​អាហារ​ចិញ្ចឹម​មនុស្សជាតិ ប្រមាណ​ជាង​២ពាន់​លាន​នាក់។

គ្រាប់​ធញ្ញជាតិ​អង្ករ មិន​មែន​ត្រឹម​តែ​ជា​ប្រភព​ដំបូង​នៃ​ថាមពល​ទេ តែ​អង្ករ​មាន​ផ្ទុក​វីតាមីន​បេ​ គ្រប់​ប្រភេទ​ទាំង​អស់ ប្រូតេអ៊ីន រ៉ែដែក និង​កាល់ស្យូម។ ២០%​នៃ​តម្រូវ​ការ​ផ្នែក​ថាមពល​​នៅ​លើ​ពិភពលោក​ បាន​មក​ពី​អង្ករ។ នៅ​អាស៊ី អង្ករ​ជា​ប្រភព​ផ្តល់​ប្រូតេអ៊ីន ​ដ៏​ចំបង​ (ពាក់កណ្តាល​​នៃ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ) របស់​មនុស្ស​ជាង​៦០០​លាន​​នាក់។

នៅ​ឆ្នាំ​២០១៨​នេះ បើតាម​​អង្គការ​ចំណី​​អាហារ​ និង​កសិកម្ម​​របស់​អង្គការ​សហប្រជាជាតិ ពិភពលោក​ផលិត​អង្ករចំនួន​៥១០​លាន​តោន។

ប៉ុន្តែ​តើ​លោក​អ្ន​ក​នាង​មាន​ចាប់​អារម្មណ៍​ទេ ថា​នាពេល​បច្ចុប្បន្ននេះ​ អង្ករ​ដាំ​បាយ​របស់​យើង លែង​សូវ​មាន​ក្លិន និង​លែង​សូវ​មាន​រសជាតិ ដូច​ពេល​មុន ?! អង្ករ​សុមាលី ផ្កាខ្ញី នាង​មិញ ... លែង​សូវ​ឆ្ងាញ់​ដូច​ពេល​មុន ! តើ​មក​ពី​មូលហេតុ​អ្វី ? តើ​នេះ​​មក​ពី​យើង​បាន​ឆ្លង​ផុត​ពី​ភាព​ស្រែក​ឃ្លាន​ទុរ្ភិក្ស ឬ​ក៏​​​បណ្តាល​មក​ពី​របៀប​ដាំដុះ ដាក់​ជីរច្រើន​ពេក​ ឬ​ក៏​មកវិធី​រក្សា​ទុក ឬ​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ​ប្រែប្រួល​ទេ​ដឹង​?! នេះ​ជា​អ្វី​ដែល​យើង​ សង្ស័យ​ និង​ចោទ​សួរ​​ក្នុង​ចិត្ត។ ជា​ចម្លើយ​ដោយ​មិន​និយាយ​អំពី​រស​ជាតិ តែ​ទាក់ទង​នឹង​គុណភាព​គ្រាប់​អង្ករ​ អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ណានជីង​ ប្រទេស​ចិន​ និង​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ នៅ​​ថ្ងៃទី ២៤​ឧសភា ២០១៨ លទ្ធផល​នៃ​​សិក្សា​របស់​​​ពួកគេថា ខ្យល់​ពុល​ក្នុង​បរិយាកាស និង​ការ​ប្រែប្រួល​អាកាសធាតុ​ កំពុង​តែ​គំរាម​កំហែង​គុណភាព​​ផ្នែក​អាហារូបត្ថម្ភ​របស់​អង្ករ​យ៉ាង​ខ្លាំង។

ទារកក្នុង​ផ្ទៃលូតលាស់​មិន​ត្រឹមត្រូវ

​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ពិសេស​កំណើន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ CO2 ច្រើន​ក្នុង​បរិយាកាស ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ការ​ឡើងសីតុណ្ហភាព​នៃ​ភព​ផែនដី ជះ​​ឥទ្ធិពលអាក្រក់​ ទៅ​លើ​គុណភាព​នៃដំណាំ​ស្រូវ​ខ្លាំង​ណាស់ ! ហើយ​ឥទ្ធិពល​នេះ​អាចប​ង្ក​ឱ្យ​មាន​គ្រោះមហន្តរាយខ្លាំង​ ចំពោះ​​បណ្តា​ប្រទេសដែល​រស់​ពឹង​បាយ -ដែល​អង្ករ​​​ជា​អាហារ​គ្រឹះ។ នៅក្នុង​ប្រទេសខ្លះ អង្ករ​ជា​ប្រភពផ្តល់​​​ថាមពល​ និង​សារធាតុ​ចិញ្ចឹម​ ក្នុង​កំរិត​ដល់​ទៅ​ប្រមាណ​៧០%​នៃ​តម្រូវការ​សរុប។ ការ​គំរាម​កំហែង​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​បន្ថែម​ទៀត ចំពោះ​ប្រទេស​ក្រីក្រ​ខ្លាំង ​ដូច​យ៉ាង​ភូមា ឡាវ កម្ពុជា។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ដដែល។

ដើម្បី​អាច​ចេញ​ជា​សេចក្តី​សន្និដ្ឋានថា​ខ្យល់​ពុ​ល​ធ្វើ​ឱ្យ​អង្ករ​ធ្លាក់​គុណភាព​ អ្នក​ស្រាវជ្រាវ​បាន​ដឹកនាំ​ធ្វើ​ពិសោធន៍​​ និង​វិភាគ​លើ​ដំណាំ​ស្រូវ​ចំនួន ១៨​ប្រភេទ ដាំ​ដុះ​ក្នុង​ស្រែ​ជប៉ុន​ និង​ចិន បាំង​បិទ​ដោយ​ផ្លាស្ទិក​ កម្ពស់​១៧​ម៉ែត្រ​ បញ្ចូល​កំហាប់​ឧស្ម័ន​កាបូនិក ឱ្យ​ឡើង​ខ្ពស់ ស្មើ​នឹង​កំរិត​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស​នៅ​ឆ្នាំ​២០៥០ ពោល​គឺ​មាន​កំហាប់​ឧស្ម័ន​CO2 ចំនួន​៥៦៨ទៅ​៥៩០ppm​ ទល់​នឹង​៤០០ppm នាពេល​បច្ចុប្បន្ន។ ​កម្មវត្ថុនៃ​ការ​ពិសោធន៍​ គឺ​ដើម្បី​​វាស់​វែង​ឱ្យ​បាន​ច្បាស់​លាស់​កំរិត​ប្រូតេអ៊ីន រ៉ែដែក សង្កសី និង​វីតាមីន​មួយ​ចំនួន​ធំ​ផ្សេង​ទៀត​របស់​អង្ករ ជាពិសេ​ស​វីតាមីន (B១ B២ B៥ B៩ និងE)។

លទ្ធផល​អាក្រក់​ដូច​ប្រថ្នូល​មែន ! ប្រឈម​នឹង​កំរិត​ឧស្ម័ន​កាបូនិក​ខ្ពស់​ អង្ករ​ប្រឈម​នឹង​ហានិភ័យ​បាត់​បង់​គុណភាព​ ផ្នែក​អាហារូបត្ថម្ភ​​ដ៏​ចាំបាច់​​របស់​ខ្លួន ៖ កំហាប់​ជាតិ​សង្កសី ​ធ្លាក់​ចុះ​ក្នុង​កំរិត​ប្រមាណ​៥%- ជាតិ​ដែក ជាតិ​ប្រូតេអ៊ីន និង​វីតាមីន ក៏​បាត់​បង់​ច្រើន អស់​ប្រមាណ​១០,៣%។

ហើយការ​​បាត់​បង់គុណភាព​​ដែល​គួរ​ឱ្យ​បារម្ភ​ខ្លាំង​មែន​ទែននោះ គឺ​វីតាមីនB9 ឬ​អាស៊ីតហ្វូលីក (ឈ្មោះ​បច្ចេកទេស) នៃ​ស្រូវ​ដាំ​ក្នុង​ស្រែ​ពិសោធន៍​ ជាមួយ​ការ​​​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​។ គ្រាប់​ស្រូវ​អង្ករ ដាំ​ដុះ​ក្នុង​បរិស្ថាន​ពុល​ (ឆ្នាំ​២០៥០) មាន​វីតាមីន​B៩ តិច​ជាង​អង្ករ​ដាំ​ក្នុង​បរិយាកាស​ស្អាត ដល់​ទៅ​៣០%។ វីតាមីន​បេ៩ ជា​សារធាតុ​ដ៏​សំខាន់​និង​ចាំបាច់​បំផុត​សម្រាប់​ដំណើរការ​ពរពោះ ព្រោះ​បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ទទួល​ទាន​សារជាតិ​បេ៩ មិន​គ្រប់គ្រាន់ នោះ​ទារក​ក្នុង​ផ្ទៃ​អា​ច​នឹង​មាន​គ្រោះ​ជួបភាពមិនប្រក្រតី​ពី​កំណើត​ បំពង់សរសៃ​ប្រសាទ​បិទ​មិន​ជិត ដែល​អាច​ធ្វើ​ឱ្យ​ខួរ​ឆ្អឹង និង​ឆ្អឹង​ខ្នង​​លូតលាស់​មិន​បាន​ពេញ​លេញ និង​ដែល​អាច​ធ្វើ​ឱ្យ​មាន​ភាពពិការ អវៈយវៈក្រោម សរីរាង្គផ្លោក​នោម ពោះវៀន ឬ​បញ្ហា​ប្រព័ន្ធ​ប្រសាទក្នុង​ករណី​ធ្ងន់ធ្ងរ។

តើ​អ្នក​ស្រាវជ្រាវ​ពន្យល់​បាតុភូត​​​នេះយ៉ាង​ដូចម្តេច ?! គ្រប់​គ្នា​យល់​និង​ដឹង​ថា​រុក្ខជាតិ​លូតលាស់​ល្អ​ដោយ​សារ​​ឧស្ម័ន​កាបូនិក ! នេះ​ជា​ការ​ពិត​នៃ​ដំណើរ​ធម្មជាតិ ! ហេតុ​ដូច្នេះបាន​ជា​ ក្រោម​ឧស្ម័ន​ផ្ទះ​កញ្ចក់ ស្រូវ​ក្នុងស្រែ​ពិសោធន៍​លអាច​លូត​លាស់​បាន​ល្អ និង​ផ្តល់ផល​ច្រើន។ ប៉ុន្តែ​ទន្ទឹមនឹង​ការលូត​លាស់​ល្អ​ពេក គុណភាព​ផ្នែក​អាហារូបត្ថម្ភ​របស់​គ្រាប់​ស្រូវ​ ត្រូវ​ថយចុះ។ ​មូលហេតុ​មក​ពី កំរិត​ឧស្ម័ន​កាបូនិកកើន​ឡើងខ្ពស់ នឹង​បង្កើន​​​កំរិត​ជាតិ​ក្លុយស៊ីត របស់​រុក្ខជាតិ នៅ​ពេល​ធ្វើ​សំយោគ ហ្វូតូសាំងតែហ្ស ដែល​ទៅ​កាត់​បន្ថយ​ជាតិ​ប្រូតេអ៊ីន និង​រ៉ែ។

សមាសធាតុ​ចិញ្ចឹម​ដើម​ស្រូវ​លែង​មាន​លំនឹង​ ការលូត​លាស់​របស់​រុក្ខជាតិ ​ត្រូវ​រំខាន នោះ​ដោយ​មិន​រាប់​អំពី​ផលវិបាក​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​ជីរគីមី​ប្រភេទ​ពួក​អាហ្សូតផង។ ​ការលូត​លាស់​ដោយ​ប្រឹង​ប្រឈម​នឹង​កំណើន​យ៉ាង​ខ្លាំង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បែបនេះ​ អាច​បង្ក​ហានិភ័យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យ៉ាង​ខ្លាំង មិន​មែន​ត្រឹម​តែ​កង្វះ​ជីវជាតិ​ទេ​ តែ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​មាន​អាល់ឡែហ្ស៊ី​ទៀត។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ​ដដែល។

មាន​ន័យ​ថា​ ក្នុង​ជីវិត​រស់​នៅ​ជាក់​ស្តែង ពិភពលោក​នៅ​ឆ្នាំ​២០៥០ ​នឹងអាច​​រងគ្រោះ​ជួប​ជំងឺ​ឆ្លង​ ដូច​យ៉ាង​ជំងឺ​រាគរូស បង្ក​ឡើង​ដោយ​វីរ៉ុស ឬ​ជំងឺ​គ្រុន​ចាញ់ ព្រមទាំង​រោគ​សញ្ញានៃ​ជំងឺ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​​ជា​ច្រើន​ផ្សេង​ទៀត។ គុណភាព​អង្ករធ្លាក់​​ចុះ​ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​ស្ត្រី​ជា​ម្តាយ​និង​កុមារ​រាប់​លាន​នាក់​។ ហើយ​ប្រជាជន​ដែល​រងគ្រោះ អាច​មាន​គ្រប់​ទិសទី​ លើ​ភពផែនដី។ បើ​តាមការ​សិក្សា​មួយ​ផ្សេង​ទៀត ចេញ​ផ្សាយ​កាលពី​ឆ្នាំ​ទៅ ដោយ​អ្នក​ស្រាវជ្រាវ​អាមេរិក​ចេញ​ពី​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ Harvard បាន​សន្និដ្ឋាន​ថា ការ​ឡើង​កម្តៅ​អាកាសធាតុ​អាច​នឹង​កាត់​បន្ថយ​បរិមាណ​ប្រូតេអ៊ីន​នៅ​ក្នុង​រុក្ខជាតិ​ចំណី​អាហារ​ជា​ច្រើន មាន​ជាអាទិ៍​ស្រូវអង្ករ ស្រូវ​សាលី ស្រូវ​អ័រ្ស និង​ដំឡូង​បារាំង។ ដោយហេតុផល​នេះ ​នៅឆ្នាំ​២០៥០ គេ​អាច​នឹង​អាច​រាប់​ឃើញ​មាន​មនុស្ស​ចំនួន​១៥០​លាន​នាក់​បន្ថែមទៀត ជួប​គ្រោះ​ខ្វះ​ប្រូតេអ៊ីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ