អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន​អះអាង​ពី​វត្តមាន​សត្វ​កម្រ​ច្រើន​ប្រភេទ​នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ខេត្ត​រតនគិរី

សត្វ​កម្រ​ច្រើន​ប្រភេទ​កំពុង​តែ​រស់​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ខេត្ត​រតនគិរី​។ នេះ​គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ដ្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។ ការ​អះអាង​របស់​លោក នេត្រ ភក្ត្រា យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ដោយ​សម្អាង​លើ​រូប​ភាព​ជា​ច្រើន​សន្លឹក ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ ចាប់​ពី​ថ្ងៃ​ទី​២៦​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៤​តុលា​។

សត្វ​ខ្លា​ឃុំ​ដែល​ថត​បាន​ដោយម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ពេល​កំពុង​ផឹក​ទឹក នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ខេត្ត​រតនគិរី
សត្វ​ខ្លា​ឃុំ​ដែល​ថត​បាន​ដោយម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ពេល​កំពុង​ផឹក​ទឹក នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ខេត្ត​រតនគិរី ក្រសួង​បរិស្ថាន
ផ្សាយពាណិជ្ជកម្ម

សត្វ​ព្រៃ​កម្រ​ដែល​ត្រូវ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ថត​បាន​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ជា​អាថិ៍៖ សត្វ​ខ្លា​ឃ្មុំ ខ្លា​ពពក ខ្ទីង និង​សត្វ​ដំរី​ជា​ដើម​។ ក្រៅ​ពី​សត្វ​កម្រ​ទាំង​នេះ ម៉ាស៊ីន​ថត​ដែល​ដាក់​ពង្រាយ​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ឧទ្យាន​ជាតិវីរៈជ័យ ក៏​ថត​បាន​រូប​សត្វ​ស្វា​ក្រវ៉ាត់ សត្វ​សំពោច​ភ្នំ ឈ្លូស ប្រើស ជ្រូក​ព្រៃ មាន់​ព្រៃ និង​សត្វ​ដទៃ​ទៀត​ជា​ច្រើន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ដ្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ថា ឧទ្យាន​ជាតិ​វីរៈជ័យ គឺ​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​និង​ជីវៈ​ចម្រុះ។ លក្ខណៈ​ជីវសាស្ត្រ​ដ៏​សម្បូរ​បែប​ដូច្នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការងារ​អភិរក្ស​​អន្ដរជាតិ​។ លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ចូល​រួម​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នេះ ទាំង​អស់​គ្នា​។

បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ឧទ្យានជាតិ​វីរៈជ័យ ​មាន​ផ្ទៃ​ក្រឡា​សរុប ៣​ ៣២៥ គីឡូម៉ែត្រ​ក្រឡា​ លាត​សន្ធឹង​គ្រប​ដណ្ដប់​ខេត្ត​ពីរ គឺ​ស្ទឹងត្រែង និង​រតនគិរី​។ ក្រៅ​ពី​ឧទ្យាន​ជាតិ​វីរៈជ័យ កម្ពុជា​មាន​ឧទ្យាន​ជាតិ​ចំនួន​៦​ផ្សេង​ទៀត ដូច​ជា ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គីរីរម្យ ឧទ្យាន​ជាតិ​បុទុមសាគរ ឧទ្យាន​ជាតិ​មុនីវង្ស​បូកគោ ឧទ្យាន​ជាតិ​កែប ឧទ្យាន​ជាតិ​ព្រះ​សីហនុ​រាម និង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ ក្រសួង​គ្រប់​គ្រង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ទំហំ​ជាង ៧,៥​លាន​ហិកតា។ និង​ថា ក្រសួង​បាន​​ដាក់​មន្ដ្រី​ឧទ្យានុរក្ស​ចំនួន ១ ២៦០​នាក់ ដើម្បី​ដើរ​ល្បាត ការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ សម្បត្តិ​ធម្មជាតិ​និង​វប្បធម៌ នៅ​ក្នុង​ផ្ទៃដី​ទាំង ៧,៥​លាន​ហិកតា​នោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ