អានតួអត្ថបទ
កម្ពុជា-អាមេរិក

លោក ហ៊ុន សែន យល់​ព្រម​ឲ្យ​អាមេរិក​រុក​រក​ឆ្អឹង​ទាហាន​បាត់​ខ្លួន​នៅ​ស្រុក​ខ្មែរ​ឡើង​វិញ

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យល់​ព្រម​ឲ្យ​អាមេរិក​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​ស្រុក​ខ្មែរ​ឡើង​វិញ​។ នេះ​បើ​តាម​លិខិត​របស់​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១២​តុលា ផ្ញើ​ជូន​សមាជិក​ព្រឺទ្ធសភា​អាមេរិក និង​តំណាង​រាស្ត្រ​អាមេរិក​។ ការ​សម្រេច​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ពន្យល់​ថា ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ក្នុង​ស្មារតី «មេត្តា​ករុណា» ចំពោះ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​និង​តំណាង​រាស្ត្រ​អាមេរិក ព្រម​ទាំង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​​នៅ​សហរដ្ឋ​អាមេរិក។

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

គឺ​ដោយ​សារ​តែ​លិខិត​របស់​សមាជិក​ព្រឺទ្ធសភា​អាមេរិក ដុក អេរិកសុន និង​តំណាង​រាស្ត្រ វីនសុន បាយ្ស ដែល​បាន​កោត​សរសើរ​រដ្ឋាភិបាល​កម្ពុជា​អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច សង្គម និង​លទ្ធិប្រជាធិបតេយ្យ និង​ដោយ​សារ​តែ​មន្ដ្រី​ជាន់​ខ្ពស់​អាមេរិក​ទាំង​ពីរ​នេះ ចង់​ឲ្យ​បន្ត​កម្មវិធី​រុក​រក​ឆ្អឹង​ទាហាន​អាមេរិក​នៅ​កម្ពុជា​ឡើង​វិញ ទើប​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន សម្រេច​យល់​ព្រម​តាម​សំណើ​​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សរសេរ​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១២ តុលា ថា ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​ស្មារតី មេត្តា​ករុណា​ដូច​កន្លង​មក បើ​ទោះ​បី​ជា​អាមេរិក​នៅ​តែ​បន្ត​រឹត​ត្បិត​ទិដ្ឋាការ​ចំពោះ​មន្ដ្រី​ជាន់​ខ្ពស់​ខ្មែរ​ក៏​ដោយ​។

គួរ​រំឭក​ជូន​ថា លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៃ​កម្ពុជា បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​ស្រុក​ខ្មែរ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញាឆ្នាំ​២០១៧​​។ ការ​ប្រកាស​​នោះ ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​នឹង​ស្ថានទូត​អាមេរិក ដែល​​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ដ្រី​ការទូត​ជាន់​ខ្ពស់​កម្ពុជា ​ ដោយ​សារកម្ពុជា​មិន​ព្រម​ទទួល​យកពលរដ្ឋ​ខ្លួន​ដែល​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​មក​មាតុ​ប្រទេស​វិញ​​។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១២​តុលា​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចាត់​ទុក​ទង្វើ​អាមេរិក​ថា​ជា​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌។ អយុត្តិធម៌ ព្រោះ​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​រូប​នេះ សំណើ​របស់​កម្ពុជា​ទៅ​កាន់​អាមេរិក​ចំពោះ​ករណីធ្វើ​មាតុភូមិ​និវត្ត​ខ្មែរ​នៅ​អាមេរិក គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​មនុស្សធម៌​សុទ្ធ​សាធ​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​សំណុំ​រឿង​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា​នេះ លោក ហ៊ុន សែន ធ្លាប់​ប្រកាន់​ជំហរ​រឹង​មាំ​បំផុត គឺ​ដាច់​ខាត​មិន​ឲ្យ​អាមេរិក​បន្ត​ប្រតិបត្តិការ​នេះ​ទេ បើ​មិន​បើក​ទិដ្ឋាការ​ជូន​ដល់​មន្ដ្រី​ការទូត​ខ្មែរ​ឡើង​វិញ​។ លោក​ទើប​តែ​បាន​បញ្ជាក់​ជំហរ​នេះ ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ នៅ​ក្នុង​ពេល​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​។

សូម​ជម្រាប​ដែរ​ថា នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​វៀតណាម មាន​ទាហាន​អាមេរិក​ចំនួន​៩០​នាក់ ដែល​បាត់​ខ្លួន​នៅ​ស្រុក​ខ្មែរ​​ ហើយ​រហូត​មក​ទល់​ពេល​នេះ នៅ​សល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​៤៩​នាក់​ទៀត ដែល​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ