អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មហារីកបាតភ្នែកជា​ជំងឺ​ដែលមានកើត​ច្រើន​លើ​កុមារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំងឺ​មហារីក​មួយ​ដែល​មាន​កើត​យ៉ាង​ញឹកញាប់​លើទារក/​កុមារ គឺ​មហារីក​បាត​ភ្នែក។ ជំងឺមហារីក​នេះ អាច​ព្យាបាល​បាន​ជា​សះស្បើយ​ ក្នុង​កំរិត​ប្រមាណ​៩៥%​នៅ​ប្រទេស​ក្នុង​ប្រទេស​ជឿន​លឿន និង​៩០%​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ចាំ​បាច់​ត្រូវនាំ​កុមារ​និង​ទារក​ មកព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​កុមារ​ ឬ​ទារក​មាន​ជំងឺ​មហារីក​បាត​ភ្នែក ? តើ​ការ​ព្យាបាល​ជំងឺ​ប្រភេទ​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​យ៉ាង​ណា ?

ប្រសីភ្នែកស្តាំ​​ស នៃ​កុមារ​ដែល​មាន​ជំងឺ​មហារីក​បាតភ្នែក
ប្រសីភ្នែកស្តាំ​​ស នៃ​កុមារ​ដែល​មាន​ជំងឺ​មហារីក​បាតភ្នែក Pak Sang Lee
ផ្សាយពាណិជ្ជកម្ម

បាត​ភ្នែក ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ភ្នែក​ និង​គំហើញ ព្រោះ​វា​មានតួនាទី​​ជាអ្នក​ទទួល​រូបភាព ប្រៀប​ដូច​​ហ្វីលផ្តិត​រូប​បញ្ជូន​ប្រសី​ភ្នែក សម្រាប់បញ្ជូន​ទៅឱ្យ​​ខួរក្បាលវិភាគ​ថា​ជា​អ្វី។ នៅ​ពេល​បាត​ភ្នែក​រង​គ្រោះ របើក រហើប ប៉ះទង្គិច នោះ​សមត្ថភាព​មើល​របស់​យើង​ក៏​ត្រូវ​ធ្លាក់​ទៅ​តាម​នោះ​ដែរ។ មាន​ជំងឺ​ជា​ច្រើន​ដែល​កើត​លើ​បាត​ភ្នែក តែ​​ជំងឺដែល​កើត​ញឹក​ញាប់​ខ្លាំង​លើក្មេង​និង​ទារក គឺ​ជំងឺ​​សរសៃ​បាត​ភ្នែក ជំងឺ​រលាក​បាតភ្នែក និង​កាន់តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​គឺ​ជំងឺ​មហារីកបាតភ្នែក​។

មហារីក​បាត​ភ្នែក ជាជំងឺ​មហារីក​មួយ​ដែលច្រើន​មាន​កើត​លើ​កុមារ មុន​អាយុ​៥​ឆ្នាំ និង​២/៣​​ជា​កុមារ​រស់​​នៅ​ក្នុង​ប្រទេ​សក្រីក្រ​ និង​មាន​ចំណូល​ទាប។ ​​​អាច​ធ្វើ​កុមារ​ពិការភ្នែក​អស់​មួយ​ជីវិត​ និង​ស្លាប់​បាន ជំងឺ​មហារីក​បាត​ភ្នែក​នេះ មិនមែន​ជា​ប្រភេទ​ជំងឺមិន​ស្មុគស្មាញ​ខ្លាំងក្នុង​ការ​ព្យាបាល​ឡើយ គ្រាន់​តែ​​​ជួន​កាល​ជំងឺ​នេះ ក្រ​ផ្តល់​រោគ​សញ្ញាប៉ុណ្ណោះ និង​យឺត​ពេល​សម្រាប់​ការ​ព្យាបាល។

រោគ​សញ្ញា​នៃ​ជំងឺ ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ គឺ

  • ​មាន​ស្រមោល​សជះ​ពី​ក្នុង​ភ្នែក នៅ​ពេល​បញ្ចាំង​ភ្លើង​ត្រូវ ឬ​នៅ​ពេល​ថត​រូប (៥០%)
  • ភ្នែក​ស្រឡេវ ឬ​កែក (២០%)
  • មើល​មិន​ច្បាស់ ដោយ​​ដុំ​សាច់​មហារីក​ដុះ​ប៉ះពាល់​ដល់​ស្រទាប់​បាត​ភ្នែក (២០%)
  • ឈឺគ្រាប់​ភ្នែក ឡើង​ក្រហម ណែន ​លៀន។ នេះ​ជា​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​ជំងឺ​បាន​វិវឌ្ឍ​ដល់​ដំណាក់កាល​មួយ​ជិត​ហួសពេល​ទៅ​ហើយ

​ករណី​​ជំងឺ​មហារីក​បាត​ភ្នែក ​ចំនួន​ពាក់កណ្តាល ​កើត​មាន​តាំង​ពី​កំណើត។ ទារក​មាន​ផ្ទុក​ហ្សែន​មិន​ប្រក្រតី​ តាំង​ពី​ចេញ​ពី​​​ផ្ទៃម្តាយមក។ ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​នេះ នឹង​ធ្វើ​ឱ្យ​បាត​ភ្នែក​រងគ្រោះ​ យូរឬ​ឆាប់​​ទៅ​ជា​ជំងឺ​មហារីក ​ក្នុង​ទម្រង់ជា​ដុំ​សាច់​​ស្លូត​ឬ​​កាចខ្លាំង។

ការព្យាបាល​

ប៉ុន្តែ​ជា​សំណាង​ល្អ ការព្យាបាល​ជំងឺ​មហារីក​បាតភ្នែក មាន​ប្រសិទ្ធភាព​ដល់​ទៅ​ប្រមាណ​៩៥%​ នៅ​ប្រទេស​កម្ពុជា ជាក់ស្តែង​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្រុង​សៀមរាប និង​ដល់​៩៩%​នៅ​ប្រទេស​ជឿន​លឿន៕

បទអន្តរាគមន៍​របស់​​លោក​វេជ្ជបណ្ឌិត ខូវ ផារ៉ា ប្រធាន​ផ្នែក​ ​​ជំងឺ​ភ្នែក នៅ​មន្ទីរពេទ្យ​កុមារ​ក្រុង​អង្គរ សៀមរាប ប្រទេស​កម្ពុជា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ