អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ធ្វើ​យ៉ាង​ណា​អាច​ការពារ​កុំ​ឱ្យ​កើតជំងឺ​​ដុំ​ស្បូន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាទូទៅ ស្រ្តី​តែងតែ​មាន​ការព្រួយ​បារម្ភ​អំពី​សាច់​ដែល​ដុះ​នៅ​លើ​ស្បូន។ ប៉ុន្តែ​​ដុំ​ស្បូន​ ឬ​ ហ្វីប្រូម ជា​ភាសា​​បារាំង ​ជាដុំ​សាច់​ស្លូត ដែល​​គ្មាន​​អំណាច​​បង្ក​បង្កើត​​​ទៅ​ជា​ជំងឺ​មហារីក​ ដ៏​គួរ​ខ្លបខ្លាច​នោះ​ទេ។ ដុំ​ស្បូន​អាច​ដុំ​រីក​លូត​លាស់​នៅ​ក្នុង​ស្បូន​មនុស្ស​ស្រី ដោយ​គ្មាន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ទាំង​អស់​ រាប់​ខែ​រាប់​ឆ្នាំ​ ហើយស្រ្តី​អាច​ដឹង​បាន ដោយ​សារ​ទៅ​ថត​អេកូ​ពិនិត្យ​មើល​ស្បូន​ជា​ធម្មតា​ក៏​មាន។ ប៉ុន្តែ​ដុំ​ស្បូន​ខ្លះ​ទៀត អាច​បង្ក​ផល​រំខាន​យ៉ាង​ខ្លាំង​ដល់​ស្ត្រី​អ្នក​ជំងឺ។ តើ​ដុំ​ស្បូន​ជា​ជំងឺ​អ្វី ? តើ​ធ្វើ​យ៉ាង​ណា​អាច​ការពារ​កុំ​ឱ្យ​កើត​ដុំ​ស្បូន​នេះ​បាន​?

គំនូស​បង្ហាញ​ពី​ដុំសាច់​ក្នុង​ស្បូនស្ត្រី
គំនូស​បង្ហាញ​ពី​ដុំសាច់​ក្នុង​ស្បូនស្ត្រី pixabay.com/CCO/episy2
ផ្សាយពាណិជ្ជកម្ម

ជំងឺដុំស្បូន (fibrome utérin) ជា​ជំងឺ​ស្រាល ! មាន​ន័យ​ថា​ដុំ​សាច់​នៅ​ក្នុង​ស្បួន​ ជាសាច់​​ស្លូត មិន​មែន​ជាដុំ​សាច់​ដែល​នាំ​ដល់​​ជំងឺ​មហារីក​ទេ។ ដុំ​សាច់​នេះ ដុះ​លូតលាស់​តែ​នៅ​ក្នុង​ស្បូន ជា​សាច់​ស្បូន ឬ​ជាលិកាស្បូន។ ដុំ​ស្បូន​ច្រើន​កើត​មាន​ជា​ញឹក​ញាប់​លើ​ស្ត្រី​ក្នុង​វ័យ​បង្ក​កំណើត ឬ​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ ក្នុង​កំរិត​ប្រមាណ​ពី​២០​ទៅ ៤០% បើ​និយាយ​អំពី​ស្ត្រី​នៅ​អឺរ៉ុប។

វាអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។ ដុំ​ស្បូន អាច​ដុះ​

- នៅ​លើ​សាច់ស្បូន (fibrome sous séreux)
- នៅក្នុងសាច់ស្បូន (fibrome interstitiel)
- នៅក្នុងរន្ធស្បូន (fibrome sous muqueux)

រហូតមកដល់ពេល​បច្ចុប្បន្ននេះ គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុច្បាស់​លាស់​​ដែល​នាំ​កើត​ជំងឺ​ដុំ​ស្បូន​នេះ​ទេ ប៉ុន្តែកត្តា​​អ័រមូន​ទំនង​ជា​មាន​ចំណែក​នៃ​ការ​ដុះ​ដុំ​សាច់​នេះ។ គេសង្កេតឃើញថា ស្រ្តីពេញវ័យ ឬ ក្នុងវ័យបន្តពូជមានការ កកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេលស្រ្តីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។
គេ​បាន​ដឹង​បន្ថែម​ទៀតថា ស្ត្រី​ស្បែក​ខ្មៅ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​ការ​កើត​ដុំ​ស្បូន ជា​ស្ត្រី​ស្បែក​ស។ ស្ត្រី​គ្មាន​កូន និង​ស្រ្តី​មាន​ជំងឺ​ធាត់​ លើស​ទម្ងន់​ ក៏​ងាយ​នឹង​ជួប​គ្រោះ​កើត​ជំងឺ​ដុំ​ស្បូន​នេះ​ជាង​គេ​ដែរ។

 

ជាទូទៅ​ជំងឺ​ដុំ​ស្បូន គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​ប្រសិន​បើ​មាន គេ​សម្គាល់ឃើញ​ជា​ញឹកញាប់​តាម​រយៈ​អាការៈ​មួយ​ចំនួន​ដូច​ជា ធ្លាក់​ឈាម​ខ្លាំង​ ក្នុង​អំឡុង​ពេល​មាន​រដូវ និង​ចន្លោះ​ពេល​អត់​​រដូវ ឈឺ​ពោះ​ ឈឺបែបធ្ងន់ៗ​នៅ​អាង​ត្រគៀក ឬ​នៅ​ពេល​រួម​រក្ស បត់​ជើង​តូច​ញយ ឬ​ទល់​លាមក ...

ដោយ​សារ​តែ​ការ​ធ្លាក់ឈាមខ្លាំង​ពេក ស្ត្រី​អាច​ជួប​គ្រោះស្លេកស្លាំង។ អ្នក​គ្មាន​កូន​អាច​ងាយ​កើ​ត​ដុំ​ស្បូន ហើយ​បញ្ច្រាស​មក​វិញ បើ​មាន​ដុំ​ស្បូន ស្ត្រី​ក៏​មាន​សមត្ថភាព​បង្ក​កំណើត​ថយ​​ចុះ​ ឬ​មាន​កូន​មិន​​គង់ (រលូត ឬកើតមិនគ្រប់ខែ)។ ដុំ​ស្បូន​អាច​សង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។

ការព្យាបាល

បើ​គ្មាន​រោគសញ្ញាអ្វី​រំខាន​​ស្តែង​ចេញ​មក​ទេ នោះ​គេ​ក៏​ពុំ​ចាំបាច់​ធ្វើ​ការ​ព្យាបាល​អ្វី​ដែរ ​ការ​ពិនិត្យ​តាមដាន​សុខភាព​ស្បូនជា​ញយៗ​គ្រប់​គ្រាន់​ហើយ ព្រោះ​ជា​ទូទៅ ដុំ​ស្បូន តែង​តែ​រួម​តូច​ទៅ​វិញ​ នៅ​ពេល​ស្ត្រី​អស់​រដូវ។ ប្រសិន​បើ​មាន​រោគ​សញ្ញា និង​យោល​ ទើប​មាន​កា​រព្យាបាល។ គេ​អាច​ព្យាបាល​ដុំ​ស្បូនដោយ​វិធី​ច្រើន​យ៉ាង ទៅ​តាម​ស្ថានភាព​​ធ្ងន់ស្រាល​នៃ​ដុំ​ស្បូន ៖

  • ដោយ​​ប្រើ​ឆ្នាំ​លេប ​បំបាត់​ការ​ឈឺចាប់និង​ទប់​ការ​ធ្លាក់​ឈាម
  • ដោយ​ថ្នាំ​អ័រមូន លេប​​​ពង្រួញ​ដុំ​សាច់ឱ្យ​ស្វិតតូច កំរិត​កុំ​ឱ្យ​រោគ​សញ្ញា​កុំ​ឱ្យ​វិវត្តន៍
  • ដោយ​វះកាត់ ចោះ​យក​ដុំ​ស្បូន ឬ​វះ​កាត់​ស្បូន​ទាំង​ស្រុង​តែ​ម្តង ប្រសិនបើ​ជា​ករណី​ធ្ងន់ធ្ងរ​ខ្លាំង និង​បើ​ក្នុង​ករណី​ស្ត្រី​បញ្ជាក់​ចេតនា​លែង​ចង់​បាន​កូន​ដោយប្រាកដ​ប្រជា

 

ការ​ព្យាបាល​ដោយ​វះ​កាត់​យក​ស្បូន​ទាំង​ស្រុង​ចេញ​តែ​ម្តង ធ្វើ​​ឡើង​តែ​​ក្នុង​ករណី​ជំងឺ​ដុំ​ស្បូន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង និង​ក្នុង​ករណី​ស្ត្រី ចូល​ដល់​វ័យ​លែង​ចង់​បង្កើត​កូន​សោះ​ដោយ​ប្រាកដប្រជា។

 

ជាទូទៅ​ ស្ត្រី​ដែល​មាន​ជីវិត​សកម្ម ស្វាហាប់​បញ្ចេញ​ថាមពល​ច្រើន មិន​សូវ​ជួប​​គ្រោះ​កើត​ដុំ​ស្បូន ដូច​ស្ត្រី​ដែល​មានរស់​ក្នុង​ភាព​​ស្រណុក​ស្រួល​ទេ។​ ដូច្នេះការ​បញ្ចេញ​កម្លាំង​ពលកម្ម​ ធ្វើ​កីឡា ហាត់​ប្រាណ​ជា​ប្រចាំ​រាល់​ថ្ងៃ ជា​វិធី​ការពារ​ដ៏​ប្រសើរ​ប្រឆាំងនឹង​ជំងឺ​ដុំ​ស្បូន។ ក្នុង​ករណី​អ្នកសង្កេត​ឃើញ​មាន​អាការៈ​សញ្ញា​គួរ​ឱ្យ​សង្ស័យ​ណា​មួយ សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ឯកទេស​សម្ភព​និង​រោគស្ត្រី។ ប៉ុន្តែ​បើ​ក្នុង​ករណី​ស្ត្រី​ជួប​គ្រោះ​មាន​ជំងឺ​ដុំ​ស្បូន​ទៅ​ហើយ ហើយ​មាន​អាការៈ​ធ្លាក់​ឈាម​ច្រើន ហួស​ហេតុ​ខ្លះ​ពេក ស្ត្រី​អាច​ប្រឈម​នឹង​គ្រោះ​ខ្វះ​គ្រាប់​ឈាម​ក្រហម ពោល​គឺ​ខ្វះ​ជាតិ​ដែក។​ ដូច្នេះ​អ្នក​ជា​ស្ត្រី​គួរតែ​ស្វែង​រក​ទទួល​ទាន​អាហារ​ណា​ដែលមាន​ផ្ទុក​ជាតិ​ដែកច្រើន ដូច​ជា សាច់​គោ ឈាមជ្រូក ថ្លើមមាន់​ថ្លើម​ទា គ្រាប់​ល្ពៅ សណ្តែក​បារាំង បន្លែ​បៃតង ឬ​ក៏​ត្រូវ​ទទួល​ទាន​ថ្នាំ​ បន្ថែម​ជាតិ​ដែក តាម​វេជ្ជបញ្ជា​ផង​។ ការ​វិភាគ​ឈាម​អាច​ជា​មធ្យោបាយ​ដ៏​ល្អ មួយ ដើម្បី​បាន​ដឹង​ច្បាស់​ថា​តើ​យើង​មាន​គ្រាប់​ឈាម​ក្រហម និង​ជាតិ​ដែក​គ្រប់​គ្រាន់​ឬ​ក៏​អត់។ ដំបូន្មាន​នេះ ក៏​មាន​តម្លៃ​សម្រាប់​ស្ត្រីគ្រប់​រូប​ផ្សេង​ទៀត ដែល​គ្មាន​ជំងឺ​ដុំ​ស្បូន​ តែ​មាន​ការ​ធ្លាក់​ឈាម​រដូវ​ច្រើនខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ