បុរសអាចជួបគ្រោះកើតជំងឺមហារីកសុដន់ដែរឬ ?!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៧
បច្ចុប្បន្ននេះ ជាមួយនឹងមធ្យោបាយព្យាបាលថ្មី យុទ្ធសាស្ត្រថ្មី ការព្យាបាលជំងឺមហារីក ទោះទម្រង់ធ្ងន់ប៉ុណ្ណាក៏ដោយ ក៏មានសង្ឃឹមជោគជ័យច្រើនជាងមុនដែរ។ មហារីកមានច្រើនប្រភេទ ដែលបែងចែងទៅតាមទីតាំងនៃការកកើត លើកោសិកា និងកំរិតកាចសាហាវប៉ុណ្ណា។ មហារីកសុដន់ ជាជំងឺដែលអាចព្យាបាលបានជា ក្នុង៩លើ១០ករណី បើគេឆាប់ដឹងពីភ្លាមដំបូង។ ប៉ុន្តែមហារីកសុដន់ បើកើតលើបុរស ច្រើនតែជាករណីធ្ងន់ធ្ងរខ្លាំង ព្រោះបុរសមិនសូវចាប់អារម្មណ៍គិតគូរការពារ។
ជារៀងរាល់ឆ្នាំ តាំងពីជាង២០ឆ្នាំ ប្រទេសបារាំង តែងបានឧទ្ទិសខែតុលា ជាខែប្រយុទ្ធប្រឆាំងនិងផ្តល់ព័ត៌មានស្តីអំពីជំងឺមហារីកសុដន់ ដោយហៅខែនេះ ថា “កូលាបតុលា”។ កូលាបតុលា ជាប្រតិបត្តិការពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ ដោយឆ្នាំនេះ មានប្រទេសចំនួន ៧០ បានចូលរួម និងដោយបាន ផ្តល់ហិរញ្ញវត្ថុដល់គម្រោងវេជ្ជសាស្ត្រ ចំនួន ២៥០ គម្រោងក្នុងមួយឆ្នាំៗ តាមរយៈថវិកា៧៦លានដុល្លារ ប្រមូលបានពីប្រតិបត្តិការ “កូលាបតុលា”។
កូលាបតុលា បានក្លាយជាព្រឹត្តិការណ៍ដ៏ចាំបាច់ ព្រោះថាថ្វីបើសំណាងបានរស់រានមានជីវិត ក្រោយការព្យាបាលជំងឺមហារីក បានកើនឡើងគួរឱ្យកត់សម្គាល់ និងដល់កំរិត៨៧% ក្នុងរយៈពេលតែ៥ឆ្នាំ តែបើជំងឺមហារីកឈានដល់កំរិតមេតាស្តាគេអាចជួយជីវិតអ្នកជំងឺបានត្រឹម៥%ប៉ុណ្ណោះ។
ហេតុដូច្នេះហើយបានជា ការស្រាវជ្រាវនៅតែត្រូវបន្តធ្វើ និងត្រូវតែបន្តផ្តល់ព័ត៌មាន បានកាន់តែទូលំទូលាយ ជូនបណ្តាជនទាំងស្រី ទាំងប្រុស ថាជំងឺមហារីកសុដន់ អាចកើតមានលើគ្រប់រូបមនុស្ស លើគ្រប់វ័យ។ ចាស ! ១០%ជាស្ត្រីក្រោមអាយុ៣៥ឆ្នាំ និង១%ជាបុរស។
មហារីកសុដន់ ក៏មានកើតលើបុរសដែរ ?
មហារីកសុដន់ ជាជំងឺដែលស្ត្រីស្ទើរគ្រប់រូបខ្លាចរអាបំផុត ប៉ុន្តែជំងឺនេះក៏អាចកើតមានលើបុរសដែរ។ គ្រាន់តែជាករណីកម្រ ! អ្នកជំងឺម្នាក់ក្នុងចំណោម១០០នាក់ជាបុរសភេទ។ ដោយសារតែពុំសូវបានទទួលព័ត៑មាន អ្នកជំងឺបុរស ទៅជួបពិគ្រោះនិងព្យាបាលជំងឺមហារីក នៅពេលមានរោគសញ្ញាស្តែងចេញមក ដូចជាករង្វង់ក្បាលដោះ ឬក្បាលដោះប្តូរទម្រង់ ។ មានន័យថាជំងឺមហារីកឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ទៅហើយ។
មហារីកសុដន់ ជាជំងឺដែលមានពាក់ព័ន្ធនឹងអ័រមូនអើស្ត្រូហ្សែន អ័រមូនដែលមានច្រើននៅក្នុងខ្លួនស្ត្រី។ បុរសមានអ័រមូននេះតិចតួចណាស់ តែគ្រប់គ្រាន់ល្មមនឹងអភិវឌ្ឍជំងឺមហារីកបាន។ ក្រពេញទឹកដោះក្នុងសុដន់បុរស មិនសូវលូតលាស់ ហើយក៏មិនសូវមានរំញោចដែរ ហេតុដូច្នេះហើយបានជាមិនសូវមានករណីមារីកដោះលើបុរសនោះ។
ដូចស្ត្រីដែរ បុរសគ្រប់រូបតែងតែប្រឈមនឹងហានិភ័យនៅជុំវិញខ្លួន ដូចជា ប្រឈមនឹងកាំរស្មី ប្រឈមនឹងមូលេគុលពុល ... ទទួលទានសុរាច្រើនជ្រុល ឬធាត់ជ្រុល ដែលសុទ្ធសឹងតែជាភ្នាក់ងារអាចនាំឱ្យកើតជំងឺមហារីកសុដន់។ ភាពប្រឈមនេះ អាចនាំបុរសឱ្យជួបគ្រោះមួយទៀត ដែលជាលក្ខណៈពិសេសរបស់បុរស នោះគឺភាពមិនប្រក្រតីនៅពងស្វាស។ ប៉ុន្តែមូលហេតុសំខាន់មួយទៀត ដែលបង្កឱ្យបុរសមានជំងឺមហារីកសុដន់ គឺមូលហេតុហ្សែន។ មនុស្សប្រុសខ្លះ ដោយសារហ្សែនពីកំណើត ពួកគេបញ្ចេញអ័រមូនអើស្ត្រូហ្សែនច្រើន ទើបសុដន់លូតលាស់ខ្លាំង ហើយគ្រោះហានិភ័យកើតជំងឺក៏មានច្រើន។ ប៉ុន្តែជាទូទៅ បុរសមិនសូវចាប់អារម្មណ៍ និងធ្វើការវិភាគវែករកជំងឺមហារីកសុដន់ដូចស្ត្រីទេ។
នៅពេលរកឃើញដុំសាច់មហារីក ជំងឺច្រើនតែឈានចូលដំណាក់កាលធ្ងន់ ហើយមធ្យោបាយព្យាបាលមហារីកសុដន់បុរស ច្រើនតែជាសេចក្តីសម្រេចបែបដាច់ខាតខ្លាំង ពោលគឺឃើញភ្លាមសម្រេចភ្លាមថាត្រូវតែវិធីព្យាបាលដោយការវះកាត់ កាត់ដោះទាំងមូលចេញតែម្តង។ មិនមែនដូចស្ត្រី ដែលការវះកាត់ ត្រូវបានស្នើឡើងជាបឋមគឺកាត់យកដុំមហារីកចេញ ហើយប៉ះប៉ូវ កែសុដន់ឡើងវិញ មុននឹងឈានដល់ដំណាក់កាលកាត់សុដន់ទាំងមូលចេញ រួចវះកាត់តសុដន់សម្បនិម្មិត ដើម្បីរក្សាទម្រង់ជាស្ត្រីភេទឡើងវិញ។
ក្រៅអំពីការរៀបចំព្រឹត្តិការណ៍បំផុសចំណាប់អារម្មណ៍ ផ្តល់ព័ត៌មានស្តីអំពីជំងឺមហារីកសុដន់ ប្រតិបត្តិការ កូលាបតុលា ក៏ជាឱកាសនៃការជួបជុំពិភាក្សាគ្នារបស់ក្រុមអ្នកស្រាវជ្រាវ ជុំវិញប្រធានបទផ្សេងៗទាក់ទងនឹងជំងឺមហារីកសុដន់។ នៅលើកនេះ អ្នកស្រាវជ្រាវ និងសហគមគ្រូពេទ្យជំនាញ កំពុងសាកល្បងបែងចែកបំភ្លឺ នូវរាល់ជំនឿរបស់សាធារណៈទាំងឡាយនិងធាតុពិតជាក់ស្តែងនៃជំងឺ។
នៅក្នុងចំណោមជំនឿជាច្រើន មានជំនឿមួយដែលតែងចោទឡើងខ្លាំងនិងញឹកញយជាងគេ គឺអាហារ ដែលក្រុមគ្រូពេទ្យឯកទេសបារាំងបានសាកល្បងនាំគ្នាពន្យល់បំភ្លឺ។
តើជាការពិតទេដែលថាមានចំណីអាហារខ្លះអាចជួយកាត់បន្ថយគ្រោះកើតជំងឺមហារីកសុដន់ ?
លោកអ្នកពិតជាធ្លាប់បានគិត បានលឺ ថាដើម្បីបញ្ចៀសជំងឺមហារីកសុដន់ ត្រូវទទួលទានបន្លែស្លឹកនេះ ទទួលទានគ្រាប់នោះ ខ្លះថាទទួលទានស្ពៃឱ្យបានច្រើន ខ្លះទៀតថា រមៀត ឬគ្រាប់ម្រំ ។ល។ និង។ល។ ប៉ុន្តែគ្មានមួយណាប្រាកដជាងមួយណាឡើយ ! តាមការពិត ជីវវិទ្យានៃកោសិកាធម្មតា ឬកោសិកាមហារីក មានលក្ខណៈស្មុគស្មាញ ហួសពីការគិត ដែលមិនអាចកាត់បន្ថយបាន ដោយសារ មហិទ្ធិរិទ្ធិនៃការទទួលទានអាហារមួយណា ឬហៅថាអាហារទិព្វ បានឡើយ។
នៅពេលណា គេនិយាយអំពីរបៀបរបបរស់នៅ និងចំណីអាហារ គេចង់និយាយអំពីគំរូនៃដំណើរកកើតជំងឺមហារីក ដែលខុសស្រលះពីជំងឺមហារីកសួតដែលគេស្គាល់ច្បាស់និង ដឹងថាថ្នាំជក់ជាដើមហេតុ។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យ Pr Laurent Zelek ឯកទេសរោគមហារីកនៅសាកលវិទ្យាល៍យសុខាភិបាល -មន្ទីរពេទ្យ- CHU Avicenne ជាយក្រុងប៉ារីស។
លោកសាស្ត្រាចារ្យ បានពញ្ញាក់ស្មារតី និងដាស់អារម្មណ៍ប្រិយមិត្តអ្នកស្តាប់គ្រប់គ្នាថា មានសៀវភៅ និងអត្ថបទជាច្រើនបោះផ្សាយយ៉ាងទូលំទូលាយ អួតអាងអំពីប្រសិទ្ធភាពរបស់ផលិតផលអាហារនេះ ចំណីបន្លែផ្លែឈើមើមនោះ ដែលល្មមនឹងធ្វើឱ្យគេជឿបានថាការទទួលទានអាហារនោះទៅនឹងអាចកាត់បន្ថយហានិភ័យមហារីកសុដន់មែន។ ប៉ុន្តែដោយជាក់ស្តែង គ្មានទេ ! វាជាការបំភាន់ទាំងស្រុង និងជាការស្រមើស្រម៉ៃខុសដែលថាគេអាចស្តារយន្តការ ដ៏មហាសាំញ៉ាំ នៃជំងឺមហារីក-ជំងឺវិសភាគ ដែលបង្កឡើងដោយមូលហេតុច្រើនយ៉ាង ដោយអានុភាពអាហារនោះ។
គ្មានអាហារទេវតាណា អាចបញ្ចៀសជំងឺមហារីកសុដន់បានឡើយ ! វិទ្យាស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបារាំង បានចេញកូនសៀវភៅណែនាំមួយ នៅឆ្នាំ២០១៥ មានចំណងជើងថា អាហារនិងជំងឺមហារីក។ អត្ថបទរបស់វិទ្យាស្ថានបានដាស់តឿនពលរដ្ឋ ឱ្យចេះរក្សាលំនឹងរបបអាហារ ដោយជ្រើសរើសទទួលទានអ្វីដែលអាចជួយការពារ ដោយកាត់បន្ថយ គ្រោះនាំឱ្យមានជំងឺមហារីក។ កាត់បន្ថយគ្រោះហានិភ័យ មិនមែនកុំឱ្យកើតជំងឺមហារីកទេ។ ការណែនាំមានដូចខាងក្រោម ៖
- ត្រូវកំរិតការទទួលទានជាតិសុរា
- កាត់បន្ថយការទទួលទានសាច់ សាច់គោ សាច់ជ្រូក សាច់ជៀម សាច់ឈ្លុះ ... កុំឱ្យលើសពី៥០០ក្រាម ក្នុងមួយសប្តាហ៍-
- បន្ថយជាតិប្រៃ ដោយកុំប្រហែសចូលចិត្តទទួលទានសាច់ប្រលាក់ផ្អាប់ មានខ្លាញ់និងអំបិលច្រើន-
- កុំសូវញ៉ាំម្ហូបធ្វើស្រាប់ គ្រឿងក្លែម គ្រឿងញ៉ាំលេងមុនបាយ
- តែត្រូវបង្កើនការទទួលទានបន្លែនិងផ្លែឈើឱ្យបានច្រើន ឱ្យបាន៥មុខក្នុងមួយថ្ងៃ ព្រមទាំងផ្តល់អាទិភាពដល់ចំណីអាហារណាដែលសម្បូរជាតិសរសៃ។ ផលិតផលធ្វើពីទឹកដោះគោ ជាជម្រើសមួយដ៏ប្រសើរ ព្រោះវាមានអំណាចការពារស្ត្រីមុនពេលអស់រដូវផង។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់មូលនិធិពិភពលោកផ្នែកស្រាវជ្រាវជំងឺមហារីក។
បរិស្ថានពុល ថ្នាំសម្លាប់សត្វល្អិត វិទ្យុសកម្ម ការងារពេលយប់ ជាភ្នាក់ងារដ៏សំខាន់នាំឱ្យងាយមានគ្រោះកើតជំងឺមហារីកសុដន់ ?
ចំនួនអ្នកកើតមហារីកសុដន់ បានកើនស្ទើរទ្វេមួយជាពីរ នៅរវាងពីឆ្នាំ១៩៨០ និង២០០៥។ កំណើននេះមិនមែនដោយហេតុតែពិភពលោកមានមធ្យោបាយធ្វើវិភាគវែករកជំងឺបាន មិនមែនដោយមូលហេតុពលរដ្ឋមានអាយុវែង មិនមែនដោយសារតែកត្តាគ្រោះថ្នាក់ ឬការប្តូរផ្លាស់របៀបរស់នៅប៉ុណ្ណោះទេ តែកំណើនដ៏គួរកត់សម្គាល់នៃជំងឺមហារីកសុដន់ ពិតជាបណ្តាលមកពីឥទ្ធិពលរបស់បរិស្ថានមួយទៀត ដោយជាក់ជាប្រាកដ គ្រាន់តែអ្នកស្រាវជ្រាវនៅមិនទាន់កំណត់បានថា ឥទ្ធិពលនោះមានកំរិតប៉ុណ្ណាតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ