ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

បុរស​អាច​ជួបគ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ដែរឬ ?!

បុរស​អាច​ជួបគ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ដែរឬ ?!
 
បូពណ៌​កូលាប​ ជា​និម្មិត្ត​សញ្ញា​ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីកសុដន់ Creative Commons/Pixabay

បច្ចុប្បន្ននេះ ជាមួយនឹងមធ្យោបាយព្យាបាលថ្មី យុទ្ធសាស្ត្រថ្មី ការព្យាបាលជំងឺមហារីក ទោះទម្រង់ធ្ងន់ប៉ុណ្ណាក៏ដោយ ក៏មានសង្ឃឹមជោគជ័យ​ច្រើនជាងមុនដែរ។ មហារីកមានច្រើនប្រភេទ ដែល​បែង​ចែង​ទៅតាមទីតាំង​នៃ​​​ការកកើត លើកោសិកា និងកំរិតកាចសាហាវប៉ុណ្ណា។ មហារីកសុដន់ ជាជំងឺដែលអាចព្យាបាលបានជា ក្នុង៩លើ១០ករណី បើគេឆាប់ដឹងពីភ្លាមដំបូង។ ប៉ុន្តែ​មហារីក​សុដន់ បើ​កើត​លើ​បុរស ច្រើន​តែ​ជា​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ ព្រោះ​បុរស​មិន​សូវ​ចាប់​អារម្មណ៍​គិត​គូរ​ការពារ។

ជា​រៀង​រាល់​ឆ្នាំ តាំង​ពី​ជាង​២០​ឆ្នាំ​ ​ប្រទេស​បារាំង តែង​បាន​ឧទ្ទិស​ខែ​តុលា ជា​ខែ​ប្រយុទ្ធ​ប្រឆាំង​និង​ផ្តល់​ព័ត៌មាន​ស្តី​អំពី​ជំងឺ​មហារីក​សុដន់ ដោយ​ហៅ​ខែ​នេះ ថា​​​ “កូលាបតុលា”។ កូលាប​តុលា ជា​ប្រតិបត្តិការពិភពលោក​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ ដោយ​​ឆ្នាំ​នេះ មាន​ប្រទេស​ចំនួន ៧០​ បាន​ចូល​រួម និង​ដោយ​បាន ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​វេជ្ជសាស្ត្រ​ ចំនួន ២៥០ គម្រោង​ក្នុង​មួយ​ឆ្នាំៗ​ តាម​រយៈ​​ថវិកា៧៦​លាន​ដុល្លារ ​​ប្រមូល​បាន​ពី​ប្រតិបត្តិការ​ “កូលាបតុលា”។

កូលាប​តុលា បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ចាំបាច់ ព្រោះ​ថា​ថ្វីបើ​សំណាង​បាន​រស់​រាន​មាន​ជីវិត​ ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ និង​ដល់​កំរិត​៨៧% ក្នុងរយៈ​ពេល​តែ​៥​ឆ្នាំ តែបើជំងឺ​មហារីក​ឈាន​ដល់​​កំរិត​មេតាស្តា​គេ​អាច​ជួយ​ជីវិត​អ្នក​ជំងឺ​បាន​ត្រឹម​៥%​ប៉ុណ្ណោះ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ ការស្រាវជ្រាវ​នៅ​តែ​ត្រូវ​បន្ត​ធ្វើ និង​ត្រូវ​តែ​បន្ត​ផ្តល់​ព័ត៌មាន​ បាន​កាន់​តែ​ទូលំទូលាយ ​ ជូន​បណ្តា​ជន​ទាំង​ស្រី ទាំង​ប្រុស ថា​​​ជំងឺ​មហារីក​សុដន់ អាច​កើត​មាន​លើ​គ្រប់​រូប​មនុស្ស លើ​គ្រប់​វ័យ។ ចាស ! ១០%​ជា​ស្ត្រី​ក្រោម​អាយុ​៣៥ឆ្នាំ និង​១%​ជា​បុរស។

មហារីកសុដន់ ក៏មានកើតលើបុរសដែរ ?

មហារីកសុដន់ ជាជំងឺដែលស្ត្រីស្ទើរគ្រប់រូបខ្លាចរអាបំផុត ប៉ុន្តែជំងឺនេះក៏អាចកើតមានលើបុរសដែរ។ គ្រាន់តែជាករណីកម្រ ! អ្នកជំងឺម្នាក់ក្នុងចំណោម១០០នាក់ជាបុរសភេទ។ ដោយសារតែពុំសូវបានទទួលព័ត៑មាន អ្នកជំងឺបុរស ទៅជួបពិគ្រោះនិងព្យាបាលជំងឺមហារីក នៅពេលមានរោគសញ្ញាស្តែងចេញមក ដូចជាករង្វង់ក្បាលដោះ ឬក្បាលដោះប្តូរទម្រង់ ។ មានន័យថាជំងឺមហារីកឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ទៅហើយ។

មហារីកសុដន់ ជាជំងឺដែលមានពាក់ព័ន្ធនឹងអ័រមូនអើស្ត្រូហ្សែន អ័រមូនដែលមានច្រើននៅក្នុងខ្លួនស្ត្រី។ បុរសមានអ័រមូននេះតិចតួចណាស់ តែគ្រប់គ្រាន់ល្មមនឹងអភិវឌ្ឍជំងឺមហារីកបាន។ ក្រពេញទឹកដោះក្នុងសុដន់បុរស មិនសូវលូតលាស់ ហើយក៏មិនសូវមានរំញោចដែរ ហេតុដូច្នេះហើយបានជាមិនសូវមានករណីមារីកដោះលើបុរសនោះ។

ដូចស្ត្រីដែរ បុរសគ្រប់រូបតែងតែប្រឈមនឹងហានិភ័យនៅជុំវិញខ្លួន ដូចជា ប្រឈមនឹងកាំរស្មី ប្រឈមនឹងមូលេគុលពុល ... ទទួលទានសុរាច្រើនជ្រុល ឬធាត់ជ្រុល ដែលសុទ្ធ​សឹង​តែ​ជា​ភ្នាក់ងារ​អាចនាំឱ្យកើតជំងឺមហារីកសុដន់។ ភាពប្រឈមនេះ អាចនាំបុរសឱ្យជួបគ្រោះមួយទៀត ដែលជាលក្ខណៈពិសេសរបស់បុរស នោះគឺភាពមិនប្រក្រតីនៅពងស្វាស។ ប៉ុន្តែមូលហេតុសំខាន់មួយទៀត ដែលបង្កឱ្យបុរសមានជំងឺមហារីកសុដន់ គឺមូលហេតុហ្សែន។ មនុស្សប្រុសខ្លះ ដោយសារហ្សែនពីកំណើត ពួកគេបញ្ចេញអ័រមូនអើស្ត្រូហ្សែនច្រើន ទើបសុដន់លូតលាស់ខ្លាំង ហើយគ្រោះហានិភ័យកើតជំងឺក៏មានច្រើន។ ប៉ុន្តែ​ជា​ទូទៅ បុរស​មិន​សូវ​ចាប់​អារម្មណ៍ និង​ធ្វើ​ការ​វិភាគ​វែក​រក​ជំងឺ​មហារីក​សុដន់​ដូច​ស្ត្រី​ទេ។

នៅពេលរកឃើញដុំសាច់មហារីក ជំងឺ​ច្រើន​តែ​ឈាន​ចូល​ដំណាក់កាល​ធ្ងន់​ ហើយ​មធ្យោបាយ​ព្យាបាល​មហារីក​សុដន់​បុរស​ ច្រើន​តែ​ជា​សេចក្តី​សម្រេច​បែប​ដាច់​ខាត​ខ្លាំង ពោល​គឺ​ឃើញ​ភ្លាម​សម្រេចភ្លាម​ថា​ត្រូវ​តែវិធី​ព្យាបាល​ដោយ​ការ​​វះកាត់ កាត់ដោះទាំងមូលចេញតែម្តង។ មិនមែនដូចស្ត្រី ដែលការវះកាត់ ត្រូវ​បាន​ស្នើ​ឡើង​ជាបឋមគឺកាត់​យកដុំមហារីកចេញ ហើយប៉ះប៉ូវ កែសុដន់ឡើងវិញ មុន​នឹង​ឈាន​ដល់​ដំណាក់កាល​កាត់​សុដន់​ទាំង​មូល​ចេញ​ រួច​វះកាត់​ត​សុដន់​សម្បនិម្មិត​ ដើម្បី​រក្សា​ទម្រង់​ជា​ស្ត្រីភេទ​ឡើង​វិញ។

ក្រៅ​អំពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បំផុស​ចំណាប់​អារម្មណ៍ ផ្តល់​ព័ត៌មាន​ស្តីអំពី​ជំងឺ​មហារីក​សុដន់ ប្រតិបត្តិការ​ កូលាប​តុលា ក៏​ជា​ឱកាស​នៃ​ការ​ជួប​ជុំ​ពិភាក្សា​គ្នា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ ជុំ​វិញ​ប្រធានបទ​ផ្សេងៗ​ទាក់ទង​នឹង​ជំងឺ​មហារីក​សុដន់។ នៅលើក​នេះ អ្នក​​ស្រាវជ្រាវ​ និង​សហគមគ្រូពេទ្យជំនាញ កំពុង​សាកល្បងបែងចែកបំភ្លឺ នូវរាល់ជំនឿ​​របស់​សាធារណៈទាំង​ឡាយ​និងធាតុ​ពិតជាក់ស្តែងនៃជំងឺ។

នៅក្នុង​ចំណោម​ជំនឿ​ជា​ច្រើន មាន​ជំនឿមួយ​ដែល​តែង​ចោទ​ឡើង​ខ្លាំង​និង​ញឹកញយ​ជាង​គេ គឺ​អាហារ ដែល​ក្រុម​គ្រូពេទ្យ​ឯកទេស​បារាំង​បាន​សាក​ល្បង​នាំគ្នា​ពន្យល់​បំភ្លឺ។

តើជាការពិតទេដែលថាមានចំណីអាហារខ្លះអាចជួយកាត់បន្ថយគ្រោះកើតជំងឺមហារីកសុដន់ ?

លោកអ្នកពិតជាធ្លាប់បានគិត បានលឺ ថាដើម្បីបញ្ចៀសជំងឺមហារីកសុដន់ ត្រូវទទួលទានបន្លែស្លឹកនេះ ទទួលទានគ្រាប់នោះ ខ្លះថាទទួលទានស្ពៃឱ្យបានច្រើន ខ្លះទៀតថា រមៀត ឬគ្រាប់ម្រំ ។ល។ និង។ល។ ប៉ុន្តែគ្មានមួយណាប្រាកដជាងមួយណាឡើយ ! តាមការពិត ជីវវិទ្យានៃកោសិកាធម្មតា ឬកោសិកាមហារីក មានលក្ខណៈស្មុគស្មាញ ហួសពីការគិត ដែលមិនអាចកាត់បន្ថយបាន ដោយសារ មហិទ្ធិរិទ្ធិនៃការទទួលទានអាហារមួយណា ឬ​ហៅថាអាហារទិព្វ បានឡើយ។

នៅពេលណា គេនិយាយអំពីរបៀបរបបរស់នៅ និងចំណីអាហារ គេចង់និយាយអំពីគំរូនៃដំណើរកកើតជំងឺមហារីក ដែលខុសស្រលះពីជំងឺមហារីកសួតដែលគេស្គាល់ច្បាស់និង ដឹងថាថ្នាំជក់ជាដើមហេតុ។ នេះបើតាមការពន្យល់របស់លោកសាស្ត្រាចារ្យ Pr Laurent Zelek ឯកទេសរោគមហារីកនៅសាកលវិទ្យាល៍យសុខាភិបាល -មន្ទីរពេទ្យ- CHU Avicenne ជាយក្រុងប៉ារីស។

លោកសាស្ត្រាចារ្យ បានពញ្ញាក់ស្មារតី និងដាស់អារម្មណ៍ប្រិយមិត្តអ្នកស្តាប់គ្រប់គ្នាថា មានសៀវភៅ និងអត្ថបទជាច្រើនបោះផ្សាយយ៉ាងទូលំទូលាយ អួតអាងអំពីប្រសិទ្ធភាពរបស់ផលិតផលអាហារនេះ ចំណីបន្លែផ្លែឈើ​មើមនោះ ដែលល្មមនឹងធ្វើឱ្យគេជឿបានថាការទទួលទានអាហារនោះទៅនឹងអាចកាត់បន្ថយហានិភ័យមហារីកសុដន់មែន។ ប៉ុន្តែដោយជាក់ស្តែង គ្មានទេ ! វាជាការបំភាន់ទាំងស្រុង និងជាការស្រមើស្រម៉ៃខុសដែលថាគេអាចស្តារយន្តការ ដ៏មហាសាំញ៉ាំ នៃជំងឺមហារីក-ជំងឺវិសភាគ ដែលបង្កឡើងដោយមូលហេតុច្រើនយ៉ាង ដោយអានុភាព​អាហារនោះ។

គ្មាន​អាហារ​ទេវតា​ណា​ អាច​បញ្ចៀស​ជំងឺ​មហារីក​សុដន់​បាន​ឡើយ ! វិទ្យាស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបារាំង បានចេញកូនសៀវភៅណែនាំមួយ នៅឆ្នាំ២០១៥ មានចំណងជើងថា អាហារនិងជំងឺ​មហារីក។ អត្ថបទរបស់វិទ្យាស្ថានបានដាស់​តឿន​ពលរដ្ឋ ឱ្យចេះរក្សាលំនឹងរបបអាហារ ដោយជ្រើសរើសទទួលទានអ្វីដែលអាចជួយការពារ ដោយកាត់បន្ថយ គ្រោះនាំឱ្យមាន​ជំងឺមហារីក។ កាត់​បន្ថយ​គ្រោះ​ហានិភ័យ មិន​មែន​កុំ​ឱ្យ​កើត​ជំងឺ​មហារីកទេ។ ការ​ណែនាំ​មាន​ដូច​ខាង​ក្រោម ៖

  • ត្រូវកំរិតការទទួល​ទានជាតិសុរា
  • កាត់បន្ថយការទទួលទានសាច់ សាច់គោ សាច់ជ្រូក សាច់ជៀម សាច់ឈ្លុះ ... កុំឱ្យលើសពី៥០០ក្រាម ក្នុងមួយសប្តាហ៍-
  • បន្ថយជាតិប្រៃ ដោយកុំប្រហែសចូលចិត្តទទួលទានសាច់ប្រលាក់ផ្អាប់ មានខ្លាញ់និងអំបិលច្រើន-
  • កុំសូវញ៉ាំម្ហូបធ្វើស្រាប់ គ្រឿងក្លែម គ្រឿងញ៉ាំលេងមុនបាយ
  • តែត្រូវបង្កើនការទទួលទានបន្លែនិងផ្លែឈើឱ្យបានច្រើន ឱ្យបាន៥មុខក្នុងមួយថ្ងៃ ព្រមទាំងផ្តល់អាទិភាពដល់ចំណីអាហារណាដែលសម្បូរជាតិសរសៃ។ ផលិតផលធ្វើពីទឹកដោះគោ ជាជម្រើសមួយ​ដ៏ប្រសើរ ព្រោះវាមានអំណាចការពារស្ត្រីមុនពេលអស់​រដូវផង។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់មូលនិធិពិភពលោកផ្នែកស្រាវជ្រាវជំងឺមហារីក។

បរិស្ថានពុល ថ្នាំសម្លាប់សត្វល្អិត វិទ្យុសកម្ម ការងារពេលយប់ ជា​ភ្នាក់ងារ​ដ៏​សំខាន់នាំឱ្យងាយមានគ្រោះកើតជំងឺមហារីកសុដន់ ?

ចំនួនអ្នកកើតមហារីកសុដន់ បានកើនស្ទើរទ្វេមួយជាពីរ នៅរវាងពីឆ្នាំ១៩៨០ និង២០០៥។ កំណើននេះមិនមែនដោយហេតុតែពិភពលោកមានមធ្យោបាយធ្វើវិភាគវែករកជំងឺបាន មិនមែនដោយមូលហេតុពលរដ្ឋមានអាយុវែង មិនមែនដោយសារតែកត្តាគ្រោះថ្នាក់ ឬការប្តូរផ្លាស់របៀបរស់នៅប៉ុណ្ណោះទេ តែកំណើនដ៏គួរកត់សម្គាល់នៃជំងឺមហារីកសុដន់ ពិតជាបណ្តាលមកពីឥទ្ធិពលរបស់បរិស្ថានមួយទៀត ដោយជាក់ជាប្រាកដ គ្រាន់តែអ្នកស្រាវជ្រាវនៅមិនទាន់កំណត់បានថា ឥទ្ធិពលនោះមានកំរិតប៉ុណ្ណាតែប៉ុណ្ណោះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ