ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

លំអងផ្លាសិ្ទក ផ្តល់​ហានិភ័យ​ដល់​សុខភាព​មនុស្ស​យ៉ាងណា ?

លំអងផ្លាសិ្ទក ផ្តល់​ហានិភ័យ​ដល់​សុខភាព​មនុស្ស​យ៉ាងណា ?
 
អ្នក​វិទ្យាសាស្ត្រ​វិភាគ​ទឹក​សមុទ្ទ​ឃើញ​មាន​មីក្រូប្លាស្ទិក​ © Reuters

នៅ​ឆ្នាំ​២០៥០ មហាសមុទ្ទ​នឹង​មាន​ប្លាស្ទិក​ច្រើន​ជាង​ត្រី ! ​ពិភពលោក​ផលិត​ប្លាស្ទិក​១០​តោន​ក្នុង​មួយ​នាទី ហើយជា​រៀង​រាល់​ពីរ​នាទី ​មួយ​តោនប្លាស្ទិកបញ្ចប់​ជីវិត​នៅ​ក្នុង​​សមុទ្ទ។ ទ្វីប​ប្លាស្ទិក​ រីកធំធាត់​កាន់​តែ​ជា​រាល់​ថ្ងៃ ! ​ផ្លាស្ទិក​ បំផ្លាញ​ជីវិត​សត្វ​រស់​នៅ​ក្នុង​ទឹក ត្រី ដែល​ជា​អាហារ​របស់​មនុស្ស​លោក។ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ប្លាស្ទិក​ក៏​មានជ្រាប​ដល់​​ក្នុង​ខ្លួន​មនុស្ស​ដែរ។ បើ​ដូច្នេះ​មែន​ តើ​មនុស្ស​លោក​ នឹង​អាចប្រឈម​​គ្រោះ​ថ្នាក់​យ៉ាងណា ?

ផ្លាស្ទិក​មិនមែន​ត្រឹម​តែជា​សម្រាម​បំផ្លាញ​ទេសភាពឆ្នេរសមុទ្ទ​ បរិស្ថាន បំពុល​ទឹក បំពុល​ដី សម្លាប់​សត្វ​រស់​នៅ​ក្នុង​ទឹក លើ​គោក និង​ប្រើពេល​វេលា​រាប់​រយ​ឆ្នាំដើម្បី​បំផ្លែង​រូប​រាង​ដើម​ទេ តែប្លាស្ទិក​អាច​បន្សល់​ទុក​នូវ​ដានមូលេគុល​​របស់​ខ្លួនស្ទើរ​ជា​រៀង​រហូត​ក្នុង​ធម្មជាតិ។ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ឆ្នាំ​ចុងក្រោយ​នេះ ​គេបាន​​ឃើញ និង​ឮ​ព័ត៌មាន​ជា​​ច្រើន​និយាយ​អំពី​ ប្លាស្ទិក​ជាប្រភព​នៃ​សម្រាមគរ​លើ​ឆ្នេរ​ខ្សាច់​អូរឈើ​ទាល​ក្រុង​កំពង់​សោម​ដ៏​ស្រល់​ថ្លា ​អណ្តើក-ត្រី​ សត្វ​សមុទ្ទ​ ស្លាប់​ដោយ​ថប់​ខ្យល់ក្នុង​ថង់ប្លាស្ទិក ​ ​ស្បោង-​កាក​សំណល់​ស្រោម​អនាម័យ​ធ្វើ​ពីប្លាស្ទិក ក្នុង​ពោះ​ត្រី​​​ទន្លេ។ល។ និង​ ។ល។ នេះ​ជា​សំណល់ប្លាស្ទិក ដែល​គេ​អាច​មើល​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែក ... តែ​តាមការពិត សំណល់ប្លាស្ទិកមាន​​នៅ​គ្រប់​ទិសទី ខ្លះ​តូច​ល្អិត​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេផង មាន​នៅ​ក្នុង​ទឹក លើ​ដី ក្នុង​ខ្សល់ ​ហើយ​មនុស្ស​លោកបាន​​ស្រូប និង​បរិភោគ​ចូល​ ដោយ​មិន​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ។

សូម​ប្រិយមិត្ត​ចង​ចាំ​ថា ប្លាស្ទិក​ត្រូ​វការ​ពេលវេលា​ដល់​ទៅ​រាប់​ឆ្នាំ​​ដើម្បី​បំផ្លែង​រូប​រាង​ដើម ! តាម​រយៈ​ពេល​វេលា អាកាសធាតុ ទឹក-​ខ្យល់-​កម្តៅ-ភ្លើង​ កម្លាំង​កកិត ទង្គិច ផលិតផលប្លាស្ទិក​អាច​បាក់​បែក​ ក្លាយ​ជា​កម្ទេច​ល្អង​ធូលី ជា​វត្ថុ​ធាតុ​ល្អិតៗ​ឆ្មារៗ ប៉ុន្តែ​សារធាតុ​ដើម​ជាប្លាស្ទិក​របស់​វា​មិន​រលាយ​បាត់​បង់ធ្វើ​ធម្មជាតិ​ទេ។ សារធាតុប្លាស្ទិក​ដ៏តូចល្អិត​ ទាំង​អស់​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​រក​ឃើញ​មាន​យ៉ាង​ច្រើន និង​ស្ទើរ​គ្រប់​ត្រី សត្វ​ ក្នុង​ទឹក​ប្រៃ ទឹក​សមុទ្ទ ទឹក​ទន្លេ​បឹង​បួរ ចំនួន​១១៤​ប្រភេទ ក្នុង​នោះ​ជា​ង​ពាក់​កណ្តាល​ជា​ត្រី​ឬ​គ្រឿង​សមុទ្ទ​ដែល​មនុស្ស​លោក​ទទួល​ទាន​ជា​អាហារ​ប្រចាំ​ថ្ងៃ។

ហើយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បន្ថែម​ទៀត កាលពីថ្ងៃអង្គារទី២៣តុលា នៅឯទីក្រុងវីយែន រដ្ឋធានីប្រទេសអូទ្រីស ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានបង្ហាញលទ្ធផលសិក្សា​សាកល្បង លើកដំបូងរបស់ខ្លួន ដែលផ្តោតទៅលើសារធាតុផ្លាស្ទិក ទៅ​កាន់​អង្គសន្និសីទអន្តរជាតិលើកទី១ ស្តីពីសុខភាពផ្នែកប្រព័ន្ធរំលាយអាហាររបស់មនុស្ស ថាសារធាតុប្លាស្ទិក បាន​ពិតជា​បាន​ជ្រាប​ចូល​ទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង តាមរយៈ ចំណីអាហារ ឬទឹកដែលយើងបរិភោគ។

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញសារធាតុប្លាស្ទីក នៅក្នុងលាមក​មនុស្ស ទំហំ ចន្លោះ​ពី៥០ ទៅ៥០០មីក្រូមែត្រ។ ពោល គឺ​ជា​ទំហំតូចបំផុត យ៉ាង​ធំ​បំផុត​ត្រឹម​ប៉ុនសរសៃសក់ និងដែល​ពេល​ខ្លះ​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ទេ។ ដោយ​សារ​ទំហំ​ដ៏​តូច​នេះ​ទើប​អ្នក​ស្រាវជ្រាវ ​ប្រើ​ពាក្យ​ថា មីក្រូប្លាស្ទិក។ បើតាមការសន្និដ្ឋាន សំណល់​សារធាតុ​ប្លាស្ទិក​ទាំងនេះ​ បានជ្រាបចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស តាមរយៈ ការ​ទទួល​ទាន​ត្រី​ឬ​គ្រឿងសមុទ្រ ជាចំណីអាហារ ព្រមទាំងការ​បរិភោគទឹក ដែល​ច្រក​ក្នុង​ដប​ប្លាស្ទិក។

សារធាតុប្លាស្ទិក ដែលគេបានរកឃើញមាន ៩ប្រភេទ ភាគច្រើនជាង​គេ​ជា​សារធាតុ Polypropylène ​ដែល​ជា​សារធាតុ ផ្លាស្ទិក​ប្រើ​ប្រើន​សម្រាប់​ផលិតជាដប​ជ័រ និង​គំរប​ដប​ទឹក។ ​សារធាតុ២ទៀតដែល​មាន​ច្រើន​គួរ​សមដែរ គឺ សារធាតុ Polystyrène ដែលមាន ជាទូទៅ​នៅ​ក្នុង​ប្រអប់ស្នោរ សម្រាប់ការវេចខ្ចប់ចំណីអាហារ និងសារធាតុ Polyéthylène ដែលជា​បន្សំ​ធ្វើ​ថង់ឬ​ស្បោងប្លាស្ទិក។

ចុះ​បើ​សារធាតុប្លាស្ទិក ឬ​មីក្រូប្លាស្ទិក បាន​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស យ៉ាង​ដូច្នេះ​តើ​វា​នឹង​បង្ក​ជា​ផលវិបាក​ដល់​សុខភាព​យ៉ាងណា ?

ពុំ​ទាន់​មាន​អ្នក​ស្រាវជ្រាវ​ណា​ហ៊ាន​ផ្តល់​ចម្លើយ​ដោយ​ជាក់​លាក់​ជូន​ពិភពលោក​យើង​ទេ នា​ពេល​នេះ ព្រោះ​គេ​ត្រូវ​ការ​សិក្សា​បន្ថែម​ជា​ច្រើន​ដំណាក់​ទៀត ​ដើម្បី​បាន​ដឹង​អំពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព​កំរិត​ណា​ផង និង​ដើម្បី​បាន​យល់​ថា​សារធាតុប្លាស្ទិក​ទាំង​នោះ​នឹង​ទៅ​កក​ផ្តុំ​ក្នុង​ខ្លួន​មនុស្ស​ឬ​ក៏​ត្រូវ​រំលាយ​ចេញ​តាម​លាមក​មក​ក្រៅ​វិញ​អស់ !

ប៉ុន្តែ​បើ​តាម​លោកសាស្ត្រាចារ្យ Philippe Schwabl មកពី​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ទីក្រុងវីយែន ដែល​ដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​លើក​ឡើង​ថា​ក្នុង​ការស្រាវជ្រាវ​មុនៗ ដែល​ធ្វើ​នៅ​​លើសត្វ បានបង្ហាញ​​ថា សារធាតុប្លាស្ទិក បាន​ជ្រាប​ចូល​​ទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​សត្វ ដូចជា​ក្រពះ ពោះវៀន​ជាដើម ហើយ​ថែម​ទាំង​បាន​ជ្រាប​ទៅ​នៅ​ក្នុង​ឈាម ថ្លើម និង​ប្រម៉ាត់ របស់​សត្វ​​ទាំង​នោះ​​ទៀត​ផង។

ការ​សិក្សា​ផ្សេង​ទៀត ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​រួម​​មក​ហើយ ថា​​ត្រី​និង​សត្វ​សមុទ្ទ រង​ទុក្ខ​វេទនា​រួច​ជា​ស្រេច​ទៅ​ហើយ​ដោយ​សារ​សារធាតុប្លាស្ទិក​​។ ការ​ពិសោធន៍​បាន​បង្ហាញ​ថា​សារធាតុ​មីក្រូផ្លាស្ទិក បាន​បំផ្លាញ​សុខភាព​​​សត្វ​រស់​នៅ​ក្នុង​ទឹក​ ដូច​ជា​ត្រី អណ្តើក រាប់​ទាំង​សត្វស្លាបផង​យ៉ាង​ខ្លាំង ៖ បំពង់​រំលាយ​ត្រូវ​ស្ទះ លែង​សូវ​ឃ្លាន ប្តូរ​ឥរិយាបថ​អាហារ។ ជា​លទ្ធផល​សត្វ​លូតលាស់​ធំធាត់ និង​បន្ត​ពូជ​លែង​សូវ​ល្អ។ ដោយ​សារ​ក្រពះ​មាន​ផ្ទុក​ពេញ​ទៅ​ដោយ​សារធាតុប្លាស្ទិក​ សត្វ​ខ្លះ​ត្រូវ​ងាប់​ដោយ​អត់ឃ្លាន។

មីក្រូប្លាស្ទិក​មាន​ឥទ្ធិពល​ប៉ះពាល់​លើ​ដំណើរការ​សរីរាង្គ​ផង និង​សំយោគគីមី​​ក្នុង​ខ្លួន​សត្វ​ទៀត។ ដើម្បី​បាន​យល់កាន់​តែច្បាស់​អំពី​ឥទ្ធិពល​នៃ​មីក្រូផ្លាស្ទិក​ចំពោះ​សុខភាព ​លោកស្រី ឆែលស៊ី រ៉ូចម៉ាន់ Chelsea Rochman សាស្ត្រាចារ្យ​បរិស្ថាន​នៃ​សកលវិទ្យាល័យ​តូរ៉ង់តូ​ប្រទេសកាណាដា បានដឹកនាំ​​ធ្វើ​ការ​សិក្សា​ពិសោធន៍​​មួយ​លើ​សត្វ​ត្រី។ លទ្ធផល​នៃ​ការ​សិក្សា​ប្រៀប​ដូច​ជា​​​សញ្ញាជួង​ដាស់​​អាសន្ន ស្តី​អំពី​គ្រោះ​ថ្នាក់​នៃប្លាស្ទិក ! លោកស្រី​បាន​ចិញ្ចឹម​ត្រី​ជា​ពីរ​ក្រុម ៖ មួយ​ក្រុម​ចិញ្ចឹម​ក្នុង​កែវពិសោធន៍​ មាន​​ទឹកសមុទ្ទ​ លាយ​ដោយ​សារធាតុ​មីក្រូប្លាស្ទិក​ (ប្រភេទ​ម្សៅ polyéthylène ​ដែល​គេ​ប្រើ​សម្រាប់​ផលិត​ស្បោងប្លាស្ទិក) និង​មួយ​ក្រុម​ទៀត​ នៅ​ក្នុង​កែវ មាន​ទឹក​ “ស្អាត”​ គ្មាន​សារធាតុប្លាស្ទិក។ ពីរ​បី​ខែ​ក្រោយ​មក អ្នក​វិទ្យាសាស្ត្រ​យើង បាន​សង្កេត​ឃើញ​ថា កូន​ត្រី​​ដែល​ចិញ្ចឹម​ក្នុង​ទឹក​មាន​សារធាតុប្លាស្ទិក មាន​​​ថ្លើម​លូត​លាស់​ខ្លាំង​ខុស​ប្រក្រតី មាន​កោលិកា​វិវឌ្ឍន៍​ក្នុង​ទម្រង់​ជា​កោសិកា​មហារីក។ ប៉ុន្តែ​កោសិកា​មហារីក​នេះ​មិនមែន​បង្ក​ឡើង​ដោយ​ផ្ទាល់​ដោយប្លាស្ទិក​ទេ ! តែ​ដោយ​សារ​បន្សំ​សារធាតុ​គីមី​ដ៏​ច្រើន​ដែល​គេ​ដាក់​បន្ថែម​ដើម្បី​ឱ្យ​ផលិតផលប្លាស្ទិក​នោះ​មាន​លក្ខណៈ​ទន់ ជ្រាយ ងាយ​បត់​បែន ឬ​មិន​ងាយ​ឆេះ ។ល។ និង ។ល។

ការសិក្សាពិសោធន៍​មួយ​ទៀត លើ​សត្វ គ្រំ សត្វ​អយស្ទ័រ បាន​បង្ហាញ​ថា សត្វ​ណា​ដែល​ប្រឈម​នឹង​សារធាតុប្លាស្ទិក​ប្រភេទ​ polystyrène ច្រើន ផលិត​មេជីវិត​បាន​តិច ហើយ​ស្ពែម៉ាតូហ្ស៊ូអ៊ីត​មិន​សូវ​រវើក​ខ្លាំង​ទេ។

បញ្ជី​ឈ្មោះ​សត្វ​ទឹក​សាប និង​ទឹក​ប្រៃ រង​គ្រោះ​ដោយ​សារធាតុ​គីមី​មាន​ច្រើន​ដល់​ទៅ​រាប់​រយ​ប្រភេទ​ឯណោះ។

ដូច្នេះ​បើ​មនុស្ស​ណា​ទទួល​ទាន​អាហារ​ ជា​ត្រី​សាច់​គ្រឿង​សមុទ្ទមាន​ផ្ទុក​សារធាតុ​មីក្រូប្លាស្ទិក​ច្រើននោះ​នឹង​ពុំ​សូវ​​មាន​សមត្ថភាព​ផ្នែក​បន្ត​ពូជ ឬ​ងាយ​កើត​ជំងឺ​មហារីក​ដែរឬយ៉ាងណា ?! អ្នកវិទ្យាសាស្ត្រ​ពិបាក​ផ្តល់​ចម្លើយទម្លាក់​កំហុស​តែ​ទៅ​លើអាហារ​​ត្រី​និង​គ្រឿង​សមុទ្ទ​​ណាស់ ព្រោះ​សារធាតុ​មីក្រូប្លាស្ទិក​មិនមែន​មាន​តែ​នៅ​ក្នុង​ត្រី សាច់​គ្រឿង​សមុទ្ទ​នេះ​ឯណា។ សូម្បី​តែ​នៅ​ក្នុង​បរិស្ថាន​ជុំ​វិញ​ខ្លួន​យើង កណ្តាល​ក្រុង ក្នុង​ផ្ទះ ក្នុ​ងខ្យល់​ដែល​យើង​ស្រូប​ដង្ហើម​ចូល​រាល់​ថ្ងៃ​ ឬ​ទឹក​ម៉ាស៊ីន​ ឬ​ទឹក​ច្រក​ក្នុង​ដប​ ព្រមទាំង​ចំណី​អាហារ​បន្លែ​សាច់​ផ្សេង​ទៀត​ ក៏​មាន​បង្កប់​សារធាតុប្លាស្ទិក​ដែរ។

វត្ថុប្លាស្ទិក​មួយ​ មិនមែន​ផលិតដោយ​បន្សំ​តែ​ម្យ៉ាង​ទេ ! តែ​មាន​លាយ​សារធាតុ​គីមី​ជា​ច្រើន​មុខ​​ទៀត​ណាស់​។ សារធាតុ​គីមី​ខ្លះ​ ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​​បញ្ហា​អ័រមូននៃ​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ។ សារធាតុ​គីមី​ខ្លះ​ទៀត ត្រូវ​បាន​ដាក់​សម្រាប់​កាត់​បន្ថយ​ចំហេះ ឬ​ហៅ​ថា ភ្នាក់ងារ​ពន្យឺត​ភ្លើង​ ដែល​អាច​បំផ្លាញ​ការ​លូត​លាស់​ខួរ​ក្បាល​របស់​ទារក​នៅ​ក្នុង​ផ្ទៃ និង​ទារក​​ទើបនឹង​កើត​។ សារធាតុ​គីមី​ខ្លះ​ទៀត ដែល​គេ​បញ្ចូល​ក្នុងប្លាស្ទិក​ដែរ អាច​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ ឬ​ការ​បង្ក​កំណើត​មិន​ប្រក្រតី​តែ​ម្តង។

ជា​ទូទៅ​ សមាសភាគ​គីមី​ភាគ​ច្រើនក្នុងប្លាស្ទិក​ បាន​ធ្វើ​​ឱ្យ​សុខភាព​សត្វ​ក្នុង​មន្ទីរ​ពិសោធន៍​ចុះ​ខ្សោយ​ ក្នុង​កំរិត​មួយ​ដែល​រដ្ឋាភិបាល​ប្រទេស​ខ្លះ​ចាត់​ទុក​តិច​តួច​និង​គ្មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ។

ការ​សិក្សា​អំពី​ឥទ្ធិពលប៉ះពាល់​ចំពោះ​​សុខភាព​មនុស្ស​បង្ក​ឡើង​ដោយ​ការ​បរិភោគ​ត្រី​និង​គ្រឿង​សមុទ្ទ​មាន​ផ្ទុក​សារធាតុមីក្រូផ្លាសិ្ទក នៅមាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ព្រោះ​គេ​នៅ​មិន​ទាន់​យល់​ដឹង​សោះ​នៅ​ឡើយ​អំពី​របៀប​ឬ​ដំណើរ​ប្រែទម្រង់​និង​ការ​ចំអិន​គ្រឿង​សមុទ្ទ​ឬ​ត្រី​នោះ​ទៅ​អាច​ប្តូរ​ផ្លាស់​ជាតិ​ពុលប្លាស្ទិក​បាន​យ៉ាងណា​ទេ ហើយ​វា​អាច​ឆ្លង​មក​មនុស្ស​ក្នុង​កំរិត​ណា​​នៅឡើយ​ទេ។

ហេតុ​​ដូច្នេះបាន​ជា​​ ក៏​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មាន​កង្វល់​ជា​និច្ច​ចំពោះ​ផលវិបាក​នៃប្លាស្ទិក​ចំពោះ​សុខភាព​មនុស្ស​ ពីព្រោះ​មីក្រូផ្លាស្ទិក​មាន​វត្តមាន​កាន់តែ​ច្រើនឡើងៗ និង​ស្ទើរ​គ្រប់​ទិសទី​ អាច​បំបែក​ខ្លួន​​ទៅ​ជា​ល្អង​តូច ១០០ពាន់លាន​/ម៉ែត្រមើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ។ ចាស! ផ្លាស្ទិក​ជារបក​គំឃើញ​ដ៏​អស្ចារ្យ​ ងាយស្រួល​ប្រើ មាំ ស្រាល ជាប់​ល្អ តែ​គុណសម្បត្តិ​ក៏​ច្រើន ​គុណ​វិបត្តិ​ក៏​​ធ្ងន់ធ្ងរ​វិញ​ដែរ !

នៅ​ពេល​ណា​លម្អងប្លាស្ទិក​កាន់​តែ​តូច វា​កាន់​ងាយ​ជ្រាប​ និ​ងស្រូប​ចូល​ក្នុង​ខ្លួន ហើយ​រសាត់​រត់​ពេញ​ជាលិកា​​និ​ងសរីរាង្គ​យើង ដែល​អត់​មិន​ព្រួយ​បារម្ភ​មិន​បាន​ឡើយ។ គ្រាន់​តែ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​មិន​ទាន់​មាន​វិធីសាស្ត្រ​គណនា និង​វិភាគ​ ផ្តល់​ទិន្នន័យ​ដែលមនុស្ស​បាន​ស្រូប​វា​ចូល។ ​គេរំពឹង​ថា​នឹង​អាច​ផ្តល់​ចម្លើយ​លម្អិត​បាន នៅរវាង​ពី​៥​ទៅ​ឆ្នាំ​ទៀត​ខាង​មុខ។

ក្នុង​ពេល​ដែល​អ្នក​ស្រាវជ្រាវ​កំពុង​បន្ត​ខិត​ខំ​សិក្សា​ យើង​គ្រប់​គ្នាបាន​ដឹង​ហើយ​អំពី​ផល​ប៉ះពាល់របស់​បំណែកប្លាស្ទិក​ចំពោះ​សុខភាព​សត្វ ដូច្នេះ​យើង​ក៏​គួរ​តែ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការប្រើ​ប្រាស់ប្លាស្ទិក ចាត់​វិធានការ​ទប់​ស្កាត់​ការ​បំពុល​បរិស្ថាន ចោល​សម្រាមប្លាស្ទិក​ កុំ​ឱ្យ​ធ្លាក់​ទៅ​សមុទ្ទ ទៅ​ក្នុង​ទន្លេ​បឹងបួរ​ឬ​ប្រភព​ទឹក​ផ្សេងៗ ទៅ​បំពុល​ត្រី។ ​ត្រី​ជា​អាហារ​​ដ៏​ល្អ​ជាង​គេ​សម្រាប់​សុខភាព​ ដោយ​វា​អាច​ជួយ​កាត់​គ្រោះ​កើតជំងឺ​សរសៃ​ឈាម​បេះដូង !​ ត្រី​ជា​អាហារ​មាន​កំរិត​អាហារូបត្ថម្ភ​ខ្ពស់​ជាង​សាច់​ផ្សេងៗ​ទៀត​ឆ្ងាយណាស់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ការស្រាវជ្រាវ​សាកល្បង រកឃើញថា​ មាន​សារធាតុ​ប្លាស្ទីក ក្នុង​ចំណី​អាហារ​មនុស្ស

    ស្វែងយល់បន្ថែម

  • សហភាពអឺរ៉ុប

    ប្លាស្ទិក និង​បរិស្ថាន៖ ឧស្សាហកម្ម​ផលិត​ប្លាស្ទិក​កើនឡើង នៅ​ឆ្នាំ​២០១៧

    ស្វែងយល់បន្ថែម

  • OMS ៖ ៩/១០នាក់ នៃ​ប្រជាជន​រស់​​នៅលើពិភពលោក​ស្រូប​ខ្យល់ពុល

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ