ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
កម្ពុជា

ប្រមុខ​ការទូត​ខ្មែរ​សង្ឃឹម​ថា អាមេរិក​នឹង​គោរព​ឯករាជ្យភាព និង​អធិបតេយ្យ​ភាព​កម្ពុជា

media  
លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា REUTERS

លោក ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​មួយ​ច្បាប់​ទៅ​កាន់​សមភាគី​អាមេរិក គឺ លោក ម៉ៃឃ៍ ប៉ុមភីអូ​។ លោក ម៉ៃឃ៍ ប៉ុមភីអូ ដែល​បាន​ផ្ញើ​សារ​ជូន​ពរ​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​៦៥ នៃ​ទិវា​ឯករាជ្យ​ជាតិ​។ តាម​រយៈ​​លិខិត​ដដែល​នោះ ប្រមុខ​ការទូត​កម្ពុជា​សង្ឃឹម​ថា អាមេរិក​នឹង​គោរព​ឯករាជ្យភាព និង​អធិបតេយ្យ​ភាព​កម្ពុជា ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​។

សារ​របស់​លោក​រដ្ឋ​មន្ដ្រី ប្រាក់ សុខុន ឆ្លើយ​តប​​ទៅ​កាន់​លោក ម៉ៃឃ៍ ប៉ុមភីអូ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក នៅ​ថ្ងៃ​ទី​០៨ វិច្ឆិកា ពោល​គឺ​តែ​មួយ​ថ្ងៃ​មុន​ពេល​កម្ពុជា ប្រារព្ធ​ខួប​៦៥​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា​។ ប្រមុខ​ការទូត​ខ្មែរ បានសម្ដែង​អារម្មណ៍​រំភើប​រីករាយ និង​​ថ្លែង​អំណរគុណ ចំពោះ​សមភាគី​អាមេរិក ដែល​បាន​ផ្ញើ​សារ​ជូន​ពរ​កម្ពុជា​។

សូម​ជម្រាប​ថា លិខិត​អបអរ​សាទរ​ក្នុង​ឱកាស​ទិវា​ឯករាជ្យ​ជាតិ​កម្ពុជា​របស់​ លោក ម៉ៃឃ៍ ប៉ុមភីអូ ត្រូវ​បានចុះ​ផ្សាយ​លើ​គេហទំព័រ​ផ្លូវ​ការ​នៃ​ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី​០៧ វិច្ឆិកា​។ នៅ​ក្នុង​លិខិត​នោះ ប្រមុខ​ការទូត​អាមេរិក បាន​រៀបរាប់​ពី​ទំនាក់​ទំនង​រវាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​​។ ជា​មួយ​គ្នា​នេះ លោក ម៉ៃឃ៍ ប៉ុមភីអូ បាន​បញ្ជាក់​ថា អាមេរិក​សូម​ចែក​រំលែក​ក្ដី​សង្ឃឹម​របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សង្គម​មួយ ដែល​មាន​សេរីភាព វិបុលភាព លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​។

ឆ្លើយ​តប​វិញ​តាម​រយៈ​សារ​លិខិត​ប្រវែង​បួន​កថាខណ្ឌ លោក ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ គឺ​ជា​ការ​សម្ដែង​នូវ​ក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​យ៉ាង​ពិត​ប្រាកដ​របស់​ប្រជាជន ចំពោះ​សេរីភាព និង​អធិបតេយ្យភាព​របស់​ពួក​គេ​។ និង​ថា ដូច​ប្រជាជាតិ​អាមេរិក​ដែរ ប្រជាជាតិ​កម្ពុជា ​មាន​មោទនភាព​នឹង​ជ្រោង​ទង់​ឯករាជ្យ​របស់​ខ្លួន​ ដោយ​ផ្ដល់​អាទិភាព​ខ្ពស់​បំផុត​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះនៃ​លទ្ធិ​​ប្រជាធិបតេយ្យ​។ ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ប្រមុខ​ការទូត​កម្ពុជា គូស​បញ្ជាក់​ថា ធ្វើ​ឡើង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សង្គម​មួយ​ដែល​មាន​សន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និង​យុត្តិធម៌​។ យ៉ាង​ណា​ក៏​ដោយ លោក ប្រាក់ សុខុន រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​សង្ឃឹម​ថា អាមេរិក​នឹង​គិត​គូរ​​គោរព​ចំពោះ​ស្មារតី​ឯករាជ្យភាព និង​អធិបតេយ្យ​ភាពរបស់​​កម្ពុជា បើ​សិន​អាមេរិក​ចង់​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​ទៀត​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ