ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ទម្លាប់​ល្អក្នុងគ្រួសារ​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ដល់​៨០%

ទម្លាប់​ល្អក្នុងគ្រួសារ​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ដល់​៨០%
 
ការ​ធ្វើ​តេស្ត​វាស់​កំរិត​ជាតិ​ស្ក​រក្នុង​ឈាម REUTERS/Mario Anzuoni

ថ្ងៃ​ទី ១៤ វិច្ឆិកា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម។ ដើម្បី​បំផុស​មតិ​សាធារណៈ​ឱ្យ​បាន​យល់​ និង​ចេះ​ការពារ​ជំងឺ​ទឹកនោម​ផ្អែម ជា​រៀង​រាល់​ឆ្នាំ​អង្គការ​សុខភាព​ពិភពលោក តែ​ង​ប្រារព្វ​ទិវានេះ ក្រោម​ប្រធានបទ​ផ្សេងៗគ្នា។ ​​នៅ​ឆ្នាំ​នេះមាន​ប្រធានបទ​ផ្តោត​លើ “​គ្រួសារ​និងជំងឺ​ទឹកនោម​ផ្អែម”។ ហេតុ​អ្វីប្រធានបទ​នេះ ? តើ​ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​ត​ពូជ​ឬ​យ៉ាង​ណា ?

ទឹក​នោម​ផ្អែម ជាជំងឺ​រ៉ាំរ៉ៃ ដែល​លេច​ឡើង​នៅ​ពេល​លំពែង​លែង​ផលិត​សារធាតុ​អាំងស៊ុយលីន បាន​គ្រប់គ្រាន់សម្រាប់​តម្រូវ​ការ​របស់​សរីរាង្គ​កាយ ឬ​នៅ​ពេល​ដែលសរីរាង្គ​នេះលែង​ប្រើប្រាស់​អាំងស៊ុយលីន​បាន​ដោយ​ត្រឹម​ត្រូវ។ ជំងឺ​ទឹកនោម​ផ្អែម​មាន​ពី​រ​ប្រភេទ​ធំៗ គឺ​ទឹកនោម​ផ្អែម​ប្រភេទ​១ និង​ទឹកនោម​ផ្អែម​ប្រភេទ​២ និង​មាន​ពីរ​ដំណាក់កាល ៖ ទីមួយ​គឺ​ដំណាក់កាល​ដេល​មាន​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ដំណាក់កាល​ស្មុគស្មាញ បង្ក​ជា​ផលវិបាក​ផ្សេងៗ។

ទឹកនោម​ផ្អែម​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជំងឺ​ស៊ីវីល័យ ដែល​មាន​ចំនួនអ្នកជំងឺ​កើន​ឡើង​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ។ បច្ចុប្បន្ន​នេះ​គេរាប់​ឃើញ​មានអ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រមាណ​ជាង ៤២៥​លាន​​នាក់ (ពោល​គឺ​ម្នាក់​ក្នុង​ចំណោម​មនុស្សពេញ​វ័យ​១១នាក់) និង​ដល់​៥២២​លាន​នាក់​ នៅ​ឆ្នាំ​២០៣០។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ គឺ​ក្នុង​ចំណោម​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ពីរ​នាក់ ម្នាក់​ពុំ​បាន​​ដឹង​ខ្លួន​និ​ងទទួល​ការ​ព្យាបាល​ទេ។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទឹក​នោម​ផ្អែមបួននាក់ មាន​បី​នាក់​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មាន​ចំណូល​ទាប​និង​មធ្យម។

ជំងឺ​ទឹក​នោម​ផ្អែម​ជា​ប្រភព​ចំណាយថវិកា​សុខភាព​​អស់​ដល់​ទៅ ៧២៧​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​ជា​ការ​ចំណាយ​ដ៏​ច្រើន លើស​ចំណាយ​ថវិកា​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​អាមរិក​និង​ចិន​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ ជំងឺ​នេះ​ក្លាយ​ជា​បុព្វហេតុ​ទី ៧ នៃមរណភាព​របស់​មនុស្ស​លោក​លើ​ភពផែនដី នៅ​ឆ្នាំ​២០៣០។

ក្នុង​ខណៈ​ដែល​ជំងឺ​ទឹកនោម​ផ្អែមប្រភេទ​ទីពីរ ​បន្ត​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​​ប៉ះពាល់​ដល់​មនុស្ស​ពេញ​វ័យ​កំពុង​ធ្វើការ​ ក្នុង​កំរិត​២ភាគ​បី​នោះ ចំនួន​កុមារ​និង​ក្មេង​ជំទង់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មិន​បាន​ថយ​ចុះ​ទេ ! កុមារ​ប្រឈម​កាន់​តែ​ខ្លាំងឡើងៗ នឹង​ហានិភ័យ​​កើត​ជំងឺ​ទឹកនោម​ផ្អែម​នេះ នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​តាមលទ្ធផល​នៃ​ការ​សិក្សា ដែល​​​រាប់​ឃើញ​មាន​ក្មេង​កើត​ជំងឺ​​ដល់​ទៅ​ជាង​មួយ​លាន​នាក់។

ហេតុ​ដូច្នេះ​ហើយ​បាន ​អង្គការ​សុខភាព​ពិភពលោក​មាន​កម្មវត្ថុ​ ចង់​ការពារ​ឱ្យអស់​លទ្ធភាព​​កុំ​ឱ្យ​មាន​អ្នក​កើត​ថ្មី​ ហើយ​បើការ​ពារ​មិន​ជាប់ ក៏​យ៉ាង​ហោច​ណាស់​ជួយ​ទប់ស្កាត់​កុំ​ឱ្យ​ជំងឺ​នេះ​បង្ក​ផលវិបាក​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ។

​ការពារ និង​ការ​កាត់​បន្ថយ​គ្រោះ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជាពិសេស​​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ គឺ​ផ្តើម​ចេញ​ពី​គ្រួសារ! ហេតុ​ដូច្នេះ​ហើយ​បាននៅ​​ឆ្នាំ​ ២០១៨ និង​២០១៩នេះ​​ អង្គការ​សុខភាពពិភពលោក​ប្រឹង​​ធ្វើ​យុទ្ធនាការ​​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​ទឹក​នោម​ផ្អែម ក្រោម​​​​​ប្រធានបទ​ “គ្រួសារ​និង​ជំងឺ”។

នៅពេល​គ្រួសារ​​មាន​របៀប​របប​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​​ (មាន​តុល្យភាព​រវាង​អាហារ​និង​ការ​បញ្ចេញ​កម្លាំងកាយ) ​ធ្វើ​លំហាត់​ប្រាណ​ទាំង​អស់​គ្នា រួម​គ្នា នោះ​សមាជិក​គ្រួសារ​ទាំង​មូល​ អាច​ទាញ​យក​ប្រយោជន៍​សុខភាព​បាន​គ្រប់​គ្នា ហើយ​អាច​បញ្ចៀស​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ពីរ បាន​ដល់​ទៅ​៨០%។

ប្រសិន​បើ​នៅ​ក្នុង​គ្រួសារ​មាន​សមាជិក​ណា​ម្នាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម សមាជិក​ដទៃ​ត្រូវ​សាកសួរ​រក​ព័ត៌មាន​​ពី​គ្រូពេទ្យ​ដើម្បី​បាន​ដឹ​ង​ថា​តើ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​យ៉ាងណា និង​វិធី​​ការពារ​យ៉ាង​ណា។ ការ​បាន​​​ដឹង​កាន់​តែ​យ៉ាង​ឆាប់​ និង​បាន​ទទួល​ការ​ថែទាំ​ព្យាបាល​តាំង​ពី​ដំបូង គេ​អាច​បញ្ចៀស​ផលវិបាក​កាន​កាន់​តែ​ច្រើន។ ព្រោះ​ជំងឺ​ទឹក​នោម​ផ្អែម ជា​ដើម​ហេតុ​ដ៏​ចំបង​មួយ​ ជំរុញ​ឱ្យ​ងាយ​ជួប​គ្រោះ សរសៃឈាម​បេះដូង ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល និង​ខូច​តម្រង​នោម ជា​ដើម​។ល។

ការ​បង្ហាត់​រៀន​តាំ​ងពី​នៅ​តូចៗ​ឱ្យ​បានយល់​អំពី​​របៀប​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ (​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន សាច់​តិច ធ្វើ​កីឡា​បញ្ចេញ​ពលកម្ម) ផ្តល់​អត្ថប្រយោជន៍​ដែល​គេ​មិន​អាច​នឹង​ស្មាន​ដល់​ឡើយ។ ព្រោះ​សូម​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​មរណភាព​មុន​អាយុ​របស់​មនុស្ស​ពេញ​វ័យ​ ចំនួន​៧០% គឺ​បណ្តាល​មក​ពី​ឥរិយាបថ​និង​ទម្លាប់​រស់​នៅ​មិន​ល្អ​កាលពី​នៅ​កុមារ និង​វ័យ​ជំទង់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • នាទីសុខភាពនិងអនាម័យ

    ជំងឺទឹកនោមផ្អែម ៖ បញ្ចុះទម្ងន់ ជាមធ្យោបាយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ?

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    ជំងឺ​ទឹកនោម​ផ្អែម​មាន​៥​ប្រភេទ មិនមែន​២ ដូច​ដែល​ធ្លាប់គិត

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    តែបៃតង ជួយ​ទប់​ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម ?

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    ឆ្នាំ២០៣០ កម្ពុជា​នឹង​អាច​មាន​អ្នកជំងឺទឹកនោមផ្អែម​ជាង​៦សែននាក់

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    ជំងឺ​ទឹកនោម​ផ្អែម ក្នុង​ពេល​​មាន​គភ៌

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ