អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការពារ​ជាតិ៖ ការ​ចុះ​ផ្សាយ​ពី​មូលដ្ឋាន​យោធា​របស់​បរទេស​នៅ​កម្ពុជា គឺ​ជា​ដំណឹង​ក្លែងក្លាយ

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការពារ​ជាតិកម្ពុជា នៅ​ថ្ងៃ​ទី​១៧វិច្ឆិកា​នេះ បាន​គួស​បញ្ជាក់​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ថា កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ ប្រើ​ប្រាស់ទឹក​ដី​របស់​ខ្លួន​ធ្វើ​ជា​មូលដ្ឋាន​យោធា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ទេ​។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​ការ​ផ្សាយ​របស់​សារព័ត៌មាន​នោះ ថា​ជា​ដំណឹង​ក្លែងក្លាយ​។

អត្ថបទ​កាសែត Asia Times ចុះ​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៨ ស្ដី​ពី​កម្ពុជា
អត្ថបទ​កាសែត Asia Times ចុះ​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៨ ស្ដី​ពី​កម្ពុជា Asia Times
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន Asia Times បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​១៥​វិច្ឆិកា។ ជា​អត្ថបទ​ដែល​មាន​ខ្លឹមសារ​លើក​ឡើង​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ រវាង​ចិន និង អាមេរិក​។ នៅ​ក្នុង​អត្ថបទ​នេះ សារព័ត៌មាន Asia Times បានស្រង់​ប្រភព​អនាមិក​ដែល​ថា នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ លើ​ទឹក​ដី​កម្ពុជា ផែ​សំចត​ទឹក​ជ្រៅ​វិនិយោគ​ដោយ​ចិន នឹង​លេច​​ខ្លួន​ឡើង​ប្រប​​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង​។ ប្រភព​អនាមិក​ដដែល ប្រាប់ Asia Times ទៀត​ថា កំពង់ផែ​ទឹក​ជ្រៅ​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​យោធា ដែល​ចិន​ប្រើ​ប្រាស់​សម្រាប់​សំចត​នាវា​ចម្បាំង​។

ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដូច្នេះ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រាន​ចោលទាំង​ស្រុង​ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់​នេះ​ត​ទៅ​ទៀត។ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​១៧​វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា គូស​បញ្ជាក់​ថា កម្ពុជាមិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មួយ ប្រើ​ប្រាស់​ទឹក​ដី​របស់​ខ្លួន​ធ្វើ​ជា​មូលដ្ឋាន​យោធា​ទេ​។ និង​ថា អត្ថបទ​ផ្សាយ​ដោយ​កាសែត Asia Times គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ មាន​លក្ខណៈ​លាបពណ៌ ញុះញង់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្យានុភាពវិស័យ​យោធា និង​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា។

ជា​ថ្មី​ម្ដង​ទៀត ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សរសេរ​សង្កត់​ធ្ងន់​ថា កម្ពុជាជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត​អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​។ បន្ថែម​ពី​លើ​នេះ បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល ក្រសួង​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ថែ​រក្សា​សុខ​សន្តិភាព ទប់ស្កាត់​ការ​ប៉ុនប៉ង​ទាំង​ឡាយ​ដែលអូស​ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សង្គ្រាមជា​ថ្មី​។ កម្ពុជា មិន​បាន​ចូល​រួម​ជា​មួយ​សង្គ្រាម​ត្រជាក់​ណា​មួយ​ទេ​។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ