អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​​​សណ្តែកសៀង ចំពោះ​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកអ្នក​ពិត​ជា​ធ្លាប់​បាន​ដឹង និង​បាន​ឮ អំពី​គុណប្រយោជន៍​នៃ​សណ្តែក​សៀង។ លោកអ្នក​ក៏​ទំនង​ជា​បាន​ធ្លាប់​ទទួល​ទាន​ជា​ច្រើន​ដង​ហើយដែរ​ផង។ សណ្តែក​សៀង​ជា​អាហារ​របស់​បណ្តា​ជន​នៅ​អាស៊ី តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក និ​ងទើប​តែ​ពេញ​និយម​ខ្លាំង​នៅ​អឺរ៉ុប កាន់​តែ​ខ្លាំង​ឡើង​ៗ។ ហេតុ​អ្វី ? តើ​បន្លែ​នេះ​មាន​គុណ​ប្រយោជន៍​យ៉ាងណា ? តើ​អាហារ​នេះ​មាន​គុណវិបត្តិ​ដែរឬទេ​?

ភេសជ្ជៈ​ធ្វើ​ពី​​សណ្តែកសៀង
ភេសជ្ជៈ​ធ្វើ​ពី​​សណ្តែកសៀង pixabay.COM/CCO/Bigfatcat
ផ្សាយពាណិជ្ជកម្ម

សណ្តែក​សៀង ​ជា​ប្រភេទ​បន្លែ​ស្ងួត ដែល​មាន​អាហារូបត្ថម្ភ​ខ្ពស់។ គ្រាប់​សណ្តែក​មាន​ផ្ទុក​ជាតិ​ប្រេង ប្រមាណ​ ២០% និង ប្រូតេអ៊ីន ដល់​ទៅ ៤០% ប្រសិន​បើ​ជា​គ្រាប់​សណ្តែក​ល្អ មាន​គុណភាព​ខ្ពស់។ សណ្តែក​បាយ​ជា​អាហារ​ដ៏​សំខាន់​ក្នុង​ម្ហូប​អាហារ​ចិន/ជប៉ុន តាំង​ពី​យូរ​យារ​មក​ហើយ និង​​​ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឿង​ផ្សំ​យ៉ាង​ច្រើន​ នៅ​អឺរ៉ុប ក្នុង​ទម្រង់​ប្លែកៗ​គ្នា នា​ពេល​បច្ចុប្បន្ននេះ។ អាហារ​ធ្វើ​អំពី​​សណ្តែក​បាយ​កំពុង​តែ​ពេញ​និយម​ខ្លាំង ក្នុង​ទម្រង់​ជា​ ជា​ភេសជ្ជៈ ជា​បង្អែម ជាចំអាប (តៅហ៊ូ-តៅគ័រ-ពពុះសណ្តែក។ល។ និង។ល។ ទឹក​សណ្តែក​សៀង ត្រូវ​បា​ន​គេ​ប្រើ​ ជំនួស​ទឹក​ដោះ​គោផង។

សណ្តែក​សៀង​មាន​សកម្មភាព​ប្រឆាំង​នឹង​កូឡេស្តេរ៉ូល ?

សណ្តែកសៀង មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ហើយ​ជា​ប្រូតេអ៊ីន​ ដែល​មាន​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ស្រដៀង​នឹង​ប្រូតេអ៊ីន​របស់​សាច់​សត្វ​ តែ​សារធាតុ​លីពីលីត ភាគ​ច្រើន​មាន​ទម្រង់​ជា​ខ្លាញ់​មិន​ឆ្អែត។ មាន​ន័យ​ថា ​សណ្តែក​សៀង អាច​ផ្តល់​ប្រូតេអ៊ីន​បាន​ល្អ​ការ​ទទួល​ទាន​សាច់​និង​ជា​ជម្រើស​​ដ៏​ប្រពៃ​សម្រាប់​​អ្នក​ប្រកាន់​យក​របប​អាហារ​បួស (មិន​ទទួល​ទាន​សាច់សត្វ) សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្នែក​​ប្រូតេអ៊ីន​របស់​សរីរាង្គកាយ។

ប្រូតេអ៊ីន​ដ៏​ល្អ​របស់បន្លែ​​សណ្តែក​សៀង​នេះ ជា​គុណ​ប្រយោជន៍​ពិសេស​ធ្វើ​ឱ្យ​អ្នក​ទទួល​ទាន គ្មាន​គ្រោះ​ប្រឈម​នឹង​រោគ​ខ្លាញ់​ក្នុង​ឈាម កូឡេស្តេរ៉ូល។ ដើម្បី​ទាញ​ប្រយោជន៍​ជា​អ្នក​ការពារ​កូឡេស្តេរ៉ូល ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារបារាំង​ បាន​ណែនាំ​ឱ្យ​លោក​អ្នក​ទទួល​ទាន​សណ្តែកសៀង​ក្នុង​កំរិត​យ៉ាង​តិច ១៨ ទៅ​២៥​ក្រាម ក្នុង​មួយ​ថ្ងៃ និង​ត្រូវ​ចេះ​ជ្រើស​រើស​ពេលវេលា​បរិភោគ​ផលិតផល​ធ្វើ​សណ្តែក​សៀង​នេះ​ទៀត។ គ្មាន​ប្រយោជន៍អ្វី​​ត្រូវ​ប្រឹង​ទទួល​ទាន​​ទឹក​សណ្តែកសៀង​នៅ​ពេល​ព្រឹក​ព្រលឹម​ទេ។ ដើម្បី​បែង​ចែង​កំរិត​អត្រា​ជាតិ​កូឡេស្តេរ៉ូល​ គេ​គួ​រ​ទទួល​ទាន​ទឹក​សណ្តែកសៀង​​នៅ​ពេល​ថ្ងៃ​និង​ជា​សណ្តែក​ធ​ម្មជាតិ។

សណ្តែក​សៀង​ ជា​អាហារ​ប្រឆាំង​នឹង​ការ​ឈឺចាប់ !

កាត់​បន្ថយ​អាការ​ឈឺចុក​ចាប់​រ៉ាំរ៉ៃ សូម​ទទួល​ទាន​អាហារ​ធ្វើ​ពី​សណ្តែកសៀង ! នេះ​បើ​តាម​ការ​អួត​អាង​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​លើ​​សត្វ​កណ្តុរ​។ ការ​ទទួល​ទាន​​សណ្តែក​សៀង ធ្វើ​ឱ្យ​ធុន​នឹង​ការ​ឈឺចុកចាប់ផង និង​​កំរិត​ការ​បង្ក​រោគទៀត។ អ្នក​ស្រាវជ្រាវ​អាមេរិក​មួយ​ក្រុម​នេះ​បាន​ពន្យល់​ថា​ សណ្តែង​សៀង អាច​​ទប់​ស្កាត់​ភាព​ឈឺ​ចាប់ ដោយ​បញ្ចេញ​ឥទ្ធិពល​លើ​សរសៃ​ញាណ​អារម្មណ៍​។ ប៉ុន្តែ​គ្មាន​ការ​​បំភ្លឺទាក់ទង​នឹង​យន្តការ​នេះ​ទេ ! ហើយ​មិន​ប្រាកដ​ថា​មនុស្ស​អាច​ទាញ​ប្រយោជន៍​ដូច​កណ្តុរ​ដែរ​ឬក៏​អត់​ផង។ ​​

សណ្តែក​សៀង ក៏​ជា​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​សរសៃ​ និង​វីតាមីន​ច្រើន។ ​បើ​ដូច្នេះ​សណ្តែក​សៀង មាន​សមត្ថភាព​ការពារ​ស្ត្រី​ ! សណ្តែក​សៀង​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​​ក-​ស្បូន។ នេះ​បើ​តាម​លទ្ធផល​ស្រាវជ្រាវ​នៅ​សៀងហៃ លើ​ស្ត្រី​ជាង​មួយ​​ពាន់​នាក់ (៨៣២នាក់​មានផ្ទុក​​កោសិកា​មហារីក និង​៨៤៦​នាក់​ទៀត​មាន​សុខភាព​ល្អ)។ បន្ទាប់​ពី​បាន​ទទួល​ទាន​សណ្តែក​សៀង​ជា​ប្រចាំ​រយៈ​ពេល​៥​ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា សណ្តែកសៀង​បាន​កាត់​បន្ថយ​​គ្រោះ​អភិវឌ្ឍន៍​ជំងឺ​មហារីកស្រទាប់​ស្បូន​ បាន​យ៉ាង​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ស្ត្រី​ដែល​ធាត់​ជ្រុល។ ក៏ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ មិន​ទាន់​អាច​ពន្យល់​លម្អិត​​ និង​ឱ្យ​ច្បាស់​លាស់​អំពី​គុណប្រយោជន៍​នៃ​សណ្តែកសៀង​បាន​ឡើយ។ ព្រោះ​សណ្តែក​សៀង​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​មាន​ឈ្មោះ​ថា Isoflavone ដែល​ជា​អ័រមូន​រុក្ខជាតិ​ញី​។ អ័រមូន​មាន​តួនាទី​ចម្រូង​ចម្រាស​ខ្លាំង​។

នរណា​ខ្លះ​គួរ​ទទួល​ទាន​សណ្តែកសៀង?

ប្រូតេអ៊ីន​របស់​សណ្តែកសៀង​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​អាល់ឡែកហ្ស៊ី។ ប្រេវ៉ាឡង់​នៃ​កំរិត​អាល់ឡែកហ្ស៊ី​មាន​កំរិត១%​នៃ​ប្រជាពលរដ្ឋ​សរុប។ នៅ​បារាំង ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​ទាមទារ​ឱ្យ​ក្រុម​ហ៊ុនឧស្សាហកម្ម​ចំណីអាហារ​ទាំង​អស់ បញ្ជាក់​អំពី​បរិមាណ​ ឬ​ស្នាម​សណ្តែក​សៀង​ នៅ​លើ​ផលិតផល​របស់​ខ្លួន ដើម្បី​ជា​កិច្ចការពារ​បញ្ចៀស​ករណី​អាល់ឡែកហ្ស៊ី។ កំរិត​នៃ​អាល់ឡែកហ្ស៊ី​នឹង​សណ្តែកសៀង​ក៏​អាច​កើត​មាន​ដោយ​សារ​អាល់ឡែកហ្ស៊ី​នឹង​បន្លែ​បង្ការ​ផ្សេង​ទៀត ដូច​ជា សណ្តែក​ដី ​សណ្តែក​ហោឡាំងតាវ ​សណ្តែក​បាយ ឬ​អាល់ឡែកហ្ស៊ី​នឹង​ទឹកដោះ​គោ​ ឬ​លំអងផ្កា។ អាល់ឡែកហ្ស៊ី​នឹង​សណ្តែកសៀង អាច​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ក្លាយ​ជា​ជំងឺ​ហឺត​ផង ប្រសិន​បើ​ប្រឈម​នឹង​ធាតុល្អិត​ឆ្មារៗ​របស់​សណ្តែក​នេះ​យូរ និង​ជា​​ករណី​កម្រទេ។

អ្នក​​មិន​គួរ​ទទួល​ទាន​សណ្តែកសៀងទេ ប្រសិន​បើ​​អ្នក​មាន​បញ្ហា​ក្រពេញ​កូន​កណ្តុរ Thyroïde ​ព្រោះ​វា​អាច​បង្កើន​សេចក្តី​ត្រូវ​របស់​អ័រមូន​ទីរ៉ូអ៊ីត។ ក្នុង​ករណី​អ្នក​មាន​ចំណូល​ចិត្ត​ទទួល​អាហារ​ធ្វើ​ពី​សណ្តែកបាយ ជា​ប្រចាំ សូម​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​Thyroïde។​ចំពោះ​អ្នក​មាន​ប្រវត្តិ ឬ​ដាន​ស្នាម​គ្រួសារ​មាន​បញ្ហា​មហារីក​សុដន់ ក៏​​គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​មួយ​ ​​ក្នុង​ការទទួល​ទាន​ផលិតផល​ចំណី​អាហារ​ធ្វើ​សណ្តែកសៀង។ ការសិក្សា​ខ្លះ​បាន​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃ​ការទទួល​ទាន​សណ្តែកសៀង​​ទៅ​លើ​​អ័រមូន។ ព្រោះ​បន្លែ​​សណ្តែក​នេះ​មាន​ផ្ទុក​ច្រើន​នូវ​សារធាតុ​អ៊ីហ្សូផ្លាវូអ៊ីត Isoflavoïde ​ ​ឬហៅថា​ Phyto-oeustrogène ដែល​មាន​រចនា​សម្ព័ន្ធ​គីមី​ស្រដៀង​គ្នា​ខ្លាំង​នឹង​អ័រមូន​ដ៏​ចំបង​របស់​មនុស្ស​ស្រ្តីភេទ។

Phyto –Oeustrogène ជា​អ្វី ?

បើ​តាមអ្នកស្រី Catherine Bennetau អ្នក​ស្រាវជ្រាវ​​ នៅ​ប័រដូ ប្រទេសបារាំង ដែល​បាន​សិក្សាអំពី​អ័រមូន​ Phyto –Oeustrogène ​តាំង​ពី​ឆ្នាំ​១៩៨៩​ និង​ចេញ​ផ្សាយ​​លទ្ធផល​ស្រាវជ្រាវ​ចំនួន​ជាង​៨០ ពញ្ជាក់​​អារម្មណ៍​មតិ​សាធារណៈ​អំពី​សារធាតុ​ជា​ធម្មជាតិ​ក្នុង​សណ្តែកសៀង ហ្វីតូអើសស្ត្រូហ្សែន​នេះ បើ​មាន​ច្រើន​នៅ​ក្នុង​ខ្លួន និង​បូក​ផ្សំ​ជាមួយ​បរិយាកាស​ជុំ​វិញ​ខ្លួន​បន្ថែម​អាច​ជា​ភ្នាក់ងារ​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ។ តើ​មាន​អ្វី​ខ្លះ​យើង​ស្តាប់​ប្រសាសន៍​របស់​អ្នក​ស្រី កាទ្រីន បេនឺតូ ៖

“​នៅ​ពេល​យើង​​ទទួល​ទាន​ទឹកសណ្តែកសៀង​ច្រើន អ្នក​នឹង​អាច​ឆាប់​ធ្លាក់​ឈាម​រដូវ​មុនដល់​ខែ។ ព្រោះ​នៅ​ពេល​ណា​យើង​ហូប​ចំណី​អាហារ​ធ្វើ​សណ្តែក​សៀង​ច្រើន​ទៅ កំរិត​នៃ​ជាតិ​អ័រមូន​អើសស្ត្រូហ្សែន​នឹងឡើង​ខ្ពស់ ទើប​ពីរ​បី​ថ្ងៃ​ក្រោយ​មក​ស្ត្រី​មាន​ធ្លាក់​រដូវ។ ប្រសិន​បើ​ស្ត្រី​ទទួល​ទាន​សណ្តែកសៀង​ម្តងម្កាល ក្នុង​បរិមាណ​សមរម្យ នោះ​វា​មិនអី​ទេ។ ឥទ្ធិពល​រំខាន​នេះ​ ​ស្តែង​ឡើង​នៅពេល​ណា​ស្ត្រី​ទទួល​ទាន​សណ្តែកសៀង ជា​ប្រចាំ​ ជា​រៀង​រាល់​ថ្ងៃ ជាប់​គ្នា​ និង​ក្នុង​រយៈ​ពេល​យូរខ្លាំង។

ចំពោះ​បុរស​វិញ ក៏​អាច​រង​ផលប៉ះពាល់​ដោយ​សារសណ្តែកសៀង​ដែរ។ ការ​សិក្សា​ចំនួន​បួន ពីរ​នៅអាមេរិក មួយ​នៅជប៉ុន និង​មួយ​ទៀត​នៅ​ចិន ​បាន​បង្ហាញ​ថា កាលណា​បុរស​ទទួល​ទាន​សណ្តែកសៀងកាន់​តែ​ច្រើន​ ហូប​សារធាតុ​​ហ្វីតូអើស្ត្រូហ្សែនចូល​កាន់​តែ​ច្រើន គុណភាព​នៃ​ទឹក​កាម (ស្ពែម) កាន់​តែ​ចុះ​ខ្សោយ”។

នៅ​ឆ្នាំ​២០០៥ ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​បារាំង បាន​ចេញ​របាយការណ៍​ជាង​៤០០​ទំព័រ​ ស្តីអំពី​សារធាតុ​ហ្វីតូអ៊ើស្ត្រូហ្សែន ចំពោះ​សុខភាព។ របាយការណ៍​បាន​គូស​បញ្ជាក់​ថា ៖

- ការទទួល​ទាន​សណ្តែក​សៀង ​នៅពេល​មានផ្ទៃពោះ​ អាច​បង្កើន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ និង​ពងស្វាស ដល់​កូន​ចៅ​ពូជពង្ស។ ម្យ៉ាងទៀត ការ​ទទួល​ទាន​តែ​ប្រូតេអ៊ីន​សណ្តែកសៀង​មិន​អាចឆ្លើយ​តប​​សេចក្តី​ត្រូវការ​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ។

- ចំពោះ​ស្រ្តី​មាន​ផ្ទុក​ជំងឺ​មហារីក​សុដន់ សារធាតុ​ហ្វីតូអ៊ើស្ត្រូហ្សែន អាច​ជាជំរុញ​ឱ្យ​កោសិកា​មហារីក​លូត​លាស់​កាន់​តែ​លឿន​

- អាជ្ញាធរ​បារាំង​មិន​​ផ្តល់អនុសាសន៍ និងមិន​​ណែនាំ​​ឱ្យ​កុមារ​អាយុ​ក្រោម​៣​ឆ្នាំ​ទទួល​ទាន​អាហារ​ធ្វើ​សណ្តែកសៀងទេ។ តែ​បើ​ក្នុង​ករណី​ទារក​មាន​បញ្ហា​ជាមួយ​ទឹក​ដោះគោ​ គេ​អាច​ផ្តល់​ទឹក​ដោះ​មាន​ជាតិ​សណ្តែកសៀង​បាន​ចាប់​ពី​អាយុ​៦​ខែ​ឡើង​ទៅ

- សម្រាប់​ពលរដ្ឋ​ទូទៅ របាយការណ៍​បាន​ណែនាំ​ឱ្យ​កំរិត​ការ​ទទួល​ទាន​ផលិតផល​ សណ្តែក​សៀង ត្រឹម​កំរិតជាតិ​ហ្វីតូអ៊ើស្ត្រូហ្សែក ១ក្រាម​ក្នុង​មួយ​ថ្ងៃ សម្រាប់​ទម្ងន់​ខ្លួនមួយ​គីឡូក្រាម។ ដូច្នេះ​ចំពោះ​មនុស្ស​ប្រុស​ទម្ងន់​៨០គីឡូក្រាម សូម​ទទួល​ទាន​ត្រឹម​ដុំ​ស្ត្រេក​សណ្តែកសៀង​មួយ​ដុំ ឬ​តៅគ័រ​មួយ​ដុំ និង​ទឹក​សណ្តែកសៀង២៥០មីល្លីត្រ។ ចំពោះ​ស្ត្រី​ទម្ងន់​៦០​គីឡូក្រាម អាច​ពិសារ​ទឹក​សណ្តែក​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ និង​តៅគ័រ​មួយ​ដុំ។ ក្មេង​ទម្ងន់​២០​គីឡូក្រាម អាច​ញ៉ាំយ៉ាង​ច្រើន​ត្រឹម​តៅគ័រកន្លះ​ដុំ។

ប៉ុន្តែ​សម្រាប់​អ្នក​និយម​និង​ចូល​ចិត្ត​អាហារ​សណ្តែកសៀង សារធាតុ​ហ្វីតូអ៊ើស្ត្រូហ្សែន​ពី​ធម្មជាតិ​របស់​សណ្តែក​បាយ មាន​ទម្រង់​ដូច​គ្នា​នឹង​អ័រមូន​ស្ត្រី​អ៊ើស្ត្រូហ្សែន​មែន តែមាន​សកម្មភាព​ទាប​ជាង ​អ័រមូនក្នុង​ខ្លួន​​មនុស្ស​ខ្លាំងណាស់​ ទាប់​ប្រមាណ​ពី​១ពាន់​ទៅ​១ម៉ឺន​ដង​ឯណោះ។ តាំង​ពី​​ឆ្នាំ​២០១២មក នៅក្នុង​អនុសាសន៍​ ​អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​បញ្ជាក់​អំពី​អវត្តមាន​នៃ​ហានិភ័យ​បង្ក​ឡើង​ដោយ​​​​ការ​បរិភោគ​សណ្តែក​សៀង​ ក្រោយ​មាន​ជំងឺ​មហារីក​សុដន់។

អ្វី​ដែល​អ្នក​ស្រាវជ្រាវ​បាន​ព្រមព្រៀង​គ្នាទាំង​ស្រុង ​គឺ​ថ្វី​បើ​សណ្តែកសៀង មាន​គុណប្រយោជន៍​ខ្ពស់ អាច​ជួយ​ការពារ​ប្រព័ន្ធ​ការពារ​ខ្លួន អាច​មាន​តួនាទី​ជាអ្នកការពារ​សរសៃ​ឈាម​បេះដូង និង​ផ្តល់​ផល​ល្អ​ខ្លាំង​សម្រាប់​ស្ត្រី​ វ័យ​ចំណាស់ ក្រោយ​អស់​រដូវ ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​មែន​ តែ​បន្លែ​ណាក៏​ដូច​បន្លែ​ផ្លែឈើ​ណា មិន​មែន​ជា​អាហារ​ទិព្វទេ ! ត្រូវ​តែ​បរិភោគ​បន្លែ​ផ្លែឈើ​គ្រប់មុខ និង​ទៅ​តាម​រដូវ​កាល ប្រកប​សមមាត្រ​។ យ៉ាង​ណាមិញ ការ​ទទួល​ទាន​អាហារ​ធ្វើ​សណ្តែក​សៀង​ក៏​ដូចគ្នា ការ​បរិភោគ​សមរម្យ ឆ្លាស់​គ្នា​ជា​មួយ​ត្រី​សាច់ ទើប​​ជា​ជម្រើស​ល្អ​ក្នុង​ការ​ផ្តល់​លំនឹង​ដល់​សរីរាង្គ​កាយ​។ សណ្តែកសៀងមាន​ផ្ទុក​​ប្រូតេអ៊ីន​ច្រើន តែ​មិន​សូវ​សម្បូរ​ជាតិ​កាល់ស្យូម​ដូចផលិតផល​ធ្វើ​ពី​​ទឹក​ដោះ​គោ​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ