ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
កម្ពុជា

កម្ពុជារង់​ចាំ​ការឆ្លើយ​តប​ពី​ឡាវ មុន​ផ្ញើ​​​ឯកសារ​ពាក់ព័ន្ធទៅ​បារាំង​រឿង​ព្រំដែន

media  
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន និង​លោក​ថងលន់ ស៊ីស៊ូលីត​នាយក​រដ្ឋមន្ត្រី​ឡាវ @សហការី

កម្ពុជា កំពុង​តែ​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​ប្រទេស​ឡាវ ចំពោះ​ឯកសារ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ដែល​ត្រូវ​ផ្ញើ​ទៅ​ប្រទេស​បារាំង។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោ​ក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ទី​០៨​មករា ម្សិលមិញ​ ក្រោយ​ជំនួប​រវាង​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​កម្ពុជា ជាមួយ​តំណាង​ថ្មី​នៃ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​។ សូម​ជម្រាប​ថា កម្ពុជា និង ឡាវ មាន​បំណង​ស្នើ​សុំ​ឲ្យ​ប្រធានាធិបតីបារាំង ក៏​ដូច​ជា​រដ្ឋាភិបាល​បារាំង ផ្ដល់​មក​ឲ្យ​ខ្លួន​នូវ​ឯកសារ​មាន​ប្រយោជន៍​​នានា ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-ឡាវ​ ដែល​នៅ​សេសសល់​ប្រមាណ​១៦​ភាគ​រយ​។

លោក កេត សុផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ព្រឹក​ ថ្ងៃ​ទី ​០៨ ​មករា ថា រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​​ឯកសារ​មួយ​ចំនួន ផ្ញើ​ទៅ​កាន់​ប្រទេស​ឡាវ​រួច​ហើយ។ ជា​ឯកសារ​យោង ឬ Term of Reference ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ព្រំ​ដែន កម្ពុជា​-ឡាវ។ ចំពោះ​ឯកសារ​យោង​នេះ កម្ពុជា​ត្រូវ​រង់​ចាំ​ការ​ឯកភាព​ពី​ឡាវ​ជា​មុន​សិន មុន​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​បារាំង​​​។

កម្ពុជា និង ឡាវ មាន​បំណង​ស្នើ​សុំ​ឲ្យ​ប្រធានាធិបតីបារាំង ក៏​ដូច​ជា​រដ្ឋាភិបាល​បារាំង ផ្ដល់​មក​ឲ្យ​ខ្លួន​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​មាន​ប្រយោជន៍ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-ឡាវ​។ កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៨ ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រមុខ​ដឹក​នាំ​កម្ពុជា​និង​ឡាវ បាន​ព្រម​ព្រៀង​គ្នា​ឲ្យ​ ​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​​នៃ​ប្រទេស​ទាំង​ពីរ ជា​អ្នក​​រៀបចំ​ឯកសារ​នេះ ព្រម​ទាំង​​រៀបចំ​បែប​បទ​បច្ចេកទេស​យ៉ាង​ណា ឲ្យ​ភាគី​បារាំង​ផ្ទេរ​ផែនទី​ ពី​ខ្នាត​១/​១០០ ០០០ពាន់ មក​ផែន​ទី UTM ខ្នាត​១​/​៥០ ០០០​។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ នៅ​មាន​ប្រមាណ​១៦​ភាគ​រយ​ទៀត ដែល​មិន​ទាន់​ដោះ​ស្រាយ​រួច​រាល់​​។ ក្នុង​នោះ តំបន់​អូរ​តាង៉ាវ ត្រូវ​បាន​ កម្ពុជា​និង​ឡាវ ចាត់​ទុក​ថា​ជា​តំបន់​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ ហើយ​បាន​ព្រម​ព្រៀង​គ្នា​ដាក់​ជា​តំបន់​ស ដោយ​គ្មាន​វត្តមាន​កងទ័ព គ្មាន​ប្រជាជន​ធ្វើ​អាជីវកម្ម ហើយ​ប្រសិន​បើ​មាន​តម្រូវ​ការ​ចុះ​ត្រួត​ពិនិត្យ គឺ​ទាំង​ឡាវ និង​កម្ពុជា ត្រូវ​ចុះ​ទៅ​ពិនិត្យ​រួម​គ្នា ទាំង​នៅ​លើ​គោក លើ​ទឹក និង​ផ្លូវ​អាកាស​។

គួរ​រំឭក​ដែរ​ថា បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ បាន​ជួប​ភាព​តាន​តឹង​ខ្លាំង​នឹង​គ្នា កាល​ពី​អំឡុង​ខែ​សីហាឆ្នាំ២០១៧​កន្លង​ទៅ ដោយ​សារ​យោធា​ឡាវ​ បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ហោះ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​ជា​បន្ទាន់ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលូន ស៊ីស៊ូលីត ក៏​បាន​ហោះ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ។ នៅ​ក្នុង​ជំនួប ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ មេ​ដឹក​នាំ​ទាំង​ពីរ ​បាន​ឯកភាព​គ្នា​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បញ្ជូន​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង មក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាម​ព្រំដែន​កម្ពុជា​-ឡាវ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ