អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មិនដែលទទួលទានសុរាសោះ តើ​មានគ្រោះឈឺថ្លើមដែរឬទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​ដែល​ទទួល​ទាន​ជាតិ​សុរា​សូម្បី​តែមួយ​ខ្អឹក មិន​ដែល​មាន​ឆ្លង​វីរ៉ុស​អ្វី​ទាំង​អស់ តែ​ក៏​អាច​កើត​ជំងឺ​ក្រិន​ថ្លើម​បាន​ដែរ ! បញ្ហា​អាច​បណ្តាល​មក​ពី​ការ​ទទួល​ទាន​ជាតិ​ភេសជ្ជៈ​ផ្អែម​ច្រើន។ ទម្លាប់​ទទួល​អាហារ​ ជា​ប្រភព​នៃ​ជំងឺ​ថ្លើម​មួយ​ប្រភេទ​ដែល​គេ​ប្រសិទ្ធនាម​ឱ្យ​ថា​ Nash។ តើ​ ណាស្ហ ជា​ជំងឺថ្លើម​ប្រភេទ​ណា ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​អាច​ការពារ​ ព្យាបាល និង​បញ្ចៀស​ជំងឺ​នេះ​បាន ?

ជំងឺ​ NASH ជា​ជំងឺ​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួល​ទានអាហារ​ខ្លាញ់​ច្រើន និង​​ជាតិ​ស្ករ​ច្រើន
ជំងឺ​ NASH ជា​ជំងឺ​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួល​ទានអាហារ​ខ្លាញ់​ច្រើន និង​​ជាតិ​ស្ករ​ច្រើន pvsq.org
ផ្សាយពាណិជ្ជកម្ម

ថ្លើម​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​​ និង​ជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបាន​សម្រាប់ការរស់រានត របស់​មនុស្ស។ ថ្លើមប្រៀប​បាន​ជា​រោងចក្រ​មួយ ដោយ​មានមុខងារយ៉ាងច្រើន ដូច​ជា​ ការបន្សាបជាតិ​ពុល ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ ថ្លើមដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរមេតាបូលិក និងមានមុខងារជាច្រើននៅក្នុងរាងកាយ ដូចជាការស្ដុកទុកគ្លីកូសែន ការបំបែកសមាសធាតុ​របស់​កោសិកាឈាមក្រហម ការសំយោគប្លាស្មាប្រូតេអ៊ីន ការផលិតអ័រម៉ូន និងការបន្សាបជាតិពុលជាដើម។

ថ្លើមមានទីតាំងស្ថិតនៅខាង​ក្រោម​សន្ទះ​ទ្រូង និង​ជា​សរីរាង្គ​ដ៏​ធំ​ជាងគេ​មួយ​​នៃ​ផ្នែក​ពោះ​ព្រោះ​វា​មាន​ទម្ងន់​ដល់​ទៅ​ប្រមាណ​មួយ​គីឡូក្រាម​កន្លះ ។ ថ្លើម​ជា​អ្នក​ផលិតនូវទឹកប្រមាត់ ដែលជាសមាសធាតុអាល់កាឡាំងមួយប្រភេទជួយដល់ការរំលាយអាហារ តាមរយៈការពង្រាវជាតិ​លីពីត។ ​ ថ្លើម​មាន​សកម្មភាព​ចាប់​ជាតិ​ស្ករ​ រួច​បែង​ចែក​ក្លុយកូស​ទៅ​សរីរាង្គកាយ​តាម​​សេចក្តី​ត្រូវ​ការ​។ ជាលិកាពិសេសរបស់ថ្លើមសម្រួលដល់ប្រតិកម្មសារធាតុគីមីជីវសាស្ត្រកម្រិតខ្ពស់ៗជាច្រើន ដោយរាប់បញ្ចូលទាំងការសំយោគ និង​ការបំបែកម៉ូលេគុលសាំញ៉ាំតូចៗ ដែលភាគច្រើនគឺត្រូវការយ៉ាងចាំបាច់ដើម្បី​រាងកាយមានដំណើរការទៅតាមធម្មតា។

ថ្លើម​ជា​រោងចក្រ​ចម្រាញ់​ជាតិពុល ជា​រោង​ចក្រ​លាង​សម្អាត​ឈាម។ ក្នុង​មួយ​នាទី​មាន​ឈាម​ចំនួន​មួយ​លីត្រ​កន្លះ​បាន​ហូរ​កាត់​ថ្លើម ដើម្បី​ជម្រះ​ជាតិ​ពុល​ និង​កខ្វក់​ទាំង​ឡាយ​។ មុន​មក​ដល់​ថ្លើម ​ឈាម​​មាន​លាយ​លំ​ទៅ​ដោយ​ជាតិ​ពុល​ និង​សំរាម​គ្រប់​យ៉ាង តិច​ឬ​ច្រើន​ដូច​ជា​ជាតិ​​សុរា អាល់កុល ស្ករ ជាតិ​គីមី​ ថ្នាំ និង​ខ្លាញ់ ។ល។ និង​។ល។ ពោល​គឺ​ទៅ​តាមប្រភេទ​នៃ​អាហារ​​អ្វី​ដែល​យើង​ស្រូប និង​ទទួល​ទាន​ចូល​ទៅ។

​មាននាទី​ជា​អ្នក​ចម្រាញ់ និង​បន្សាប​ជាតិ​ពុលមែន ប៉ុន្តែ​ថ្លើមខ្លួន​ឯង​​ក៏​អាច​ពុល និ​ងធ្លាក់​ខ្លួន​​ជំងឺ​ ប្រសិន​​​បើត្រូវ​ប្រឹង​បំផ្លាញ​ជាតិ​អាល់កុល ខ្លាញ់ ​និង​ស្ករ​ច្រើន។

អាល់កុល​ ជាប់​ឈ្មោះ​ល្បី​ និង​ស្គាល់​ច្បាស់​ថា​ជា​ដើម​ហេតុ​នាំ​ឱ្យ​​ថ្លើម មាន​ជំងឺ រលាក ក្រិន និង​ចុងក្រោយ​​ធ្លាក់​ដល់​ដំណាក់​កាល​​ធ្ងន់ធ្ងរ​បំផុត គឺ​ជំងឺ​មហារីក។ ប៉ុន្តែក៏​​មាន​មនុស្ស​មិន​តិច​ឡើយ​ ដែល​ធ្លាក់​​​​ខ្លួន​ឈឺ រលាកថ្លើម​​រ៉ាំរ៉ៃ រួច​ក្រិន និង​មហារីក​ ដោយគ្មាន​ធ្លាប់​បាន​ទទួល​ទានជាតិ​សុរា​សូម្បី​តែ​មួយ​ខ្អឹក។ ជំងឺ​ថ្លើម​ប្រភេទ​នេះ មាន​ឈ្មោះជា​ផ្លូវការ​ថា ជំងឺNash ឬ​ជំងឺ​ខ្លាញ់​ថ្លើម​។ តើ​Nash​ ជា​ជំងឺ​អ្វី ?

​Nash ជា​ឈ្មោះ​ជា​អក្សរ​កាត់​​ក្នុង​​ភាសាអង់គ្លេស សម្រាប់​ហៅ​ជំងឺ Stéato-hépatite non alcoolique ពោល​គឺ​​ជំងឺ​រលាក​ថ្លើម​ ដោយ​សារថ្លើម​​មានរុំ​ខ្លាញ់​ច្រើន​ជ្រុល។ ដើម​ហេតុ​នៃ​ការ​មាន​ខ្លាញ់​ច្រើន​ជ្រុល គឺម​ក​ពី​របប​ចំណីអាហារ​មិន​ល្អ និង​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ជ្រុល។ ហេតុ​ដូច្នេះ​បាន​ជា​ជំងឺ​ មាន​ឈ្មោះ​ហៅ​ក្រៅ​មួយ​ទៀត ថា ជំងឺ​សូដា។

សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ Gabriel Perlemuter ឯកទេសថ្លើម​​ក្រពះពោះវៀន និង​ជា​ប្រធាន​ផ្នែក​នៅ​មន្ទីរ​ពេទ្យ​ Antoine-Béclère Clamart ក្បែរ​ទីក្រុង​ប៉ារីស ៖

“ថ្លើម​ជា​អ្នក​បន្សុទ្ធ​ឈាម​ បន្សាប​ជាតិ​អាល់កុល ហើយ​នៅ​ពេល​យើង​ទទួល​ទាន​ជាតិ​ស្ករ​ចូល​ទៅ ថ្លើមក៏​​នឹង​ចាប់​ជាតិ​ស្ករ​នោះ​យក​មក​បំផ្លែងទៀត ប៉ុន្តែ​ថ្លើម​មិន​សូវ​ចេះ និង​ចូល​ចិត្ត ​ជាតិស្ករ​ទេ ! ថ្លើមមាន​សមត្ថភាពបំផ្លែង​សំយោគ​​ជាតិ​ស្ករ​តែ​ប្រមាណ​ត្រឹម​តែ​ពី ៥០ទៅ​៧៥​ក្រាម​​ប៉ុណ្ណោះ ពោល​គឺ​ជា​ចំនួន​ដ៏​តិច​បំផុត​​ប្រើ​ប្រៀប​ទៅ​នឹង​ជាតិ​ស្ករ​ដែល​យើង​ទទួល​ទាន​ចូល​ក្នុង​ពោះ​​​ក្នុង​មួយ​ថ្ងៃៗ។ បំផ្លែង​មិន​អស់ ជាតិ​ស្ករ​ក្លាយ​ជា​អ្នក​បំពុល​ថ្លើមទៅ​វិញ ព្រោះ​​ជាតិ​ស្ករ​សល់​ទាំងនោះ​នឹង​ត្រូវ​ស្តុក​ទុក​នៅ​ក្នុង​ថ្លើម​ក្នុង​ទម្រង់​ជា​ខ្លាញ់។ ហើយ​បើ​មាន​ខ្លាញ់​ច្រើន​ នោះ​​ថ្លើម​នឹង​ពុល​ និង​ងាយ​ធ្លាក់​ខ្លួន​មាន​ជំងឺ។ ក្រៅ​អំពី​អាល់កុល​ ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ផ្អែម ជាតិ​ស្ករ ដែល​អាច​បំផ្លាញ​ថ្លើម និង​​ធ្វើ​ឱ្យឡើង​ខ្លាញ់​រុំ​​ថ្លើម​ មិនមែន​ត្រឹម​តែជា​​ដុំ​ស្ករដាក់​កាហ្វេ ស្ករស ស្ករ​តោ្នតទេ តែក៏​ត្រូវ​រាប់​ផង​ដែរ​​​ពពួកអាហារ​ធ្វើ​ពី​​ម្យៅមី ម្សៅខ្សាយ​ ពីធញ្ញជាតិ នំប៉័ង បាយ​អង្ករ ​ដំឡូង​ និង​ពិសេស​ទឹក​ភេសជ្ជៈ​ផ្អែម ភេសជ្ជៈកំប៉ុង។ ថ្វី​បើ​គេ​ហៅ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ ថា​​​ជំងឺ​សូដា​ ប៉ុន្តែ​ទឹក​ក្រូច​ច្របាច់ពី​ផ្លែក្រូច​ស្រស់​ ក៏រាប់​ចូល​ក្នុង​ចំណោម​ភេសជ្ជៈ​ផ្អែម​ ​មាន​ចំណែក​បំពុល​ថ្លើម​ដែរ។”

នៅ​ក្នុង​ករណី​​ជំងឺ​Nash ​ការ​កកប្រមូល​ផ្តុំ​ខ្លាញ់ក្នុង​ថ្លើម រុំ​​ថ្លើម​​ តែង​បង្ក​ឱ្យ​មាន​ការ​រលាក​​និង​ដំបៅ​កោសិការ​​ថ្លើម​ ក្នុង​ទម្រង់​ដូច​គ្នា​បេះ​បិត​ទៅ​​នឹង​ជំងឺ​រលាក​ថ្លើម​ដែល​បង្ក​ឡើង​ដោយសុរា និង​ជាតិ​អាល់កុល។ អ្នក​ជំងឺ​ពុំ​ធ្លាប់បាន​ទទួល​ទាន​សុរា​សោះមែន ប៉ុន្តែ​អ្នក​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​ញៀន​នឹង​​ចំណី​មួយ​មុខ​ទៀត គឺ​ជាតិ​ស្ករ/ផ្អែម។ ជំងឺ​នេះ​ច្រើនតែ​កើត​លើ​អ្នក​ដែល​មាន​ជំងឺ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម ឬ​លើស​ឈាម។ ក្នុង​ចំណោម​អ្នក​ជំងឺ​Nash ​៥​នាក់ មាន​ប្រមាណ​ម្នាក់វិឌ្ឍន​ជំងឺ​ចូល​ដល់​ដំណាក់​កាល ក្រិន​ថ្លើម​ ជាមួយ​នឹង​ហានិភ័យ​ដ៏​ខ្ពស់​កើត​ជំងឺ​មហារីក​ថ្លើម​​តែ​ម្តង។

Nash ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់​ស្ងៀម​បំផុត ! ភាព​លំបាក​នេះ​ជំងឺរលាក​ថ្លើម​Nash នេះ គឺ​គ្មាន​រោគ​សញ្ញា​​អ្វី​ជា​ប្រាកដ​​​ ដាច់​ដោយ​ឡែក​ជា​ទី​កត់​សម្គាល់​របស់​ជំងឺ​ឡើយ។ នៅពេល​ដែល​សញ្ញារោគ​ដំបូង​ ដូច​ជា នឿយ​ហត់ ស្បែក​ឡើង​លឿង ហើម ឬ​ហូរ​ឈាម​ ចាប់លេច​ឡើង​ ជំងឺ​ឈាន​ដល់​ដំណាក់​កាលហួស​ពេល​ទៅ​ហើយ។

ជា​ទូទៅ​រាល់​គ្រប់​ជំងឺ​ពាក់​ព័ន្ធនឹង​ថ្លើម​ មិន​សូវ​ផ្តល់​រោគ​សញ្ញា​អ្វីទេ ព្រោះ​ថ្លើម​ជា​សរីរាង្គ​មួយ​ដែល​មាន​សរសៃ​ញាណ។

លោក​សាស្ត្រាចារ្យ Gabriel Perlemuter ឯកទេសថ្លើម​​ក្រពះពោះវៀន និង​ជា​ប្រធាន​ផ្នែក​នៅ​មន្ទីរ​ពេទ្យ​ Antoine-Béclère Clamart ក្បែរ​ទីក្រុង​ប៉ារីស ៖

“ថ្លើម​គ្មាន​សរសៃញាណ​ទេ ! ដូច្នេះវា​មិន​ផ្តល់​សញ្ញា​ជា​អាការៈ​ឈឺ​ចុក​ចាប់​ទេ។ យើង​មិន​អាច​ដឹង​ឬ​វាយ​តម្លៃ​អំពី​​សុខភាព​ថ្លើម​ តាម​រយៈ​ការ​ឈឺ​​បាន​ឡើយ​។ តែ​បើ​សញ្ញា​នៃ​ការ​ឈឺ​ចាប់​បាន​លេច​ឡើង វា​ច្រើន​ជា​ការហួស​ពេល និង​ជា​ករណី​ធ្ងន់ធ្ងរខ្លាំង មាន​ដុំ​សាច់​មហារីក​ក្នុង​ថ្លើម​ដែល​រាល​ប៉ះពាល់​ដល់​ផ្នែក​ខាង​ក្រៅ​របស់​ថ្លើម។ គឺ​ជា​កា​រ​ឈឺ​ចាប់​ដ៏ខ្លាំង នៅ​ផ្នែក​ខាង​ក្នុង​ទ្រូង​ ក្រោម​ឆ្អឹង​ជំនី​​ផ្នែក​ខាង​ស្តាំ និង​រាល​ដល់​តំបន់​ស្មា​ប៉ែកខាង​ស្តាំ។

ជំងឺ​ថ្លើម​ត្រូវ​តែ​វែក​រក​ដោយ​ការ​វិភាគ​ឈាម។ ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ អ្នកគួរ​តែ​ទៅ​ជួស​ឈាម​វិភាគ ដើម្បី​បាន​ដឹង​អំពី​ស្ថានភាព​​​ថ្លើមជា​ទូទៅ​ ជា​រៀង​រាល់​បួន​-ប្រាំ​ឆ្នាំ​ម្តង ប្រសិន​បើ​អ្នក​មាន​សុខភាព​ល្អ គ្មាន​ពូជ​កើត​ជំងឺ​ថ្លើម គ្មានប្រវត្តិ​និង​កត្តា​គ្រោះថ្នាក់​ជាប់​នឹង​ខ្លួន។ តែ​បើ​អ្នក​មាន​ប្រវត្តិ​គ្រួសារ​មាន​​​ជំងឺ​ថ្លើម ខ្លួន​អ្នក​ផ្ទាល់​មាន​​សម្ពាធ​ឈាម​ខ្ពស់ មាន​កូឡេស្តេរ៉ូល មាន​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែមដំបូង ធាត់​ជ្រុល អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ឈាម​ មើល​សុខភាព​ថ្លើម​ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្តង។”

ការ​វិភាគ​ឈាម ថត​ឆ្លុះ​ ... ​ជា​ការ​វែក​រក​ភាព​មិន​ប្រក្រតី​របស់​ថ្លើម។​ ប៉ុន្តែសូម​ចង​ចាំ​ថា ការ​ត្រួត​ពិនិត្យ​ត្រឹម​នេះ មិនគ្រប់គ្រាន់​​សម្រាប់ធ្វើ​រោគ​វិនិច្ឆ័យ​រក​​ជំងឺ​ថ្លើម​Nash​ទេ។ មធ្យោបាយ​តែ​មួយ​ ដែល​មាន​ប្រសិទ្ធភាព​​សម្រាប់ដឹង​អំពី​​ជំងឺនេះ​ គឺការ​ចោះ​យក​សាច់​ថ្លើម​មក​វិភាគ។

គិត​មក​ត្រឹម​ថ្ងៃ​នេះ គ្មាន​វិធី​សាស្ត្រនិ​ងមធ្យោបាយ​អ្វី​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ថ្លើម Nashទេ។ កំពុង​មាន​ការ​វាយតម្លៃ​និង​​​សាក​ល្បង​គ្លីនិក​ ​លើ​មូលេគុល​ចំនួន​ជាង​៤០​។ ក្នុង​ចំណោម​មាន​មូលេគុល មួយ​ទំនង​ជានឹង​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​លើ​ទី​ផ្សារ នៅ​ឆ្នាំ​២០២០។

ក្នុង​ពេល​រង់​ចាំ​ មធ្យោបាយ​ការ​ពារ​មាន​តែ​មួយ គឺ​ការ​បញ្ចេញ​កម្លាំង​ពលកម្ម ហាត់​ប្រាណ​ ធ្វើ​កីឡា ឱ្យ​បាន​ជាប់​ជា​ប្រចាំ និង​​ប្រកាន់​យក​របប​អាហារ​ដែល​មាន​កាឡូរី​ទាប ដើម្បី​ទប់​ស្កាត់​ជំងឺ​កុំ​ឱ្យ​វិវឌ្ឍ​ទៅ​មុខ​លឿន។ ជា​អនុសាសន៍​ដ៏សាមញ្ញ តែ​ពិបាក​អនុវត្ត​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ