អនាម័យមាត់ធ្មេញ ជាកញ្ចក់ឆ្លុះបញ្ចាំងសុខភាពទូទៅ ?!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២២
ក្រៅអំពីបង្កឱ្យមានដង្កូវស៊ីធ្មេញ រលាកអញ្ចាញ ... ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពជាទូទៅតែម្តង។ អ្នកស្រីទន្តបណ្ឌិត Marie Anton បានចូលខ្លួនមកធ្វើការបកស្រាយពន្យល់ថាតើហេតុអ្វីបានជាយើងចាំបាច់ត្រូវតែសម្អាតធ្មេញ ដោយប្រើច្រាសដុះ និងប្រើខ្សែទាក់សំណល់ ឱ្យអស់ពីជើងធ្មេញ។
មានធ្មេញសស្អាត មិនត្រឹមតែអាចជួយលើកសម្រស់យើងបានច្រើនទេ តែថែមទាំងអាចជួយយើងឱ្យមានសុខភាពល្អរឹងមាំទៀត ! ដុះធ្មេញបានស្អាត មាត់មានអនាម័យល្អ សុខភាពទូទៅរបស់យើងក៏ល្អ។ កាលពីប៉ុន្មានឆ្នាំមុន អ្នកសា្រវជ្រាវជាតិអេកូស បានសម្គាល់ឃើញថា មនុស្សដែលបានដុះធ្មេញស្អាត និងបើខ្សែទាក់សំណល់តាមជើងធ្មេញជាប្រចាំ មានគ្រោះហានិភ័យកើតជំងឺសរសៃឈាមបេះដូង ទាបជាងអ្នកដែលមិនចេះថែទាំសុខភាពមាត់ធ្មេញ។ ថ្ងៃនេះ ការសិក្សាមានកាន់តែច្រើន ដើម្បីរុករកមូលហេតុនិងចំណងរវាងអនាម័យមាត់ធ្មេញនិងជំងឺបេះដូង។
តើការសំអាតធ្មេញមានពាក់ព័ន្ធនឹងជំងឺសរសៃឈាមបេះដូងយ៉ាងដូចម្តេច ?
អ្នកស្រីទន្តបណ្ឌិត Marie Anton៖ មានបាត់តេរីក្នុងមាត់ម្យ៉ាង ដែលមានឈ្មោះថា Porphyromonas gingivalis ឬaggregatibcater actinomycetemcomitans អាចជាដើមហេតុនៃការបង្កជំងឺសរសៃឈាម។ បាក់តេរីនេះមានវត្តមាននៅក្នុងមាត់ គ្រប់មនុស្សតាមបែបធម្មជាតិសរីរវិទ្យា និងអាចសំងំរស់នៅក្នុងទីកន្លែង ដែលគ្មានខ្យល់អុកស៊ីហ្សែន ពោលគឺវាចូលចិត្តលាក់ខ្លួននៅតាមចម្លោះធ្មេញ និងក្រោមអញ្ចាញ។
ប្រសិនបើយើងបណ្តោយឱ្យបាក់តេរីនេះ នៅកកតាមជើងធ្មេញ ឬក្រោមអញ្ចាញ ហើយបើបាក់តេរីនេះមានច្រើនខ្លាំង វានឹងអាចធ្វើការវាយប្រហារទៅលើអញ្ចាញនិងឆ្អឹង។ ដំបូងឡើង បាក់តេរីនឹងធ្វើឱ្យអញ្ចាញឈឺ រលាក ហើម និងងាយចេញឈាម។ ដូច្នេះ បើគេបណ្តែតបណ្តោយ មិនព្យាបាលអញ្ចាញធ្មេញទេ បាក់តេរី នឹងបន្តការងាររាតត្បាតរបស់វាពីអញ្ចាញចូលទៅដល់ឆ្អឹង ដែលហៅថាជំងឺអញ្ចាញ ឬរាក់ស៊ីធ្មេញ /សណ្តាកធ្មេញ។
តើមេរោគធ្វើដំណើរពីមាត់ទៅបេះដូង តាមផ្លូវណា?
អ្នកស្រីទន្តបណ្ឌិត Marie Anton៖ បាក់តេរីនៅក្នុងមាត់ ដែលអាចបង្ករោគ នៅលើអញ្ចាញ អាចជាប្រភពបង្កបញ្ហាដល់សរសៃឈាមបេះដូង ព្រោះវាឆ្លងនិងអាចធ្វើដំណើរតាមឈាម។ នៅពេលណាយើងមានបញ្ហាអញ្ចាញ និងនៅពេលណាយើងដុះធ្មេញទៅមានចេញឈាម បាក់តេរីរបស់មាត់អាចឆ្លងចូលទៅក្នុងប្រព័ន្ធចរន្តឈាម ហើយអាចទៅសំងំនៅផ្នែកណាមួយរបស់សរីរាង្គកាយក៏បាន មានជាអាទិ៍នៅតាមផ្ទៃនៃសរសៃឈាមក្រហមអាទែរកូរ៉ូនែ ដែលនាំឈាមទៅបេះដូង។ ហើយគឺពួកបាក់តេរីនេះឯងដែលធ្វើឱ្យស្ទះសរសៃឈាម នាំឱ្យមានបញ្ហាស្លោកបេះដូង។
តាមការពិត បាក់តេរីនេះមិនមែនជាអ្នកទទួលខុសត្រូវផ្ទាល់ទេ ប៉ុន្តែ នៅពេលវាតោងលើផ្ទៃសរសៃឈាមត្រង់ណា សរសៃឈាមត្រង់នោះក៏មានប្រតិកម្មការពារខ្លួនឯងភ្លាម។ ប្រតិកម្មការពារខ្លួន ដែលមានទម្រង់ជារាលរលាក អាចសម្រួលឱ្យងាយមានកំណកឈាម។ យូរពេលខែថ្ងៃទៅ កំណកនោះក៏ដាច់របើក ពីផ្ទាំងសរសៃឈាម ហូរទៅទើកន្លែងណាមួយ ជាហេតុធ្វើឱ្យសរសៃឈាមស្ទះ។ បើស្ទះឡើងនៅត្រង់បេះដូង នោះនឹង បេះដូងស្លោក បើហូរទៅស្ទះនៅខួរក្បាល នោះនឹងធ្វើឱ្យដាច់ឬស្ទះសរសៃឈាមក្នុងខួរក្បាលដែលហៅជាភាសាបារាំង AVC។ នេះជាសម្មតិកម្មមួយមែន ប៉ុន្តែមានការសិក្សាជាច្រើនណាស់ ដែលបានការរកឃើញមានបាត់តេរីអញ្ចាញធ្មេញ ជាច្រើនមុខ នៅក្នុងអាដេអិនរបស់អ្នកមានជំងឺសរសៃឈាមកូរ៉ូនែ។ ការសិក្សាជាច្រើនផ្សេងទៀត ក៏បានបង្ហាញថា អ្នកមានជំងឺអញ្ចាញ មានហានិភ័យដ៏ខ្ពស់កើតជំងឺសរសៃឈាមបេះដូង។
អនាម័យមាត់ធ្មេញត្រឹមត្រូវ ក៏អាចកាត់បន្ថយជំងឺទឹកនោមផ្អែម
អ្នកស្រីទន្តបណ្ឌិត Marie Anton៖ ចាស ! មានបាក់តេរីខ្លះ អាចរំខានសកម្មភាពអាំងស៊ុយលីន។ ការរលាក បង្កឡើងដោយបាក់តេរី ក៏អាចរំខានដំណើរការរបស់អាំងស៊ុយលីន ក្នុងការផលិតជាតិស្ករសម្រាប់ចិញ្ចឹមកោសិកា។ ការរំខានដែលអាចធ្វើឱ្យអត្រាជាតិស្ករក្នុងឈាមខ្ពស់ ឬហៅទឹកនៅមផ្អែមនេះឯង។ ដូច្នេះ ចំពោះបុគ្គលណា ដែលប្រុងកើតជំងឺទឹកនោមផ្អែម វត្តមាននៃជំងឺអញ្ចាញ (រាក់ស៊ីធ្មេញ) អាចសម្រួល ឱ្យកាន់តែឆាប់លេចជាជំងឺទឹកនោមផ្អែមបាន។ ពុំមានភស្តុតាងអ្វីជាក់ស្តែងបញ្ជាក់នៅឡើយទេ ! នេះគ្រាន់តែជាចំណុចសង្ស័យខ្លាំងសម្រាប់អ្នកស្រាវជ្រាវប៉ុណ្ណោះ។ ប៉ុន្តែការសិក្សារបស់អ្នកស្រាវជ្រាវបារាំង ពិតជាបានបង្ហាញថា អ្នកមានជំងឺទឹកនោម ដែលបានព្យាបាលជំងឺអញ្ចាញជា អត្រាជាតិស្ករក្នុងឈាមរបស់អ្នកជំងឺនោះ ស្រាប់តែងាយគ្រប់គ្រងឱ្យមានលំនឹង។ អ្នកស្រាវជ្រាវកំពុងតែជជីកស្វែងយល់ឱ្យបានកាន់តែច្បាស់ ព្រោះក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ព្រោះជំងឺទឹកនោមផ្អែមដល់១,៥លាននាក់។
ការឈឺឆ្អឹងឆ្អែង និងជំងឺសន្លាក់ ជួនកាលអាចបណ្តាលមកពីការឈឺអញ្ចាញ
អ្នកស្រីទន្តបណ្ឌិត Marie Anton៖ តើមានមនុស្សប៉ុន្មាននាក់ទៅដែលនឹកដល់ថា ការឈឺធ្មេញ អាចបង្កឱ្យមានជំងឺរលាកសរសៃនៅស្មា ?! ពិតជាគ្មានទេ ! បាក់តេរីនៅក្នុងមាត់ ក៏អាចជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកសរសៃនៅច្រលក-ស្មា និងរលាកតាមសន្លាក់។ ជាពពួកបាក់តេរីមួយប្រភេទផ្សេងទៀត ដែលអាចជំងឺបង្ករោគនៅក្នុងធ្មេញ និងនៅចុងឬសនៃធ្មេញ។ ប៉ុន្តែយន្តការនៃការឆ្លងគឺដូចគ្នា។ បាក់តេរី បានបណ្តែតតាមឈាមទៅកកនៅម្តុំសរសៃពួរស្មារ។ ការបង្ករោគនៅតំបន់នេះអាចបង្កជាការឈឺចាប់យ៉ាងរ៉ាំរ៉ៃ។ ការឈឺចាប់បែបនេះអាចបន្តញាំញីខ្លាំង ទោះបីជាមានការព្យាបាលដោយប្រើថ្នាំ ឬបានធ្វើម៉ាស្សាធ្វើសរសៃយ៉ាងត្រឹមត្រូវ តាមក្បួនខ្នាតព្យាបាលបែបវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ។ ប៉ុន្តែជាថ្មីម្តងទៀត សហគមអ្នកវិទ្យាសាស្ត្រ មិនទាន់ត្រូវរ៉ូវគ្នាលើសម្មតិកម្មនេះនៅឡើយទេ។
មានការសិក្សាជាច្រើនទៀត ច្រើនមែនទែន ដែលបង្ហាញថា អ្នកមានជំងឺរលាកសន្លាក់ គឺដោយសារតែដំបូងឡើយ ពួកគេមានជំងឺរលាកអញ្ចាញ ជំងឺរាក់ស៊ីធ្មេញ។ បាក់តេរីដែលជាភ្នាក់ងារបង្កជំងឺរាក់ស៊ីធ្មេញ មិនត្រឹមតែជាដើមហេតុជំរុញឱ្យមានជំងឺរលាកតាមសន្លាក់ទេ តែថែមទាំងអាចជួយទ្រទ្រង់ការរលាក ដែលមានស្រាប់ឱ្យកាន់តែរ៉ាំរ៉ៃ។
ប៉ុន្តែ វិធីការពារ គឺងាយបំផុត ! ជារៀងរាល់ថ្ងៃ ត្រូវដុះធ្មេញដោយប្រើច្រាស និងខ្សែទាក់យកសំណល់អាហារឱ្យអស់ពេញចន្លោះគន្លៀតធ្មេញ។ ហើយបើលោកអ្នកមានជំងឺអញ្ចាញ រាក់ស៊ីធ្មេញ សូមអញ្ជើញទៅជួបពិគ្រោះព្យាបាលជាមួយគ្រូពេទ្យធ្មេញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ