ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

ឆែកឆេរ​ក្លិប ROCK៖ ប៉ូលីសឃាត់​មនុស្ស​ជាង​៣០០​នាក់ និង​រឹប​អូស​គ្រឿង​ញៀន​​៥០​គីឡូក្រាម

media  
ក្រុម​យុវជន យុវនារី ​ដែល​ត្រូវ​បានឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់ ទំព័រ​ហ្វេសប៊ុក​លោក​ស្នងការ ស ថេត

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​សុក្រ ទី​២២​កុម្ភៈ​ម្សិលមិញ បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ក្នុង​ទីក្រុង​ភ្នំពេញ​។ នៅ​ក្នុង​យុទ្ធនាការ​នេះ សមត្ថកិច្ច​រឹប​អូស​បាន​គ្រឿង​ញៀនយ៉ាង​ហោច​ណាស់​៥០​គីឡូក្រាម ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​ជាង​​៣០០​នាក់​ទៀត​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដឹក​នាំ​ដោយ​លោក ស ថេត មេ​ប៉ូលីស​ក្រុង​ភ្នំពេញ ដោយ​មាន​ការ​សម្រប​សម្រួល​ពីព្រះ​រាជ​អាជ្ញារង​រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្សជាង​៣០០​នាក់ ក្នុង​នោះ​មាន​១៤​នាក់​ជា​ជន​ជាតិ​ចិន​។ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៣​កុម្ភៈ​នេះ​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​សុទ្ធ​តែ​ជា​យុវជន​យុវនារី ហើយ​ភាគ​ច្រើន សុទ្ធ​តែ​រក​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​។

ឃាត់​ខ្លួន​មនុស្ស​ហើយ នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏​រឹប​អូស​បាន​វត្ថុ​តាង​ជា​ថ្នាំ​ញៀន​ច្រើន​ប្រភេទ​ផង​ដែរ ក្នុង​នោះ​មាន​ទាំង​ថ្នាំ​គ្រាប់ កញ្ចប់​ម្សៅ និង​សារធាតុ​ញៀន​ជា​ទឹក ដែល​មាន​បរិមាណ​សរុប​មិន​តិច​ជាង​៥០​គីឡូក្រាម​ឡើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មេ​ប៉ូលីស​ក្រុង លោក ស ថេត​ ដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទាំង​វត្ថុតាង​ជា​គ្រឿង​ញៀន​និង​មនុស្ស​ទាំង​ជាង​៣០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

សូម​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​សមត្ថកិច្ច​ឆែកឆេ​រក​ឃើញ​មាន​ការ​ប្រើ​ប្រាស់​និង​ចែកចាយ​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដ៏​ល្បីល្បាញ​កណ្ដាល​ក្រុង​ភ្នំពេញ​​​។ នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៨ លោក​ឧកញ៉ា គិត ធាង ដែល​ជា​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​នេះ ​ធ្លាប់​បាន​សន្យា​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផលិត ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ឡើយ​។

បើទោះ​បី​ជា​មាន​កិច្ច​សន្យា​ជា​លាយលក្ខណ៍​អក្សរ​ដូច្នេះ​ក៏ដោយ សមត្ថកិច្ច​នៅ​តែ​បន្ត​បង្ក្រាប​បាន​ករណី​ជួញដូរ​និង​រក្សា​ទុក​គ្រឿង​ញៀន​នៅ​ក្នុង​មណ្ឌល​កម្សាន្ត​រ៉ក់ ជា​បន្ត​បន្ទាប់​។ ជាក់​ស្ដែង កាល​ពី​ខែធ្នូ​ឆ្នាំ​២០១៨​កន្លង​ទៅ នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ឆែកឆេរ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ សមត្ថកិច្ច​បាន​រក​ឃើញ​គ្រឿង​ញៀន​ជាង​១​គីឡូក្រាម និង​ឃាត់​ខ្លួន​បាន​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​​ចំនួន​៤​នាក់​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ