អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ម៉ាស្សា មាន​គុណប្រយោជន៍​ចំពោះសុខភាព​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ច្របាច់ម៉ាស្សា​​ឬ​ធ្វើ​សរសៃ ម៉ាស្សា​ខ្មែរ ឬម៉ាស្សាថៃ​ ម៉ាស្សាចិនឬម៉ាស្សាឥណ្ឌា ... គេ​ថា​ម៉ាស្សា​មាន​គុណប្រយោជន៍​ច្រើន។ ប៉ុន្តែ​តើ​ម៉ាស្សា​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យ៉ាង​ដូចម្តេច ? តើ​ត្រូ​វ​ជ្រើសរើស​ម៉ាស្សាប្រភេទ​ណា ?

ម៉ាស្សា​តាមបែប​តួកគី
ម៉ាស្សា​តាមបែប​តួកគី © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង ពាក្យ​ថា​ ម៉ាស្សា ត្រូវ​បាន​កំណត់​និង​ឱ្យ​និយម​ន័យ​យ៉ាង​ច្បាស់​លាស់ មាន​ចែង​ក្នុង​ច្បាប់​ឆ្នាំ​១៩៩៦។ “​ម៉ាស្សា​ ជា​ការ​ច្របាច់​ លើ​ផ្នែក​ខាង​ក្រៅ​នៃ​ខ្លួន​ប្រាណ ប៉ះ​​ផ្ទៃ​ស្បែក​ ដោយ​ដៃ ឬ​ដោយជំនួយ​​ម៉ាស៊ីន​ ដើម្បី​​​​ព្យាបាល​​ជំងឺ​ក៏​បាន​ មិនមែន​ដើម្បី​​ព្យាបាលជំងឺ​អ្វី​មួយ​ក៏​បាន។ ពោល​គឺ​វេជ្ជសាស្ត្រ​បារាំង​បាន​បែង​ចែង​ការ​ម៉ាស្សា​ជាពីរ​ប្រភេទ គឺ​ម៉ាស្សា​សម្រាប់​ព្យាបាល​រោគ​ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​ និង​ធ្វើ​ដោយ​អ្នក​ជំនាញ និង​ម៉ាស្សា​ដើម្បី​បាន​ស្រួល​ខ្លួន​។ តាម​ច្បាប់​ក្បួន​ ទោះ​ជា​ម៉ាស្សាដើម្បី​ភាព​ស្រណុកសុខ​ស្រួល ក៏​​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ដែល​បាន​ទទួល​ការ​សិក្សា​​មាន​សញ្ញាប័ត្រ​ត្រឹម​ត្រូវ​ដែរ។ ​ការ​ធ្វើ​ម៉ាស្សា លាប​លន ច្របាច់អង្អែល​​ ​ដែល​ជា​សេវា​បម្រើ​ភ្ញៀវ​ ផ្តល់​ផាសុក​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​អារម្មណ៍​ នៅ​តាមកន្លែង និង​ដោយ​អ្នក​ជំនាញ​ផ្នែក​​​កែសម្ផស្ស​ គ្មាន​សិទ្ធិ​ប្រើ​ពាក្យ​ថា​ម៉ាស្សា​ឡើយ។ ​

ម៉ាស្សា​ជា​វិធី​សាស្ត្រ​ដ៏​ចំណាស់​មួយ ដែល​មាន​ធ្វើ​តាំង​ពី​សម័យ​បុរប្រវត្តិ។ បើ​តាម​ឯកសារ​ចិន មនុស្ស​ចេះ​ធ្វើ​ម៉ាស្សា​តាំង​ពី ៣០០០​ឆ្នាំ​មុន​គ្រិស្តសករាជ​មកម្ល៉េះ។ ពួក​ក្រិក រ៉ូម៉ាំង ក៏​ធ្លាប់​ប្រើ​វិធី​ម៉ាស្សា​នេះដែរ ដើម្បី​ឱ្យ​ឆាប់​ជា និង​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់។ ប៉ុន្តែ​ទោះ​បី​ដឹង​ថា​ ម៉ាស្សា​ផ្តល់​គុណប្រយោជន៍​ច្រើន​មែន​ក៏​ដោយ ក៏ម៉ាស្សា​ទើប​ចាប់​ផ្តើម​ពេញ​និយម​​ក្នុង​ពិភព​អ្នក​វិទ្យាសាស្ត្រ​នាពេល​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ មាន​ន័យ​ថា​ពេល​នេះ គុណប្រយោជន៍​នៃ​ម៉ាស្សា​ត្រូវ​បាន​ទទួល​ស្គាល់ តាម​បែប​វិទ្យាសាស្ត្រ​ឬ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Linh Vu-Ngoc ដែល​មាន​​ជំនាញ​ជា​គ្រូពេទ្យ​កីឡា

“ជាការ​ពិត​ណាស់ !​ វិទ្យាសាស្ត្រ​ពិត​បាន​រក​ឃើញ​និង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ម៉ាស្សា​មាន​គុណប្រយោជន៍​ដល់​សុខភាព​។ មាន​ការ​សិក្សា​ជា​ច្រើន​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា បើ​កីឡាករ​ណា​ម្នាក់ ឬ​អ្នករបួស​ណា​ម្នាក់ បាន​ទទួល​តែ​ការ​ហាត់ស្តារ​នីតិសម្បទា​ ​ ក្រោយ​ជា​ពី​របួស បាន​ទទួល​លទ្ធផល​មិន​គាប់​ប្រសើរ​ដូច​អ្នក​ជំងឺ​ដែល​បាន​ទទួល​ការ​ហាត់​ស្តារ​នីតិសម្បទា​រួម​ជាមួយ​នឹង​ការ​ធ្វើ​ម៉ាស្សា​ទេ។ នៅ​ពេល​អ្នក​ជំងឺ បាន​ទទួល​ការ​ហាត់​ស្តារនីតិសម្បទា បូក​និង​ការ​ធ្វើ​ម៉ាស្សា នោះ​អ្នក​ជំងឺ​នោះ​នឹង​​មាន​ស្ថានភាពសុខភាព​​ប្រសើរ​ឡើង​ខ្លាំង និង​ក្នុង​រយៈ​ពេល​ដ៏​លឿន​ទៀត​។”

ម៉ាស្សាត្រូវបាន​អនុវត្ត​ធ្វើ​សម្រាប់​ជំនួយ​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទខុស​ៗ​គ្នា​ និង​សម្រាប់​សម្រួល​អាការៈ​ឈឺចាប់​តិច​តួច។ ក្រៅ​ពី​ជួយ​សម្រាកកាយ សម្រួល​សាច់​ដុំ ម៉ាស្សា​ជាមិត្ត​ដ៏​ល្អ​របស់​អ្នក​មាន​ស្ត្រេស​ មាន​កង្វល់​ច្រើន។ អ្នក​ដែល​ពុំ​សូវ​មានកម្លាំង​ ​និង​ ថាមពល​ អាច​ទៅ​រក​សេវា​ម៉ាស្សា​ដើម្បី​ផ្តល់​លំនឹង​ដល់​សរីរាង្គកាយ។ ក្រៅ​អំពី​ជួយ​បន្ធូរ​ភាព​តាន​តឹង​នៅ​សាច់​ដុំ ម៉ាស្សា​ក៏​អាច​ជួយ​កម្ចាត់​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ តាម​រយៈ​ការ​ធ្វើ​ម៉ាស្សា​ តាម​​បច្ចេកទេស​ជំនាញ​ផ្សេងៗ​គ្នា។

ម៉ាស្សា​មានច្រើន​ប្រភេទ ហើយ​ម៉ាស្សា​នីមួយៗ​ផ្តល់​ប្រយោជន៍​ និង​ផល​ល្អ​ចំពោះ​សុខភាព​ខុស​ៗ​គ្នា​។ ឧទាហរណ៍ ៖

  • ម៉ាស្សា​ចិន​ Shiatsu ផ្តល់​លំនឹង​ដល់​សរីរាង្គ​កាយ​និង​ផ្តល់​ថាមពល​ដល់​ខ្លួន​ប្រាណ
  • ម៉ាស្សា​ឥណ្ឌា អាយុវេឌិក ayurvedique ជាម៉ាស្សា​ដ៏​ល្អ​ប្រពៃ​សម្រាប់​បណ្តោះ​ភាព​តាន​ដឹង​​នៃ​ប្រព័ន្ធ​ប្រសាទ​ និង​កម្ចាត់បណ្តេញ​​ជាតិ​ពុល​ក្នុង​សរីរាង្គ​
  • ម៉ាស្សាបែបបូព៌ា ជួយ​បន្ទន់​សាច់​ដុំ​ និង​ពន្លារ​ខ្លួន​
  • ម៉ាស្សាបែប​ថៃ ដែល​ជា​វិធី​ម៉ាស្សា​កូនកាត់​រវាង​ម៉ាស្សា​ចិន​និង​ឥណ្ឌា អាច​ជួយ​ការពារ​កុំ​ឱ្យកើត​ជំងឺ​មួយ​ចំនួន និង​គ្រប់គ្រង​សរីរាង្គ​
  • ម៉ាស្សាបែប​ស៊ុយអែត ជួយ​ពង្រឹង​ បង្កើនកម្លាំង​សាច់​ដុំ
  • ម៉ាស្សា​បែបកាលីហ្វញ៉ា សម្រួល​ឱ្យ​ខ្លួន​បា្រណ​បាន​ជួបភាព​ធូរ​ស្រាល​ បំបាត់​ភាព​តាន​តឹង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត
  • ម៉ាស្សា​បែប​លីបង់ ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​កាន់​តែ​រឹង​មាំ
  • ម៉ាស្សាបែប​កាស្មៀរ​ ជួយ​ឱ្យ​រក្សា​ញាណឱ្យ​នៅ​​វៀងវ័យ​

ចុះ​តាម​បែប​វិទ្យាសាស្ត្រ​ ម៉ាស្សា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ណា ? យើង​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Linh Vu-Ngoc ជា​ថ្មី ៖

“ម៉ាស្សាជា​កា​រព្យាបាលដ៏​ចាំបាច់​ ចំពោះ​គ្រប់​ជំងឺ​ទាក់ទង​នឹង​សរសៃ​សាច់​ដុំ​និង​សន្លាក់។ ម៉ាស្សាជា​ការ​ព្យាបាល ​​ការ​​ប៉ះពាល់​ដោយ​ផ្ទាល់​​​​ដៃ ដោយ​ការ​​ច្របាច់ អង្អែល​ ត្រដូស​លើ​ស្បែក ជ្រាប​​ដល់​សាច់​ដុំ។​ ​គឺ​ជា​ការ​ព្យាបាល​ដោយជា​កាយវិការ​ដ៏​សំខាន់​ក្នុង​ការ​សម្រួលអាការៈ​តានតឹង​​របស់​​អ្នក​ជំងឺ។

អ្នក​វិទ្យាសាស្ត្រ​មិន​​ចាត់​ទុក​ថា ការ​ធ្វើ​ម៉ាស្សា​ថាការ​ព្យាបាល​ជំងឺ​​ផ្លូវ​ចិត្តទេ។ ​​នៅ​ពេល​ប៉ះពាល់​ច្របាច់​លើ​សាច់​លើ​រាងកាយ​​ទៅ នឹង​មាន​ការ​រីក​សាយភាយ​សារធាតុ​អ័រមូន​អង់ដូហ្វីន ​អ្នក​ជំងឺ​បានទទួល​អារម្មណ៍​ថា​ធូរ​ស្បើយ ស្រាកស្រាន្ត​ មាន​ផាសុក មាន​សុខមាលភាព​ កាត់​បន្ថយ​អាការៈ​ស្ត្រេស​បាន​ខ្លះមែន ​ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់ជាប្រើ​ជា​​ការ​ព្យាបាលជំងឺ​ផ្លូវ​ចិត្ត​ ​​បំបាត់​ទុក្ខ​ព្រួយ​កង្វល់បាន​ទេ។ ម៉ាស្សា​ក៏​មិន​គ្មាន​ឥទ្ធិពល​ជា​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​បង្ក​ឡើង​ដោយ​មេរោគ​ដែរ។

ប្រសិន​បើ​អ្នក​មាន​ពេល​ធ្វើ​ម៉ាស្សា​មុខ​ជារៀង​រាល់​ថ្ងៃ នោះ​សាច់​ដុំ​តូចៗ​នៅ​ជាប់​ផ្ទាល់​ក្រោម​ស្បែកដែល​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ មិន​សូវ​មាន​សម្ពាធ​ មិន​សូវ​តាន​តឹង ពោល​គឺ​ការ​ធ្វើ​ម៉ាស្សា​នឹង​អាច​ជួយ​អាច​ជួយ​ពន្យឺ​តស្បែក​មុខ​កុំ​ឱ្យ​ឆាប់​ជ្រីវជ្រួញ។ ​ម៉ាស្សា​ជា​មិត្ត​ដ៏​ប្រពៃ​ និង​មិន​អាច​ខ្វះ​បាន​របស់​កីឡាករ​អាជីព។ របួសខ្លះ​​ ត្រូវ​ការ​ឱ្យ​កីឡាករ​ជួប​អ្នក​ជំនាញ​​ម៉ាស្សា​មុន​គ្រូពេទ្យ​ផង​ក៏មាន។”

ប៉ុន្តែ​សូមកុំ​ជ្រើសរើស​​ការ​ធ្វើ​ម៉ាស្សា​តាម​តែ​ចិត្ត​នឹង​ឃើញ​ឱ្យ​សោះ។ នៅក្នុង​វិស័យ​នេះ អ្នកអាច​ជួប​អ្នក​ធ្វើ​ម៉ាស្សា​ដៃ​ល្អខ្លាំង តែ​អ្នក​អត់​ចេះ​អី​ក៏មាន​ច្រើន។ សូម​សាកសួរ​ឱ្យ​បាន​ហ្មត់ចត់ រក​អ្នក​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ ថា​តើ​អ្នក​ម៉ាស្សា​រូប​នេះ​ប្រើ​បច្ចេកទេស​អ្វី ផលិតផល​អ្វី ហើយ​អ្នក​រង់​ចាំ​អ្វី​ពីការ​ធ្វើ​ម៉ាស្សា​នេះ។ ​សូម​ចង​ចាំ​ថា ប្រសិន​បើ​អ្នក​ធ្វើ​ម៉ាស្សា​ ធ្វើ​សរសៃ​ទៅ​អ្នក​បែរ​ជា​ឈឺ មាន​ន័យ​ថា​ជា​ម៉ាស្សា​ដែល​មិន​ត្រូវ និង​អាច​ជា​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ហើយ។

មិន​ត្រូវ​ធ្វើ​ម៉ាស្សា​នៅ​ពេល​អ្នក​មាន​ជំងឺ​សើរ​ស្បែក​ មាន​ជំងឺ​បង្ករោគ​លើ​ស្បែក ឬ​ជំងឺ​ឡើង​សរសៃ​ទេ។ សម្រាប់​​អ្នក​មាន​ជំងឺ​រលាក​សរសៃ​ឈាម និង​ស្ត្រីមាន​ផ្ទៃ​ពោះ​ដែល​មាន​បញ្ហា​សរសៃ​វែន ម៉ាស្សាអាច​​ជា​កាយ​វិការ​ដ៏​គ្រោះ​ថ្នាក់ ព្រោះ​ម៉ាស្សា​អាច​សម្រួល​ចរន្តឈាម ​ធ្វើ​ឱ្យ​ដុំ​កំណក​ឈាម​តូច​ដាច់​ចេញ​ផ្ទាំង​សរសៃ​ឈាម​ ហើយ​ហូរបាំង​​ទៅ​ស្ទះ​ សរសៃ​អាទែរ នៅ​ម្តុំ​បេះដូង ឬ​ទៅ​បាំង​​ផ្លូវសួត​ ជា​ហេតុ​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​វិញ។ បើ​មាន​បញ្ហា​នៅ​ក ថ្លោះ​គ្រេច ដែល​ពាក់ព័ន្ធ​នឹង​ឆ្អឹង​ខ្នង​ នឹង​ក សុំ​ប្រុង​ប្រយ័ត្ន​មែន​ទែន ក្នុង​កា​រធ្វើ​សរសៃ​ឬ​ម៉ាស្សា​ ព្រោះ​បើ​ប៉ះចំ​​លើ​អ្នក​គ្មាន​ជំនាញ ការ​សម្រួល​សរសៃ​ កាច់​ដៃ​កាច់​ជើង​ កាច់កឮ​សូរ​ប្រឹបៗពិរោះ​ស្តាប់​មែន តែ​អាច​ធ្វើ​ឱ្យ​យើង​ពិការ​ និង​មាន​បញ្ហា កាន់​តែ ធ្ងន់ធ្ងរ​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ