អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើត្រូវចាក់ថ្នាំ បង្ការជំងឺឆ្កែឆ្កួត នៅពេលណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​មាន​ហេតុ​ការណ៍​កុមារី​ម្នាក់​បាន​ស្លាប់ ដោយ​មាន​ប្រវត្តិ​សត្វ​ខាំ នៅ​ថ្ងៃ​ទី ១៣​កុម្ភៈមក គេសង្កេត​ឃើញ​មាន​ចរន្ត​ប្រជាជន​សម្រុក​នាំ​គ្នា​មក​ចាក់​ថ្នាំបង្ការ​ជំងឺ​ឆ្កែឆ្កួត។ តើ​ជំងឺ​ឆ្កែឆ្កួត​ ជា​ជំងឺ​អ្វី និង​ត្រូវ​ចាក់​ថ្នាំ​បង្ការ​នៅ​ពេល​ណា ? តើ​គេ​អាច​ចាក់​ថ្នាំ​បង្ការ​ឆ្កែឆ្កួត​នេះ​មុន​មាន​ករណី​សត្វ​ខាំ​ឬ​ខ្វាច​ដែរឬទេ ?

ខុស​ពី​ថ្នាំ​បង្ការ​ដទៃ ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​គួរ​តែ​ធ្វើ​នៅ​ក្រោយ​មាន​ហេតុ​សត្វ​ខាំ
ខុស​ពី​ថ្នាំ​បង្ការ​ដទៃ ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​គួរ​តែ​ធ្វើ​នៅ​ក្រោយ​មាន​ហេតុ​សត្វ​ខាំ pixabay.com/fr/users/LUM3N
ផ្សាយពាណិជ្ជកម្ម

​អន្តរាគមន៍​ដោយ​​លោក​វេជ្ជបណ្ឌិត លី សុវត្ថិ ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ភ្នំពេញ

ជំងឺ​ឆ្កែឆ្កួត​ជា​អ្វី ?

ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​ដែលបង្ក​ឡើង​ដោយមេរោគ ដែល​កើត​នៅ​​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ដូច​ជា​ឆ្កែ ឆ្មា កញ្ច្រោង ... អាច​ចម្លង​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​មក​មនុស្ស។ ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ជា​ករណី​កម្រ​បំផុត​មែនទែន។ ជំងឺ​នេះ​អាច​បង្កឱ្យ​​​ស្លាប់។ រហូត​មក​ទល់​សព្វថ្ងៃនេះ ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​​​ពិភពលោក ​ជំងឺឆ្កែឆ្កួត​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មនុស្ស​បាត់​បង់​ជីវិតអស់​​រាប់​សិប​ពាន់​នាក់។

តើ​ជំងឺ​ឆ្កែឆ្កួត​ធ្វើ​ការ​ចម្លង​មក​មនុស្ស​យ៉ាង​ដូចម្តេច ?

ដូច​ឈ្មោះ​ហៅ ជំងឺ​ឆ្កែឆ្កួត​ ច្រើន​ចម្លង​មក​មនុស្ស​ ដោយ​ញឹកញាប់​ជាង​គេ ដោយ​ការ​ខាំ​របស់​សត្វឆ្កែ។​ ក៏​ប៉ុន្តែ​សត្វ ឆ្មា សត្វ​ប្រចៀវ និង​សត្វ​ព្រៃ​​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ចង្ក្រោម​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ក៏​អាច​ជា​​ចម្លង​ជំងឺ​នេះ​មក​មនុស្ស​បាន​ដែរ។ មេរោគ​ឆ្កែឆ្កួត ចម្លងមក​មនុស្ស​តាម​រយៈ​ទឹក​មាត់​សត្វ​​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត ដោយ​​ការ​ខាំ ខ្វាញ​ ​ឬ​លិឍ​ចំ​លើ​កន្លែងរលាត់​ស្បែក​។ មេរោគ​ឆ្កែឆ្កួត​ មិន​ជ្រាប​ចម្លង​តាម​ស្រទាប់​ស្បែក​ជា​របស់​មនុស្ស​យើង​បាន​ឡើយ។ សូម​ចង​ចាំ​ថា ទឹកមាត់​សត្វ​អាច​មាន​ផ្ទុក​មេរោគ​ឆ្កែឆ្កួត​ តាំង​ពី​មួយ​សប្តាហ៍​ មុន​សត្វនោះ​​មាន​សញ្ញា​រោគ​ឈឺ។ នៅពេល​មេរោគ​ឆ្កែឆ្កួត​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​សំងំ​ស្ងៀម​ ក្នុង​រយៈ​ពេល​ជា​មធ្យម​ពី​៣០-៤៥​ថ្ងៃ មុន​នឹង​ផ្តល់​ជា​រោគ​សញ្ញា​ជំងឺ​។ ប៉ុន្តែ​រយៈ​ពេល​សំងំ​អាច​ខ្លី​ឬ​វែង អាស្រ័យ​លើ​កំរិត​និង​បរិមាណ​នៃ​ការ​ខាំ។

​តើ​ត្រូវ​ធ្វើ​ដូចម្តេចខ្លះ​នៅ​ពេល​មាន​សត្វ​ខាំ ?​

​ទោះ​បី​ជា​ជំងឺ​ឆ្កែឆ្កួត​​ជា​ជំងឺ​កាចសាហាវ​ ព្រោះ​វា​​អាច​បង្ក​ឱ្យ​បាត់​បង់​ជីវិត​​ក៏​ពិត​មែន ប៉ុន្តែ​សូម​ចង​ចាំ​ថា មិនមែន​​គ្រប់​ករណី​ខាំ គ្រប់​ឆ្កែ​គ្រប់​ឆ្មា សុទ្ធ​​តែ​មាន​ផ្ទុ​កមេរោគ​​ឆ្កែឆ្កួត​ឡើយ។ គឺ​មាន​តែ​ឆ្កែ​ឬ​ឆ្មា ឬ​សត្វ​មាន​ជំងឺ​តែ​ប៉ុណ្ណោះ​ដែល​អាច​ចម្លង​មេរោគ​របស់​វា​តាម​រយៈ​ទឹក​មាត់​មក​មនុស្ស​យើង។ ដូច្នេះ ​លោកអ្នក​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ភ័យ​ស្លន់ស្លោ​រទេ។ ក្រោយ​មាន​ហេតុ​សត្វ​ខាំ សូម​អនុវត្តភ្លាម​នូវ​​កាយវិការ​ដ៏​សំខាន់​ខាង​ក្រោម​នេះ៖

  • លាង​របួស ស្នាម​​ដោយ​សត្វ​ខាំ ឱ្យ​ស្អាត ដោយប្រើ​ទឹក​​ចាក់បង្ហូរ​ទឹក​ពី​លើ​ឱ្យ​បាន​ច្រើន​ (ដើម្បី​ដោយ​ទឹកមាត់​សត្វ​ខ្ទាត​ចេញ​ពី​របួស) និង​លាយ​ជាមួយ​សាប៊ូ ដើម្បី​សម្លាប់​មេរោគ
  • បន្ទាប់​មក​បើ​មាន​សូម​លាង​របួស​នឹង​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​បន្ថែម​ទៀត
  • និង​ចុងក្រោយ​ទើប​ស្វែង​រក​ការ​ចាក់​ថ្នាំ​បង្ការ

វិធានការ​បន្ទាប់​បន្សំ​ផ្សេង​ទៀត ៖ ប្រសិន​បើ​ជា​សត្វ​មាន​ម្ចាស់​ត្រូវ​ឱ្យ​ពេទ្យ​សត្វ​តាមដាន​មើល​សុខភាព​សត្វ​នោះ​រយៈ​ពេល​១៥​ថ្ងៃ។ បើ​សត្វ​នោះ​ស្លាប់​ ត្រូវ​នាំខ្មោច​​សត្វ​នោះ​ទៅ​វិទ្យាស្ថានប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្កែឆ្កួត​វិភាគ​។ បើ​ជា​សត្វ​គ្មាន​ម្ចាស់ ក៏​ត្រូវ​ជូន​ដំណឹង​ប្រាប់​អាជ្ញាធរ​ ដើម្បី​បាន​ជា​របាយការណ៍។

ចាក់​ថ្នាំ​បង្ការ ក្រោយ​សត្វ​ខាំ

វេជ្ជសាស្ត្រ​បច្ចុប្បន្ន​ពុំ​មាន​ថ្នាំ​និង​លទ្ធភាព​ព្យាបាល​ជំងឺ​ឆ្កែឆ្កួតទេ។ នៅ​ពេល​លេច​រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួតហើយ​ មាន​ន័យថា​​ជា​ការ​ហួស​ពេលហើយ។ ប៉ុន្តែ​ជា​សំណាង​ល្អ​គេ​អាច​ទប់​ស្កាត់​​ជំងឺ​ឆ្កែឆ្កួត​នេះ បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ដែល​មាន​ប្រសិទ្ធិភាព​រយៈ​ពេល​៥​ឆ្នាំ។ តាមគោលការណ៍​ រាល់​គ្រប់​​ថ្នាំ​បង្ការ សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាក់​វា នៅ​ពេល​មុន​ឈឺ មែន​ហើយ​។ ប៉ុន្តែ សម្រាប់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត ការ​ចាក់​ថ្នាំ​បង្ការគួរ​តែ​​ត្រូវ​ធ្វើ​​ឡើង​​ ក្រោយ​ពីមាន​ករណី​សត្វ​ខាំ​តែ​ប៉ុណ្ណោះ។​ ការ​ចាក់​ថ្នាំ​បង្ការ ត្រូវ​ធ្វើ​​ចំនួន​បួន​ដង ក្នុង​ចន្លោះ​ពេល​មួយ​ខែ (០-៣-៧-២៨)គិត​ពី​ថ្ងៃ​ចាក់​លើក​ទី​មួយ​។

តើ​គេ​អាច​ចាក់​បង្ការ ​មុនមាន​ហេតុសត្វ​​ខាំបាន​ទេ ?

មិន​ថា​នៅកម្ពុជា​ ឬ​​ស្រុក​បារាំង ព្រម​ទាំង​បណ្តា​ប្រទេស​ជឿន​លឿន​ដទៃ​ទៀតទេ ​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួតមិនមែន​ជា​ថ្នាំ​បង្ការ​ ដែល​ចាំបាច់​ត្រូវ​តែ​ចាក់​ដោយ​ខានមិន​បាន សម្រាប់​​បង្ការជំងឺ​​ទុក​​ជា​មុន​ឡើយ។ ក្រុមគ្រូពេទ្យ​មិន​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​នាំ​គ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​ទុក​ជា​មុន​ទេ​ លើក​លែង​តែ​ អ្នកមាន​អាជីព​​ប្រឈម​ខ្លាំ​ងនឹង​សត្វ​តែ​ប៉ុណ្ណោះ។

ទៅ​ចាក់​​ថ្នាំ​បង្ការ​ឆ្កែឆ្កួត នៅ​ទីណា?

ក្រៅ​អំពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​​ លោក​អ្នក​អាច​ស្វែង​រក​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត នៅ​មជ្ឈមណ្ឌល​ជាតិ​សុខភាព​សាធារណៈ​របស់​ក្រសួង​សុខាភិបាល មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្រុង​សៀមរាប និង​បណ្តា​គ្លីនិក​ឯកជន​មួយ​ចំនួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ